rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ធនធានធម្មជាតិ បរិស្ថាន ជីវិតលើភពផែនដី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំងចេញមុខ​ដឹកនាំ​សន្និសីទ​ពិភពលោក​ស្តីពី​ជីវចម្រុះ ទាំងខ្លួន​ត្រូវ​គេ​រិះគន់​ក្នុង​វិស័យ​នេះ

media
ប្រព័ន្ធជីវចម្រុះ គឺជាដង្ហើមជីវិត នៃភពផែនដី​ Formiche

ចាប់ពីថ្ងៃចន្ទនេះ នៅទីក្រុងប៉ារីស នឹងមានការបើ​កសន្និសីទពិភពលោក ស្តីពីការការពារ​ធម្មជាតិ និង​ជីវ​ចម្រុះ ដោយមានការចូលរួម ពីអ្នកជំនាញមកពីបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។ ព្រឹត្តិការណ៍នេះ បង្ហាញពីការប្រឹងប្រែង របស់រដ្ឋាភិបាលបារាំង ដែលចង់តាំងខ្លួន ជាប្រទេសនាំមុខគេ ក្នុងសន្ទុះនៃការស្វែងរកដំណោះស្រាយនៃបញ្ហាអាកាសធាតុ និងការការពារធនធានធម្មជាតិ ជីវចម្រុះ។ តែយ៉ាងណា អង្គការសមាគមជាច្រើន បានរិះគន់ថា រដ្ឋាភិបាលបារាំងខ្លួនឯង នៅមានភាពខ្វះចន្លោះច្រើនណាស់ ក្នុងវិស័យទាំងនេះ។


ក្រុមការងារអន្តររដ្ឋាភិបាល ដើម្បីប្រព័ន្ធជីវចម្រុះ (IPBES) ស្ថិតក្រោមការគាំទ្រ របស់អង្គការសហប្រជាជាតិ កំពុងតែបើកសន្និសីទពិភពលោក ដ៏ធំមួយនៅទីក្រុងប៉ារីស។ កម្មវត្ថុនៃការជួបជុំពិភាក្សា រវាងមន្ត្រីនយោបាយ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញគ្រប់ជាន់ថ្នាក់ ពីបណ្តាប្រទេសផ្សេងៗ គឺដើម្បីសន្មត់ជាស្ថាពរ នូវរបាយការណ៍ពិភពលោក ស្តីពីស្ថានភាព​នៃធម្មជាតិ។

ក្រសួងបរិស្ថានបារាំង បានអះអាងថា បារាំងខំប្រឹងប្រែង ក្នុងរៀបចំសន្និសីទនេះ ព្រោះបារាំង បានប្តេជ្ញាជាយូរមកហើយ ក្នុងការការពារធនធានធម្មជាតិ និងប្រព័ន្ធជីវចម្រុះ។ យ៉ាងណាមិញ លោកប្រធានាធិបតី​ម៉ាក្រុង មានបំណង ចង់ឲ្យសហគមអន្តរជាតិ ទទួលស្គាល់ថា ការការពារធនធានធម្មជាតិ និងប្រព័ន្ធ​ជីវចម្រុះ គឺជាអាទិភាព មានតម្លៃស្មើគ្នា ទៅនឹងបញ្ហាអាកាសធាតុដែរ។

ប្រភពពីក្រសួងបរិស្ថានបារាំង បន្ថែមថា ក្នុងនាមបារាំង ជាប្រធានវិលជុំនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 បារាំងបានដាក់បញ្ចូលបញ្ហាការពារធម្មជាតិ និងជីវចម្រុះ ទៅក្នុងកាលវិភាគនៃការជជែកដេញដោលគ្នា។ ហើយនៅឆ្នាំ២០២០ខាងមុខ បារាំង និងទទួលធ្វើជាម្ចាស់ផ្ទះ នៃអង្គសន្និបាទអន្តរជាតិ ដើម្បីការពារធម្មជាតិ (UICN)។

ជាការពិត បារាំង គឺជាប្រទេសមហាអំណាចមួយ ដែលបានផ្តោតការយកចិត្តទុកដាក់ និងប្រឹងប្រែងស្ទុះស្ទារជាងគេ ក្នុងវិស័យធនធានធម្មជាតិ និងបរិស្ថាន។ នេះបើយោងតាមប្រសាន៍លោកYann Laurans នាយកកម្មវិធីជីវចម្រុះ នៅវិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនាក់ទំនងអន្តរជាតិ។ តែយ៉ាងណា លោកលើកឡើងថា បារាំង នៅមានភាពខ្វះចន្លោះច្រើនណាស់ ជាពិសេស ទាក់ទិននឹងការការពារ​ធនធានដែលងាយរងគ្រោះ។

បារាំង សំបូរអ្នកជំនាញ ដែលមានសមត្ថភាព និងមានឆន្ទៈណាស់​ ក៏ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំទេ ដែលហាក់ពុំសូវមានឆន្ទៈនយោបាយជួយជំរុញគ្នា​។​ ថវិកាមូលនិធិក៏ខ្សត់ខ្សោយ។ នៅពេលណា ដែលមានបញ្ហាចោទ ប្រឈមគ្នា រវាងផលប្រយោជន៍សេដ្ឋកិច្ច និងការការពារធនធានធម្មជាតិ រដ្ឋបារាំង តែងតែកំសាក មិនសូវរើសយក ការ​ការពារធនធានធម្មជាតិទេ៕