អានតួអត្ថបទ
បារាំង-ធម្មជាតិ

បារាំង៖ ប្រជាជន​រាប់ម៉ឺននាក់ ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ដើម្បី​បរិស្ថាន​ធម្មជាតិ

កាលពីថ្ងៃសៅរ៍ ទៅ១៣តុលា ប្រជាជនបារាំង រាប់ម៉ឺននាក់ បានចុះផ្លូវរួមគ្នា ដើរដង្ហែរក្បួនធ្វើបាតុកម្ម ដើម្បីសម្តែងការតវ៉ាប្រឆាំង ក៏ដូចជាការមិនសុខចិត្ត ចំពោះភាពអសកម្មរបស់រដ្ឋាភិបាលបារាំង ក្នុងការការពារបរិស្ថានធម្មជាតិ និងការទប់ស្កាត់ការកើនឡើងនូវ​កំដៅផែនដី។ បាតុកម្មរៀបចំឡើងដោយប្រជាជនបារាំងសាមញ្ញនេះ ធ្លាប់បានធ្វើម្តងរួចហើយ កាលពីថ្ងៃទី ៨កញ្ញា បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំងឈ្មោះ នីកូឡា អ៊ុយឡូ ដ៏មានប្រជាប្រិយភាព បានសម្រេចចិត្ត ដើរចេញពីរដ្ឋាភិបាល។

ក្បួន​​បាតុកម្ម ដើម្បី​បរិស្ថាន​ធម្មជាតិ នៅ​ក្រុង​ប៉ារីស​ ថ្ងៃទី​​១៣ តុលា ២០១៨
ក្បួន​​បាតុកម្ម ដើម្បី​បរិស្ថាន​ធម្មជាតិ នៅ​ក្រុង​ប៉ារីស​ ថ្ងៃទី​​១៣ តុលា ២០១៨ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មានក្បួនបាតុកម្ម ចំនួន៨០ នៅតាមទីក្រុងធំៗ នៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ទី១៣តុលា។ នៅទីក្រុងប៉ារីស ពីទីលានខាងមុខរោងល្ខោនជាតិ Opera បាតុករ ដែលមានភាគច្រើនជាក្រុមគ្រួសារមានកុមារតូចៗផងនោះ បាននាំគ្នាដើរដង្ហែរក្បួន ឆ្ពោះទៅកាន់ទីលានPlace de la République។

បើតាមអាជ្ញាធរ ក្បួនបាតុកម្មនេះ មានមនុស្សចូលរួម ប្រមាណជាង១៨០០០នាក់ ប៉ុន្តែបើតាមការអះអាងរបស់អ្នករៀបចំវិញ គឺមានមនុស្សចូលរួម យ៉ាងហោច៥ម៉ឺននាក់។ តែយ៉ាងណាក៏ដោយ បាតុកម្មនៅថ្ងៃទី១៣តុលា មានទ្រង់ទ្រាយតូច ជាងបាតុកម្ម កាលពីថ្ងៃទី៨កញ្ញា គឺភ្លាមៗក្រោយពេលលោក នីកូឡា អ៊ុយឡូ លាចេញពីតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្រុមបាតុករ មានលើកជាបដា សរសេរជាអាថទិ៍ថា “ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង តែត្រូវការពារបរិស្ថានធម្មជាតិ” ឬសរសេរថា “វានៅមិនទាន់ហួលពេលទេ ក្នុងការសង្រ្គោះភពផែនដី”។ គួរកត់សំគាល់ថា​ បាតុកម្ម ត្រូវបានផ្តួចផ្តើម​​ឡើង ដោយប្រជាជនសាមញ្ញ ដែលឈឺឆ្អាល ព្រួយបារម្ភ ពីភាពអសកម្ម របស់រដ្ឋាភិបាល​បារាំង ដែលបណ្តែតបណ្តោយ ទុកបញ្ហាបរិស្ថាន អាកាសធាតុ នៅពីក្រោយផលប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន។

នៅទីលានPlace de la République ក៏មានរៀបចំជាស្តង់ជាច្រើនកន្លែង ដោយមានការចូលរួម ពីសំណាក់អង្គការ សមាគមនានា។ ស្តង់ទាំងនោះ មានរៀបចំជាបទបង្ហាញ ស្វែងយល់ អំពីកត្តាបរិស្ថាន ដោយមានអន្តរាគម​ពីវាគ្មិន ដែលជាអ្នកជំនាញ ផ្នែកអាកាសធាតុ និងបរិស្ថានធម្មជាតិ ជាច្រើននាក់។

លោកស្រី Danièle Migneaux អ្នកសម្របសម្រួល ក្នុងការរៀបចំក្បួនបាតុកម្ម​ នៅប៉ារីស បានលើកឡើងថា ដោយមានជំនួយគាំទ្រ ពីអង្គការ សមាគមជាច្រើន ក្បួនបាតុកម្មនេះ សង្ឃឹមថា នឹងអាចផ្ញើរសារច្បាស់ៗ ទៅកាន់ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាប្រជាជនទូទៅ ឲ្យភ្ញាក់ឡើង រួមគ្នាការពារបរិស្ថាន ជំរុញឲ្យមានវិធានការល្អៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវកំដៅផែនដី ការប្រែប្រួលអាកាសធាតុ​ ព្រមទាំង​ ការបំផ្លេចបំផ្លាញធនធានធម្មជាតិ ជាដើម។

បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ក្បូនបាតុកម្ម និងការជួបជុំ ដើម្បីបរិស្ថាន ស្រដៀងគ្នានេះ ក៏មានរៀបចំនៅតាមប្រទេសផ្សេងៗ ដូចជានៅស្វីស បែលហ្សិក កាណាដា។ ក្រៅពីនេះ នៅមានសកម្មភាពផ្សេងៗទៀត ដែលគេគ្រោងរៀបចំធ្វើនៅជប៉ុន និងអូស្ត្រាលីជាដើម ដើម្បីឲ្យប្រជាជនស្វែងយល់ ឲ្យកាន់តែច្បាស់ អំពីរបាយការណ៍របស់អ្នកជំនាញផ្នែកបរិស្ថាន នៃអង្គការសហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ