អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពិពណ៌កសិកម្ម៖ លោក​ម៉ាក្រុង​ចង់​ឲ្យ​រួមគ្នា​រក​គំនិត​ថ្មីៗ ដើម្បី​គោលនយោបាយ​កសិកម្ម​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៣កុម្ភៈនេះ នៅទីក្រុងបារីសប្រទេសបារាំង ដូចជារៀងរាល់ឆ្នាំ គឺមានបើកពិពណ៌កសិកម្មអន្តរជាតិ​ រយៈពេល១០ថ្ងៃ។ ជាពិពណ៌អន្តរជាតិ ដ៏ធំជាងគេបង្គស់លើលោក ហើយដែលមានការចូលរួម ពីបណ្តា​កសិដ្ឋាន និងក្រុមហ៊ុនផលិតចំណីអាហារ កសិឧស្សាហកម្ម មកពីបណ្តាប្រទេសជាច្រើន។ ប្រធានាធិបតីបារាំង តែងតែមានវត្តមាន ដើម្បីបើកសម្ភោធពិពណ៌កសិកម្មនេះ ក្នុងឋានៈបារាំង ជាប្រទេសកសិកម្មធំជាងគេបង្អស់នៅអឺរ៉ុប។ លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទរកថា អំពាវនាវឲ្យអ្នកនយោបាយ អ្នកជំនាញក្នុងវិស័យកសិកម្មទាំងអស់​ រួមគ្នារិះរកគំនិតថ្មីៗ ដើម្បីការពារលើកកំពស់ គោលនយោបាយកសិកម្ម​រួមរបស់អឺរ៉ុប។

លោកម៉ាក្រុង ក្នុងពេល​ថ្លែងសន្ទរកថា​ បើក​ Salon de l'agriculture ​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​​២៣កុម្ភៈ ២០១៩
លោកម៉ាក្រុង ក្នុងពេល​ថ្លែងសន្ទរកថា​ បើក​ Salon de l'agriculture ​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​​២៣កុម្ភៈ ២០១៩ CHARLES PLATIAU / AFP
ផ្សាយពាណិជ្ជកម្ម

ដូចជារៀងរាល់ឆ្នាំ ប្រធានាធិតបីបារាំង តែងតែយកឱកាស ពិពណ៌កសិកម្មអន្តរជាតិនេះ ធ្វើជាវេទិកា​ដើម្បីថ្លែងសន្ទរកា បង្ហាញពីគំនិតឬក៏ចក្ខុវិស័យរបស់ខ្លួន ក្នុងការលើកកំពស់វិស័យកសិកម្ម។ ជាងនេះទៅទៀត ពិពណ៌កសិកម្មឆ្នាំនេះ គឺវាជួនចំពេល ដែលអឺរ៉ុប ជិតដល់ថ្ងៃ​បោះឆ្នោត ជ្រើសរើស​សមាជិក​សភា​អឺរ៉ុប នៅ​ខែ​ឧសភា ហើយ​ទន្ទឹម​នឹងនេះទៀត គឺ​គណកម្មការ​អឺរ៉ុប កំពុងតែប្រជុំគ្នា ដើម្បីធ្វើកំណែទម្រង់ ដល់គោលនយោបាយកសិកម្មរួម របស់អឺរ៉ុប ដែលហៅកាត់ថា « PAC : Politique agricole commune »

នៅចំពោះមុខមនុស្សប្រមាណជា៥០០នាក់ លោកអេម៉ានុយអែល ម៉ាក្រុង បានថ្លែង​សន្ទរកថា ដោយ​ផ្តោត​សំខាន់ ទៅលើចក្ខុវិស័យរ​បស់លោក ក្នុង​ការធ្វើកំណែទម្រង់ និងការរិះរកគំនិតថ្មីៗ មកអភិវឌ្ឍន៍ដល់គោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះ។

PAC គឺជាទ្រព្យរួមរបស់អឺរ៉ុប”

លោកម៉ាក្រុងលើកឡើងថា គាត់មកជួបកសិករ អ្នកជំនាញក្នុងវិស័យកសិកម្មក្នុងពេលនេះ គឺដើម្បីប្រាប់ ទៅដល់អ្នកនយោបាយ ថ្នាក់ដឹកនាំប្រទេស ប្រជាជនដែលជាកសិករ ឬក៏ធ្វើការក្នុង​វិស័យ​​កសិឧស្សាហកម្ម នៅ​ទូទាំង​អឺរ៉ុប​ថា គោលនយោបាយ​រួម​របស់​អឺរ៉ុបក្នុង​វិស័យ​​កសិកម្ម គឺជា​ទ្រព្យសម្បត្តិរួម​ដ៏មាន​តំលៃ ដែល​ត្រូវតែ​ការពារ​ ឲ្យ​បាន​ជាដាច់ខាត។

លោកបន្តថា៖ "អ្នកជំនាន់មុន ដែលបាន​ស្ថាបនាសហភាពអឺរ៉ុប រិតចំណងសហការក្នុងវិស័យកសិក​ម្ម មានចក្ខុវិស័យវែងឆ្ងាយ និងដ៏ត្រឹមត្រូវបំផុត ព្រោះថា បើគ្មានគោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះទេ នោះប្រជាជនទូទាំងអឺរ៉ុប ម្លេះមិនអាចមានលទ្ធភាព ទទួលបាននូវចំណីអាហារ ដែលមានតម្លៃថោកសមរ​ម្យ និង​ជាចំណីអាហារ ដែលមានគុណភាពខ្ពស់ ដូចសព្វថ្ងៃនេះទេ"។ លោកថា៖ "គឺដោយសារ Politique Agricole Commune នេះហើយ ដែលអឺរ៉ុប រឹងមាំក្នុងវិស័យកសិកម្ម ហើយអាចមានលទ្ធភាព មានជំរើសខ្លួនឯង ក្នុងទីផ្សារពិភពលោក"។

លោកបន្ថែមថា៖ "ដូច្នេះ អ្វីដែលជាការងារត្រូវធ្វើ មិនមែនដូចអ្នកខ្លះលើកឡើងថា ត្រូវ​លប់​រុះរើ​ចោល​គោលនយោបាយ​កសិកម្ម​រួម​របស់​អឺរ៉ុប តែ​ផ្ទុយទៅវិញ គឺ​ត្រូវតែ​រិះរក​​គំនិតថ្មីៗ ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ ពង្រឹង​គោលនយោបាយ​កសិកម្មរួម របស់​អឺរ៉ុប​នេះ ឲ្យកាន់តែ​ល្អ​ប្រសើរ"

ជាង៥០នៃគោលនយោបាយកសិកម្មរួម តែជីវភាពកសិករកាន់តែលំបាក

ទោះយ៉ាងនេះក្តី កសិករ ឬអ្នកធ្វើការក្នុងវិស័យកសិដ្ឋាន ជាពិសេសនៅ​បារាំង តែងតែងធ្វើ​បាតុកម្មតវ៉ា ​ជារឿយៗ អំពីកត្តា​លំបាកជាច្រើន ដូចជាប្រាក់ចំណូលមិនគ្រប់គ្រាន់ ព្រមទាំង ត្រូវគោរពបទវិធានដ៏សែនតែងតែង ដែលដាក់កំហិត ដោយ​គោលនយោបាយកសិកម្មរួម របស់អឺរ៉ុបនេះ។

យើងត្រូវដឹងថា គោលនយោបាយកសិកម្មរួម របស់អឺរ៉ុប ត្រូវបានដាក់ចុះឲ្យអនុវត្ត តាំង​តែ​​ពី​ឆ្នាំ​១៩៦២​ម្លេះ។​ ពោលគឺតាំងតែពីសហភាព​អឺរ៉ុប ​មាន​ប្រទេសសមាជិក​តែ​៦​ប្រទេស​ម្លេះ។ កម្មវត្ថុ​នៃ​គោល​នយោបាយ​កសិកម្មរួមនេះ គឺ មាន៥ចំណុច៖

  • បង្កើនទិន្នផលកសិកម្ម
  • ធានាឲ្យបាន​នូវកំរិតជីវភាពមួយសមរម្យ ​និងមានតុល្យភាព ឲ្យដល់ប្រជាកសិករ
  • ធានាឲ្យទីផ្សារ តម្លៃផលិតផលកសិកម្ម មានស្ថិរភាព​​
  • ធានាឲ្យមានសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់
  • ធានាការពារតម្លៃមួយ ដែលសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅ

ដើម្បី​សម្រេចកម្មវត្ថុទាំងនេះ សហភាពអឺរ៉ុប ត្រូវដាក់​ចុះនូវវិធានាការ និងអត្ថបទគតិយុទ្ធជាច្រើន ក្នុង​វិស័យកសិកម្ម ហើយដែលប្រទេសសមាជិកត្រូវយកទៅអនុវត្ត។ ហើយក្នុង​គោលនយោបាយ​នេះ អឺរ៉ុប មានប្រភពមូលនិធិហិរញ្ញវត្ថុធំ ចំនួន២ ដើម្បីយកថវិកានេះទៅ​ចំនាយ ជួយ​ដល់​ប្រជាកសិករ។ ក៏ប៉ុន្តែ ប្រមាណជាង៥០ឆ្នាំមកនេះ វិស័យកសិកម្មមាន​ការ​ប្រែប្រួល​ច្រើនណាស់ តម្រូវការក៏ចេះតែកើនឡើងដែរ។

ជាងនេះទៅទៀត ទីផ្សារអឺរ៉ុប កាន់តែរីកធំ ដោយសារអឺរ៉ុប មាន​ប្រទេស​សមាជិក​ដល់ទៅ​២៨​ប្រទេស។ ការ​ប្រកួតប្រជែង​រវាងប្រទេសសមាជិក ក៏កាន់តែខ្លាំងក្លា ដែលធ្វើឲ្យ​កសិករ​ មានការលំបាកច្រើន។ ជាក់ស្តែង​​ លក្ខខណ្ឌផលិតផ្សេងៗ ឧទាហរណ៍ទាន់ទិន​នឹង​គុណភាព គឺមានការគោរពមិនស្មើគ្នាទេ នៅ​តាមប្រទេសសមាជិក។ ប្រទេស​អឺរ៉ុប​ខ្លះ​ដែលនៅក្រីក្រ ហើយដែលវិស័យរដ្ឋបាលអាជ្ញាធរនៅទន់ខ្សោយ គឺការ​តាម​ដាន​មិន​ដិតដល់ទេ។ ដូច្នេះ តម្លៃនៃការផលិតវាខុសគ្នា ដែលធ្វើតម្លៃលក់ចេញមិនស្មើ​គ្នា​ដែរ។ ជំនួយបានមកពីមូលនិធិអឺរ៉ុប មិនអាចជួយកសិករ​បានគ្រប់ទេ។

បន្ថែមពីនេះទៀត ផលិតផលកសិកម្ម មកពីចិន មកពីអាមេរិក និងរុស្ស៊ីជាដើម ក៏បានសម្រុក​ចូល​ទីផ្សារអឺរ៉ុបដែរ។ ជាក់ស្តែងលោកម៉ាក្រុង បានលើកឡើងថា ប្រឈមមុខនឹងបញ្ហា​នេះ អឺរ៉ុបមិនត្រូវបែកខ្ញែកគ្នាទេ គឺត្រូវចងផ្អោបគ្នាជាធ្លុងមួយឲ្យមាំ ក្នុងក្របខណ្ឌ​គោលនយោបាយ​កសិកម្​មរួមនេះ ទើបអាចមានកម្លាំងទប់បាន។

កសិកម្មទៅអនាគត ត្រូវការធនធានមនុស្សវ័យក្មេង

ក្នុងសម័យទំនើបនេះ វិស័យកសិកកម្ម ជាវិស័យដែលពុំសូវមានប្រជាប្រិយភាពទេ នៅតាមប្រទេសណាក៏ដោយ។ តែមនុស្សយើងតែងតែភ្លេចគិត ថាបើគ្មានកសិកម្ម ក៏គ្មានអ្វីបរិភាគ​ដែរ។ ដូច្នេះវិស័យនេះជា​វិស័យអាយុជីវិត។ បរិមាណ និងគុណភាព ត្រូវតែដើរឲ្យទន្ទឹមគ្នា។ កន្លងមក បារាំង ជាប្រទេសធំជាងគេនៅអឺរ៉ុប ក្នុងវិស័យកសិកម្ម ទាំងផ្ទៃដីផលិត ទាំងបរិមាណផលិតផល ទាំងប្រាក់ចំណូល និងជាពិសេស គឺគុណភាព។ បារាំងត្រូវ​គេ​ទទួលស្គាល់ថា ជាប្រទេសដែលមានគុណភាពផលិតផលកសិកម្ម និងការតាមដាន បានយ៉ាង​ល្អ លើសប្រទេសណាណាទាំងអស់ក្នុងពិភពលោក។

ដូច្នេះ ការធ្វើកំណែទម្រង់គោលនយោបាយរួមរបស់អឺរ៉ុបនេះ គឺត្រូវដើរ ទៅតាមរបត់ នៃការរីកចំរើននៃបច្ចេកវិទ្យាទំនើប ហើយលៃយ៉ាងណា ទាក់ទាញកម្លាំងពលកម្ម ដែលជាយុវជនវ័យក្មេងពេញកម្លាំង មកធ្វើឲ្យបានច្រើន។ វិស័យកសិកម្ម ត្រូវការមនុស្សណាស់ គ្រាន់តែថាក្មេងៗគេមិនចង់ធ្វើ។ មានយុវជនវ័យក្មេងៗ​ ចូលរួមច្រើន គឺគេមានគំនិតថ្មីៗច្រើន។ លោកម៉ាក្រុង ក៏បានលើកឡើងដែរថា កសិកម្មទៅថ្ងៃអនាគត ត្រូវតែជាកម្លាំងចលករ ក្នុងការបំផុះគំនិត គិតគូរពីបញ្ហា​បរិស្ថាន ពីអាកាសធាតុ ពីសុខភាព ជាចំបង ជាជាងគិតតែពីផលិត ដើម្បីលក់យកចំណេញ។ ផលិតផលចំណីអាហារ មិនមែនជាផលិតផលសាមញ្ញ ដូចផលិតផលឯទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ