rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សិទ្ធិស្ត្រី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំងបើក​យុទ្ធនាការ​ថ្នាក់ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

media
សកម្មជនលើកបដា ប្រឆាំងនឹងអំពើមនុស្សឃាតលើស្ត្រីភេទ។ ប៉ារីស ថ្ងៃទី​៦ កក្កដា ២០១៩ AFP

ចាប់ពីថ្ងៃទី​៣កញ្ញ រដ្ឋាភិបាល​បារាំង បាន​ផ្តើមបើកយុទ្ធនាការថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាក្នុងគ្រួសារ។​ អំពើហិង្សា ដែលហាក់បានកើនឡើងខ្លាំង ដោយគិតចាប់ពីដើមឆ្នាំ​២០១៩នេះ គឺ​មានស្ត្រីប្រមាណ​១០០នាក់ ដែលបានរងគ្រោះស្លាប់បាត់បង់ជីវិត។ យុទ្ធនាការនេះ ដឹកនាំដោយ​មន្ត្រីជំនាញរបស់រដ្ឋាភិបាលបារាំង ព្រម​ទាំងអង្គការសមាគម តំណាងសមត្ថកិច្ចនគរបាល មេធាវី ចៅក្រមផងដែរ ។


ក្រោមធិបតីភាព លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង យុទ្ធនាការថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ បានចាប់ផ្តើមបើកទ្វារពិភាក្សាគ្នា។ ក្នុងចំណោមភ្ញៀវចូលរួមប្រមាណ​៨០នាក់ ក្នុងនោះមានរដ្ឋមន្ត្រី​បារាំង នៃក្រសួងពាក់ព័ន្ធ តំណាងអង្គការសមាគម តំណាង​នគរបាល មេធាវី ចៅក្រម នឹងតំណាងជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ ភាគីទាំងអស់ និងធ្វើការពិភាក្សាគ្នា លើប្រធានបទធំៗ ​ទាក់ទិននឹង​​ការ​ទប់ស្កាត់អំពើហិង្សា ការការពារនិងទំនុកបម្រុងជនរងគ្រោះ និងការផ្តន្ទាទោសលើជនបង្កអំពើហិង្សាក្នុងគ្រួសារ។

តំណាងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី​បារាំអ បាន​អះអាងថា អ្វីដែលរដ្ឋាភិបាល​ចង់បាន គឺ​ការជជែក ដោះដូរយោបល់ សហការគ្នា រវាងក្រសួងពាក់ព័ន្ធ ដែលមានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ជាដើម។ តាមការគ្រោងទុក ក្រោយកិច្ចប្រជុំនៅថ្ងៃទី​៣កញ្ញានេះ លោកនាយករដ្ឋមន្ត្រី Edouard Philippe នឹងធ្វើការប្រកាសអំពី​វិធានការបន្ទាន់មួយចំនួន ដើម្បីការពារជនរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ។ បន្ទាប់មកទៀត វិធានការស៊ីជំរៅ ភាគីពាក់ព័ន្ធនឹងធ្វើការ​រួមគ្នា ដើម្បីកំណត់។

ក្រុមសមាគមការពារស្ត្រីរងគ្រោះ បាន​លើកឡើងថា ពួកគេសង្ឃឹមថា​ក្រោយបិទបញ្ចប់យុទ្ធនាការនេះ រដ្ឋាភិបាល និង​ដាក់ចុះនូវផែនការជាក់ច្បាស់មួយ​ អមដោយទឹកប្រាក់​ចាំបាច់ យ៉ាងហោច៥០០លានអឺរ៉ូ។ ដោយឡែក កាលពីសប្តាហ៍មុន លោកស្រីMarlène Schiappa រដ្ឋលេខាទទួលបន្ទុក​សមភាពស្ត្រី-បុរស បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចផ្តល់កញ្ចប់ប្រាប់​១លានអឺរ៉ូ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងអំពើមនុស្សឃាតលើស្ត្រីភេទ។ តែយ៉ាងណា ទឹកប្រាក់នេះ ត្រូវបានអង្គការ សមាគម លើកឡើងថា​មិនគ្រប់គ្រាន់ទេ។

លោកស្រី Anne-Cécile Mailfert តំណាងមូលនិធីដើម្បីស្ត្រី បានលើកឡើងថា អ្វីដែលសង្គមស៊ីវីល ចង់បាននាពេលនេះ គឺរដ្ឋាភិបាល ត្រូវបង្កើតឲ្យមាន​ទីកន្លែងស្នាក់នៅបន្ថែមទៀត យ៉ាងហោចណាស់ ២០០០កន្លែង​ សម្រាប់ស្ត្រីដែល​គេចចេញពី​អំពើហិង្សានៅក្នុងគ្រួសារ។ បន្ថែមពីនេះ រដ្ឋាភិបាល​ត្រូវពង្រីក​ ការ​ផ្សព្វផ្សាយ​ ស្តីអំពីអំពើហិង្សាផ្លូវភេទ នៅតាមសាលារៀន  ព្រមទាំងត្រូវបង្កើតឲ្យមាន​ ជំនួយប្រឹក្សាផ្នែកច្បាប់ ដាច់ដោយឡែកសម្រាប់អ្នករង។ ជាមួយគ្នានេះ អាជ្ញាធរនគរបាល ដែលទទួលពាក្យបណ្តឹង ត្រូវ​ធ្វើការ​ឲ្យបានម៉ដ្ឋចត់ មិនមែនបណ្តែតបណ្តោយ ធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ថា ការ​ដាក់ពាក្យប្តឹង ឬមិនដាក់ គឺដូចតែគ្នា ព្រោះនរគបាល​មិនអើពើ។

គួរកត់សម្គាល់ថា គិតចាប់ពីដើមឆ្នាំ​២០១៩នេះមក មានជនរងគ្រោះជាស្ត្រី ចំនួន​១០១នាក់ បានស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ នៅប្រទេសបារាំង។ កាលពីឆ្នាំ២០១៨ មានករណីមនុស្សឃាតលើស្ត្រីភេទ ចំនួន​១២១ករណី។ អង្គការសមាគម ធ្វើការក្នុង​បញ្ហានេះ បានសង្ឃឹមថា យុទ្ធនាការនេះ នឹងមិនមែនគ្រាន់តែជាធ្វើលេងៗ ដើម្បីយកមុខរបស់រដ្ឋាភិបាលទៅចុះ៕