rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សាសនា បុរីវ៉ាទីកង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង៖ សង្ឃកាតូលិក Barbarin ជាប់​ទោស​៦ខែ ពីបទ​បិទបាំង​ករណី​បំពាន​ផ្លូវភេទ​លើ​កុមារ

media
cardinal Barbarin នៅពេលបើក​អង្គសវនាកា ថ្ងៃទី​​៧មករា ២០១៩ RFI/Pierre Olivier

គណៈសង្ឃកាតូលិកជាន់ខ្ពស់មួយរូប ឈ្មោះ បាបារាំង ត្រូវបានតុលាការបារាំងទីក្រុង​លីយ៉ុង កាត់ទោសឲ្យជាប់ពន្ធនាគារ៦ខែ ពីបទបិទបាំង នូវករណីបំពានផ្លូវភេទលើកុមារ បង្កឡើងដោយសង្ឃកាតូលិកមួយអង្គទៀត ឈ្មោះ ប៉្រេណា។ សូមបញ្ជាក់ថា នេះជារឿងកម្រណាស់ ដែលសង្ឃកាតូលិកជាន់ខ្ពស់ ឋានៈជាកាកឌីណាល់ ត្រូវតុលាការកាត់ទោស ពាក់ព័ន្ធនឹងរឿងអាស្រូវ​ បំពានផ្លូវភេទលើកុមារ។ ភ្លាមៗក្រោយចេញសាលក្រម សង្ឃកាតូលិកជាប់ទោសអង្គនេះ បានបញ្ជាក់ថានឹងដាក់ពាក្យលាឈប់ពីគណៈសង្ឃកាតូលិក ទៅកាន់សម្តេចប៉ាប នៅទីបុរីវ៉ាទីកង់។


លោកស្រី Brigitte Varnay ប្រធានអង្គចៅក្រម​​ជំនុំជំរះ នៃតុលាការព្រហ្មទណ្ឌទីក្រុងលីយ៉ុង បានប្រកាស ទទួលស្គាល់ថា សង្ឃកាតូលិក Philippe Barbarin ពិតជាមាន​ទោស ពីបទព្យាយាម​លាក់បាំង នូវករណីរំលោភបំពានផ្លូវភេទលើកុមារ ក្មេងប្រុសៗ បង្កឡើងដោយសង្ឃម្នាក់ទៀត ឈ្មោះ Bernard Preynat នៅរវាងមុនឆ្នាំ​១៩៩១។

តុលាការយល់ថា ក្នុងនាមសង្ឃ Philippe Barbarin ដែលជាប្រធានគណៈសង្ឃកាតូលិក ប្រចាំ​នៅទីក្រុងលីយ៉ុង ចាប់ពីឆ្នាំ២០០២មក សង្ឃអង្គនេះគួរណាតែ ទម្លាយរឿងអាស្រូវស្តីពីករណីរំលោភបំពានផ្លូវភេទលើកុមារ បង្កឡើងដោយសង្ឃ Bernard Preynat។ ផ្ទុយទៅវិញ សង្ឃ Philippe Barbarin បានព្យាយាមលាក់បាំង បិទខ្ទប់រឿង​អាស្រូវនេះ ដើម្បីការពារកិតិ្តយស នៃសាសនាកាតូលិក និងបុរីវ៉ាទីកង់។

សូមរំលឹកថា​ រឿងអាស្រូវបំពារបំពានផ្លូវភេទលើក្មេងប្រុស បង្កឡើងដោយសង្ឃ​កាតូលិក ឈ្មោះ​Bernard Preynat​ ត្រូវបានទម្លាយ​នៅឆ្នាំ២០១៤ បន្ទាប់ពីជនរងគ្រោះម្នាក់ ឈ្មោះ Alexandre Hezez បានសម្រេចដាក់ពាក្យប្តឹង។ បើទោះបីជាអង្គហេតុ បានផុតអាជ្ញាយុកាលទៅហើយក៏ដោយ តែពាក្យបណ្តឹងនេះ បានញ៉ាំងឲ្យមានការលេចឡើង នូវជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ដែលពួកគេបានសម្រេចចិត្ត និយាយ​ទម្លាយ​ការពិត ស្តីពីការបំពារបំពានផ្លូវភេទ ដែលសង្ឃឈ្មោះBernard Preynat បានធ្វើទៅលើពួកគេ កាលពីពួកគេនៅក្មេងៗ។ ជនរងគ្រោះ បានប្រមូលផ្តុំគ្នា បង្កើតសមាគមមួយ ឈ្មោះថា “La Parole libérée” ហើយដែលសមាគមនេះ បានចូលរួមយ៉ាងសកម្ម នៅក្នុងនីតិវិធីរបស់តុលាការ។

គួរកត់សំគាល់ថា កាលពីឆ្នាំ២០០១ និង២០១៨ មានសង្ឃកាតូលិក២អង្គហើយ ដែលតុលាការបារាំង ផ្តន្ទាទោស​ ក្នុងករណីបំពានផ្លូវភេទលើកុមារ។ ចំណែក Cardinal Philippe Barbarin គឺជាគណៈសង្ឃកាតូលិក មានឋានៈធំបំផុតនៅបារាំង ដែលត្រូវបានតុលាការកាត់ទោស។ ទោះបីទោស​ជាប់ពន្ធនាគារនេះ ជាទោសព្យួរ តែយ៉ាងណា នេះគឺជានិម្មិតរូបមួយដ៏ធំ សម្រាប់ជនរងគ្រោះ។ វាក៏ជាសញ្ញាមួយ ដាស់តឿនដល់បុរីវ៉ាទីកង់ ដែលកន្លងមក មិនបានធ្វើអ្វីទាំងអស់ ក្នុងការវែកមុខ ឬដាក់ទោសទណ្ឌ ទៅលើសង្ឃ ដែលបានប្រព្រឹត្តិអំពើ​​​ស្មោគ​គ្រោកទាំងនេះ។

ការបំពារបំពានផ្លូវភេទលើកុមារភេទប្រុស ធ្វើឡើងដោយសង្ឃកាតូលិក មិនមែនជារឿងអាស្រូវតែមួយនោះទេ។ នៅមានរឿងអាស្រូវជាច្រើនផ្សេងទៀត ជាក់ស្តែង ការរំលោភបំពានផ្លូវភេទ ទៅលើស្ត្រីដែលជាដូនជីកាតូលិក។ ប្រមាណ៣ឆ្នាំចុងក្រោយ មាន​ស្រ្តីដូនជីកាតូលិក ជាជនរងគ្រោះ កាន់តែច្រើននាក់ បានសម្រេចចិត្តនិយាយទម្លាយការពិត ទាក់ទិននឹងករណីបំពានផ្លូវភេទ បង្កឡើងដោយសង្ឃកាតូលិកជាច្រើនអង្គ៕