អានតួអត្ថបទ

បារាំងត្រៀមខ្លួន​រាំងស្ទះ ដោយ​មហាបាតុកម្ម​ថ្ងៃទី​៥ធ្នូ​

ថ្ងៃទី​៥ធ្នូ ដូចការសន្យារបស់សហជីពទាំងអស់ បារាំងនឹងនឹងត្រូវរាំងស្ទះដំណើរការ ទូទាំងប្រទេស ដោយការធ្វើមហាបាតុកម្ម ធំមិនធ្លាប់មានរបស់បុគ្គលិករដ្ឋ និងឯកជនមួយចំនួន ដើម្បី​ប្រឆាំងនឹងគម្រោង​កំណែទម្រង់ច្បាប់​ចូលនិវត្តន៍។ សេវាកម្មដឹកជញ្ជូនសាធារណៈ តាម​រថភ្លើង រថយន្តក្រុង រួមទាំងយន្តហោះផង ត្រូវ​ផ្អាក​សឹងតែទាំងស្រុង។ យោងតាមតួលេខ មានបាតុកម្ម​សរុបចំនួនប្រមាណ​២៥០ ដែលគ្រោងនឹងធ្វើនៅថ្ងៃ​ទី​៥ធ្នូនេះ។ អាជ្ញាធរបារាំង ព្រួយបារម្ភខ្លាំង អំពីអំពើហិង្សា ដែលអាចបង្កឡើង ដោយក្រុមជ្រុលនិយម។

សមាជីកសហជីព CGT កំពុងមូល​បដាដែលមានសរសេរថា៖ "ធ្វើ​បាតុកម្ម​ទាំងអស់​គ្នា ថ្ងៃទី​៥ធ្នូ"។ ទីក្រុង​នីស ថ្ងៃទី​៣ធ្នូ​ ២០១៩​
សមាជីកសហជីព CGT កំពុងមូល​បដាដែលមានសរសេរថា៖ "ធ្វើ​បាតុកម្ម​ទាំងអស់​គ្នា ថ្ងៃទី​៥ធ្នូ"។ ទីក្រុង​នីស ថ្ងៃទី​៣ធ្នូ​ ២០១៩​ REUTERS/Eric Gaill
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​៥ធ្នូ នឹងក្លាយជាថ្ងៃ ដែល​ប្រទេសបារាំងទាំងមូល ត្រូវរាំងស្ទះទាំងស្រុង មិនថាការធ្វើដំណើរ ការធ្វើជំនួញ ឬដំណើរការការងារទូទៅ ទាំងវិស័យរដ្ឋនិងឯកជន។ ក្រុមសហជីព បានប្រមូលកម្លាំងធ្វើបាតុកម្មទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី ៥ធ្នូទៅ ដើម្បីប្រឆាំងនឹងគម្រោងកំណែទម្រង់របស់រដ្ឋាភិបាល ដែលចង់​លប់ចោល នូវ​​ប្រព័ន្ធចូលនិវត្តន៍ពិសេស ក្នុង​វិស័យការងារ​មួយចំនួន។

ក្រុមសហជីពបុគ្គលិកដឹកជញ្ជូនផ្លូវដែក បានលើកឡើងថា មានតែរថភ្លើង១ ក្នុងចំណោម១០តែប៉ុណ្ណោះ ដែលនឹងដំណើរការ។ កម្រិត​នេះ នឹងអាចបន្តរហូតដល់ថ្ងៃទី​១២ធ្នូ។ រថភ្លើងល្បឿនលឿន TGV និងរថភ្លើងTER ចំនួន​៩០% នឹងត្រូវផ្អាកបញ្ឈរជើងមិនដំណើរការ។ ចំណែកក្រុមហ៊ុនដឹកជញ្ជូន​សាធារណៈ RATP នៅក្រុងបារីសនិងតំបន់ជុំវិញ បានលើកឡើងថា អាចនឹងរាំងស្ទះមិនដំណើរការទាំងស្រុង។

ជើងហោះហើរក្នុងស្រុកចំនួន៣០% និង​ជើងហោះហើរចំងាយមធ្យម ចំនួន​១៥% របស់ក្រុមហ៊ុនអាកាសចរណ៍ Air France នឹងត្រូវលប់ចោល។ ដោយឡែក ក្រុមអាកាសចរណ៍ឯកជន EasyJet បាន​លើកឡើងថាក្រុមហ៊ុនខ្លួន បានលប់ចោលជើងហោះហើរ ចំនួន​២៣៣ នៅថ្ងៃទី៥ធ្នូនេះ។ ដូចគ្នាដែរ នៅក្នុងវិស័យអប់រំវិញ ក្រសួងអប់រំបារាំង បានផ្តល់ដំណឹងថា មានគ្រូៗនិងបុគ្គលិក​សាលាមត្តេយ្យ និងបឋមសិក្សា ចំនួន​ប្រមាណ​៥៥%ទូទាំងប្រទេស ដែលបានប្រកាសមិនធ្វើការ​។

យោងតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង មានគម្រោងជួបជុំធ្វើ​បាតុកម្ម ចំនួន​២៤៥នៅទូទាំងប្រទេស ដែលបានទទួលការអនុញ្ញាត។ តែអ្វីដែលជាការព្រួយបារម្ភបំផុតរបស់អាជ្ញាធរ គឺការចូលបន្លំខ្លួន របស់ក្រុមជ្រុលនិយមជាច្រើនពាន់នាក់ ដែលមានចេតនាតែមួយគត់ គឺវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន ហើយបង្កអំពើហិង្សា។ ក្រុមចលនាអាវកាក់លឿង បានប្រកាសថា ខ្លួននឹងចូលរួមបាតុកម្ម ថ្ងៃទី៥ធ្នូនេះដែរ។ តាមការរំពឹងទុក ទីក្រុងប៉ារីស អាចនឹងក្លាយ​ជា​ទីលានប្រយុទ្ធយ៉ាងហិង្សា រវាងក្រុម​ជ្រុលនិយម និងកងសមត្ថកិច្ច។

ដើម្បីបង្ការការខូចខាត អាជ្ញាក្រុងប៉ារីស បានចេញបញ្ជាឲ្យបិទហាងទំនិញទាំងអស់ នៅតាមផ្លូវ​ដែលមានបាតុកម្មឆ្លងកាត់។ នៅសង្កាត់ហ្សង់អេលីហ្សេ និងតំបន់សំខាន់ៗមួយចំនួន ដូចជា​ជុំវិញវិមានប្រធានាធិបតី វិមានរដ្ឋសភា និងវិមានរដ្ឋាភិបាល ត្រូវបិទហាមមិនឲ្យមានការជួបជុំ របស់​ក្រុមអាវកាក់លឿងជាដាច់ខាត។ ប្រឈមនឹងការគម្រាមកំហែងនៃបាតុកម្មហិង្សាជ្រុលនិយមនេះ លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង បានអំពាវនាវឲ្យសហជីពទាំងអស់ ដែលជាអ្នកដឹកនាំមហាបាតុកម្មនេះ ឲ្យមានការទទួលខុសត្រូវ​ ចំពោះដំណើរការបាតុកម្មដោយសន្តិវិធី គ្មានហិង្សា គ្មានការវាយបំផ្លាញទ្រព្យសម្បត្តិឯកជនឬសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ