rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាជ្ញាធរបារាំង បំបែក​ជំរំ​ជនភៀសខ្លួន​នៅ​ក្រុង​ប៉ារីស ជាលើក​ទី៣៤ ក្នុង​រវាង​៣ឆ្នាំ

ដោយ ម៉ម ពិសី

ក្នុងរវាងជាង៣ឆ្នាំចុងក្រោយនេះ ជនភៀសខ្លួនជាច្រើនម៉ឺននាក់ បានសំរុកចូលមកសុំសិទ្ធិជ្រកកោន នៅលើទឹកដីអឺរ៉ុប ដែលភាគច្រើន ពួកគេមកពីតំបន់អាហ្វ្រិក ដូចជាប្រទេសអេរីត្រេ ប្រទេសសូម៉ាលី ឬប្រទេសស៊ូដង់ និងមួយចំនួនធំទៀត គឺមកពីអាហ្វហ្កានីស្ថាន និងស៊ីរី ជាដើម។ ទីក្រុងប៉ារីស ក៏​ដូចជា​ទីក្រុង​មួយ​ចំនួន​ផ្សេងទៀត​នៅអឺរ៉ុប កំពុង​ប្រឈមមុខនឹង បញ្ហា​ជំរំ​ជនភៀសខ្លួន​អាណាធិបតេយ្យ។ បញ្ហាសុខភាព អនាម័យ អំពើហិង្សា​ នៅតាម​​ជំរំ​អាណាធិបតេយ្យ​ទាំងនោះ បានបង្ខំ​ឲ្យ​អាជ្ញាធរ​បារាំង ធ្វើការ​ចុះ​បំបែក​ជំរំនៅភាគខាងជើងទីក្រុងប៉ារីស នៅថ្ងៃពុធទី ៣០ឧសភានេះ ដែលនេះគឺជាការចុះទៅរុះរើ លើកទី៣៤ហើយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ តែយ៉ាងណា បញ្ហានេះ នៅតែមិនទាន់មានដំណោះស្រាយយូរអង្វែងនៅឡើយទេ។

ប្រមូលជនភៀសខ្លួនបាន១០២៤នាក់

ប្រតិបត្តិការចុះទៅរុះរើ និងជន្លៀសជនភៀសខ្លួន កាលពីព្រឹកថ្ងៃទី៣០​ឧសភា បានប្រព្រឹតិ្តធ្វើទៅតាមសម្រួល ដោយមិនមានការប្រទាំងប្រទិសគ្នារវាងអាជ្ញាធរ និងក្រុម​ជនភៀស​ខ្លួនទេ។ ជំរំ ដែលនគរបាលបារាំង បានចុះទៅរុះរើនោះ គឺជាជំរំស្ថិតនៅតាមបណ្តោយ​ព្រែក Saint Matin ជាយខាងជើងក្រុងប៉ារីស។ បើតាមប្រភពពីក្រសួងមហាផ្ទៃបារាំង នៅក្នុងជំរំនោះ តាមធម្មតា មានមនុស្សរស់នៅប្រមាណ១៧០០ ទៅ២០០០នាក់ ដែលភាគច្រើនបំផុត គឺសុទ្ធតែជាជនភៀសខ្លួន មកពីប្រទេសអេរីត្រេ និងប្រទេសស៊ូដង់។

ស្ថានភាពក្នុងជំរំអាណាធិបតេយ្យនេះ កាន់តែដុនដាបទៅៗ ដោយពួកគេ ត្រូវប្រឈមមុខ និងបញ្ហាសុខភាព អនាម័យ និងអំពើហិង្សាផ្សេងៗ។ ថ្មីៗនេះ គេបានទាំងរកឃើញសាកសពមនុស្ស នៅក្នុងព្រែកជីកនេះទៀតផង។ ស្ថានភាពនេះ កាន់តែលំបាក ជាពិសេស​សំរាប់ជនភៀសខ្លួន ជាភេទស្រី និងកុមារតូចៗ។

បើតាមប្រភពពីក្រសួងមហាផ្ទៃដដែល នៅក្នុងប្រតិបត្តិការព្រឹកថ្ងៃ៣០ឧសភា សមត្ថកិច្ច បានប្រមូលជនភៀសខ្លួន បានប្រមាណ១០២៤នាក់ ក្នុងនោះមាន៨៧នាក់ ជាស្ត្រីនិងកុមារ​ដែលជាអ្នកងាយរងគ្រោះខ្លាំង ហើយ មានកុមារ១៥នាក់ផ្សេងទៀត ដែលគ្មានអាណាព្យាបាល។ ចំណែកមនុស្សជាច្រើនរយកអ្នកផ្សេងទៀត បានចាកចេញ រត់ទៅកន្លែងផ្សេង តាំងតែពីមុនមួយថ្ងៃម្លេះ។

សមត្ថកិច្ចនគរបាលបារាំង បានចុះទៅនៅក្នុងពេលព្រលឹមស្រាងៗ ម៉ោង៦ព្រឹក ដើម្បីប្រមូលជនភៀសខ្លួនឲ្យឡើងឡានក្រុងជាច្រើនគ្រឿង ដែលគេបានត្រៀមបំរុងទុក។ រថយន្តក្រុងទាំងនោះ បានដឹកជនភៀសខ្លួន ទៅកាន់មជ្ឈមណ្ឌលកីឡាចំនួន១៨កន្លែង នៅទូទាំងតំបន់ប៉ារីស ដើម្បីឲ្យពួកគេស្នាក់នៅជាបណ្តោះ​អាសន្ន​សិន។

យកទៅកន្លែងមានសុវត្ថិភាព​ជាបណ្តោះអាសន្ន ហើយស្រង់ស្ថិតិ

លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានលើកឡើងថា ប្រតិបត្តិការនេះ គឺជាប្រតិបត្តិការជន្លៀស​ យក​ទៅដាក់​​កន្លែងមានសុវត្ថិភាព​ ហើយ​បន្ទាប់មកទៀត ត្រូវស្រង់ស្ថិតិ ប្រមូលទិន្ន័យស្តីពីករណីជនភៀសខ្លួននីមួយៗ។

បើតាមប្រភព ពីAFP បានឲ្យដឹងថា ខាងក្រសួងមហាផ្ទៃ អាចបញ្ជូនជនភៀសខ្លួនណា ដែលស្ម័គ្រចិត្ត ឲ្យទៅរស់នៅបណ្តោះអាសន្ន នៅតាមមជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដោយពុំមានកំណត់លក្ខខណ្ឌទេ។ ហើយតាមមណ្ឌលទាំងនោះ ក៏ពុំមានដាក់នគរបាលឲ្យយាមដែរ ក៏ប៉ុន្តែ ជនភៀសខ្លួនម្នាក់ៗ ត្រូវសហការ ក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាល មានន័យថា ត្រូវតែចូលរួមឆ្លើយសំណួរ ក្នុងការស្រង់ស្ថិតិ និងពិនិត្យស្ថានភាព។

អាជ្ញាធរបារាំង និងស្រង់ស្ថិតិ ពិនិត្យលើករណីនីមួយៗ ដើម្បីធ្វើការចាត់ថ្នាក់ ថាតើអ្នកណាអាចបំពេញបែបបទជាសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួន ហើយអ្នកណា មិនបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ហើយត្រូវបញ្ជូនទៅប្រទេសដើមវិញ។ ចំណែកមួយផ្នែកទៀត គឺជាជនភៀសខ្លួន ដែលធ្លាប់បានជាប់ឈ្មោះ នៅក្នុងប្រទេសអឺរ៉ុបទីមួយ ដែលពួកគេបានមកដល់ ដូច្នេះបារាំងត្រូវបញ្ជូនទៅប្រទេសនោះវិញ ដើម្បីឲ្យអាជ្ញាធរប្រទេសនោះ ចាត់ចែងរៀបសំណុំឯកសារ សុំសិទ្ធិជ្រកកោន ដោយគោរពទៅតាមសន្ធិសញ្ញាក្រុងឌុបប្លាំង។

អ្នកដែលមិនចង់ឲ្យគេបញ្ជូនទៅកាន់ប្រទេសទី១ និងបន្តរត់គេច

អង្គការសមាគមជាច្រើន បានបន្ទោសអាជ្ញាធរបារាំង ថាចំណាត់ការនេះ ពុំមានលទ្ធផលយូរអង្វែងទេ ជាងនេះទៅទៀត វានឹងជំរុញឲ្យជនភៀសខ្លួន មួយចំនួនធំ ត្រូវរត់ប្រសេកប្រសាច ស្នាក់នៅអាណាធិបតេយ្យ តាមដងផ្លូវនានាក្នុងទីក្រុង។ សម្រាប់ជនភៀសខ្លួន មួយចំនួនធំ ដែលបានធ្វើដំណើរមកដល់ដែនដីអឺរ៉ុប ឧទារហរណ៍ ពួកគាត់មកដល់អ៊ីតាលី ជាប្រទេសទីមួយ ហើយត្រូវបានអាជ្ញាធរប្រទេសនោះ កត់ឈ្មោះទុកក្នុងបញ្ជី Eurodac គឺមានន័យថាពួកគាត់ អាចត្រូវបានអាជ្ញាធរបារាំង ចាប់បញ្ជូនទៅកាន់អ៊ីតាលីវិញ។ នេះគឺជាការកំណត់របស់សន្ធិសញ្ញាក្រុងឌុបប្លាំង ដែលចែងថា គឺប្រទេសទីមួយដែលបានចុះឈ្មោះ ដែលត្រូវតែចាត់ចែងធ្វើបែបបទសុំសិទ្ធិជ្រកកោន។

ត្រង់ចំណុចនេះហើយ ដែលជនភៀសខ្លួន ដែលស្ថិតក្នុងស្ថានភាពនេះ គឺពួកគេបានគេចវេស មិន​ចង់ឲ្យ​អាជ្ញាធរបារាំងចាប់បានទេ ព្រោះគេបានឆ្លងកាត់មកឆ្ងាយណាស់ ទំរាំមកដល់បារាំង។ ដូច្នេះពួកគេត្រូវបង្ខំចិត្តរត់គេ​ច រស់នៅអាណាធិបតេយ្យតាមផ្លូវ ឬត្រូវទៅជុំគ្នាសង់ជំរំមួយផ្សេងទៀត។

ក្នុងរវាងឆ្នាំ២០១៧ បារាំងបានបញ្ជូនជនភៀសខ្លួន ក្នុងករណីបែបនេះ ឲ្យត្រលប់ទៅ​អាល្លឺម៉ង់ ចំនួន៨៦៩នាក់ ទៅអ៊ីតាលី៩៨២នាក់ រួចទៅហើយ។ ក៏ប៉ុន្តែ អ៊ីតាលី កាន់តែបង្ហាញ​ជំហរ ថាគេមិនអាចទទួលយកវិញបានទៀតទេ។ ប្រភពបញ្ហាជាចំបង គឺមក​ពី​គ្មាន​​ការ​សហការគ្នា រៀបចំឲ្យបានត្រឹមត្រូវក្នុងក្របខណ្ឌសហភាពអឺរ៉ុប ព្រោះថាមកទល់ពេលនេះ ប្រទេសសមាជិកនីមួយៗ រុញកាតព្វកិច្ចឲ្យគ្នាទៅវិញទៅមក។

ក្រសួងមហាផ្ទៃបារាំង និងសាលាក្រុងប៉ារីស ក៏ប្រកែកគ្នា បន្ទោសគ្នាទៅវិញទៅមកដែរ ក្នុងបញ្ហានេះ។ ដោយឡែក ចំពោះបញ្ហាជនភៀសខ្លួន មួយចំនួនទៀត ដែលបំពេញលក្ខខណ្ឌ​គ្រប់គ្រាន់អាចមានសិទ្ធិជ្រកកោនបាន ក៏អាជ្ញាធរបារាំង មិនទាន់អាចដោះស្រាយបានដែរ ជាពិសេសទាក់ទិននឹងការរៀបចំកន្លែងស្នាក់នៅអចិន្ត្រៃយ៍ឲ្យពួកគេ។

គ្មានដំណោះស្រាយយូរអង្វែង ជំរំនិងកកើតសាជាថ្មី

ការបំបែកជំរំនៅថ្ងៃនេះ គឺជាការបំបែក លើកទី៣៤ហើយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ អាជ្ញាធរក្រសួងមហាផ្ទៃ ក៏ទើបតែបានប្រកាសដែរ ថាមានជំរំ​២កន្លែងទៀត នឹងត្រូវគេចុះទៅរុះរើ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជំរំទាំង២កន្លែងនោះ មានមនុស្សមិនតិចជាង​១២០០នាក់ទេ ហើយភាគច្រើន គឺជាជនជាតិអាហ្វហ្កានីស្ថាន។

លោក​​ប្រធានសមាគម បារាំងដែនដីផ្តល់សិទ្ធិជ្រកកោន ដែលជាសមាគមមួយ ជួយ​គាំព៌ា​ផ្នែក​ច្បាប់ និងសង្គមកិច្ចដល់ជនភៀសខ្លួន បានលើកឡើងថា បើសិនជារដ្ឋាភិបាល​បារាំង មិនមានចំណាត់ការ រៀបចំទីតាំងទទួលស្នាក់នៅ ឲ្យបានត្រឹមត្រូវ និងឲ្យ​បានច្រើនកន្លែង នៅទូទាំងប្រទេសទេនោះ នោះជំរំអាណាធិបតេយ្យ នឹងកកើតមានតទៅទៀត។ ជនភៀសខ្លួន ដែលត្រូវគេបដិសេធ មិនផ្តល់សិទ្ធិជ្រកកោននៅតាមប្រទេសផ្សេង ប្រាកដ​ជានៅកកកុញ តាមជំរំនានា ដើម្បីរងចាំដាក់ពាក្យសុំសាជាថ្មីនៅបារាំង ក្នុងរយៈចន្លោះពី១ឆ្នាំទៅ ១ឆ្នាំកន្លះ។ អ្នកដែលស្ថិតក្នុងស្ថានភាពបែបនេះ មានច្រើនណាស់ ប្រមាណជា៤ម៉ឺននាក់ នៅទូទាំងប្រទេសបារាំង។

សហភាពអឺរ៉ុប បានបរាជ័យ មិនទាន់រកដំណោះស្រាយរួមគ្នាបានទេ។ ហើយជាងនេះទៅទៀត ពេលនេះ អ៊ីតាលីកំពុងតែមានវិបត្តិនយោបាយ មិនទាន់មានរដ្ឋាភិបាលចំរុះនៅឡើយ ហើយអ្នកឈ្នះឆ្នោតថ្មីនោះ ក៏គឺជាមនុស្សមកពីបក្ស ដែលមិនចូលចិត្តជនអន្តោប្រវេសន៍ ជនភៀសខ្លួននេះទៀត។ ដូច្នេះ បារាំងមិនអាចបញ្ជូនជនភៀសខ្លួនទៅអ៊ីតាលីវិញ ហើយបើបណ្តោយឲ្យនៅអាណាធិបតេយ្យ ក៏មិនបានទៀត។ បញ្ហាជំរំអាណាធិបតេយ្យ ការបំបែកជំរំនេះ នឹងនៅតែវិលចុះវិលឡើង មិនឈប់ទេ ដរាបណា គ្មានដំណោះស្រាយយូរអង្វែង ក្នុងក្របខណ្ឌសហភាពអឺរ៉ុប និងពីសំណាក់ប្រទេសពាក់ព័ន្ធនីមួយៗ៕

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​