rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក បារាំង ពន្ធដារ បច្ចេកវិទ្យា អ៊ីនធ័រនែត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំងអនុម័ត​ច្បាប់​យកពន្ធ លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទោះបី​អាមេរិក​គំរាម

media
ក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗទាំង៤​របស់​អាមេរិក ដែល​រកស៊ី​លក់ដូរ​ទីន្នន័យ​អ្នក​ប្រើប្រាស់​ អ៊ីនធ័រនិត Reuters stock

នៅថ្ងៃព្រហស្បតិ៍ទី១១កក្កដា រដ្ឋសភាបារាំង ទើបតែបាន​អនុម័តច្បាប់ថ្មីមួយ ដែលសំដៅកំណត់ពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធ័រនែតទាំងអស់ ដែលរកស៊ី​បានចំណូល​នៅ​ក្នុងប្រទេសបារាំង។ ក៏ប៉ុន្តែ ច្បាប់ថ្មីនេះ ត្រូវបាន​រដ្ឋាភិបាលអាមេរិក សង្ស័យថាជាច្បាប់ ដែលសំដៅ​ធ្វើបាប​ដោយអយុត្តិធម៌ ទៅលើក្រុមហ៊ុន​បច្ចេកវិទ្យា​របស់អាមេរិក​។ ក្នុងន័យនេះ រដ្ឋាភិបាលអាមេរិក បានសម្រេច​បើកការពិនិត្យអង្កេត លើច្បាប់បារាំងនេះ។


ព្រឹទ្ធសភាបារាំង បានបោះឆ្នោតអនុម័តច្បាប់ថ្មីមួយ ដើម្បីកំណត់​ការបង់ពន្ធចូលរដ្ឋបារាំង ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា​អ៊ីន​ធ័រនិតទាំងអស់ ដែលរកចំណូលបាន​នៅលើទឹកដីបារាំង។ បារាំងគឺជាប្រទេសទីមួយហើយ នៅអឺរ៉ុប ដែលមានច្បាប់របៀបនេះ ដើម្បី​គ្រប់គ្រង និងទារពន្ធពីក្រុមហ៊ុនផ្តល់សេវាកម្ម​បច្ចេកវិទ្យាអ៊ីនធ័រនែត។

យោងតាមការកំណត់ រដ្ឋបារាំងមានសិទ្ធិទារពន្ធចំនួន​៣% នៃចំណូលដែលរកបាន បានមកពីការផ្សាយពាណិជ្ជកម្ម ពីការលក់ទិន្នន័យ​លើអ៊ីនធ័រនែតដើម្បីផ្សាយពាណិជ្ជកម្ម និងការ​ធ្វើដំណភ្ជាប់ទិន្នន័យ របស់អ្នកប្រើប្រាស់នៅតាមគេហទំព័រអ៊ីនធ័រនែត​ជាដើម។ តាមការរំពឹងទុក ច្បាប់ថ្មីនេះ នឹងអនុញ្ញាតឲ្យរដ្ឋបារាំង ប្រមូលពន្ធបាន​ចំនួន​ ៤០០លានអឺរ៉ូ ក្នុងឆ្នាំនេះ និងអាចឡើងដល់​៦៥០លានអឺរ៉ូ នៅឆ្នាំ២០២០។ មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចំនួន​យ៉ាងហោច ជាង​៣០ ដែលអាចជាប់​សំណាញ់ច្បាប់នេះ។ ក្នុងនោះ​មានដូចជា Google Apple Amazon និង Facebook Airbnb ដែលភាគ​ច្រើន សុទ្ធតែជាក្រុមហ៊ុនអាមេរិក​។

ដោយឡែក រដ្ឋាភិបាលអាមេរិក បានសម្តែងការមិនពេញចិត្តចំពោះច្បាប់បារាំងនេះ។ លោក Robert Lighthizer មន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម របស់រដ្ឋាភិបាល​អាមេរិក​ បាន​លើកឡើងថា លោកប្រធានាធិតី ដូណាល់ ត្រាំ បានបញ្ជាឲ្យមាន​ការពិនិត្យតាមដាន លើច្បាប់បារាំងនេះ ដើម្បីស្វែងរកថាតើ វាមានលក្ខណៈរើសអើង ដោយអយុត្តិធម៌ មកលើក្រុមហ៊ុនអាមេរិកដែរឬទេ។

ដោយឡែក លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា វាដល់ពេលហើយ ដែលត្រូវមានច្បាប់យកពន្ធ ឲ្យបានត្រឹមត្រូវ និងដោយយុត្តិធម៌ សមស្របទៅនឹងចំណូលដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះរកបាន។ លោកបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ មិនថាអាមេរិក ឬប្រទេសណាទេ​ មិនអាចបន្តកើបប្រាក់ចំណេញ ពីការលក់ទិន្នន័យ​ព័ត៌មានវិទ្យា របស់អ្នកប្រើប្រាស់ដែលរស់នៅប្រទេសបារាំង ហើយមិនបង់ពន្ធ ជូនរដ្ឋបារាំងនោះទេ។ លោកបន្ថែមថា ច្បាប់ថ្មីរបស់បារាំងនេះ នឹងក្លាយជាគម្រូ នៃការពិចារណានៅក្នុងក្របខណ្ឌក្រុមប្រទេស OCDE G7 ឬ G20 ដើម្បីស្ថាបនាឲ្យមានយុត្តិធម៌ផ្នែកពន្ធដារ រវាងប្រទេសទាំងអស់ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធឺណែត៕