អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កងកុម្មង់ដូ Hubert៖ កំពូលកម្មង់ដូ ពូកែបំផុតរបស់បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអង្គារ ទី១៤ឧសភា ក្រោមអធិបតីភាព លោកអេម៉ានុយអែល ម៉ាក្រុង ប្រទេស​បារាំង បានប្រារព្ធពិធីកាន់ទុក្ខ សាកសព​នាយទាហានកុម្មង់ដូបារាំង ២រូប ដែលបានពលីជីវិត នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង៤នាក់ នៅឯ​ប្រទេសបួរគីណាហ្វាសូ ដែលក្នុងនោះមានជនជាតិបារាំង២នាក់។ វីរភាព ហ៊ានប្តូរជីវិត ដើម្បីសម្រេចជោគជ័យក្នុងបេសកកម្ម របស់កងកុម្មង់ដូបារាំង ត្រូវបានប្រជាជនបារាំង គ្រប់ជាន់ថ្នាក់ កោតសរសើរស្ញប់ស្ញែង​។

លោក Cédric de Pierrepont និងលោក​ Alain Bertoncello នាយ​ទាហាននៃ​កង​កុម្មង់ដូ ​Hubert ដែលបានពលី​ជីវិត នៅ​បួរគីនាហ្វាសូ។
លោក Cédric de Pierrepont និងលោក​ Alain Bertoncello នាយ​ទាហាននៃ​កង​កុម្មង់ដូ ​Hubert ដែលបានពលី​ជីវិត នៅ​បួរគីនាហ្វាសូ។ Sirpa Marine/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ជីវិតចំណាប់ខ្មាំងបារាំង២នាក់ ដូរនឹងជីវិតទាហានបារាំង២នាក់

ចំណាប់ខ្មាំង ៤នាក់ ជនជាតិបារាំង២នាក់ ជនជាតិកូរ៉េខាងត្បូងម្នាក់ និងជនជាតិអាមេរិកម្នាក់ គឺជាអ្នកទេសចរណ៍ ដែលត្រូវបានក្រុមជីហាតភេរវកម្មមានប្រភពនៅម៉ាលី ចាប់ខ្លួនយកទៅ នៅភាគខាងជើងប្រទេសបួរគីណាហ្វាសូ។ កងទ័ពបារាំង បានបើកប្រតិបត្តិការ រំដោះចំណាប់ខ្មាំង នៅយប់ថ្ងៃទី​៩ឧសភា ដោយមានអន្តរាគមន៍ ពីកងកុម្មង់ដូម៉ារីន ដ៏ឆ្នើមបំផុតរបស់បារាំង។

​ចំណាប់ខ្មាំងទាំង៤ ត្រូវបានរំដោះបានមកវិញ ដោយសុខសុវត្ថិភាព​។ តែ​ជាអកុសល នាយទាហានកុម្មង់ដូម៉ារីន២នាក់ បានស្លាប់ពលីជីវិត នៅក្នុងប្រតិបត្តិការនេះ។ នាយទាហានកុម្មង់ដូម៉ារីន ដែលស្លាប់ ម្នាក់ ឈ្មោះ Cédric de Pierrepont អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ Alain Bertoncello អាយុ២៨ឆ្នាំ។ ថ្ងៃអង្គារទី១៤ ឧសភា ក្តាម្ឈូសនៃនាយទាហានបារាំងទាំង២ ត្រូវបានដង្ហែរមកកាន់វិមាន Les Invalides នៅទីក្រុងបារីស ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធថ្នាក់ជាតិ ក្រោមអធិបតីភាព លោកប្រធានាធិបតីម៉ាក្រុង ឲ្យសក្តិសមទៅនឹងវីរៈភាព របស់នាយ​ទាហានទាំង២រូប។

នាយទាហានកុម្មង់ដូរទាំង២រូប គឺជាសមាជិកនៃកងកុម្មង់ដូពិសេសរបស់បារាំង មាន​ឈ្មោះថាកងកុម្មង់ដូHubert។ នៅក្នុងប្រសាសន៍សន្ទរកថា របស់លោកម៉ាក្រុង លោកបានចាត់ថាទុក នាយទាហានកុម្មង់ដូរទាំង២រូបនេះ គឺជាទាហានឆ្នើម មានសមត្ថភាពខ្ពស់លើសគេ លើទាហានកុម្មង់ដូណាណាទាំងអស់​ របស់កងទ័ពបារាំង។ នៅលើលោកនេះ មានទាហានតិចតួចបំផុតណាស់ ដែល​មានសមត្ថភាពផ្លូវកាយ និងសតិស្មារតីខ្ពស់ ដូចទាហានដែលជាសមាជិកនៃកងកុម្មង់ដូHubert នេះ។

លោកម៉ាក្រុង សំដែងគារវកិច្ច​​គោរពវិញ្ញាណក្ខន្ធ នាយ​ទាហាន​ពលី​ទាំង​២រូប។ វិមាន ​Les Invalides ​ថ្ងៃទី​​១៤ ឧសភា ២០១៩​
លោកម៉ាក្រុង សំដែងគារវកិច្ច​​គោរពវិញ្ញាណក្ខន្ធ នាយ​ទាហាន​ពលី​ទាំង​២រូប។ វិមាន ​Les Invalides ​ថ្ងៃទី​​១៤ ឧសភា ២០១៩​ Tesson/Pool via REUTERS

ជាការពិត កងកុម្មង់ដូរHubert គឺជាកងកុម្មង់ដូពិសេស ដែលក្នុងជួរកងទ័ពបារាំង គេចាត់ទុកកុម្មង់ដូនេះ ជាកុម្មង់ដូឆ្នើមជាងគេ ក្នុងចំណោមអ្នកឆ្នើមបំផុត។ កងកម្មង់ដូពិសេសនេះ បានចាប់បដិសន្ធិ នៅឆ្នាំ១៩៤៧ ក្រោយ​សង្រ្គាមលោក​លើកទី​២។ គេបានដាក់ឈ្មោះកងកុម្មង់ដូនេះ ថា Hubert ជាការរំលឹកដល់​វិញ្ញាណក្ខន្ធ របស់​នាយទាហានបារាំងម្នាក់ ឈ្មោះ Augustin Hubert ដែលបានពលីជីវិត នៅថ្ងៃទី៦ មិថុនា ១៩៤៤ នៅពេលកងទ័ពបារាំង រួមជាមួយនឹងកងទ័ពសម្ព័ន្ធមិត្ត បានមកដល់ឆ្នេរសមុទ្រ Normandie ដើម្បីរំដោះបារាំង ពីក្រញ៉ាំនៃ​របបណាហ្ស៊ីស អ៊ីត្លែរ។

សមាជិកកុម្មង់ដូHubert ជាកំពូលមនុស្ស

បន្តិចម្តងៗ កងកម្មង់ដូHubert បានចាប់យកជំនាញពិសេស ដ៏ឆ្នើមគ្មានគូប្រៀប ក្នុងប្រតិបត្តិការ​ទាំងលើដីគោក និងនៅក្នុងទឹក។ កាហ្វឹកហាត់ ត្រូវធ្វើឡើងនៅឯ តំបន់ Saint-Mandrier មិនឆ្ងាយប៉ុន្មាន ពីក្រុងទូឡុង ភាគខាងត្បូងប្រទេសបារាំង។ មុននឹងអាចត្រូវគេរើសចូលជាសមាជិក នៃកងកុម្មង់ដូHubert នាយទាហានម្នាក់ៗ ត្រូវតែឆ្លងកាត់ការធ្វើតេស្តិ៍ ប្រលងចូលសិក្សា ហ្វឹកហាត់ នៅក្នុងកងកម្មង់ដូម៉ារីន ចំនួន​៦ ផ្សេងៗគ្នា។ ក្រោយហ្វឹកហាត់រយៈពេល២ឆ្នាំ នៅតំបន់ Bretagne នាយទាហាន ត្រូវតែធ្វើតេស្តិ៍ប្រលងយក​ ក្នុងជំនាញ “វាយប្រយុទ្ធ និងប្រតិបត្តិការក្នុងទឹក”។ មាននាយទាហានតិចបំផុត ដែលបានទទួលសញ្ញាប័ត្រនេះ ហើយបន្ទាប់មក ទើបត្រូវគេរើស ឲ្យចូលជាសមាជិក នៃកងកុម្មង់ដូHubert។

លោក Paul-Henri Desgrees du Lou ប្រធានសមាគមមិត្តភាព​ទាហានម៉ារីន និងកុម្មង់ដូ បានលើកឡើងថា មានទាហានតិចណាស់ ដែលអាចក្លាយជាសមាជិកនៃ​កងកុម្មង់ដូ​Hubert ព្រោះថាម្នាក់ៗ ត្រូវតែពូកែបំផុត ជាពិសេស គឺត្រូវតែពូកែហែលទឹក ហើយអាច​អត់ធន់ ធ្វើប្រតិបត្តិការក្នុងទឹកបានយូរ។ ក្នុងប្រតិបត្តិការខ្លះ ទាហានកុម្មង់ដូ ត្រូវមុជទឹកបាតសមុទ្រ ពីទីតាំងមួយទៅទីតាំងមួយ ដោយភ្ជាប់ជាមួយនូវអាវុធ គ្រាប់ផ្ទុះ។

លោកបន្ថែមថា ក្រៅសមត្ថភាព នៃប្រតិបត្តិការក្នុងទឹក កងកុម្មង់ដូHubert ក៏ត្រូវតែមានបច្ចេកទេសយុទ្ធសាស្ត្រខ្ពស់បំផុត ដូចជាសមត្ថភាពលោកឆ័ត្រយោង បន្លំខ្លួន និងបើកប្រតិបត្តិការរំដោះមនុស្សជាដើម។ ការទាមទារ ផ្នែកកាយសម្បទារ ដ៏ខ្ពស់នេះ បានធ្វើឲ្យនាយទាហានច្រើនណាស់ ត្រូវបង្ខំចិត្តបោះបង់ចោលការហ្វឹកហាត់។ ក្នុងមួយឆ្នាំៗ មាននាយទាហាន តែប្រមាណ​១០% ប៉ុណ្ណោះ ដែលត្រូវបានគេរើសឲ្យចូលក្នុង​កងកុម្មង់ដូ​Hubert នេះ។

សមត្ថភាពផ្លូវកាយ គឺវាខ្ពស់ណាស់ទៅហើយ​ ហើយទន្ទឹមនឹងនេះ ទាហាននៃ​កងកុម្មង់ដូ​Hubert ត្រូវតែមានសមត្ថភាពសតិស្មារតី រឹងមាំដូចថ្ម។ នេះបើតាមការបញ្ជាក់ ពី​លោក Pascal Le Pautremat អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល ស្តីពីកងកម្លាំងប្រតិបត្តិការពិសេស។ អ្នកជំនាញរូបនេះ បន្តថា មាននាយទាហានខ្លះ បានប្រលងច្រើនដងណាស់ នៅតែមិនជាប់។ ដូច្នេះ អ្នកដែលបានបានក្លាយជាសមាជិកនៃកងកុម្មង់ដូHubert គឺសុទ្ធតែជាកំពូលមនុស្ស មានទាំងកម្លាំងកាយ ខ្លាំងក្លា​ស្វាហាប់គ្រប់ស្ថានការណ៍ និងមានប្រាជ្ញាស្មារតីរឹងមាំខ្ពស់ វៀងវៃរហ័ស ប្រកប​ដោយឆន្ទៈមួសមុត។

ពលីដើម្បីជាតិ និងជនរួមជាតិខ្លួន​

ឆន្ទៈមោះមុត រឹងមាំ មិនរាថយ ទោះដឹងថាជីវិតខ្លួនត្រូវស្ថិតក្នុងគ្រោះថ្នាក់។ នេះហើយដែលជាវីរភាព នៃនាយទាហាន លោក Cédric de Pierrepont និង លោក Alain Bertoncello ដែលបានស្លាប់នៅបួរគីណាហ្វាសូ។ ការពារ​អាយុជីវិត ប្រជាជនបារាំង គឺជាកាតព្វកិច្ច​របស់កងទ័ព ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

អ្នក​ស្រី Florence Charton ភរិយារបស់នាយទាហាន Cédric de Pierrepont បានលើកឡើងថា ស្វាមីអ្នក​ស្រី ស្លាប់ក្នុងនាមការងារ ដែលគាត់ស្រលាញ់ និងដែលគាត់មានមោទនភាពបំផុត។ ចំណែក អ្នកស្រី Léa Latourte គូកំណាន់ របស់នាយទាហាន Alain Bertoncello វិញ បានអះអាងថា លោក Alain Bertoncello ដឹងយ៉ាងច្បាស់ អំពីគ្រោះថ្នាក់ និងការប្រថុយជីវិតក្នុងបេសកកម្មនីមួយៗ។ ទោះយ៉ាងនេះ​ក្តី អ្នកស្រីជឿថា បើ​លោក Alain Bertoncello នៅមានជីវិត ក៏លោកនៅតែមិនរាថយ ក្នុងការសម្រេចបេសកកម្មនេះ ម្តងទៀតនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ