rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សេវាសាធារណៈ សេវាកម្ម​ដឹកជញ្ជូនសាធារណៈ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង៖ សេវាដឹកជញ្ជូនផ្លូវដែកទូទាំងប្រទេស ធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់របស់លោកម៉ាក្រុង

media
អ្នកដំណើរកកកុញ ឈរ​ចាំ​រថភ្លើង នៅ​ស្ថានីយ៍ ​Saint-Lazare ព្រឹកថ្ងៃ​ទី​៣ មេសា​ ២០១៨​។ REUTERS/Benoit Tessier

ចាប់ពីថ្ងៃអង្គារទី ៣មេសានេះទៅ បុគ្គលិកនិយោជិត នៃក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកជាតិរបស់បារាំង បានចាប់ផ្តើ​ម​ធ្វើ​កូដកម្មទូទាំងប្រទេស ដែលកូដកម្មនេះ កំពុងតែបង្កការកកស្ទះ ក្នុងការធ្វើដំណើរទូទាំងប្រទេសបារាំអ ដោយសារតែគ្មានរថភ្លើងធ្វើចរាចរណ៍។ សូមបញ្ជាក់ថា ចលនាកូដកម្មនេះ អាចនឹងអូសបន្លាយ រយៈពេល៣ខែ​ ដើម្បីជាការតវ៉ា ប្រឆាំងនឹងគំរោងធ្វើកំណែទម្រង់ មកលើក្រុមហ៊ុនជាតិដឹកជញ្ជូនផ្លូវដែកបារាំង ដែលរដ្ឋាភិបាលលោកម៉ាក្រុង កំពុងតែចង់ដាក់ចុះអនុវត្ត។


នៅថ្ងៃអង្គារទី ៣មេសានេះ មានតែ១ភាគ៨ នៃរថភ្លើងល្បឿនលឿន TGV ដែលនៅដំណើរការ។ ដូចគ្នាដែរបណ្តាញ​ខ្សែរថភ្លើង រវាងតំបន់ជុំវិញទីក្រុងធំៗ TER Transilien និង Intercités ក៏មានត្រឹមតែ១ភាគ៥ ទៅ១ភាគ៨ ប៉ុណ្ណោះ ដែលនៅតំណើរការ។ អ្នកដំណើរ ជាពិសេសបុគ្គលិកនានា ដែលត្រូវធ្វើដំណើរជារៀងរាល់ថ្ងៃ រវាងផ្ទះនិងកន្លែងធ្វើការ កំពុងតែជួបការលំបាកជាខ្លាំង។ ភាពកកស្ទះ មនុស្សកកកុញ មាននៅសឹងគ្រប់ស្ថានីយ៍​ទាំងអស់។ បញ្ហានេះនឹងអាចអូសបន្លាយរយៈពេល៣ខែ ព្រោះសហជីពធំៗទាំង៤ បានដឹកនាំបុគ្គលិកផ្លូវដែកទូទាំងប្រទេស ឲ្យធ្វើកូដកម្មរយៈពេល២ថ្ងៃជាប់គ្នា នៅរៀងរាល់៣ថ្ងៃម្តង ចាប់ពីពេលនេះ រហូតដល់ដើមខែមិថុនា។

សូមបញ្ជាក់ថា ចលនាកូដកម្មដ៏ធំមិនធ្លាប់មាននេះ គឺសហជីពរៀបចំធ្វើ ដើម្បីប្រឆាំងនឹងគម្រោងធ្វើកំណែទម្រង់របស់រដ្ឋាភិបាលបារាំង ទៅលើក្រុមហ៊ុនជាតិដឹកជញ្ជូនផ្លូវដែក SNCF។ ក្រុមហ៊ុនSNCF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលគ្រប់គ្រងផ្តាច់មុខ នូវសេវាកម្មដឹកជញ្ជូនផ្លូវដែក ទូទាំងប្រទេស។ ក៏ប៉ុ​ន្តែ ជាច្រើនឆ្នាំមកនេះ បំណុលរបស់ក្រុមហ៊ុននេះ បានឡើងកាន់តែខ្លាំង រហូតដល់ជាង៥៤ពាន់លានអឺរ៉ូ។ មិនត្រឹមតែប៉ុណ្ណោះ គុណភាពផ្លូវដែក និងរថភ្លើង ក៏ដូចជាសេវាកម្ម កាន់តែធ្លាក់ចុះជាលំដាប់ ដោយសារតែគ្មានការវិនិយោគថ្មីបន្ថែម។

ដោយសម្លឹងឃើញពីការលំបាកផ្នែកហិរញ្ញវត្ថុ និងការស្រុតចុះនូវគុណភាពសេវាកម្មនេះហើយ ទើបរដ្ឋាភិបាលលោកម៉ាក្រុង បានដាក់ស្នើនូវកំណែទម្រង់មកលើក្រុមហ៊ុននេះ។ រដ្ឋាភិបាលបារាំង ចង់ផ្លាស់ប្តូរលក្ខខន្តិកៈនៃក្រុមហ៊ុន SNCF ដែលបច្ចុប្បន្ន គឺជាក្រុមហ៊ុនសាធារណៈមានលក្ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្ម (EPIC) ​មកជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត (Société Anonyme)។ លក្ខខន្តិកថ្មីនេះ ត្រូវរដ្ឋាភិបាលជឿថា នឹងអាចនាំក្រុមហ៊ុននេះឲ្យមានការទទួលខុសត្រូវ ហើយទប់កុំឲ្យមានបំណុលច្រើនពេក។ បន្ថែមពីនេះ  រដ្ឋាភិបាល ក៏មានគំរោង លុបចោលនូវ ក្របខណ្ឌការងារពិសេស (Statut de Cheminot) របស់បុគ្គលិកផ្លូវដែក ដែលចូលធ្វើការថ្មី។ សម្រាប់រដ្ឋាភិបាល ក្រុបខណ្ឌការងារពិសេសនេះ បានផ្តល់អត្ថប្រយោជន៍ច្រើនជ្រុល ដល់បុគ្គលិក។

តែយ៉ាងណាក៏ដោយ គម្រោងកំណែទម្រង់នេះ មានអ្នករិះគន់ច្រើនណាស់។​ តំណាងសហជីព បានលើកឡើងថា​កំណែទម្រង់នេះ មិនបានកំណត់ពីដំណោះស្រាយណាមួយ ដើម្បីកាត់បន្ថយបំណុលរបស់ SNCF ទេ ហើយមួយវិញទៀត ក៏គ្មានដំណោះស្រាយទាក់ទិននឹងការប្រឈមមុខ និងការបិទបណ្តាញខ្សែរថភ្លើងខ្លះ ដែលមិនចំណេញនោះដែរ។ មួយវិញទៀត ដើម្បីគេចចេញពីការជជែកដេញដោល ក្នុងសភា រដ្ឋាភិបាលបានជ្រើសរើសយកផ្លូវកាត់ ដោយចង់ធ្វើកំណែទម្រង់នេះ តាមរយៈក្រិត្យច្បាប់ ដែលការណ៍ រិតតែធ្វើឲ្យមានសម្លេងតវ៉ាកាន់តែខ្លាំង។ ក្រៅពីកូដកម្មរបស់បុគ្គលិកនិយោជិត ផ្លូវដែក សហជីពក៏បានប្រកាសអំពាវនាវឲ្យបុគ្គលិកសេវ៉ាកម្មប្រមូលសម្រាម​ ចូលរួមធ្វើបាតុកម្មដែរ។ កូដកម្មដ៏ធំនេះ ក៏ចំជួនពេល ជាមួយនឹងកូដកម្ម នៅក្រុមហ៊ុនអាកាសចរណ៍បារាំង Airfrance ផងដែរ៕