rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សហរដ្ឋអាមេរិក ភេរវកម្ម​នៅប៉ារីស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង ប្រតិកម្ម​នឹង​សម្តី​លោក​ដូណាល់ ត្រាំ រឿង​សិទ្ធិ​កាន់កាប់​អាវុធ

media
លោក ដូណាល់ ត្រាំ បញ្ចេញកាយវិការ លើ​វេទិកា​​របស់ National Rifle Association (NRA) ក្រុង​Dallas រដ្ឋTexas ថ្ងៃទី៤ ឧសភា ២០១៨​ REUTERS/Lucas Jackson

កាលពីថ្ងៃសុក្រកន្លងទៅ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងថា បើសិនជាបារាំង បើកសិទ្ធិឲ្យប្រជាជនអាចកាន់កាប់អាវុធបាន ម្លេះប្រជាជនអាចតដៃបាននៅក្នុងពេលភេរវកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ហើយវាក៏មិនធ្វើឲ្យមានអ្នកស្លាប់ច្រើនដល់ម្លឹងដែរ។ សម្តីប៉ុន្មានម៉ាត់ របស់លោកដូណាល់ ត្រាំនេះ ត្រូវបានថ្នាក់ដឹកនាំនយោបាយបារាំង ប្រតិកម្មយ៉ាងធ្ងន់ៗ។ ក្រសួងការបរទេសបារាំង បានឆ្លើយតបទៅវិញថា សូមកុំឲ្យប្រធានាធិបតីអាមេរិក យករឿងភេរវកម្មនៅបារាំង ទៅកេងចំណេញនយោបាយ ហើយការពារឧស្សាហ៍កម្មផលិតអាវុធ របស់អាមេរិកឲ្យសោះ។


ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយសម្តី ដែលបង្កឲ្យមានប្រតិកម្មពីប្រទេសផ្សេង។ ពីទីក្រុង ដាឡាស រដ្ឋតិចសាស នៅក្នុងឱកាសសន្និបាទប្រចាំឆ្នាំ នៃសមាគម National Rifle Association (NRA) ដែលអ្នកណាក៏ស្គាល់ ថាគឺជាក្រុមឡុបប៊ីការពារចរាចរណ៍អាវុធ ដ៏មានឥទ្ធិពលបំផុតនៅអាមេរិកនោះ  លោកដូណាល់ ត្រាំ បាននិយាយលើកឧទាហរណ៍ អំពីអត្ថប្រយោជន៍នៃការមានសិទ្ធិកាន់កាប់កាំភ្លើង។ លោកដូណាល់ ត្រាំ លើកឡើងថា មើលតែករណីភេរវកម្មនៅក្រុងប៉ារីសចុះ បើប្រជាជនបារាំងមានកាំភ្លើងក្នុងដៃ ម្លេះពួកគេអាចបាញ់តដៃបាន ហើយអ្នកស្លាប់ ក៏មិនមានច្រើនដល់ម្លឹងដែរ

គឺសម្តីឧទាហរណ៍នេះហើយ ដែលបានបង្កជាប្រតិកម្មយ៉ាងធ្ងន់ៗ ពីសំណាក់ ថ្នាក់ដឹកនាំនយោបាយ ក៏ដូចជារដ្ឋាភិបាលបារាំង។ នៅក្នុងលិខិតមួយ របស់ក្រសួងការបរទេសបារាំង ចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ បានសរសេរថា រដ្ឋាភិបាលបារាំង សូមបដិសេធយ៉ាងដាច់​អហង្ការ នូវសម្តីរបស់លោកដូណាល់ ត្រាំ ទាក់ទិននឹងភេរវកម្មនៅក្រុង​ប៉ារីស កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៥។ រដ្ឋាភិបាលបារាំង សូមអំពាវនាវ​ ឲ្យគោរពវិញ្ញាណក្ខន្ធ របស់ជនរងគ្រោះ ហើយមិនត្រូវយករឿង​នេះទៅកេងចំណេញនយោបាយនោះទេ។

ក្នុងលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានបន្តថា បារាំង​ជាប្រទេសមានមោទនភាពណាស់ ដែលមានច្បាប់ គ្រប់គ្រង និងហាមឃាត់ ការកាន់កាប់អាវុធ យ៉ាងតឹងតែង​បំផុត។ បើយើងក្រលេក​​មើលតួលេខស្ថិតិ នៃចំនួនមនុស្សស្លាប់ ដោយការបាញ់បោះ នោះយើងនឹងដឹងកាន់តែច្បាស់ ថាការកាន់កាប់អាវុធ គឺជាគ្រោះថ្នាក់កំរិតណា ហើយបារាំងមានជំហររឹងមាំបំផុត ក្នុងបញ្ហានេះ។ ការបើកឲ្យមានចរាចរណ៍ដោយសេរី នូវអាវុធជាតិផ្ទុះ នៅក្នុងប្រទេសមួយ​ មិនមែនជាមធ្យោបាយក្នុងការទប់ស្កាត់អំពើភេរវកម្មនោះទេ។ ផ្ទុយទៅវិញ ការបើកសិទ្ធិឲ្យមនុស្សអាចប្រើអាវុធ បានដោយសេរីនេះ គឺវារិតតែជំរុញ ឲ្យ​ក្រុមទុច្ចរិត ឬក្រុមភេរវកម្ម​ រៀបចំគំរោងបាញ់រះសម្លាប់មនុស្សរបៀបនេះ បានយ៉ាងងាយ ទៅវិញទេ។

ដោយឡែក លោកហ្វ្រង់ស័រ ហូឡង់ បានមានប្រតិកម្មថា សម្តីរបស់លោកដូណាល់​ ត្រាំ គឺជាសម្តីរបស់មនុស្សដែលគ្មានការអៀនខ្មាស ដោយហេតុតែចង់កេងចំណេញនយោបាយ ជាមួយបក្សពួកផលិតនិងលក់អាវុធនៅសហរដ្ឋអាមេរិក។ ដូចគ្នាដែរ លោក ម៉ានុយអែល វ៉ាល់ស៍ អតីតនាយករដ្ឋមន្ត្រីបារាំង បាន សរសេរលើទំព័រ Twitter ថា សម្តីលោកត្រាំ ជាសម្តីមិនសមរម្យ គ្មានការពិចារណា និងគ្មានមនសិកាក្នុងខ្លួន។ បន្ថែមពីនេះ លោកអតីប្រធានសមាគមជនរងគ្រោះនៃអំពើភេរវកម្មថ្ងៃទី ១៣វិច្ឆិកា២០១៥ បានទាំងចូលទៅសរសេរ លើទំព័រ Twitter របស់លោកដូណាល់ ត្រាំ ដោយផ្ទាល់ទៀតផង ដោយបានសរសេរ​ធ្ងន់ៗថាឲ្យលោកដូណាល់ ត្រាំ ថាបើចង់ស្លាប់ណាស់ ក៏ស្លាប់ដោយគ្រាប់កាំភ្លើងតែម្តងទៅ៕