អានតួអត្ថបទ
បារាំង

គំនរស្បែកជើង​កណ្តាល​ក្រុង​ប៉ារីស ដើម្បី​បរិហារ​ការ​ទំលាក់​គ្រាប់បែក​សម្លាប់​ជន​ស្លូតត្រង់

នៅទីលានកណ្តាលក្រុងប៉ារីស កាលពីរសៀលថ្ងៃសៅរ៍ ទី២៩កញ្ញា មានការជួបជុំគ្នាមួយ ក្រោមការផ្តួចផ្តើម របស់អង្គការជនពិការអន្តរជាតិ ដែលបានអំពាវនាវ ឲ្យមនុស្សយកស្បែកជើងចាស់ៗ មកដាក់គរគ្នា ពូនជាភ្នំ។ ការដាក់គរស្បែកជើងនេះ គឺធ្វើឡើង ដើម្បីបរិហារអំពីការទំលាក់គ្រាប់បែក និងប្រើគ្រាប់ផ្ទុះ នៅតាមតំបន់មានសង្រ្គាម ទូទាំងពិភពលោក ដែលគ្រាប់ផ្ទុះទាំងនោះ បានផ្តាច់ជីវិតជនស្លូតត្រង់ និងបានធ្វើមានមនុស្សពិការ រាប់សែននាក់។ បើតាមអង្គការជនពិការពិភពលោក មានមនុស្សយ៉ាងហោច៩០នាក់ ក្នុងមួយថ្ងៃ  ដែលរងគ្រោះការការទំលាក់គ្រាប់បែក។

គំនរស្បែកជើងនៅទៅលាន​ Place de la Republique ក្រុងប៉ារីស​ ថ្ងៃ​ទី​២៩ កញ្ញា​ ២០១៨។
គំនរស្បែកជើងនៅទៅលាន​ Place de la Republique ក្រុងប៉ារីស​ ថ្ងៃ​ទី​២៩ កញ្ញា​ ២០១៨។ Zakaria ABDELKAFI / AFP
ផ្សាយពាណិជ្ជកម្ម

សកម្មភាពជួបជុំនៅតាមទីលានសាធារណៈ ដែលអង្គការជនពិការអន្តរជាតិ Handicap International បានរៀបចំឡើងនេះ មានធ្វើនៅតាមទីក្រុងធំៗនានា ទូទាំងប្រទេស​បារាំង។ នៅ​ក្រុងប៉ារីស គំនរស្បែកជើងគរដូចភ្នំ ត្រូវបានរៀបចំនៅទីលានPlace de la République គឺក្នុងគោលបំណងអំពាវនាវ បំផុសបំផុលឲ្យមតិមហាជនស្វែងយល់ ពីទុក្ខវេទនា របស់ប្រជាជនស្លូតត្រង់ នៅតាមតំបន់មានសង្រ្គាម។ ក្រៅពីគំនរស្បែកជើង សកម្មជន​អង្គការជនពិការអន្តរជាតិ បានរៀបចំជាស្តង់ និងមានការពន្យល់បង្ហាញ អំពីគ្រោះថ្នាក់ និងរបៀបដោះគ្រាប់មីនទៀតផង។

យោងតាមតួលេខអង្គការនេះ ជនរងគ្រោះដោយសារគ្រាប់ផ្ទុះ និងគ្រាប់បែកទំលាក់ពីលើអាកាស គឺមាន៩២% សុទ្ធតែជាប្រជាជនសាមញ្ញស្លូតត្រង់។ នៅយេម៉ែន នៅស៊ីរី អ៊ីរ៉ាក់ សូម៉ាលី ជាដើម ជនរងគ្រោះមានសរុបយ៉ាងហោច ៩០នាក់ ជារៀងរាល់ថ្ងៃ បានស្លាប់បាត់បង់ជីវិត ឬត្រូវរងរបួសពិការ ដោយសារតែគ្រាប់មីន និងគ្រាប់បែកទំលាក់។ អង្គការជនពិការអន្តរជាតិ បានយកឱកាសជួបជុំនេះ ដើម្បីរៀបចំធ្វើញត្តិមួយ ផ្ញើរទៅកាន់ប្រទេសធំទាំងអស់ ដែលមានចំណែក្នុងសកម្មភាពទំលាក់គ្រាប់បែក និងសង្រ្គាមទាំងនេះ ឲ្យបញ្ឈប់ការធ្វើបាប ទៅលើប្រជាជនសាមញ្ញស្លូតត្រង់។

លោក Xavier Du Crest de Villeneuve នាយកអង្គការជនពិការអន្តរជាតិ ប្រចាំប្រទេសបារាំង បានលើកឡើងថា ប្រទេសទាំងអស់​ត្រូវតែគោរពសន្ធិសញ្ញាអន្តរជាតិ មិនត្រូវទំលាក់គ្រាប់បែលនៅតាមទីប្រជុំជន កន្លែងរស់នៅរបស់ប្រជាជនស្លូតត្រង់ទេ។ បច្ចុប្បន្ននេះ មានប្រទេសជាង១០ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ កំពុងពិភាក្សាគ្នា ដើម្បីធ្វើសេចក្តីប្រកាសនយោបាយរួមមួយ​ ក្នុងនាមសហគមអន្តរជាតិ ដើម្បីទាមទារឲ្យបញ្ឈប់ការទំលាក់គ្រាប់បែក សម្លាប់ជនស្លូតត្រង់។

លោក Manuel Patrouillard អគ្គនាយកអង្គការជនពិការអន្តរជាតិ បានអំពាវនាវឲ្យលោកប្រធានាធិបតីបារាំង ឆក់ឱកាស ដែលបារាំងនឹងរៀបចំវេទិការអន្តរជាតិស្តីពីសន្តិភាព នៅទីក្រុងប៉ារីស ក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីដាស់សតិស្មារតីរបស់មេដឹកទាំងអស់។ លោកលើកឡើងថា បារាំង មិនអាចបន្តស្រែកថាចង់ឃើញពិភពលោកមានសន្តិភាព តែទន្ទឹម​គ្នានេះ បារាំងនៅតែបន្តលក់អាវុធយន្ត ហោះទំលាក់គ្រាប់បែក ទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត យកទៅទំលាក់គ្រាប់ សម្លាប់ប្រជាជនយេម៉ែន បានទៀតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ