អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​ម៉ាក្រុង ទទួល​​លោក​ពូទីន ​នៅ​វាំងវ៉ែកសៃ​ ដើម្បី​និយាយ​គ្នា​ឲ្យ​អស់​ពី​ចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពីបាន ​ចាប់​រលាក់​ដៃ​យ៉ាង​ណែន​ ជាមួយ​នឹង​លោក​ដូណាល់ ត្រាំ ​កាល​ពីចុង​សប្តាហ៍​កន្លង​ទៅ ​ លោក​ប្រធានាធិបតី​ថ្មី​វ័យក្មេង​របស់​បារាំង ​នឹង​ត្រូវ​ទទួល​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី ​វ្លាឌីមៀរ ពូទីន ​នៅ​រាជវាំង​វ៉ែកសៃ ​ក្បែរ​ក្រុង​ប៉ារីស ​ថ្ងៃ​ចន្ទ​ ទី​២៩​ឧសភា​នេះ។ នេះគឺជា​ជំនួប​ដ៏​សំខាន់​បំផុត ​ ដែល​មេដឹកនាំ​ទាំងពីរ ​បាន​សន្យា​ថា ​នឹង​និយាយ​គ្នា​ត្រង់ទៅ​ត្រង់មក ​ ដើម្បី​រក​ច្រកចេញ ​បិទ​បញ្ចប់​ការ​មិន​ទុក​ចិត្ត​គ្នា ​ ដែល​មាន​ក្នុង​ពេល​កន្លង​មក​ រវាង​មហាអំណាច​ទាំង​ពីរនេះ។ សំណុំ​រឿង​វិបត្តិ​នៅ​ស៊ីរី ​និង​វិបត្តិ​អ៊ុយក្រែន​ ​ដែល​ជា​ចំណុច​ស្នូល ​នៃ​ការ​មិន​ចុះ​សម្រុង​គ្នា​នេះ ​ នឹង​ត្រូវ​លើក​យក​មក​និយាយ​ ​នា​ពេល​នេះ។

លោកម៉ាក្រុង ហុចដាច់ ទៅចាប់ដៃលោកពូទីន ។ ថ្ងៃទី ២៩ ឧសភា ២០១៧
លោកម៉ាក្រុង ហុចដាច់ ទៅចាប់ដៃលោកពូទីន ។ ថ្ងៃទី ២៩ ឧសភា ២០១៧ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

រាជវាំង​វ៉ែកសៃ  ​និម្មិតរូប​នៃ​ឥទ្ធពល​អាណាចក្រ​បារាំង

តាមពិត​ទៅ  ​លោក​ប្រធានាធិបតី​ពូទីន​ អញ្ជើញ​មក​បារាំង​ ក្នុង​គោល​បំណង  ​មក​បើក​សម្ភោធ​ពិព័ណ៌​​ផ្ទាំងគំនូរ ​ ដែល​ឧទ្ទិស ​និង​រំលឹក​ខួប​គំរប់​៣​សតវត្ស ​នៃការ​មក​ដល់​លើក​តំបូង ​លើ​ទឹកដី​បារាំង ​នៃ​ព្រះចៅ​ត្សារ ​របស់​រុស្ស៊ី​កាល​ជំនាន់​នោះ ​គឺ​ព្រះចៅ ​Pierre Le Grand។ គឺនៅ​ព្រះរាជ​វាំង ​វ៉ែកសៃ ​​របស់​បារាំង​នេះហើយ ​ ដែល​ស្តេច​ត្សារ ​របស់​រុស្ស៊ី ​ត្រូវ​បាន​ស្តេច​បារាំង​ ទទួល​កាល​ពី​ឆ្នាំ ​១៧១៧ ហើយ​ទំនាក់​ទំនង​ការទូត​រវាង ​បារាំង ​និង​អាណាចក្រ​រុស្ស៊ី ​បាន​ចាប់​ផ្តើម​ កសាង​កាល​ពី​ជំនាន់​នោះ។

ពិធី​តាំង​ពិព័ណ៌​នេះ ​គ្រាន់​តែ​ជា​លេស ​ ដើម្បី​អនុញ្ញាត​ ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី ​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី​បារាំង​ប៉ុណ្ណោះ។ យោងតាម​ការ​ប្រកាស ​មេ​ដឹកនាំ​ទាំងពីរ​ នឹង​ជួបគ្នា​ដើម្បី​ពិសារបាយ​ថ្ងៃត្រង់​ មួយ​ទល់​នឹង​មួយ ​បន្ទាប់​មក​នឹង​ធ្វើ​សន្និសិទ​កាសែត​រួមគ្នា ​ នៅ​ប្រាសាទ​ Le  Grand Trianon ​ជា​ទីដែល​មាន​រៀបចំ​ការ​តាំង​ពិព័ណ៌​នោះ។

បើ​ពិនិត្យ​ទៅ  ​ការ​ជួបគ្នា ​ជា​លើក​ដំបូង​នៅ​ព្រះរាជ​វាំង​វ៉ែកសៃ​នេះ ​វា​មាន​ខ្លឹមសារ​ជា​និម្មិតរូប​ធំ​ណាស់ ​ទាំង​សម្រាប់​លោក​ប្រធានាធិបតី​ថ្មី​របស់​បារាំង  ​និង​ទាំង​សម្រាប់​លោក​វ្លាឌីមៀរ ​ពូទីន។ ព្រះ​រាជវាំង​វ៉ែកសៃ ​គឺ​ជា​និម្មិតរូប​ តំណាង​ឲ្យ​អាណាចក្រ​បារាំង​ ដ៏​រុងរឿង​ និង​មាន​ឥទ្ធិពល​បំផុត​ កាលពី​ជំនាន់​មុន។ ថ្វី​ត្បិត​បារាំង​បច្ចុប្បន្ន ​លែង​មាន​របប​រាជានិយម​ក៏​ដោយ ​ ​តែ​គេ​សង្កេត​ឃើញ​ថា ​លោក​អេម៉ានុយអ៊ែល  ​ម៉ាក្រុង  ​ប្រធានាធិបតី​ថ្មី​បារាំង ​ចង់​កសាង​ឡើង​វិញ​ ​នូវ​រូបភាព​អស្ចារ្យ ​នៃ​អំណាច​ឥទ្ធិពល​បារាំង​នេះ ​ក្នុង​​នាម​លោក​ជា​ប្រមុខរដ្ឋ។

សម្រាប់​លោក​ពូទីន ​ ក៏ដូចគ្នា​ដែរ ​គឺគាត់​តាំងខ្លួន​ ប្រៀប​បាន​នឹង​ស្តេច​ត្សារ​សម័យ​ថ្មី ​របស់​រុស្ស៊ី​អញ្ចឹង។​​ ដូច្នេះ​ហើយ ​ទើប​បាន​ការ​ទទួល​បដិសណ្ឋារកិច្ច​នៅ​រាជវាំង​វ៉ែកសៃ ​នាពេល​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ប្រៀបបាន​នឹង​រូបភាព​កាល​ពី​អតីតកាល​ ដែល​មហាក្សត្រ​បារាំង ​ទទួល​ស្តេច​ត្សារ​របស់​រុស្ស៊ី ​ឲ្យ​ចូល​គាល់។

ត្រូវបង្ខំចិត្ត​ជួបគ្នា ​ទាំង​ដឹង​រៀងខ្លួន​ម្ខាងៗ ​ថា​មិន​ត្រូវគ្នា

ត្រលប់​មកនិយាយ​ ឲ្យ​បាន​ស៊ី​ជំរៅ  ​កន្លង​មក​នេះ ​យើង​បាន​ឃើញ​ហើយ​ អំពី​គោល​ជំហរ ​មិន​ពេញ​ចិត្ត​គ្នា​ទៅវិញ​ទៅមក ​រវាង​លោក​ម៉ាក្រុង ​និង​លោក​ពូទីន។ គឺ​បញ្ហានេះ​តែម្តង ​ដែល​ជា​មូលហេតុ​សំខាន់​បំផុត​  នៃ​ជំនួប​នេះ។ លោក ​ពូទីន ​គឺ​ជា​មេដឹកនាំ​បរទេស ​ដំបូង​បំផុត​ ដែល​លោក​ប្រធានាធិបតី​បារាំង​ ទទួល​ជួប ​នៅ​នឹង​ផ្ទះ។ មានន័យ​ថា ​មេដឹក​នាំ​ទាំងពីរ ​បាន​ផ្តល់​អទិភាព ​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក ​ថាត្រូវ​តែ​ជួបគ្នា​ និយាយ​គ្នា។ កន្លង​មក ​លោក​ពូទីន ​ និង​លោកម៉ាក្រុង ​មាន​ការ​យល់ឃើញ ​មាន​គោល​ជំហរ​មិន​ដូច​គ្នាឡើយ។ លោក​ម៉ាក្រុង ​ធ្លាប់​បាន​និយាយ​ហើយ ​ថា​លោក​ មិន​ស្ញប់ស្ញែង​លោក​ពូទីន​ទេ ​ ព្រោះថា ​លោក​ពូទីន​ មាន​ឧត្តមគតិ ​និង​ទស្សនវិស័យ ​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​លោក។

ចំណែក​លោក​ពូទីន​វិញ  ​ក៏​មិន​បាន​គាំទ្រ​បេក្ខភាព​របស់​លោក​ម៉ាក្រុង​ ដែរ​ កាល​ពី​ពេល​បោះឆ្នោត។ ដំបូង​ឡើយ​ លោក​ពូទីន ​ គាំទ្រ​លោក​ហ្វីយ៉ុង ​ដោយ​បាន​ផ្ញើរសារ​អបអរ​ជ័យជំនះ​របស់​លោក​ហ្វីយ៉ុង ​កាល​ពីពេល​បោះឆ្នោត​ក្នុង​បក្ស។ តែ​ក្រោយមក  ​នៅពេល​ដឹង​ថា ​លោក​ហ្វីយ៉ុង ​មិន​អាច​ឈ្នះ ​ លោក​ពូទីន ​ បានបែរ​ទៅ​គាំ​ទ្រ​លោក​ស្រី​ម៉ារីន ​ឡឺប៉ែន​វិញ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ពូទីន​  ថែមទាំង​បាន​ទទួល​ជួប​លោកស្រី ​ម៉ារីន ឡឺប៉ែន ​នៅ​ក្រុង​មូស្គូ​ទៀត​ផង ​កាល​ពី​ខែ​មីនា។

កាលពី​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​បារាំង​ រដ្ឋាភិបាល​រុស្ស៊ី  ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន ​ បំប៉ោង​ព័ត៌មាន​ បន្តុះ​បង្អាប់​ រិះគន់​លោក​ម៉ាក្រុង ​រឺ​ក៏ចោទ​ថា​ជា​អាយ៉ង​របស់​អាមេរិក​ជាដើម។ បន្ថែម​ពី​នេះ​ទៀត​នោះ ​ គណបក្ស ​En Marche ! ​របស់​លោក​ម៉ាក្រុង ​ត្រូវ​បាន​ចោរព័ត៌មានវិទ្យា​ចូល​មក​លុកលុយ ​ ដែល​គេ​សង្ស័យ​ថា​ ​គឺ​រុស្ស៊ី​ជា​អ្នក​បញ្ជា ​ទៀតផង។

ទាំង​អស់​នេះ ​បង្ហាញ​ថា ​ លោក​ពូទីន​ មិន​ចង់​ឲ្យ​លោក​ម៉ាក្រុង ​ឈ្នះឆ្នោត​ ក្លាយ​ជា​ប្រធានាធិបតី​បារាំង​ទេ ​ព្រោះ​លោក​ពូទីន​ដឹង​ថា ​លោក​ម៉ាក្រុង​ស្និទ​នឹង​អាល្លឺម៉ង់ ​ហើយ​ចង់​កសាង​សហភាព​អឺរ៉ុប​ឲ្យ​ខ្លាំង។ ចំណែក​រុស្ស៊ី  ​មិន​ចង់​ឃើញ​សហភាព​អឺរ៉ុប​ខ្លាំង​ឡើយ។ ក៏​ប៉ុន្តែ​ពេល​នេះ ​ ចង់​មិន​ចង់​ លោក​ពូទីន​ ត្រូវតែ​បង្ខំ​ចិត្ត​ធ្វើការ​ ជាមួយ​លោក​ម៉ាក្រុង។

អ្នក​វិភាគខ្លះ ​បាន​ថែម​ទាំង​យល់​ថា ​លោក​ពូទីន ​មាន​បំណង ​លុបលាង​កំហុស ​ដែល​ធ្វើ​ជ្រុល​ ដោយ​បាន​ទទួល​លោក​ស្រី​ម៉ារីន ឡឺប៉ែន ​ឲ្យចូល​ជួប ​ទាំង​មិន​ដឹង​ថា​លទ្ធផល​ឆ្នោត​ទៅ​ជា​យ៉ាងណា។ យ៉ាងណា​មិញ ​នៅពេល​ចេញ​លទ្ធផល​ឆ្នោត ​លោក​ពូទីន​ បាន​ទូរស័ព្ទ​មក​លោក​ម៉ាក្រុង ​ហើយបាន​និយាយ​ថា​ ត្រូវ​ជម្នះ ​ឲ្យបាន ​ដើម្បី​បំបាត់​រាល់​ការ​មិន​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ កាល​ពី​គ្រា​មុន។

និយាយគ្នា ​ដោយ​ត្រង់ទៅ​ត្រង់​មក

សួរថា ​តើ​ការ​ជួបគ្នា​ថ្ងៃនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​របៀបណា ?​ លោក​ម៉ាក្រុង ​បាន​ឆ្លើយ​ប្រាប់ថា ​លោក​នឹង​និយាយ​ត្រង់​ទៅ​ត្រង់​មក​ ដោយ​មិន​ញញើត​ នឹង​លោក​ពូទីន​ទេ។ ពោល​គឺ ​និយាយ​ដោយ​ត្រង់​អស់​ពីពោះ​ គ្រប់​រឿង​ទាំងអស់ ​ជាមួយ​រុស្ស៊ី។

មាន​បញ្ហា​ច្រើន​ណាស់ ​ដែល​ចោទ​ឡើង ​ក្នុង​សំណុំរឿង​វិបត្តិ​អន្តរជាតិ​ តួយ៉ាង​ដូចជា​វិបត្តិ​អ៊ុយក្រែន ​និងសង្រ្គាម​នៅ​ស៊ីរី​ជាដើម ​ ដែល​ទាំងអស់​នេះ​ សុទ្ធតែ​មាន​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី។គឺបញ្ហា​ទាំងអស់​នេះ​ហើយ ​ ដែល​លោក​ម៉ាក្រុង ​ចង់​និយាយ​ជាមួយ​លោក​ពូទីន ​ ដោយ​ត្រង់ទៅ​ត្រង់មក។ ក៏​ដោយសារតែ​បញ្ហា​ទាំង​អស់​នេះ​​ដែរ ​ដែល​បាន​បង្ករ​ឲ្យ​បារាំង​ និង​រុស្ស៊ី​មើល​មុខ​គ្នា​មិន​ត្រង់​កាល​ពី​ពេល​កន្លង​មក។

តែ​យ៉ាងណា មន្ត្រី​ទូត​រុស្ស៊ី ​បាន​អះអាង​ថា ​គេ​សង្ឃឹម​ថា ​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​ថ្មី​នា​ពេល​នេះ ​នឹង​បើក​ផ្លូវ​ឲ្យមាន​ការ​និយាយ​គ្នា ​ឲ្យបាន​ច្បាស់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​​អស់​នេះ។ តាមពិត​ទៅ ​រុស្ស៊ី ​ក៏​កំពុង​រក​ច្រកចេញ​ដែរ ​ព្រោះ​ដោយសារ​តែ​វិបត្តិ​នៅ​ស៊ីរី ​និង​នៅ​អ៊ុយក្រែន ​គឺ​រុស្ស៊ី​កាន់តែ​ឯកោ ​លើ​ឆាក​អន្តរជាតិ។ រុស្ស៊ី​មិន​អាច​បន្ត​ស្ថានការណ៍​នេះ​បាន​ទៀត​ទេ។

លោកម៉ាក្រុង៖ "វិបត្តិ​អន្តរជាតិ ​ទាំងអស់ ​មិនអាច​ដោះស្រាយ​ចេញទេ​ បើ​គ្មាន​រុស្ស៊ី"

រដ្ឋបាល​របស់​លោកត្រាំ ​កំពុង​ជំពាក់​វាក់វិន​ និង​រឿងរ៉ាវ​ជាច្រើន  ​គ្មាន​មុខមាត់​ឯណា ​មក​ចូលរួម​ដោះស្រាយ​បញ្ហា អន្តរជាតិ​ឡើយ។ ដូច្នេះគឺ​ពេល​នេះហើយ ​ ដែល​បារាំង ​តំណាង​ឲ្យ​សហភាព​អឺរ៉ុប ​ត្រូវ​ចូលរួម​រិះរក​ដំណោះស្រាយ។ លោក​ម៉ាក្រុង ​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​នេះ​ថា ​វិបត្តិ​អន្តរជាតិ​ទាំងអស់​​មិនអាច​ដោះស្រាយ​បាន​ទេ ​បើ​គ្មាន​រុស្ស៊ី។ មាន​ន័យថា​ត្រូវ​តែ​មាន​ការ​និយាយ​គ្នា ​ជាមួយ​រុស្ស៊ី ​តែ​និយាយ​ដោយ​ម៉ឺងម៉ាត់ ​និង​ដោយ​ត្រង់។ យ៉ាង​ណាមិញ ​ លោក​ម៉ាក្រុង ​បាន​ព្រលយ​ពាក្យ​ថា ​រុស្ស៊ី​បាន​ឈ្លាន​ពាន​អ៊ុយក្រែន។

ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​នេះ​ បើតាម​ការវិភាគ ​លោក​ពូទីន​ ចង់ឲ្យ​លោក​ម៉ាក្រុង​ បន្ត​គោលនយោបាយ​ចាស់​ របស់​លោក​ហូឡង់ ​ដោយ​រក្សា​តួអង្គ​៤ ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ​គឺ​បារាំង​ អាល្លឺម៉ង់ ​អ៊ុយក្រែន ​និង​រុស្ស៊ី។ ពោលគឺ​មាន​ន័យ​ថា ​មិន​ត្រូវ​ឲ្យ​អាមេរិក​ រឺ​អង្គការ​អូតង់​លូក​ដៃ​ចូល​ទេ។

ចំណែក​សំណុំរឿង​ស៊ីរី​វិញ ​គឺវា​មាន​ភាព​ស្មុគស្មាញ​ណាស់។ បញ្ហា​ចោទ ​គឺត្រូវ​និយាយ​គ្នា ​ថា​ត្រូវ​ចាត់ការ​យ៉ាងណា ​លើ​រដ្ឋាភិបាល​របស់​បាស្ឆា អាល់​អាសាដ។ លោកពូទីន ​ប្រាកដ​ជា​អំពាវនាវ ​ឲ្យផ្តល់​អទិភាព ​ដល់​ការ​កម្ទេច​បណ្តាញ​ភេវកម្ម​ជីហាត ​ហើយ​ទុកឲ្យ​របប​ផ្តាច់ការ​ស៊ីរី ​នៅ​បន្ត​កាន់​កាប់​អំណាច។ ត្រង់​ចំណុច​នេះ​ ប្រធានាធិបតី​ថ្មី​បារាំង ​អាច​ត្រូវ​តែ​សំឡឹង​មើល ​បញ្ហា​ចំពោះមុខ​ ជាក់ស្តែង​នៅ​ស៊ីរី​ផ្ទាល់។ ពេលខ្លះ​យើង​ត្រូវ​ទទួល​យក ​នូវ​លទ្ធផល​ខ្លះ ​បើ​ទោះ​បី​ជា​មិន​បាន​ទាំង​អស់​  ជាជាង​អត់​សោះ។ ហើយ​មួយវិញ​ទៀត ​បើ​ប្រឈម​មុខ​តតាំង​និង​រុស្ស៊ី ​ក៏​មិន​ប្រាកដ​ថា​អាច​ដោះស្រាយ​បញ្ហា​បាន​ដែរ។
មន្ត្រីទូត​ទាំង​បារាំង​ ទាំង​រុស្ស៊ី ​បាន​និយាយ​ថា ​កុំ​សង្ឃឹម​ថា​ ជំនួប​រវាង​លោក​ម៉ាក្រុង ​និង​លោក​ពូទីន​ នៅថ្ងៃ​នេះ ​ បាន​ចេញ​ជា​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​នោះ។ វាគ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម ​ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​សុទិដ្ឋិនិយម ​ក្នុង​ការ​រួមគ្នា​ ដោះស្រាយ​បញ្ហា ​ជាជាង​ការ​ឈរ​ស្រែក​នៅ​តែ​ផ្ទះ ​រៀងៗ​ខ្លួន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ