rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អង្គការ​សហប្រជាជាតិ ស៊ីរី រុស្ស៊ី អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង​ចង់ឲ្យ​អង្គការ​ប្រឆាំង​អាវុធ​គីមី អាច​មាន​លទ្ធភាព​កំណត់មុខ ​អ្នក​ទទួល​ខុសត្រូវ

media
ស្នាក់ការរបស់ អង្គការ OIAC-OPCW នៅក្រុងឡាអេ ប្រទេសហូឡង់ OPCW.org

រដ្ឋាភិបាលបារាំង បានសម្រេចដាក់ស្នើ ឲ្យបើកយន្តការថ្មី ទៅកាន់អង្គការអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងអាវុធគីមី ដើម្បីផ្តល់លទ្ធភាព ឲ្យអង្គការអន្តរជាតិមួយនេះ អាចមានសិទ្ធិ កំណត់មុខរបស់អ្នកទទួលខុសត្រូវ ដែលបានប្រើប្រាស់អាវុធ ដែលមានផ្ទុកសារធាតុគីមី។ គួរបញ្ជាក់ថា បច្ចុប្បន្នអង្គការនេះ អាចមានលទ្ធភាព ត្រឹមតែចុះទៅស៊ើបអង្កេត ដើម្បីរកថា មានការប្រើប្រាស់អាវុធគីមី  ពិតឬក៏អត់តែប៉ុណ្ណោះ ចំណែកការកំណត់ចោទប្រកាន់អ្នកទទួលខុសត្រូវ គឺត្រូវឆ្លងកាត់គណកម្មការពិសេសមួយទៀត ដែលនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។


នៅទីក្រុងឡាអេ កាលពីថ្ងៃទី៥ឧសភា នៅទីស្នាក់ការកណ្តាល របស់អង្គការអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី  តំណាងរដ្ឋាភិបាល​បារាំង បានដាក់ស្នើ នូវគំរោងថ្មីមួយ ទៅកាន់អង្គការនេះ ដែលគំរោងនេះ គឺជាយន្តការ ដែលមានកម្មវត្ថុ ធ្វើឲ្យអង្គការនេះ មានសិទ្ធិអំណាចទូលំទូលាយជាងមុន។ នោះគឺការបន្ថែមក្រមខណ្ឌការងារ ឲ្យអង្គការនេះ អាចធ្វើការកំណត់មុខ អ្នកទទួលខុសត្រូវ ដែលបានប្រើប្រាស់ អាវុធផ្ទុកដោយសារធាតុគីមី។ យោងតាមប្រភព ពីក្រសួងការបរទេសបារាំង បានឲ្យដឹងថា ប្រទេសមហាអំណាចលោកខាងលិច បានសម្តែងការគាំទ្រ លើយន្តការនេះទាំងអស់។

មន្ត្រីទូតបារាំងម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានអះអាងថា សហគមអន្តរជាតិ ត្រូវតែជួយគ្នា រកច្រកដើរផ្សេងមួយទៀត តាមរយៈការផ្តល់សិទ្ធិឲ្យអង្គការអន្តរជាតិ ដែលមានតួនាទីទប់ស្កាត់ ការប្រើប្រាស់អាវុធគីមីនេះ។ លោកបន្ថែមថា កន្លងមក ក្នុងសំណុំរឿងស៊ីរី ដែលមានការប្រើគ្រាប់បែកគីមី ម្តងហើយ​ម្តង​ទៀតនោះ តែគេនៅតែមិនអាចធ្វើអ្វីបាន ដោយសារតែមានរុស្ស៊ី ចាំឈរពាំងផ្លូវ នៅក្រុមប្រឹក្សាសន្តិសុខជានិច្ច។

សូមបញ្ជាក់ថា អង្គការអន្តរជាតិ ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី  ហៅកាត់ថា​ OIAC-OPCW មានសិទ្ធិត្រឹមតែស៊ើបអង្កេតរកសារធាតុគីមី ដែលបានប្រើប្រាស់ ក្នុងគ្រាប់បែក ឬអាវុធតែប៉ុណ្ណោះ ចំណែកការកំណត់មុខអ្នកប្រើប្រាស់វិញនោះ គឺត្រូវធ្វើតាមរយៈគណកម្មការពិសេសមួយ ដែលអង្គការសហប្រជាជាតិ បានបង្កើតឡើងនៅឆ្នាំ២០១៥។ ក៏ប៉ុន្តែ​គណកម្មការពិសេសនេះ មិនអាចបន្តអាណត្តិបានទេ ដោយសារ​តែ​រុស្ស៊ី បានបោះឆ្នោតវ៉េតូ បដិសេធ មិនឲ្យបន្តការងារ។​ ដូច្នេះបច្ចុប្បន្ននេះ គ្មានស្ថាប័នណាមួយ អាចកំណត់សម្រេច ថាអ្នកណាម្នាក់ ​ជាអ្នកទទួលខុសត្រូវ លើការប្រើប្រាស់អាវុធគីមីឡើយ។

គួរបញ្ជាក់ដែរថា គំរោងយន្តការថ្មី ដែលបារាំងស្នើនេះ ប្រាកដជាធ្វើឲ្យរុស្ស៊ី និងអ៊ីរ៉ង់ មិនសប្បាយចិត្ត។ តាមធម្មតា ​សម្នើធំៗរបៀបនេះ គឺត្រូវ​បញ្ជូនទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការនេះ ជាអ្នកសម្រេច។ ក្រុមប្រឹក្សានេះ មានសមាជិក៤១ប្រទេស ហើយគេត្រូវការសម្លេង​យល់ព្រម យ៉ាងហោច២៨សម្លេង។ កន្លងមក គេពិបាកនឹងរកសម្លេងគាំទ្រ ឲ្យបានគ្រប់ ២៨ណាស់ ដោយក្នុងចំណោមនោះ មានប្រទេសស្និទនឹងរុស្ស៊ីច្រើន។ តែយ៉ាងណា បើយោងតាមអ្នកការទូតបារាំង បានឲ្យដឹងថា គេអាចបញ្ជូនសម្នើនេះ ទៅកាន់អង្គសន្និបាទ នៃប្រទេសសមាជិកទាំង១៩២ប្រទេស របស់អង្គការនេះតែម្តង។

តំណាង អង្គការ Human Rights Watch ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា បើសិនយន្តការថ្មី របស់បារាំងនេះ បានជោគជ័យ នោះវាគឺជាដំណឹងដ៏ល្អណាស់ ក្នុងការការពារសន្ធិសញ្ញាមិនប្រើប្រាស់អាវុធគីមី ដែលបានចូលជាធរមាន តាំងតែពីឆ្នាំ១៩៩៧។ កន្លងមក អង្គការសហប្រជាជាតិ តែងតែបរាជ័យជានិច្ច ក្នុងការកំណត់រកមុខអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាល ដោយការប្រើគ្រាប់បែកគីមីនេះ នៅប្រទេសស៊ីរី៕