បារាំង៖ មួយឆ្នាំក្រោយ ចលនាបាតុកម្មអាវកាក់លឿងព្យាយាមស្ទុះតវ៉ាឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៣
ថ្ងៃ១៧វិច្ឆិកា ២០១៨ គឺជាថ្ងៃនៃការចាប់ផ្តើមបាតុកម្មតវ៉ា របស់ចលនាអាវកាក់លឿងនៅបារាំង។ ផ្តើមចេញពីការតវ៉ា ប្រឆាំងនឹងការឡើងថ្លៃប្រេងម៉ាស៊ូត ក្រុមអាវកាក់លឿងនេះ បានធ្វើបាតុកម្មនៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយដឹកនាំ ដែលពួកគេចាត់ទុកថាមានភាពអយុត្តិធម៌ ដល់ប្រជាជនដែលមានជីវភាពក្រីក្រ។ នៅថ្ងៃទី១៦វិច្ឆិកានេះ គឺជាខួបមួយឆ្នាំ នៃចលនាបាតុកម្មអាវកាក់លឿងនេះ។ តើ មួយឆ្នាំមកនេះ ចលនាបាតុកម្មអាវកាក់លឿងនេះ មានសន្ទុះកម្រិតណាដែរ ហើយថាតើចលនានេះ បានវិវឌ្ឍន៍ខ្លួន និងបានលើកឡើងជាច្រកចេញផ្នែកនយោបាយ អ្វីខ្លះ ដើម្បីឆ្លើយតបទៅនឹងការតវ៉ា របស់ខ្លួន។
អាជ្ញាធរប្រុងប្រៀបទប់អំពើហឹង្សា
មួយឆ្នាំគត់ ដែលចលនាបាតុកម្មអាវកាក់លឿង បានចាប់ផ្តើម គឺនៅថ្ងៃទី១៧ វិច្ឆិកា ២០១៨ ជាមួយការប្រកូកប្រកាសគ្នា តាមបណ្តាញសង្គម ឲ្យប្រជាជនចុះផ្លូវតវ៉ា ពាក់អាវកាក់សុវត្ថិភាពពណ៌លឿង ដើម្បីជាសញ្ញានៃការមិនសុខចិត្តចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានដំឡើងពន្ធ លើប្រេងម៉ាស៊ូត។ ផ្តើមចេញពីកម្មវត្ថុតវ៉ានេះ ក្រុមអាវកាក់លឿង បានពង្រីកការតវ៉ារបស់ខ្លួន ទាក់ទិននឹងបញ្ហាសង្គម តម្លៃទំនិញ វិបត្តិសេដ្ឋកិច្ច ការយកពន្ធកាន់តែច្រើន ភាពអសកម្មរបស់អ្នកនយោបាយ ។ល។
បើតាមការរំពឹងទុក ដើម្បីគំរប់ខួប១ឆ្នាំ ចលនាអាវកាក់លឿង នឹងប្រមូលផ្តុំគ្នានៅទីក្រុងបារីស។ មានដំណឹងខ្លះ លើបណ្តាញសង្គមបញ្ជាក់ថា ក្រុមអាវកាក់លឿង ចង់ទៅជុំគ្នានៅសង្កាត់ សង់អេលីហ្សេ ដែលជាទីតាំងនិម្មិតរូបនៃការតវ៉ារបស់ពួកគេ ប្រមាណមួយឆ្នាំមកនេះ។ តែមានក្រុមខ្លះ បានអំពាវនាវឲ្យទៅទីតាំងផ្សេង ដើម្បីបង្វែងដានក្រុមសមត្ថកិច្ច ព្រោះថានៅសង្កាត់សង់អេលីហ្សេ គឺសមត្ថកិច្ចយាមកាមយ៉ាងតឹងតែងបំផុត។ ផ្លូវនិងស្ថានីយ៍មេត្រូក្រោមដី ជាច្រើន នៅក្នុងនិងជុំវិញសង្កាត់សង់អេលីហ្សេ គឺត្រូវបិទដោយសមត្ថកិច្ច។ នៅលើបណ្តាញសង្គមដែរ ក្រុមអាវកាក់លឿងខ្លះ បានថែមទាំងអំពាវនាវ ឲ្យធ្វើសកម្មភាពវាយកម្ទេច ហាងទំនិញធំៗមួយចំនួនទៀតផង។
ដូចយើងបានដឹងហើយ បាតុកម្មរបស់ចលនាអាវកាក់លឿង នៅរៀងរាល់ថ្ងៃសៅរ៍មួយឆ្នាំកន្លងមកនេះ បានដិតដាម ដោយអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ជាពិសេស នៅរវាងខែមីនា និងនៅថ្ងៃទី១ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ។ ក្រុមជ្រុលនិយម ដែលនៅលាយឡំជាមួយនឹងហ្វូងបាតុករ បានឆក់ឱកាស ប្រើប្រាស់អំពើហិង្សា វាយបំផ្លាញហាងទំនិញ ភោជនីយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដុតរថយន្ត ដុតអាគារ ព្រមទាំងមានករណីចូលទៅវាយកំទេច និងបន្លំលួចទំនិញនៅតាមហាង ទៀតផង។
ជាការឆ្លើយតប អាជ្ញាធរនគរបាល និងកងអាវុធហត្ថបារាំង បានចាត់វិធានការបង្រ្កាបយ៉ាងចាស់ដៃ ទៅលើក្រុមបាតុករហិង្សា និងបានបិទតំបន់មួយចំនួន មិនឲ្យក្រុមបាតុករឆ្លងកាត់។ បញ្ហានេះ បានរិតតែបង្កើនឲ្យមានការតវ៉ា ខឹង ស្អប់ទៅលើអាជ្ញាធរ ដែលទទួលបញ្ជារពីរដ្ឋាភិបាល។
សមត្ថកិច្ចបារាំង ជាប់ចោទពីបទប្រើអំពើហិង្សាជ្រុល
បើនិយាយពីអំពើហិង្សា គឺវាមានទាំងសងខាង។ ជាទូទៅ ការបង្រ្កាបរបស់អាជ្ញាធរ គឺជាការឆ្លើយតបទៅនឹងសកម្មភាពហិង្សា ឬក៏ដើម្បីទប់ នឹងការពុះកញ្ជ្រោលណាមួយរបស់ហ្វូងបាតុករ។ ជាក់ស្តែង ពេលចលនាអាវកាក់លឿងចាប់ផ្តើមដំបូង សមត្ថកិច្ចមិនសូវជាទប់ខ្លាំងទេ ហើយលទ្ធផល គឺការបំផ្លេចបំផ្លាញទ្រព្យឯកជន និងសម្បត្តិសាធារណៈ យ៉ាងអាណាធិបតេយ្យបំផុត។ កាលណោះ មានមតិរិះគន់ ថាហេតុអ្វីបានអាជ្ញាធរ បន្ធូរដៃដូច្នេះ។
ដូច្នេះហើយ បានជាក្រោយៗមក ក្រសួងមហាផ្ទៃបារាំង បានរិតបន្តឹង ដាក់ចុះវិធានការសន្តិសុខ និងបានបន្ថែមកម្លាំង ដើម្បីទប់នឹងហ្វូងបាតុករហិង្សា។ ការប្រឈមមុខដាក់គ្នា វាងបាតុករ និងក្រុមសមត្ថកិច្ច ក៏មានកាន់តែខ្លាំង ទៅតាមនោះដែរ។
បើគិតតាមតួលេខ នៅចុងខែឧសភា មានបាតុករអាវកាក់លឿងរបួសសរុបចំនួន ២៤៤៨នាក់ ហើយចំណែក ខាងកងសមត្ថកិច្ចវិញ មានរបួសចំនួន១៧៩៧នាក់។ យើងឃើញថា របួសសងខាងសឹងតែប្រហាក់ប្រហែលគ្នា។ តែយ៉ាងណា ក្នុងចំណោមអ្នករបួសខាងបាតុករ គឺមានករណីធ្ងន់ធ្ងរខ្លាំង ដូចជាករណីរបួសគ្រាប់ភ្នែក ករណីពិការដៃ ពិការជើង របួសមុខធ្ងន់ធ្ងរ ដោយសារតែគ្រាប់កាំភ្លើងកៅស៊ូរបស់អាជ្ញាធរ។
បាតុករបានដាក់ពាក្យប្តឹង ទៅអាជ្ញាធរឃ្លាំមើលការងារនគរបាល ហៅកាត់ថា IGPN និងអាជ្ញាធរឃ្លាំមើលការងារកងអាវុធហត្ថ ហៅកាត់ថា IGGN។ អាជ្ញាធរទាំង២នេះ គឺមានតួនាទីតាមដានទៅលើវិធានការរបស់នគរបាល ឬកងអាវុធហត្ថ ថាតើវាត្រឹមត្រូវដែរឬទេ។ បើតាមតួលេខពីក្រសួងមហាផ្ទៃ IGPN បានទទួលពាក្យបណ្តឹងចំនួន ៣១៣ ករណីដែលក្នុងនោះ២ភាគ៣ បានបញ្ជូនដល់ដៃរដ្ឋអាជ្ញាហើយ។ ចំណែក IGGN វិញ បានទទួលពាក្យបណ្តឹងចំនួន២៣ ដែលក្នុងនោះមាន៥ ករណីបានបញ្ជូនដល់ដៃរដ្ឋអាជ្ញាដែរ។ លោកចៅក្រម Rémi Heitz រដ្ឋអាជ្ញាក្រុងប៉ារីស បានអះអាងថា នរគរបាលដែលគេរកឃើញថាបានប្រើអំពើហិង្សា ជ្រុលហួសប្រមាណ និងត្រូវទទួលទោសព្រហ្មទណ្ឌទៅតាមច្បាប់។
កម្លាំងបាតុករ កាន់តែថយចុះ
បើនិយាយពីចំនួននៃការចូលរួមធ្វើបាតុកម្ម គឺថាវាថយចុះខ្លាំង។ ពេលចាប់ផ្តើមដំបូង ខែវិច្ឆិកា ឆ្នាំ២០១៨ មានបាតុករអាវកាក់លឿង ទូទាំងប្រទេសសរុបប្រមាណជិត៣សែននាក់។ ហើយនៅរវាងខែធ្នូ និងខែមករា មានសន្ទុះខ្លាំងដែរ។ តែក្រោយៗមក ចំនួននេះ កានតែថយចុះ សល់តែប៉ុន្មានពាន់នាក់។ ហើយបើចាប់ពីខែឧសភាមក គឺសឹងតែលែងមានបាតុកម្មតែម្តង នៅថ្ងៃសៅរ៍។
ការថយចុះសន្ទុះកម្លាំងបាតុករនេះ គឺអាចបណ្តាលមកពីកត្តាច្រើន។ កត្តាចំបង ពីភាពនឿយណាយ របស់បាតុករ ព្រោះវាអូសបន្លាយយូរពេក ដោយគ្មានចេញជាលទ្ធផលអ្វី។ មិនចេញជាលទ្ធផលអ្វីនេះ គឺដោយសារតែចលនាបាតុកម្មអាវកាក់លឿងនេះខ្លួនឯងតែម្តង។
អ្នកវិភាគនយោបាយបារាំង មួយចំនួនបានពន្យល់ថា ក្រុមអាវកាក់លឿងនេះ មិនអាចវិវឌ្ឍន៍ទៅណាទៀតបានទេ ដោយសារតែក្រុមនេះ គ្មានអ្នកតំណាងឲ្យច្បាស់លាស់។ ក្រុមអាវកាក់លឿង មានចរិកលក្ខណៈជាចលនាមហាជន ដែលផ្តល់តម្លៃឲ្យតែអំណាចប្រជាជនដោយផ្ទាល់ ដែលគេហៅថាប្រជាធិបតេយ្យដោយផ្ទាល់។ រាល់ការចាត់តាំង ឬបោះឆ្នោតតែងតាំងអ្នកតំណាង សម្រាប់ពួកគេ គឺវាក្បត់ពីខ្លឹមសារនៃចលនារបស់ពួកគេ បាត់ទៅហើយ។
ចលនាអាវកាក់លឿង មិនអាចក្លាយជាចលនានយោបាយ
បើគ្មានអ្នកតំណាង គ្មានស្នូលកណ្តាល ដែលសម្របសម្រួល រកគោលជំហររួមទេនោះ គឺមិនអាចធ្វើអ្វីបានទេ។ ហេតុដូច្នេះហើយ បានជាគេសង្កេតឃើញថា មានភាពរញ៉េរញ៉ៃខ្លាំងនៅក្នុងចំណោមក្រុមអាវកាក់លឿងនេះ ម្នាក់ទៀមទារនេះ ម្នាក់ទាមទារនោះ ដោយពុំមានសម្លេងរួមច្បាស់លាស់ទេ។ អ្នកវិភាគខ្លះទៀត លើកឡើងថា ក្រុមអាវកាក់លឿង មិនអាចក្លាយជា ចលនានយោបាយមួយពេញលក្ខណៈទេ គឺវាបានត្រឹមតែ ជាចលនាតាមផ្លូវរាយប៉ាយតែប៉ុណ្ណោះ។
មួយវិញទៀត ក្រុមអាវកាក់លឿង មានតែការតវ៉ាមិនសុខចិត្ត តែផ្ទុយទៅវិញ មិនមានសមត្ថភាព លើកជាដំណោះស្រាយជាក់ស្តែង ណាមួយទេ។ ហើយនៅពេលរដ្ឋាភិបាល ឬក្រុមអ្នកនយោបាយណាមួយ ព្យាយាមស្នើដំណោះស្រាយ គឺក្រុមនេះប្រកែកញ៉ាញតែម្តង។ មូលហេតុ គឺក្រុមអាវកាក់លឿងនេះ មិនទុកចិត្តនរណាទាំងអស់ ក្រៅតែពីបុគ្គលខ្លួនឯងម្នាក់ៗ។
តែយ៉ាងណា ចលនាអាវកាក់លឿងនេះ បានឆ្កិះឲ្យសង្គមបារាំង ចោទសួរឡើងវិញ អំពីខ្លឹមសារនៃប្រជាធិបតេយ្យ អំពីតួនាទីរបស់រដ្ឋ របស់រដ្ឋាភិបាល។ រដ្ឋាភិបាល ដែលកើតដោយប្រជាជនបោះឆ្នោតឲ្យ រដ្ឋាភិបាលត្រូវតែបំរើប្រជាជន។ ចលនាអាវកាក់លឿងនេះ គឺជាសញ្ញាអាសន្ន ដាស់តឿនដល់ថ្នាក់ដឹកនាំនយោបាយបារាំងទាំងអស់ មិនត្រូវភ្លេចខ្លួន ភ្លេចការលំបាកប្រចាំថ្ងៃ របស់ប្រជាជនជាដាច់ខាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ