ជនភៀសខ្លួនកាន់តែកើន ក្រិកត្រូវការជំនួយកាន់តែបន្ទាន់
គិតមកត្រឹមពេលនេះ ចំនួនជនភៀសខ្លួន ដែលនៅជាប់គាំងនៅច្រកព្រំដែនរវាងក្រិក និងម៉ាសេដ្វាន់ បានកើនឡើងដល់១ម៉ឺន៣ពាន់នាក់ហើយ។ បញ្ហាអនាម័យ កង្វះស្បៀងអាហារកាន់តែប្រឈមនិងភាពអាសន្ន ខណៈពេលដែលគេនៅមិនទាន់ដឹងថា ពេលណាជនភៀសខ្លួន នឹងអាចឆ្លងកាត់ធ្វើដំណើរទៅមុខទៀតបាន។ ចំណែកប្រទេសប៊ុលហ្គារី បានត្រៀមបន្ថែមទាហ៊ានដាក់រាយនៅតាមព្រំដែនក្រិក ដើម្បីការពារកុំឲ្យជនភៀសខ្លួនឆ្លងកាត់តាមប្រទេសខ្លួនបាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៨
នៅមួយថ្ងៃ មុនមានជំនួបកំពូលស្តីពីបញ្ហាជនភៀសខ្លួន រវាងសហភាពអឺរ៉ុប និងតួកគី ស្ថានភាពជនភៀសខ្លួន នៅក្រិក កាន់តែប្រឈមមុខនឹងគ្រោះអាសន្នខ្លាំងឡើង។ គ្រាន់តែនៅច្រកព្រំដែនរវាងក្រិកនិងម៉ាសេដ្វាន់ មានជនភៀសខ្លួនបានសម្រុកមកដល់ ហើយជាប់គាំងកកកុញនៅទីនោះ ចំនួនប្រមាណជា ១ម៉ឺន៣ពាន់នាក់។ តាមតួលេខរួម មានជនភៀសខ្លួនយ៉ាងហោចណាស់ ៣ម៉ឺននាក់ ដែលកំពុងតែដើររសាត់អណ្តែតនៅក្នុងប្រទេសក្រិកទាំងមូល។ ប្រទេសជុំវិញក្រិក គេបាននាំគ្នាបិទព្រំដែន ដើម្បីរារាំងមិនឲ្យជនភៀសខ្លួន ធ្វើដំណើរឆ្លងកាត់ប្រទេសគេបាន។
លោកអភិបាលខេត្តក្រិក ដែលនៅជាប់ព្រំដែនម៉ាសេដ្វាន់ បានថ្លែងទៅកាន់អ្នកកាសែតថា ក្រិកមិនអាចទទួលទំងន់ទុក្ខនេះបានតែម្នាក់ឯងទេ។ គេត្រូវតែរកដំណោះស្រាយឲ្យជនភៀសខ្លួនរាប់ម៉ឺននាក់នេះ ឲ្យបានជាប្រញាប់។ អ្នករាយការណ៍ព័ត៌មានបារាំង បានពណ៌នាថា ចំនួនជនភៀសខ្លួន ដែលដេករប៉ាត់រប៉ាយ នៅទីហាលវាល ក្នុងអាកាសធាតុត្រជាក់ ក្បែរព្រំដែនម៉ាសេដ្វាន់ មានកាន់តែច្រើន ទោះបីជាខាងក្រុមគ្រូពេទ្យគ្មានព្រំដែន បានផ្តល់តង់បណ្តោះអាសន្ន មានជាង១០០០បន្ថែមទៀតក៏ដោយ។
លោកស្រីមែគែល ថាក្រិកមានកាតព្វកិច្ច តែប្រទេសផ្សេងក៏ត្រូវជួយក្រិក៖
យ៉ាងណាមិញ លោកស្រីអង់ហ្គេឡា មែគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយក្រើនរំលឹកថា ក្រិកត្រូវតែខិតខំបន្ថែមការសាងសង់ជុំរំស្នាក់នៅ ឲ្យជនភៀសខ្លួនឲ្យបានច្រើន។ ក្រិកធ្លាប់បានសន្យាថា នៅចុងឆ្នាំ២០១៥ នឹងសាសង់ដើម្បីទទួលឲ្យបាន ៥ម៉ឺននាក់។ ដូច្នេះចាប់ពីពេលនេះ ក្រិកត្រូវតែដើរឲ្យទាន់ភាពយឺតយ៉ាវរបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកស្រីអង់ហ្គេឡាមែគែល បានឆ្លៀតបន្ថែមថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ មិនអាចឈរឱបដៃមើលបានទេ គឺគ្រប់គ្នាត្រូវជួយក្រិក។ វាជាកាតព្វកិច្ចសាមគ្គី ដែលគ្រប់គ្នាត្រូវតែធ្វើ។
ជាការពិត លោកនាយករដ្ឋមន្ត្រីក្រិក អាឡិចស៊ីស ស៊ីប្រាស បានឆ្លើយក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ថា លោកពិតជាចង់ដោះស្រាយវិបត្តិនេះណាស់ ប៉ុន្តែក្រិកត្រូវការជំនួយពីសហភាពអឺរ៉ុប។ លោកបន្ថែមថា ក្រិកមិនអាចនៅជាទ្រុងដាក់ជនភៀសខ្លួនរហូតបានទេ ហើយជនភៀសខ្លួនទាំងអស់ គ្មាននរណាចង់នៅក្រិកទេ ព្រោះដោយសារតែពិបាករកការងារធ្វើ។ ដូច្នេះ គេមិនអាចបង្ខំឲ្យក្រិក ទ្រាំទទួលជនភៀសខ្លួន ទាំងជនភៀសខ្លួនមិនចង់នៅបែបនេះបានទៀតទេ។
ប៊ុលហ្ការីបន្ថែមទាហានតាមព្រំដែនដើម្បីរារាំងជនភៀសខ្លួន៖
ដោយឡែក ប្រទេសប៊ុលហ្គារី ទើបបានសម្រេចបន្ថែមទាហាន៤០០នាក់ ដើម្បីដាក់រាយជាប្រចាំ នៅតាមព្រំដែនជាមួយក្រិក។ នាយករដ្ឋមន្ត្រីប៊ុលហ្គារី បានបញ្ជាក់ថា គឺត្រូវត្រៀមកំលាំងក្នុងករណីដែលជនភៀសខ្លួន ងៀកមករកច្រកផ្សេង បន្ទាប់ពីច្រកម៉ាសេដ្វាន់ត្រូវបានបិទ។ បន្ថែមចំនួននេះ កម្លាំង៥០០នាក់ទៀត អាចបញ្ជូនមកធ្វើអន្តរាគមន៍ជួយបន្ថែម។ កាលពីឆ្នាំ២០១៥ មានជនភៀសខ្លួនប្រមាណជា៣ម៉ឺននាក់ ដែលបានឆ្លងតាមប៊ុលហ្គារី។ រដ្ឋសភាប្រទេសនេះ បានធ្វើការកែប្រែច្បាប់ ដើម្បីអនុញ្ញាតិ ឲ្យរដ្ឋាភិបាលប្រើកម្លាំងទាហាន បន្ថែមពីលើកម្លាំងនគរបាលព្រំដែន ដើម្បីធ្វើអន្តរាគមន៍រារាំងជនភៀសខ្លួន។ អាជ្ញាធរប្រទេសនេះ ត្រូវបានគេរិះគន់ថា បានរុញច្រាន និងធ្វើបាបជនភៀសខ្លួន យ៉ាងអមនុស្សធម៌បំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ