អានតួអត្ថបទ
បារាំង-ភេរវកម្ម

បារាំង៖ ​ទណ្ឌិត​ជិត​ផុត​ទោស​ពីរនាក់ ​រៀប​គំរោង​ធ្វើ​ភេរវកម្ម​ ពី​ក្នុង​គុក

នៅ​មន្ទីរ​ឃុំឃាំង​មួយ​ក្នុង​ប្រទេស​បារាំង ​ទណ្ឌិត​ពីរ​នាក់​ ដែល​កំពុង​អនុវត្ត​ទោស ​និង​ជិត​ដ​ល់​ថ្ងៃ​ចេញ​ពី​គុក ​ទៅ​ហើយ​នោះ ​ត្រូវបាន​សមត្ថកិច្ច​បារាំង ​ធ្វើការ​ចោទ​ប្រកាន់​ ថាបាន​រៀបចំ​គំរោង​ធ្វើ​ភេរវកម្ម​ ពី​ក្នុង​គុក​ ហើយ​នឹង​ផ្តើម​ធ្វើ​សកម្មភាព ​បន្ទាប់​ពី​ពួក​គេ​ចេញ​ពី​គុក។ យោង​តាម​លទ្ធផល​ស៊ើប​អង្កេត​បឋម​ ជន​ទាំងពីរ​នាក់​ គឺ​ជា​មនុស្ស​ងប់ងុល ​នឹង​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

មន្ទីរឃុំឃាំង Fresnes ​នៅខាងត្បូង​​ក្រុង​ប៉ារីស​ ប្រទេស​បារាំង
មន្ទីរឃុំឃាំង Fresnes ​នៅខាងត្បូង​​ក្រុង​ប៉ារីស​ ប្រទេស​បារាំង PATRICK KOVARIK / AFP
ផ្សាយពាណិជ្ជកម្ម

ទណ្ឌិត​ពីរនាក់​ម្នាក់​ជា​ជនជាតិ​កាម៉េរូន ​អាយុ​២៨ ​ឆ្នាំ ​និង​ម្នាក់ទៀត​ជា​ជនជាតិ​បារាំង ​អាយុ​២២​ឆ្នាំ ​កំពុង​អនុវត្ត​ទោស​នៅ​មន្ទីរ​ឃុំឃាំង ​Fresnes ​ខាង​ត្បូង​ទីក្រុង​ប៉ារីស ​ត្រូវបាន​សមត្ថកិច្ច​បារាំង ​សង្ស័យ​ថា ​បាន​រៀប​គំរោង ​ធ្វើ​សកម្មភាព​វាយ​ប្រហារ​ភេរវកម្ម។

យោងតាម​ប្រភព​ពី​នគរបាល​ប្រឆាំង​ភេរវកម្ម​បារាំង ​សមត្ថកិច្ច​មន្ទីរ​ឃុំឃាំង ​បាន​តាម​ដាន​ដឹង​ តាម​រយៈ​ការ​និយាយ​ឆ្លងឆ្លើយ​គ្នា ​រវាង​ជន​ទាំង​ពីរ​ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ​ដែល​បង្ហាញ​ថា ​ជន​ទាំង​ពីរ​មាន​គំរោង​ ធ្វើ​ភេរវកម្ម ​បន្ទាប់​ពី​ចេញ​ពីគុក ​ក្នុង​ពេល​មួយ​សប្តាហ៍​ទៀត។ ប្រភព​ដដែល​បន្ត​ថា ​ទីតាំង​ដែល​ជន​ទាំង​ពីរ​មាន​គំរោង​វាយ​ប្រហារ ​អាច​មាន​ច្រើន​កន្លែង​ មាន​ជា​អាថទិ៍ ​ទី​តាំង​យាម​សន្តិសុខ​នៅ​តាម​មន្ទីរ​ឃុំឃាំង ​ទីតាំង​នគរបាល ​ព្រមជា​មួយ​នឹង​គំរោង​ចាប់​ចំណាប់​ខ្មាំង ​ទៀត​ផង។

ជន​ទាំងពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប្រឆាំង​ភេរវកម្ម​ សហការ​ជាមួយ​មន្ទីរ​ឃុំឃាំង ​តាម​ដាន​យ៉ាង​សំងាត់ ​អស់​រយៈពេល​ជា​ច្រើនខែ​មក​ហើយ។ រហូត​នៅ​ថ្ងៃទី​ ២ ​ខែ​តុលា ​ក្រុម​នគរបាល​ប្រឆាំង​ភេរវកម្ម ​បាន​ឈាន​ទៅ​ចាប់​យក​ជន​ទាំងពីរ ​ចេញ​ពី​មន្ទីរ​ឃុំឃាំង ​ដើម្បី​យក​ទៅ​សួរ​ចំលើយ។ ឆ្លង​កាត់​ការ​សួរ​ចំលើយ ​ជា​ច្រើន​ថ្ងៃ ​ចៅក្រម​ស៊ើប​អង្កេត​នៃ​បទ​ល្មើស​ភេរវកម្ម​ បាន​សម្រេច ​ចោទ​ប្រកាន់​ជន​ទាំង​ពីរ​ជា​ផ្លូវការ។

ទណ្ឌិត ​ដែល​ជា​ជន​ជាតិ​កាម៉េរូន ​ត្រូវ​គេ​សន្និដ្ឋាន​ថា​ជា​អ្នក​ផ្តើម​គំនិត​ ហើយ​ជន​នេះ ​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម ​នឹង​បាន​ទាក់ទង​ជា​មួយ​មនុស្ស​ម្នាក់ ​នៅ​តំបន់​កាន់កាប់ ​ដោយ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ក្នុង​ទឹកដី​​ស៊ីរី​ និង​អ៊ីរ៉ាក់។ ក្នុង​ពេល​សួរចំលើយ ​ជន​នេះ ​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​មាន​គំរោង​ ធ្វើ​ភេរវកម្មមែន។ ការ​ស៊ើបអង្កេត ​ក៏បាន​អនុញ្ញាត ​ឲ្យ​សមត្ថកិច្ច​បារាំង ​ឈាន​ទៅ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ទៀត ​នៅកោះ​រ៉េអ៊ុយញ៉ុង ​ដែល​តាម​ការ​សង្ស័យ ​ជន​នោះ​ មាន​គំរោង​មក​បារាំង​ ដើម្បី​សហការ​ជួយ​ជន​ទាំងពីរ​ខាង​លើ ​ក្នុង​ប្រតិបត្តិការ​ភេរវកម្ម។

គួរ​បញ្ជាក់ដែរ​ថា ​មន្ទីរ​ឃុំឃាំង ​គឺ​ជា​ជង្រុក​នៃ​ការ​រីក​សាយភាព​ នូវ​ទំនោរ​អ៊ីស្លាម​ជ្រុល​និយម​ ក្នុង​ចំណោម​អ្នកទោស។ មន្ទីរ​ឃុំឃាំង ​Fresnes ​គឺ​ជា​មន្ទីរ​ឃុំឃាំង​១ ​ក្នុង​ចំណោម​៣ ​នៅ​បារាំង ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឲ្យមាន​ការ​តាមដាន​ពិសេស ​ទៅលើ​អ្នក​ទោស​គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន ​ ពី​កំរិត​នៃ​ការ​អូសទាញ ​សាបព្រួស​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម​ ទៅកាន់​អ្នក​ទោស​ផ្សេង​ទៀត។ គឺ​ការ​តាម​ដាន​ពិសេស​នេះ​ហើយ ​ដែល​បាន​អនុញ្ញាត​ ឲ្យ​អាជ្ញាធរ​បារាំង ​ឈាន​ទៅ​ទប់​ស្កាត់​គំរោង​ភេរវកម្ម​នេះ​ ​បាន​ទាន់​ពេល​វេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ