rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី រុស្ស៊ី ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពូទីន និង ​អ៊ែរដូហ្កាន់​ជួបគ្នា ក្រោម​ក្រសែ​ភ្នែក​តាមដាន​របស់​លោក​ខាងលិច ​និង​អូតង់

media
លោក Erdogan និងលោក Putin​ ចាប់ដៃ​​នៅ​វិមាន​​ប្រធានាធិបតី​​​ក្រុង​អង់ការ៉ា ថ្ងៃ​ទី​៣​ មេសា​ ២០១៨ Sputnik/Mikhail Klimentyev/Kremlin via REUTERS

លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់ រដ្ឋធានីអង់ការ៉ា របស់តួកគី កាលពីរសៀលថ្ងៃអង្គារ ទី៣មេសា។ កម្មវត្ថុនៃដំណើរនេះ គឺដើម្បីបើកកិច្ចប្រជុំត្រីភាគី រវាង​រុស្ស៊ី តួកគី និងអ៊ីរ៉ង់ ស្តីពីបញ្ហាសង្រ្គាមនៅស៊ីរី។ ក៏ប៉ុន្តែ មុននឹងកិច្ចប្រជុំនេះបានចាប់ផ្តើម ប្រធានាធិបតី​​រុស្ស៊ី បានជួបមួយទល់នឹងមួយ ជាមួយនឹងលោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី ដើម្បី​​បើក​សម្ភោធ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​មួយ​នៅ​តួកគី​ ដែល​សាងសង់​ដោយ​​រុស្ស៊ី។ ការខិត​មកជិត​សហការ​គ្នា​យ៉ាងណែន ​រវាងរុស្ស៊ី ​និង​តួកគី នា​ពេល​នេះ កំពុង​ធ្វើ​ឲ្យ​​ប្រទេស​​លោក​ខាងលិច ជា​ពិសេស​អង្គការ​អូតង់​តែម្តង បើក​ភ្នែក​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន។


ដើម្បីបើកសម្ភោធអាណត្តិថ្មីរបស់ខ្លួន លោកពូទីន បានជ្រើសរើសយកតួកគី ដើម្បីធ្វើដំណើរទៅចាប់រលាក់ដៃ ជាមួយដៃគូពិសេស ដែលកំពុងតែល្អូនល្អឺននឹងគ្នា នោះគឺលោកប្រធានាធិបតីអ៊ែរដូហ្កាន់។ ក្នុងឱកាសនេះ ប្រធានាធិបតីទាំង២ បានបើកសម្ភោធការដ្ឋានសាងសង់ រោងចក្រផលិតថាមពលនុយក្លេអ៊ែរ មួយកន្លែងនៅតំបន់ Akkuyu ក្នុងខេត្តMersin ភាគខាងត្បូងតួកគី។ នេះគឺជារោងចក្រ ផលិតថាមពលនុយក្លេអ៊ែរទីមួយហើយ របស់តួកគី ដែលតួកគី បានជ្រើសរើសយកបច្ចេកវិទ្យារបស់រុស្ស៊ី។ គំរោងនេះ បានធ្លាក់ទឹកម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្រោយពេលដែលតួកគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ដែលហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន។

ប៉ុន្តែបើយើងក្រឡេកមកមើលពេលនេះ​វិញ រឿងរ៉ាងល្អក់កករទាំងអម្បាលម៉ាណ ហាក់រលាយដូចអំបិលត្រូវទឹក។ រុស្ស៊ី និងតួកគី កំពុងតែចាប់ដៃគ្នាយ៉ាងនែន មិនថាក្នុងកិច្ចការនយោបាយអន្តរជាតិ កិច្ចការកងទ័ព និងកិច្ចការសេដ្ឋកិច្ច។ តួកគី និងរុស្ស៊ី ទើបតែបានសម្រេចសហការគ្នា ក្នុងការសាងសង់បំពង់បង្ហូរឧស្ម័ន Turkstream ដែលចេញពីរុស្ស៊ី ឆ្លងកាត់សមុទ្រខ្មៅ ឆ្ពោះមកកាន់តួកគី មុននឹងបញ្ជូនបែងចែកទៅលក់នៅអឺរ៉ុប។ ធ្វើបែបនេះ រុស្ស៊ី មិនចាំបាច់រំពឹង បំពង់បង្ហូរឧស្ម័ន របស់អ៊ុយក្រែនទៀតឡើយ។

មិនត្រឹមតែប៉ុណ្ណោះ តួកគី និងរុស្ស៊ី ក៏បានអះអាងដែរ ថាគេទាំង២ បានព្រមព្រៀងគ្នារួចហើយ លើកិច្ចសន្យា ដែលតួកគី ទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី។ ដំណឹងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំអង្គការអូតង់ កាន់តែងឿងឆ្ងល់ និងមានការប្រុងប្រយ័ត្នបំផុត ចំពោះទំនោរបែកឆ្វេងរបស់តួកគី ព្រោះថាតួកគី ជាសមាជិកអូតង់ តែបែរជាទៅទិញមីស៊ីល ពីគូប្រជែងរបស់អូតង់ទៅវិញ។ ការខិតទៅជិតគ្នា គួរឲ្យព្រួយបារម្ភ រវាងតួកគី និងរុស្ស៊ីនេះ ក៏វាចំពេលដែលរុស្ស៊ី កំពុងតែមានវិបត្តិការទូតយ៉ាងធ្ងន់ធ្ងរ ជាមួយប្រទេសលោកខាងលិចដែរ។ ខុសពីប្រទេសលោកខាងលិច ក៏ដូចជាសមាជិកអង្គការអូតង់ផ្សេងទៀត តួកគី មិនបានបណ្តេញ មន្រ្តីការទូតរបស់រុស្ស៊ី ចេញពីប្រទេសខ្លួនឡើយ។

ចំណងសម្ព័ន្ធភាព រវាងរុស្ស៊ី និងតួកគី ហាក់កាន់តែរឹងមាំទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងសំណុំរឿងស៊ីរី ដែលមេដឹកនាំប្រទេសទាំង២ នឹងជួបនិយាយគ្នា ជាមួយនឹងលោកប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃពុធនេះ។ អង្គការសហប្រជាជាតិ ប្រទេសលោកខាង​លិច ឬ​សហភាព​អឺរ៉ុប ហាក់ដូចជាសំងំស្ងាត់ឲ្យឈឹង គ្មានវត្តមាន ឬដំណោះស្រាយអ្វី​សោះ ក្នុងបញ្ហាស៊ីរីនេះ ខណៈដែលប្រទេសទាំងបី រុស្ស៊ី តួកគី អ៊ីរ៉ង់ កំពុងបែងចែកភោគផល​គ្នា នៅស៊ីរី៕