ប្រធានាធិបតីបារាំង បង្កការភ្ញាក់ផ្អើល តាមរយៈឯកសារកំណត់តម្លាភាព នៃតួនាទីរបស់ភរិយាខ្លួន
ជាធម្មតាតំណែងលោកជំទាវ ភរិយារបស់ប្រធានាធិបតីបារាំង គឺមិនមានអ្វីជាផ្លូវការ ហើយក៏គ្មានអត្ថបទច្បាប់ណាមួយ ចែងជាលាយលក្ខអក្សរ ឲ្យបានច្បាស់ដែរ។ ជាការភ្ញាក់ផ្អើល លោកប្រធានធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទើបតែបានសម្រេច ផ្សព្វផ្សាយឯកសារមួយជាសារធារណៈ ដែលឯកសារនោះ មានកំណត់ពីតួនាទីការងារ របស់លោកស្រី ភរិយាលោកម៉ាក្រុង។ តែយ៉ាងណា វិមានប្រធានាធិបតីបារាំង បានអះអាងថា ឯកសារនោះពុំមានតម្លៃគតិយុទ្ធផ្លូវការឡើយ ហើយគេធ្វើឡើង គឺដើម្បីបង្ហាញពីតម្លាភាពតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
វិមានប្រធានាធិបតីបារាំង បានចេញផ្សាយជាសាធារណៈ នៅថ្ងៃចន្ទទី ២១ សីហា នូវឯកសារមួយ ចែងពីមុខងារនិងតួនាទី របស់ភរិយាលោកប្រធានាធិបតីម៉ាក្រុង។ នៅក្នុងឯកសារនោះ បានកំណត់ពីតួនាទីការងាររបស់លោកជំទាវ Brigitte Macron មានជាអាថទិ៍ គឺការងារតំណាងឲ្យមុខមាត់ប្រទេសបារាំង អមដំណើរប្រធានាធិបតី ជួយការងារលោកប្រធានាធិបតី តាមរយៈការឆ្លងឆ្លើយជាមួយភ្ញៀវ តាមសំបុត្រ ឬតាមទូរស័ព្ទ ធ្វើសកម្មភាពមនុស្សធម៌ មិនថាក្នុងវិស័យវប្បធម៌ ឬវិស័យសង្គម ព្រមទាំងមានតួនាទីចាត់ចែង រាល់ការទទួលបដិសណ្ឋារកិច្ច ចំពោះភ្ញៀវអន្តរជាតិធំៗ ជាដើម។
ក្នុងឯកសារនេះ បានកំណត់ថា លោកជំទាវភរិយាប្រធានាធិបតី ពុំត្រូវបានទទួលប្រាក់បៀវត្សន៍ទេ ហើយក៏មិនបានទទួលកញ្ចប់ថវិកា ដាច់ដោយឡែកដែរ។ ការចំណាយទាំងស្រុង គឺស្ថិតនៅក្នុងខ្ទង់ចំណាយ របស់វិមានប្រធានាធិបតី។ លោកជំទាវ នឹងមានមន្ត្រីជាទីប្រឹក្សាផ្ទាល់ចំនួន២រូប។ រាល់ការចំណាយ ទាក់ទិននឹងសកម្មភាពការងាររបស់ភរិយាប្រធានាធិបតី គឺនឹងមានកត់ត្រា ក្នុងតារាងគណនីច្បាស់លាស់ ហើយបញ្ជូនទៅឲ្យតុលាការគណនីសាធារណៈពិនិត្យជាប្រចាំ។ ដូចគ្នាដែរ កាលវិភាគ នៃសកម្មភាពការងាររបស់លោកជំទាវ Brigitte Macron នឹងត្រូវចុះផ្សាយនៅលើវេបសាយ របស់វិមានប្រធានាធិបតីបារាំង។
តួនាទីការងារដែលបានរៀបរាប់ខាងលើ គឺជាតួនាទីការងារ ដែលភរិយាប្រធានាធិបតីមុនៗ តែងតែធ្វើកន្លងមក គ្រាន់តែថាពុំមានឯកសារកំណត់ជាក់ច្បាស់ ដូចពេលនេះ។ តែចំណុចដែលថ្មី ដែលលោកម៉ាក្រុង បានធ្វើឲ្យគេភ្ញាក់ផ្អើលមួយទៀតនោះ គឺលោកបានកំណត់ថា ប្រធានាធីបតីអាចនឹងប្រគល់ការងារពិសេសណាមួយ ទៅភរិយា ដូចជាការសុំឲ្យភរិយា ជួយពិចារណាយោបល់ លើកជាសំណើរផ្សេងៗ ជាដើម។ លោកម៉ាក្រុងធ្លាប់បាននិយាយថា លោកមិនចង់ទុកភរិយាឲ្យនៅជាទីងមោងពីក្រោយខ្នងឡើយ លោកចង់ផ្តល់តម្លៃឲ្យភរិយា និងបង្ហាញតម្លាភាពជាសាធារណៈ ព្រោះចង់មិនចង់ វាចៀសមិនរួចទេ ដែលស្វាមីនិងភរិយាត្រូវពិគ្រោះយោបល់គ្នា។
ថ្វីបើវិមានអេលីហ្សេ អះអាងថាឯកសារពិសេសនេះ ពុំមានតម្លៃគតិយុត្តិ ហើយអនុវត្តសម្រាប់តែអាណត្តិលោកម៉ាក្រុងនិងភរិយាក៏ដោយ ក៏នេះគឺជាលើកទីមួយហើយ ដែលភរិយាប្រធានាធិបតីបារាំង មានអត្ថបទកំណត់ពីតួនាទីការងារដូច្នេះ។ កន្លងមកអ្វីៗ គឺធ្វើតាមទំលាប់ ជាក់ស្តែង លោកស្រី Bernadette ភរិយាលោក Jacques Chirac មានបុគ្គលិកបំរើការជាប្រចាំ ដល់ទៅជាង២០នាក់ ដែលការនេះបានធ្វើឲ្យប្រជាជនបារាំងរិះគន់ ពីការចំណាយថវិការរដ្ឋដោយខ្ជះខ្ជាយ ទាំងដែលភរិយាប្រធានាធិបតីគ្មានមុខតំណែងអ្វីសោះ។ ជាទំលាប់ នៅតាមប្រទេសមានរបបសាធារណៈរដ្ឋ ដូចជាសហរដ្ឋអាមេរិក ជាដើម ក៏មុខតំណែងភរិយាប្រធានាធិបតី មិនត្រូវបានគេកំណត់ជាលាយលក្ខអក្សរបែបនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ