អានតួអត្ថបទ
បារាំង-នយោបាយ

បោះឆ្នោត​សភា​បារាំង​ជុំទីមួយ៖ អ្នក​មិន​ទៅ​បោះឆ្នោត​មាន​ដល់​ជាង​៥១%

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​បារាំង​ ជុំ​ទីមួយ​ បាន​ប្រព្រឹត្តិ​ធ្វើទៅ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដែល​ការ​ចូលរួម​ទៅ​បោះឆ្នោត ​របស់​ប្រជាជន​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ពោល​គឺ​មាន​ មិន​ដល់​៥០%ផង​ទេ។ សម្រាប់​លទ្ធផល​បឋម​ ដូច​ដែល​ការ​ស្ទាបស្ទង់​ស្ថិតិ​បាន​បង្ហាញ​ គឺ​គណបក្ស​របស់​លោក​ប្រធានាធិបតី ​អេម៉ានុយអែល ​ម៉ាក្រុង ​ដែល​មាន​សមាជិក​សភា ​ច្រើន​ជាង​គេ​បង្អស់ ​ដែល​នឹង​ឈាន​ចូលទៅ​ ក្នុង​ការបោះឆ្នោត​ នៅ​ជុំ​ទីពីរ​ នៅ​សប្តាហ៍​ក្រោយ។ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន ​បក្ស​លោក​ប្រធានាធិបតី ​ប្រាកដ​ជាបាន​ទទួល​សំលេង​ភាគច្រើន ​នៅ​ក្នុង​សភា ​សម្រាប់​អាណត្តិ​ថ្មី។

ប្រជាជនបារាំង ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ មិនបាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជុំ​ទីមួយ​​​ទេ
ប្រជាជនបារាំង ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ មិនបាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជុំ​ទីមួយ​​​ទេ REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

អ្វីដែល​គេកត់​សំគាល់​ខ្លាំង​បំផុត​ ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​បារាំង ​នៅ​ជុំ​ទីមួយ​នេះ ​គឺ​ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត ​ដែល​មាន​ប្រមាណ​ជា​​៥១,៣% ​ដែល​នេះ​ គឺ​ជា​តួលេខ​ច្រើន​លើស​លប់​មិនធ្លាប់​មាន ​ទាល់តែ​សោះ ​ក្នុង​ប្រវត្តិ​បោះឆ្នោត​ នៃ​សាធារណៈរដ្ឋ​ទី​៥​របស់​បារាំង។

 
ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​ ក្នុង​តួលេខ​ខ្ពស់​បែប​នេះ ​បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​លទ្ធផល​ជាទូទៅ​នៅ​ជុំ​ទីមួយ ​របស់​បេក្ខជន​ម្នាក់ៗ​ ព្រោះ ​បេក្ខជន​ម្នាក់​អាច​ឈ្នះ ​ដាច់​មិន​បាច់​មាន​ជុំ​ទីពីរ ​ល្គិកណា​ ទាល់តែ​បាន​សម្លេង​ឆ្នោត​សរុប​យ៉ាង​ហោច ​២៥% ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ​ក្នុង​មណ្ឌល​ខ្លួន។ ហើយ​បេ្ខជន​ម្នាក់ ​អាច​ចូលរួម​នៅ​ជុំ​ទីពីរ​បាន​ ល្គិកណា​បាន​ទទួល​សម្លេង​ឆ្នោត​យ៉ាង​ហោច ​១២,៥% ​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត។ ជារួម​គឺ​គ្មាន​បេក្ខជន​ណា ​បាន​ឈ្នះ​ដាច់​នៅ​ជុំ​ទីមួយ​ទេ ​ហើយ​ជា​ទូទៅ ​សឹងតែ​គ្រប់​មណ្ឌល ​នៅ​ជុំ​ទីពីរ ​គឺ​នឹង​មាន​បេក្ខជន​២រូប​ប្រជែង​គ្នា​ មិនមាន​៣ ​ដូច​កាល​ពី​អាណត្តិ​មុនៗ​ឡើយ។

សម្រាប់​លទ្ធផល​បឋម​ នៅ​វេលា​ម៉ោង​ ១១​យប់ ​ម៉ោង​នៅក្នុង​ប្រទេស​បារាំង​ គឺ​បេក្ខជន​សមាជិក​សភា​របស់​គណបក្ស ​La République en Marche ! ​ដែល​ជា​បក្ស​របស់​លោក​ប្រធានធិបតី​ម៉ាក្រុង ​បាន​ទទួល​សម្លេង​នាំមុខ​គេ ​សឹងតែ​គ្រប់​មណ្ឌល។ តួលេខ​ទូទាំង​ប្រទេស​បង្ហាញ​ថា ​គណបក្ស​លោក​ប្រធានាធិបតី ​បាន​សម្លេង​ឆ្នោត ​ប្រមាណ​៣២%។ បើតាម​តួលេខ​នេះ ​គណបក្ស​របស់​លោក​ម៉ាក្រុង ​ប្រាកដ​ជា​បាន​ទទួល​សំលេង​ភាគច្រើន​ក្នុង​សភា​ ពោលគឺ​ នឹង​មាន​សមាជិក​សភា ​ចន្លោះ​ពី​ ៣៩០ ​ទៅ​ ៤៣០ ​នាក់ ​ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​៥៧៧។ ដូចការ​ប៉ាន់ស្មាន​របស់​អ្នក​វិភាគ ​ប្រជាជន​បារាំង​ បាន​ប្រគល់​ការ​ទុកចិត្ត​ទៅលើ​ប្រធានាធិបតី​ថ្មី ​ដើម្បីឲ្យ​លោក​អាច​មាន​លទ្ធភាព ​ធ្វើ​ច្បាប់​កំណែ​ទំរង់​ធំៗ។

តែយ៉ាង​ណា ​បេក្ខជន​ ក៏ដូច​ជា​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ ដែល​ឈាន​ទៅ​ដល់​ជុំ​ទីពីរ ​បាន​លើកឡើង​ថា ​អ្វីៗ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ។ អ្នក​គាំទ្រ​របស់​ពួកគេ ​ដែល​មិន​បាន​ទៅ​បោះឆ្នោត ​កាលពី​ជុំ​ទីមួយ ​នឹង​នាំគ្នា​ ទៅ​បោះនៅ​ជុំ​ទីពីរ ​ដើម្បី​ទប់​កុំ​ឲ្យ​បក្ស​លោក​ប្រធានាធិបតី​ម៉ាក្រុង ​បាន​សម្លេង​ភាគ​ច្រើន​ក្នុង​សភា។

ដោយឡែក ​គណបក្ស​ស្តាំ​និយម​ និង​ឆ្វេង​និយម ​ដែល​ជា​គណបក្សធំ​​ តែង​តែឈ្នះ​ឆ្នោត​រាល់​លើក​ ជា​ប្រពៃណី​មក ​បាន​សារភាព​ទទួល​ស្គាល់​បរាជ័យ​របស់​បក្ស​ខ្លួន ​ ដែល​មិន​អាច​ទាក់​ទាញ​ទំនុក​ចិត្ត​របស់​ប្រជាជន​បារាំង។ ចំនួន​អ្នក​ទៅ​បោះឆ្នោត ​មាន​មិន​ដល់​៥០%​នេះ ​ក៏​បង្ហាញ​ផងដែរ ​អំពី​ភាព​នឿយ​ណាយ ​និង​ការ​បាក់​ទឹកចិត្ត​របស់​ប្រជាជន ​ទៅ​លើ​អ្នក​នយោបាយ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ