អានតួអត្ថបទ
បារាំង

បារាំង៖ រដ្ឋមន្ត្រី​មហាផ្ទៃ​លាឈប់​ម្នាក់ទៀត ធ្វើឲ្យ​រញ្ជួយ​រដ្ឋាភិបាល​លោក​ម៉ាក្រុង

រដ្ឋាភិបាលបារាំង កំពុងតែរំជើបរំជួល បន្ទាប់ពី លោក ហ្សេរ៉ា កូឡុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានសម្រេចចិត្តលាឈប់​ពីមុខតំណែង ក្រសួងដ៏សំខាន់នេះ ដើម្បីត្រលប់ ទៅធ្វើជាអភិបាលទីក្រុងលីយ៉ុងវិញ។ បន្ទាប់ពីបានបដិសេធ មិនព្រមឲ្យឈប់ លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចយល់ព្រម កាលពីយប់ថ្ងៃអង្គារទី២តុលា។ នេះគឺជារដ្ឋមន្ត្រីមានឋានៈស្មើទេសរដ្ឋមន្ត្រី ទី៣ហើយ ដែលបានដើរចេញពីរដ្ឋាភិបាលរបស់លោកម៉ាក្រុង។ ក្រុមគណបក្សប្រឆាំង ក៏ដូចជាអ្នកវិភាគនយោបាយ​បារាំង បានលើកឡើង ពីវិបត្តិធ្ងន់ធ្ងរក្នុងរដ្ឋាភិបាល ដឹកនាំដោយលោកម៉ាក្រុងនេះ។

លោក Edouard Philippe (ឆ្វេង) និងលោក Gérard Collomb ក្នុង​ពេល​ផ្ទេរ​តំណែង នៅ​ក្រសួង​មហាផ្ទៃ ថ្ងៃ​ទី៣​តុលា ​២០១៨។
លោក Edouard Philippe (ឆ្វេង) និងលោក Gérard Collomb ក្នុង​ពេល​ផ្ទេរ​តំណែង នៅ​ក្រសួង​មហាផ្ទៃ ថ្ងៃ​ទី៣​តុលា ​២០១៨។ STEPHANE DE SAKUTIN / AFP
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃពុធ ទី៣ តុលានេះ កិច្ចប្រជុំគណរដ្ឋមន្ត្រីក្រោមអធិបតីលោកអេម៉ានុយអែល ម៉ាក្រុង នឹងពុំមានវត្តមាន របស់លោក ហ្សេរ៉ា កូឡុំ  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមនុស្ស​ដ៏ស្និតបំផុត របស់លោកម៉ាក្រុងទៀតឡើយ។ លោក ហ្សេរ៉ា កូឡុំ  បានសម្រេចចិត្តលាឈប់ ដើម្បីត្រលប់ទៅអង្គុយកៅអី អភិបាលក្រុងលីយ៉ុងវិញ។ ជាកៅអី ដែល​លោកធ្លាប់អង្គុយ ដឹកនាំទីក្រុងនេះ អស់រយៈពេល១៦ឆ្នាំ រួចមកហើយ។

ពាក្យសុំលាឈប់ដំបូង ត្រូវបានលោកអេម៉ានុយអែល ម៉ាក្រុង បដិសេធ ក៏ប៉ុន្តែ លោក ហ្សេរ៉ា កូឡុំ  បានចចេស ដាក់ស្នើពាក្យសុំលាឈប់ម្តងទៀត កាលពីរសៀលថ្ងៃអង្គារ​ទី២តុលា។ ជាចុងក្រោយ លោកអេម៉ានុយអែល ម៉ាក្រុង បានសម្រេចចិត្តយល់ព្រម ក្នុងវេលាម៉ោង១២រំលងអាធ្រាត្រ។ នៅព្រឹកថ្ងៃពុធនេះ លោក អ៊ែដឌ័រ ហ្វីលីព ដែលជានាយករដ្ឋមន្ត្រី នឹងត្រូវដឹកនាំក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្នសិន ទំរាំរកមនុស្សថ្មីមកជំនួសបាន។

គួររំលឹកថា លោក ហ្សេរ៉ា កូឡុំ  ដែលមានវ័យ៧១ឆ្នាំ គឺជាមនុស្សដំបូងគេបង្អស់ ដែលបានជឿជាក់ លើ​​សក្តានុពលនយោបាយ របស់លោកអេម៉ានុយអែល ម៉ាក្រុង ហើយបានចូលរួមគាំទ្រ ក្នុងការឃោសនា ដើម្បី​ឲ្យលោកម៉ាក្រុងបានឈ្នះឆ្នោតនៅឆ្នាំ​២០១៧។ ក៏ប៉ុន្តែ ការចាកចេញរបស់លោក ហ្សេរ៉ា កូឡុំ នាពេលនេះ បានបង្ហាញអំពី​ភាពបែកបាក់ មិនចុះសម្រុងគ្នារវាងលោកនិងលោកម៉ាក្រុង​។

ជាការកត់សំគាត់ ការបាត់បង់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានបន្ថែមការលំបាក មួយកំរិតទៀត ឲ្យដល់រដ្ឋាភិបាលលោកម៉ាក្រុង បន្ទាប់ពីលោក នីកូឡា អ៊ុយឡូ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បានលាចេញពីតំណែងដែរ កាលពីប៉ុន្មានសប្តាហ៍មុននេះ។ ជាងនេះទៅ​ទៀត ការដាក់លោកនាយករដ្ឋមន្ត្រី ឲ្យដឹកនាំក្រសួងមហាផ្ទៃបណ្តោះអាសន្នសិននេះ គឺវា​បង្ហាញថា លោកអេម៉ានុយអែល ម៉ាក្រុង កំពុងតែពិបាក នឹងរកអ្នកណាផ្សេងមកជំនួស ឲ្យសក្តិសមនឹងមុខងារក្រសួង ដ៏ធំមួយនេះណាស់។

លោកម៉ាក្រុង​បានលុបចោល ដំណើរទស្សនកិច្ចទៅអាហ្វ្រិកខាងត្បូង នៅចុងសប្តាហ៍នេះ ដើម្បីយកពេលមកដោះស្រាយវិបត្តិផ្ទៃក្នុងរបស់រដ្ឋាភិបាលលោក។ ក្នុងចំណោមរដ្ឋមន្ត្រីធំៗ ដែលមានមុខ ក្នុងឆាកនយោបាយបារាំង គឺនៅសល់តែលោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្ត្រីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះ ដែរបន្តនៅក្នុងរដ្ឋាភិបាល។ អ្នកវិភាគនយោបាយ បានលើកឡើងថា រដ្ឋាភិបាលលោកម៉ាក្រុង កំពុងតែបង្ហាញធាតុពិត នៃចំណុចខ្សោយ ព្រមទាំងភាពគ្មានសមត្ថភាព ព្រោះរដ្ឋាភិបាលនេះគ្មានធនធានមនុស្សសម្រាប់ដឹកនាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ