អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឆ្នាំថ្មី បារាំង ចាប់ផ្តើម​អនុវត្ត​សិទ្ធិ​ផ្តាច់​ទំនាក់ទំនង​ពី​ការងារ ​របស់​បុគ្គលិក ​ក្នុង​ពេល​ឈប់​សម្រាក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើមឆ្នាំ​២០១៧​នេះ ​មាត្រា​ច្បាប់​ថ្មី​មួយ ​ត្រូវ​បាន​ចូល​ជា​ធរមាន ​នៅ​ក្នុង​ក្រម​ការងារ​របស់​បារាំង ​ដែល​មាត្រា​នេះ ​បាន​កំណត់​អំពី​សិទ្ធិ​ផ្តាច់​ទំនាក់ទំនង​ពី​ការងារ​របស់​បុគ្គលិក ​នៅក្រៅ​ម៉ោង​ធ្វើការ។ ជាមួយ​នឹង​ការ​រីកចំរើន ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា ​ សារអ៊ីមែល ​ទូរស័ព្ទដៃ​ទំនើប ​ បុគ្គលិក​ជាច្រើន ​តែងតែ​បន្ត​ទទួល​សារ​ព័ត៌មាន​ទាក់ទិន​នឹង​ការងារ ​នៅ​ក្រៅ​ម៉ោង​ធ្វើការ ​ មិនថា​ថ្ងៃ​រឺ​យប់​ មិន​ថា​ថ្ងៃសៅរ៍​ ​រឺ​ថ្ងៃ​អាទិត្យ។​ មិនថា​នៅ​បារាំង​ រឺ​នៅ​ប្រទេស​ណាទេ​ បញ្ហា​នេះ ​កំពុង​ចោទ​ធ្ងន់ ​ព្រោះវា​ធ្វើ​ឲ្យ​រំខាន​ដល់​ជីវិត​ផ្ទាល់ខ្លួន​ ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក។ បារាំង​ជា​ប្រទេស​ដំបូង​គេ​បង្អស់ ​ដែល​បាន​ធ្វើ​មាត្រា​ច្បាប់​ពិសេស ​ដើម្បី​ការពារ​ និង​អនុវត្ត​សិទ្ធិ​នេះ។ តែ​យ៉ាងណា ​មាន​សំណួរ​ជាច្រើន ​ កំពុង​ចោទ​ឡើង​ដោយ​អ្នក​ជំនាញ ​ស្តីអំពី​ប្រសិទ្ធិភាព​នៃ​មាត្រា​ច្បាប់​ថ្មី​នេះ ​ព្រោះ​ផ្ទុយ​ទៅ​វិញ​ វា​អាច​នឹង​បន្ថែម​ការ​លំបាក​កាន់​តែ​ច្រើន ​ទៅ​ឲ្យ​បុគ្គលិក ​និង​ក្រុមហ៊ុន។

ក្រមការងារបារាំង ​ដែល​មាន​កំរាស់​៣៨០០ទំព័រ ពោរ​ពេញ​ទៅ​​ដោយ​លក្ខខណ្ឌ​​ ​កាតព្វកិច្ច ​និងបទដ្ឋាន​គ្រិះ ដែលត្រូវគោរព
ក្រមការងារបារាំង ​ដែល​មាន​កំរាស់​៣៨០០ទំព័រ ពោរ​ពេញ​ទៅ​​ដោយ​លក្ខខណ្ឌ​​ ​កាតព្វកិច្ច ​និងបទដ្ឋាន​គ្រិះ ដែលត្រូវគោរព AFP
ផ្សាយពាណិជ្ជកម្ម

ដូចយើង​​គ្រប់​គ្នា​ដឹង​ស្រាប់​ថា ​សង្គម​យើង​បច្ចុប្បន្ន​នេះ​ ជឿនលឿន​ណាស់ ​ជា​ពិសេស​ជាមួយ​នឹង​ឧបករណ៍ ​សម្ភារៈ​បច្ចេកវិទ្យា​ទំនើបៗ ​ មាន​ដូច​ជា​ទូរស័ព្ទ ​តាប្លែត ​ម៉ាស៊ីន​កុំព្យូទ័រ​ជាដើម។ ប្រព័ន្ធ​ផ្ញើរ​សារ ​អ៊ីមែល ​រឺ​សារ​បន្ទាន់​ផ្សេងៗ​នៅ​លើ​ទូរស័ព្ទ​ដៃ​ មាន​ច្រើន​មិន​ខ្វះ ​ ដែល​យើង​គ្រប់គ្នា​តែងតែ​ប្រើ​ដើម្បី​ទំនាក់ទំនង​គ្នា។ អញ្ចឹង​ បុគ្គលិក​ភាគច្រើន ​តែងតែ​បន្ត​ទទួល​បាន​សារ​ រឺ​ក៏​អ៊ីមែល ​ទាក់ទង​នឹង​ការងារ ​ក្នុង​ពេល​ម៉ោង​សម្រាក​របស់​ខ្លួន។ ឧទាហរណ៍ ​យប់ជ្រៅ​ទៅ​ហើយ ​ស្រាប់តែ​ប្រធាន​ផ្ញើរ​អ៊ីមែល​ទៅ ​ដាក់​ការងារ​ឲ្យ​ធ្វើ ​ រឺ​ក៏​សួរ​នាំ​ពី​ដំណឹង​ផ្សេងៗ។ ជួនកាល​ថ្ងៃ​សៅរ៍ ​ថ្ងៃ​អាទិត្យ ​ក៏ត្រូវ​អ្នក​ធ្វើការ​ជាមួយ ​រឺ​ក៏​ប្រធាន​ខ្លួន​ ទាក់ទង​តាម​ទូរស័ព្ទ ​រឺ​ក៏​ផ្ញើរ​អ៊ីមែល ​ទាក់ទង​នឹង​ការងារ។

 
ទាក់អស់​នេះ ​គឺ​មាន​ន័យ​ថា ​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​នេះ ​គឺ​បុគ្គលិក ​មិន​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ការងារ​ទាំង​ស្រុង​ទេ ​បើ​ទោះ​បី​ជា​ចប់​ម៉ោង​ធ្វើ​ការ​ក៏​ដោយ។ គឺពួកគេ​នៅ​បន្ត​ឆែកមើល​ទូរស័ព្ទដៃ​រហូត​ ​ក្រែងលោហ៍ ​មាន​សារអ៊ីមែល​ទាក់ទង​នឹង​ការងារ។ បញ្ហា​នេះ ​ មាន​នៅ​គ្រប់​កន្លែង ​គ្រប់​ប្រទេស​ទាំងអស់​ ជា​ពិសេស​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន ​ ដូច​ជា​បារាំង​ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប។ បញ្ហា​នេះ ​វាធ្វើ​ឲ្យ​បុគ្គលិក ​មិន​បាន​សម្រាក​ពេញលេញ ​ហើយ​គ្នា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​គឺ ​ថា​មាន​បន្ទុក​ជាប់ ​និង​ត្រូវ​ភ័យខ្លាច ​រឺ​ខ្វាយខ្វល់​ក្នុង​ខ្លួន​រហូត ​ដែល​ភាសា​ទូទៅ​យើង​ហៅថា​ ស្ត្រេស ​នោះ។ ហើយ​មួយវិញ​ទៀត ​ស្ថានភាព​នេះ​ គឺ​វា​រំខាន ​ដល់​ជីវិត​ផ្ទាល់ខ្លួន ​ជីវិត​គ្រួសារ​របស់​បុគ្គលិក។

គឺ​មូលហេតុ​ទាំង​អស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង ​បាន​ធ្វើ​មាត្រា​ច្បាប់​ថ្មី  ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រម​ការងារ ​ដែល​ចូល​ជា​ធរមាន ​ចាប់ពី​ថ្ងៃទី១​ មករា​មក ​ដើម្បី​ការពារ​បុគ្គលិក ​ ថា​ពួក​គេ​មាន​សិទ្ធិ​ផ្តាច់​ទំនាក់ទំនង​ពី​ការងារ​ នៅ​ក្រៅ​ម៉ោង​ធ្វើការ។

មាត្រា​ច្បាប់​ថ្មី ​កំណត់​តែ​គោលការណ៍ ​តែ​មិន​ដាក់​កំហិត៖
មាត្រាថ្មី​នេះ (l’Article L2242-8 du Code du travail) ​អនុវត្ត​ចំពោះ​តែ​ក្រុមហ៊ុន​សហគ្រាស​ណា ​ដែល​មាន​បុគ្គលិក​លើស​ពី​៥០​នាក់​ទៅ។ ជារួម ​ មាត្រានេះ​កំណត់​ថា ​ក្រុមហ៊ុន​សហគ្រាស ​ត្រូវ​រៀបចំ​ចាត់តែង​ ការ​ចរចា​ជាមួយ​បុគ្គលិក ​ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ ​ ​រឺ​ធ្វើ​បទ​ដ្ឋាន​រួម​មួយ​ សម្រាប់​សហគ្រាស​ខ្លួន ​ស្តីអំពី​ការ​គោរព​សិទ្ធិ​ផ្តាច់​ទំនាក់ទំនង​ពី​ការងារ ​នៅ​ក្រៅ​ម៉ោង​ធ្វើការ​នេះ។

មាន​ន័យ​ថា ​ច្បាប់​នេះ ​ គ្រាន់​តែ​ដាក់​បន្ទុក​ឲ្យ​ក្រុមហ៊ុន​ចាប់​ផ្តើម​ចរចា​ តែ​មិន​បាន​កំណត់​លក្ខខណ្ឌ ​ថា​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ឲ្យ​ខាង​តែ​បាន​នោះ​ទេ។ ក្នុង​ន័យ​នេះ ​មាត្រា​ច្បាប់​នេះ ​មិន​ចង់​ចែង​លំអិត​អំពី​លក្ខខណ្ឌ ​នៃ​ការ​អនុវត្ត​សិទ្ធិ​នេះ​ ព្រោះ​ចង់​ទុក​វា​ឲ្យ​គេ​បកស្រាយ ​និង​អនុវត្ត​ទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង​នៅ​តាម​ក្រុមហ៊ុន​នីមួយៗ។ ពោលគឺ​មាត្រា​ច្បាប់​នេះ ​គ្រាន់តែ​អញ្ជើញ​ក្រុមហ៊ុន​សហគ្រាស ​ឲ្យ​ធ្វើ​ការ​ចរចា ​ជាមួយ​និយោជិត ​ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ទាំង​ឡាយ​ណា ​ដែល​សំដៅ​ការពារ​សិទ្ធិ​នេះ ​ហើយ​បែងចែង​ឲ្យ​ដាច់ ​រវាង​ម៉ោង​ធ្វើការ ​និង​ម៉ោង​ឈប់​សម្រាក។ ក្នុង​ករណី​មួយ​ទៀត​ ក្រុមហ៊ុន​ ក៏​មាន​សិទ្ធិ​ចែង​នូវ​វិធាន​មូលដ្ឋាន ​ស្តីពី​ការ​អនុវត្តិ​និង​ការពារ​សិទ្ធិ​នេះ ​ ដោយ​អត្តនោម័ត​ដែរ ​ដោយ​មិន​ចាំបាច់​ចរចា​ជាមួយ​តំណាង​និយោជិត ​ទេ។

ទ្រឹស្តី​ឈប់​សម្រាក​របស់​បុគ្គលិក​ មាន​ស្រាប់​ទៅហើយ៖
បើ​ពិនិត្យ​ឲ្យ​មែនទែន ​ ទ្រឹស្តី​នេះ​វាមាន​ចែង​រួច​ទៅ​ហើយ ​នៅ​ក្នុង​ក្រម​ការងារ​របស់​បារាំង ​នេះ​បើ​តាម​ប្រសាសន៍​លោក​ Emmanuel Dockès ​សាស្ត្រាចារ្យ​ច្បាប់​ការងារ ​នៅ​សកលវិទ្យាល័យ​ Lumière Lyon2។ បើនិយាយ​ឲ្យ​ខ្លី​ទៅ ​សិទ្ធិ​នេះ​ គឺ​វា​ជា​សិទ្ធិ​ឈប់​សម្រាក​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​របស់​បុគ្គលិក។ មាន​ន័យ​ថា ​បើ​បុគ្គលិក ​ធ្វើការ​ពី​ម៉ោង​៨ព្រឹក ​ដល់​ម៉ោង​ ៦ល្ងាច ​គឺ​ម៉ោង​ក្រៅ​ពី​នោះ​ជា​ម៉ោង​សម្រាក​ សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក ​ ហើយ​ក្រុមហ៊ុន ​មិន​អាច​ផ្ញើរ​ការងារ ​ ​រឺ​ដាក់​បញ្ជា​អ្វី​ទៅ​លើ​បុគ្គលិក​បាន​ទេ។ អញ្ចឹង​មិនបាច់​មាន​មាត្រា​ថ្មី​នេះ ​ក៏​បុគ្គលិក​មាន​សិទ្ធិ​នេះ​ មាន​ស្រាប់​ទៅ​ហើយ។ លោក​សាស្ត្រាចារ្យ​ពន្យល់​ថា ​ពេល​ឈប់​សម្រាក ​គឺ​ឈប់​សម្រាក ​ បើ​ឈប់​សម្រាក ​តែនៅ​តែ​ចូល​ទៅ​មើល​សារអ៊ីមែល ​ទាក់ទង​នឹង​ការងារ​ នោះ​គឺ​មិនមែន​ឈប់​សម្រាក​ទេ ​តែ​វា​ប្រៀប​ដូច​ជា​ធ្វើការ​ថែម​ម៉ោង​អញ្ចឹង។

យ៉ាងណាមិញ ​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន ​នៅ​អឺរ៉ុប​ បាន​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ ​ ដើម្បី​ការពារ​បុគ្គលិក​គេ ​តាំងតែ​ពី​មិន​ទាន់​មាន​មាត្រា​ច្បាប់​នេះ​ម្លេះ។ នៅ​បារាំង​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន ​បាន​អនុវត្ត​វារួច​ទៅ​ហើយ។ ចំណែក​នៅ​អាល្លឺម៉ង់ ​ក្រុមហ៊ុន ​ផលិត​រថយន្ត​Volkswagen​ ក៏បាន​ធ្វើ​ដែរ​ ដោយ​បាន​បង្កើត​ប្រព័ន្ធ​ពិសេស​មួយ ​សម្រាប់​បិទ​ការ​ផ្ញើរសារ​ចេញចូល ​នៅ​ចន្លោះ​ពី​ម៉ោង ​៦ល្ងាច ​ដល់​ម៉ោង​៧ព្រឹក។

ល្អតែទ្រឹស្តី ​តែ​ការ​ពិត​ជាក់ស្តែង ​ការ​កំណត់​សិទ្ធិ​ថ្មី​នេះ​ អាច​បង្ក​ផល​អាក្រក់៖
មាត្រា​ច្បាប់​ថ្មី​របស់​បារាំង​នេះ ​ អាច​ជា​គំរូ​ទៅដល់​ប្រទេស​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ ​សួរថា ​​តើ​ការ​កំណត់​ការ​​ការពារ​សិទ្ធិ​នេះ ​ ដោយ​មាត្រា​ច្បាប់​បែប​នេះ ​ មាន​ជះ​ផលប៉ះ​ពាល់​អ្វី​ខ្លះ ​ ដល់​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​ និង​បុគ្គលិក ​ និង​ដំណើរការ​ទូទៅ​របស់​ក្រុមហ៊ុន?
 
បើ​និយាយ​តាម​ទ្រឹស្តី​ ច្បាប់​នេះ ​គឺ​មាន​ខ្លឹមសារ​ល្អ​ណាស់ ​ព្រោះវា​​ការពារ​កុំឲ្យ​ចៅហ្វាយ ​រឺ​ប្រធាន​ក្រុមហ៊ុន​ រំលោភ​បំពាន ​រឺ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ទៅ​លើ​បុគ្គលិក ​នៅ​ក្រៅ​ម៉ោង​ធ្វើការ។ តែបើ​យើង​ត្រលប់​មក​និយាយ​ពីការ​អនុវត្ត​ជាក់ស្តែង​វិញ ​មាត្រា​ច្បាប់​ថ្មី​នេះ ​អាច​មិន​មាន​ប្រសិទ្ធិ​ភាព​ច្រើន​ទេ។ ទីមួយ​ សម័យនេះ ​ក្រុមហ៊ុន​សហគ្រាស​ធំៗ​ គឺ​គេ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើម្បី​ទំនាក់ទំនង​គ្នា​រវាង​បុគ្គលិក។ ទោះ​ចង់​មិន​ចង់​ បុគ្គលិក​ម្នាក់ៗ ​ត្រូវតែ​ប្រើ​វា ​ហើយ​ជា​ទូទៅ ​គេ​មិនអាច​បិទ​ទូរស័ព្ទ ​រឺ​មិន​មើល​ប្រអប់​សារ​អ៊ីមែលបាន​ទេ ​ បើទោះ​បី​ជា​ក្នុង​ពេល​សម្រាក​ក៏ដោយ ​ ព្រោះ​វា​អាច​មាន​ករណី​បន្ទាន់​ណាមួយ ​ទាក់ទង​នឹង​ការងារ។ ម្យ៉ាង​ទៀត ​ម្នាក់ៗ​សុទ្ធ​តែ​ភ័យ​បារម្ភ​ ខ្លាច​ចៅហ្វាយ​នាយ​បន្ទោស។

យ៉ាង​ណាមិញ ​ មាន​បុគ្គលិក​ជាច្រើន ​ ដែល​ធ្វើការ​នៅ​បរទេស។ ដូច្នេះ​គេ​ត្រូវការ​ឆ្លើយឆ្លង​គ្នា​តាម​សារ​អ៊ីមែល។ កាលណា​នៅ​ឆ្ងាយ​ពីគ្នា ​មាន​ន័យ​ថា​ម៉ោង​ក៏​ខុស​គ្នា​ដែរ។ ដូច្នេះ ​គេ​ពិបាក​កំណត់​ណាស់ថា​ប្រធាន​ក្រុមហ៊ុន​ផ្ញើរសារ​ទៅ​បុគ្គលិក​ទាំង​យប់ ​រឺ​ក៏​បុគ្គលិក​វិញ ​ទទួល​សារ​ទាំង​កណ្តាល​អាធ្រាត្រ។

សម្រាប់​អ្នក​វិភាគ​ជាច្រើន ​យល់​ថា ​ផ្ទុយ​ទៅ​វិញ​ ការ​កំណត់​មាត្រា​ច្បាប់​បែប​នេះ ​ ​គឺ​វា​បន្ថែម​បន្ទុក​ ទៅ​លើទាំង​បុគ្គលិក​ ទាំង​និយោជក។ បុគ្គលិក​ម្នាក់ៗ​ ត្រូវ​ប្រញ៉ាប់​រួសរាន់ ​បង្ហើយ​ការងារ​ឲ្យ​ហើយ​ក្នុង​ពេល​ម៉ោង​ធ្វើការ ​ រឺមួយ​ក៏​ត្រូវ​ផ្ញើរ​អ៊ីមែល​ការងារ​ ឲ្យបាន​មុន​ចប់​ម៉ោង​ធ្វើការ ​ មិន​អញ្ចឹង​ទេ ​អ្នក​ផ្សេង​អាច​នឹង​ចោទ​ថា​រំលោភ​សិទ្ធិ​របស់​គេ។ ចំណែក​ក្រុមហ៊ុន​វិញ ​ អាច​ត្រូវ​បង្ខំ​ចិត្ត ​ ដាក់​វិធានការ ​ដើម្បី​តាមដាន​ម៉ោង​ចូល​ធ្វើការ ​និង​ម៉ោង​ចេញ​ធ្វើ​ការ​របស់​បុគ្គលិក​ម្នាក់ៗ ​ដើម្បី​ងាយ​ស្រួស​ដោះស្រាយ ​ក្នុង​ពេល​មាន​វិវាទ។

មិនមែន​កំហុស​សារ​អ៊ីមែល​ទេ​ តែ​គឺ​មក​ពី​Manager ​ដែល​ធ្វើបាប​បុគ្គលិក​ក្រោម​បង្គាប់៖
ក្នុង​ន័យ​នេះ​ លោក ​Jean Noel Chaintreuil ​អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស ​យល់​ថា ​ មាត្រា​ច្បាប់ថ្មី​នេះ ​នឹង​បង្កើត​បរិយាកាស​ឃ្លាំមើល​គ្នា​ទៅវិញ​ទៅមក ​លែង​ទុកចិត្ត​គ្នា ​រវាង​ក្រុមហ៊ុន​និង​បុគ្គលិក។ លោក​យល់​ថា ​តាមពិត ​ ការ​លំបាក​របស់​បុគ្គលិក ​ដែល​មិន​បាន​ឈប់​សំរាក​ពេញលេញ ​គឺ​មិន​មែន​ដោយសារ​អ៊ីមែល​នៅ​ក្នុង​ទូរស័ព្ទ​ទេ ​ តែ​ដោយសារ​អ្នក​ផ្ញើរវា។ អ្នកណា ?​ គឺ​ប្រធាន​របស់​បុគ្គលិក ​ រឺ​ Managerនេះ​ឯង។

លោកថា​ បញ្ហា​ធំ​ គឺ​Manager ​ខ្លះ ​មិន​ចេះ​ធ្វើការ ​ មិន​ចេះ​គ្រប់គ្រង​ការងារ ​ដាក់​បន្ទុក​ខ្លាំង​ទៅ​លើ​កូនចៅ ​បង្ខំ​បំភិត​បំភ័យ​បុគ្គលិក​ក្រោម​បង្គាប់។ ច្បាប់​ហាម ​មិន​ឲ្យ​ប្រធាន​ផ្ញើរ​សារ​ទៅ​កូនចៅ​ក្នុង​ម៉ោង​ឈប់​សម្រាក ​ តែ​តាម​ពិត​កូនចៅ​ទេ ​ដែល​ភ័យ ​ហើយ​បើក​ទូរស័ព្ទ​មើល​អ៊ីមែល​ដោយ​ខ្លួនឯង។ ដូច្នេះ​អ្វី​ដែល​ត្រូវ​ដោះស្រាយ​នៅ​តាម​ក្រុមហ៊ុន ​ គឺ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ដំណើរ​ការងារ ​និង​ការ​ចាត់ចែង ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ ​ចៀសវៀង​ការ​បង្ខំ ​ដាក់​បន្ទុក​លើ​បុគ្គលិក​ទាំង​ថ្ងៃ​ទាំង​យប់ ​ ទើប​មាន​ប្រសិទ្ធិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ