អានតួអត្ថបទ

បារាំង៖ បាតុកម្ម​លើក​ទី២៥​របស់​ចលនា​អាវកាក់​លឿង អ្នកចូលរូម​ថយចុះ​កាន់តែ​ខ្លាំង

ប្រមាណ៥ខែមកហើយ ដែលចលនាអាវកាក់លឿងនៅបារាំង បានធ្វើបាតុកម្ម ប្រឆាំងនឹងគោលនយោបាយសង្គមកិច្ច​ និងពន្ធដា របស់រដ្ឋាភិបាលលោកម៉ាក្រុង។​ កាលពីថ្ងៃសៅរ៍ទី​៤ឧសភា ក្រុមអាវកាក់លឿង​ បានធ្វើបាតុកម្មទូទាំងប្រទេសជាលើកទី២៥។ ក៏ប៉ុន្តែ បាតុកម្មលើកទី២៥នេះ គឺមានមនុស្សចូលរួមកាន់តែតិច ជាងកាលពីលើកមុនទៅទៀត។

ក្រុមបាតុករអាវកាក់លឿង នៅក្រុងប៉ារីស ថ្ងៃទី​៤ ឧសភា ២០១៩
ក្រុមបាតុករអាវកាក់លឿង នៅក្រុងប៉ារីស ថ្ងៃទី​៤ ឧសភា ២០១៩ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

តើវាជាសញ្ញា ប្រាប់ពីការសាបរលាប នៃចលនាបាតុកម្មអាវកាក់ពណ៌លឿងឬ? បាតុកម្ម ដែលក្លាយជាការណាត់ជួបរៀងរាល់ថ្ងៃសោរ៍ មួយសប្តាហ៍ម្តង នៅទូទាំងប្រទេសបារាំង ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨មក ពេលនេះ មានមនុស្សចូលរួមកាន់តែតិច។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅទូទាំងប្រទេស មានបាតុករអាវកាក់លឿង ចំនួន​២៣៦០០នាក់។ នេះបើយោងតាមតួលេខរបស់អាជ្ញាធរ ខណៈដែលក្រុមបាតុករអះអាងថា មានចំនួន​ជាង៦ម៉ឺននាក់។ នៅថ្ងៃសៅរ៍ទី៤ឧសភា ដែលជាបាតុកម្ម​ទី​​២៥ បើគិតត្រឹម​ម៉ោង​២រសៀល នៅទូទាំងប្រទេសបារាំង ក្រុមអាវកាក់លឿង ដែលបានចុះផ្លូវ​ មានចំនួនប្រមាណតែ៣៥០០នាក់ ដោយក្នុងនោះ នៅក្រុងប៉ារីស មានប្រហែល១ពាន់នាក់។

សូមបញ្ជាក់ថា ចំនួនបាតុករមានការថយចុះខ្លាំង បើប្រៀបធៀបទៅនឹងបាតុកម្ម កាលពីថ្ងៃទី​១ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ។ កាលពីថ្ងៃទី១ឧសភា ក្បួន​បាតុកម្មអាវកាក់លឿង លាយឡំជាមួយក្រុមសហជីព មានមនុស្សសរុបចន្លោះពី១៥ទៅ ៣០ម៉ឺននាក់ ទូទាំងប្រទេសបារាំង។ នៅទីក្រុងបារីស សមត្ថកិច្ចបានធ្វើការរារាំងហាមឃាត់ សកម្មភាពហិង្សា របស់ក្រុមបាតុករក្លែងក្លាយ បិទមុខ ហៅថាក្រុម Black Block។

នៅថ្ងៃសៅរ៍ទី​៤ឧសភា នៅបារីស ក្បួនបាតុកម្ម៣ ត្រូវបានអាជ្ញាធរ អនុញ្ញាត។ តែយ៉ាងណា អាជ្ញាធរក្រុងបារីស បានសម្រេច បន្តហាមឃាត់ មិនឲ្យមានការជួបជុំធ្វើបាតុកម្ម នៅសង្កាត់សង់អេលីហ្ស៊េ តំបន់ស្ថិតជុំវិញបរវេណវិមានប្រធានាធិបតី អាគាររដ្ឋសភា និងនៅជុំវិញព្រះវិហារណូត្រដាមដឺប៉ារីស។ ដោយឡែក នៅព្រឹកថ្ងៃសៅរ៍ គេសង្កេតឃើញក្រុមអាវកាក់លឿង ជាង២០នាក់ បានទៅចែកខិតបណ្ឌនៅព្រលានយន្តហោះ Roissy Charles de Gaule ដើម្បីរារាំង កុំឲ្យរដ្ឋ​លក់ព្រលានយន្តហោះនេះ ទៅ​ឲ្យ​ឯកជនកាន់កាប់។ ក្រុមអាវកាក់លឿង ក៏បានអំពាវនាវ ឲ្យអ្នកគាំទ្រទាំងអស់ នាំគ្នាតាំងទី​នៅតាមរង្វង់មូល ទូទាំងប្រទេស ដើម្បីបន្តការតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលលោកម៉ាក្រុង។

នៅព្រឹកថ្ងៃសៅរ៍ដែរ ក្រុមតារាសម្តែងភាពយន្ត អ្នកចម្រៀង សិល្បៈករ និងអ្នកនិពន្ធជនជាតិបារាំង ប្រមាណ១៤០០នាក់ បានរួមគ្នាសរសេរលិខិត ចុះផ្សាយនៅលើកាសែត Libération ដើម្បីសំដែងការគាំទ្រ ដល់ចលនាតវ៉ា របស់ក្រុមអាវកាក់ពណ៌លឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ