អានតួអត្ថបទ

បារាំង៖ ផ្ទះ​របស់​ប្រធាន​សភាជាតិ ត្រូវ​គេ​ប៉ុនប៉ង​ដុត​បំផ្លាញ

កាលពីថ្ងៃទី៩កុម្ភៈ គេហដ្ឋានរបស់លោក រីឆា ហ្វេរ៉ង់ ប្រធានសភាជាតិបារាំង ត្រូវបានជនមិនស្គាល់មុខ ប៉ុនប៉ងដុតបង្កអគ្គីភ័យ។ នេះគឺជាទំរង់នៃអំពើហិង្សាបែបថ្មីមួយ ដែលបានធ្វើទៅលើអ្នកនយោបាយ ក៏ដូចជាតំណាងរាស្ត្រ។ អ្នកនយោបាយបារាំងគ្រប់និន្នាការ បានថ្កោលទោសចំពោះការប្រើអំពើហិង្សា គំរាមជាលក្ខណៈបុគ្គល ទៅលើអ្នកតំណាងរាស្ត្រ ដែលប្រសូត្រចេញពីការបោះឆ្នោត។ គួរកត់សំគាល់ដែរថា បច្ចុប្បន្ននេះ បរិយាកាសសង្គមបារាំង កាន់តែពោរពេញដោយភាពហិង្សា ជាមួយនឹងសកម្មភាព​បាតុកម្ម របស់ក្រុមអាវកាក់ពណ៌លឿង លាយឡំជាមួយនឹងក្រុមហិង្សា​​ជ្រុលនិយមមួយចំនួនផង។

សមត្ថិកិច្ច​បារាំង កំពុងចុះត្រួតពិនិត្យ​ ផ្ទះរបស់លោក​Richard Ferrand ដែល​ត្រូវជន​​មិន​ស្គាល់​មុខ ប៉ុនប៉ង​ដុត​បំផ្លាញ​ ថ្ងៃទី​​៩កុម្ភៈ ​២០១៩។
សមត្ថិកិច្ច​បារាំង កំពុងចុះត្រួតពិនិត្យ​ ផ្ទះរបស់លោក​Richard Ferrand ដែល​ត្រូវជន​​មិន​ស្គាល់​មុខ ប៉ុនប៉ង​ដុត​បំផ្លាញ​ ថ្ងៃទី​​៩កុម្ភៈ ​២០១៩។ AFP
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអង្គសភាទាំងមូល លោក Richard Ferrand ប្រធានសភាជាតិបារាំង បានថ្លែងនៅរសៀលថ្ងៃ៩កុម្ភៈថា អំពើប៉ុនប៉ងដុតបំផ្លាញគេហដ្ឋានលោក ដោយជនមិនស្គាល់មុខ គឺជាទង្វើហិង្សា ហួសប្រមាណ ហើយដែលវាបានដើរផុតពីគន្លងដែលបានកំណត់ទុក។ លោកប្រធានសភារូបនេះ បានថ្លែងអំពីការព្រួយបារម្ភ ទាន់ទិននឹងសុខភាពប្រជាធិបតេយ្យ ក្នុងប្រទេសបារាំងបច្ចុប្បន្ន ដោយសារតែអំពើហិង្សាទាំងនេះ។

លោកប្រធានសភា បានលើកឡើងថា អំពើហិង្សាក្រោមរូបភាពផ្សេងៗ បង្កឡើងដោយ​ជនជ្រុលនិយម ក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងតែបំផ្លាញសរសរទ្រូងប្រជាធិបតេយ្យ នៃ​របប​សាធារណៈរដ្ឋទី៥របស់បារាំង។ គឺវាហាក់បីដូចជា បច្ចុប្បន្ននេះ មនុស្សម្នា​អាចទៅសំឡុត គំរាម ប្រើហិង្សា ប្រព្រឹត្តិអំពើឧក្រិដ្ឋ ទៅលើមន្ត្រីតំណាងជាតិ អ្នកតំណាងរាស្ត្រជាដើម បានយ៉ាងអាណាធិបតេយ្យ។

គួរកត់សម្គាល់ថា ចាប់តាំងពីមានវិបត្តិបាតុកម្មតវ៉ា របស់ក្រុមអាវកាក់ពណ៌លឿងមក មានអ្នកតំណាងរាស្ត្រ ប្រមាណជាង៦០នាក់ហើយ ដែលបានទទួលរងនូវការគំរាមកំហែង ពីសំណាក់ជនអនាមិក។ គេហដ្ឋាន​របស់តំណាងរាស្ត្រខ្លះ ត្រូវបានជនអនាមិក យកថ្នាំពណ៌សរសេរអក្សរជេប្រមាថ និងគំរាម។ នៅលើបណ្តាញសង្គមវិញ សារជេរប្រមាថ គំរាមសំឡុត មានស្ទើតែជារៀងរាល់ថ្ងៃ។

គួរកត់សំគាល់ដែរថា បាតុកម្មរបស់ក្រុមអាវកាក់លឿង កាលពីថ្ងៃសៅរ៍ទី៩កុម្ភៈ នៅទូទាំងប្រទេសបារាំង ត្រូវបានគេសង្កេតឃើញថា អ្នកចូលរួមមានការថយចុះច្រើន។ ទូទាំង​ប្រទេស​មានបាតុករប្រមាណ ៥១៤០០នាក់ ដែលក្នុងនោះ នៅប៉ារីស មាន​៤០០០​នាក់។ តែយ៉ាងណា អំពើហិង្សាក្នុងពេលបាតុក​ម្មនៅតែមានដដែល ជាពិសេសនៅក្រុង​Toulouse និង Bordeaux។

កំហឹងរបស់ពួកបាតុករអាវកាក់លឿង មានកាន់តែខ្លាំង បន្ទាប់​ពី​រដ្ឋាភិបាល និងសភាជាតិបារាំង បានអនុម័ត​ច្បាប់ពិសេសមួយ ដែលមានខ្លឹមសារចាត់វិធានការ ទប់ទល់ចំពោះសកម្មភាពហិង្សាវាយបំផ្លេចបំផ្លាញ បង្ក​ឡើង​​ដោយ​ក្រុមបាតករជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ