អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីយប់ថ្ងៃអាទិត្យ​ រំលងចូលថ្ងៃចន្ទនេះ មានការប្រទូស្តរាយគ្នា ដោយអាវុធ នៅឯច្រកសមុទ្រអាហ្សូ​វក្បែរតំបន់គ្រីមេ ដោយកងទ័ពរុស្ស៊ី បានបាញ់រះ ជាច្រើនគ្រាប់ទៅលើនាវាចម្បាំង របស់អ៊ុយក្រែន ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។ ដោយចោទថា បានធ្វើសកម្មភាពខុសច្បាប់ កងទ័ពរុស្ស៊ី បានចាប់ឃាត់ នាវាចម្បាំងរបស់អ៊ុយក្រែនចំនួន៣គ្រឿង។ បញ្ហានេះ បានក្លាយទៅជាសង្រ្គាមការទូតថ្មីមួយទៀត រវាងអ៊ុយក្រែន និងរុស្ស៊ី។ ប្រទេសទាំង២ បានកោះហៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យប្រជុំដោះស្រាយជាបន្ទាន់។

យន្តហោះល្បាតរុស្ស៊ី ហោះពីលើច្រក​Kertch ឆ្លងទៅសមុទ្រAzov ខណៈដែល​នាវា​ដឹកប្រេង​មួយ​​ ត្រូវបាន​​គេ​សំចត​ទទឺង​ផ្លូវ ដើម្បី​រារាំង​មិនឲ្យ​ឆ្លងកាត់។ ថ្ងៃទី​២៦ វិច្ឆិកា​២០១៨​
យន្តហោះល្បាតរុស្ស៊ី ហោះពីលើច្រក​Kertch ឆ្លងទៅសមុទ្រAzov ខណៈដែល​នាវា​ដឹកប្រេង​មួយ​​ ត្រូវបាន​​គេ​សំចត​ទទឺង​ផ្លូវ ដើម្បី​រារាំង​មិនឲ្យ​ឆ្លងកាត់។ ថ្ងៃទី​២៦ វិច្ឆិកា​២០១៨​ REUTERS/Pavel Rebrov
ផ្សាយពាណិជ្ជកម្ម

បាញ់រះទៅលើនាវាចម្បាំងអ៊ុយក្រែន និងរារាំងមិនឲ្យធ្វើដំណើរ

ការប្រទូស្តរាយគ្នានេះ បានកើតឡើង នៅយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទនេះ នៅច្រកKertch ដែលជាច្រកសមុទ្រ ឆ្លងពីសមុទ្រខ្មៅ ទៅកាន់សមុទ្រ អាហ្សូវ (Azov)។ តំបន់នេះ គឺវាស្ថិតនៅតំបន់គ្រីមេ។ ដូចយើងដឹងហើយ ថាតំបន់គ្រីមេ ដែលពីមុនជាទឹកដីអ៊ុយក្រែន ត្រូវបានរុស្ស៊ី លើកទ័ពទៅគ្រប់គ្រង នៅឆ្នាំ២០១៤។

ច្រកKertch នេះជាច្រកតែមួយគត់សម្រាប់អ៊ុយក្រែន ក៏ដូចជាសម្រាប់រុស្ស៊ី ក្នុងការធ្វើដំណើរឆ្លងពី​សមុទ្រខ្មៅ ចូលទៅសមុទ្រអាហ្សូវ។ ក្នុងពេលកើតហេតុ នាវាចម្បាំងរបស់អ៊ុយក្រែន កំពុងធ្វើដំណើរឆ្លងកាត់ច្រកនេះ​ ឆ្ពោះទៅកាន់សមុទ្រអាហ្សូវ។ កងទ័ពរុស្ស៊ី បានបាញ់រះមកលើនាវាចម្បាំងរបស់អ៊ុយក្រែនទាំងនោះ មុននឹងចាប់ឃាត់ មិនឲ្យនាវាទាំងនោះ ទៅណាបានទាំងអស់។

ភាគីរុស្ស៊ី បានទទួលស្គាល់ថា គេបានប្រើអាវុធមែន តែក៏ព្រោះថា នាវាចម្បាំងអ៊ុយក្រែន បានធ្វើសកម្មភាពខុសច្បាប់ នៅក្នុងដែនទឹកអធិបតេយ្យ របស់រុស្ស៊ី។ លោកស្រីអ្នកនាំពាក្យក្រសួងការបរទសរុស្ស៊ី បានលើកឡើងថា កងទ័ពជើងទឹកអ៊ុយក្រែន បានធ្វើសកម្មភាពដូចពួកយូកូង មកពន្យុះរករឿង ដាក់សំពាធលើរុស្ស៊ី ហើយនៅពេលដែលរុស្ស៊ីអត់ទ្រាំលែងបាន ក៏ចោទថារុស្ស៊ីប្រើកម្លាំងទៅលើខ្លួន។

បើតាមការលើកឡើង របស់កងទ័ពជើងទឹកអ៊ុយក្រែន បានឲ្យ​ដឹងថា ភាគីអ៊ុយក្រែន​ បានជូនដំណឹងទៅខាងកងទ័ពព្រំដែនសមុទ្ររុស្ស៊ី ដែលចាំយាមនៅមាត់ច្រកនេះ ជាមុនរួមហើយ។ ប៉ុន្តែ ស្រាប់តែ មាននាវាដឹកប្រេងមួយ ពាក់ទង់តំបន់គ្រីមេ នៅសំចតទទឹងមាត់ច្រក ដើម្បីរារាំង មិនឲ្យនាវាចម្បាំង​ទាំង៣គ្រឿងរបស់អ៊ុយក្រែន ធ្វើដំណើរទៅមុខបាន។ កងទ័ពអ៊ុយក្រែនអះអាងថា ក្នុងចំណោមនាយទាហានទាំង២៣នាក់ នៅលើនាវា គឺមាន៦នាក់បានរងរបួសធ្ងន់ ដោយសារការបាញ់រះ របស់រុស្ស៊ី។

អ៊ុយក្រែន ចង់ប្រើច្បាប់អាជ្ញាសិក ដើម្បីការពារខ្លួន

ភ្លាមៗក្រោយកើតហេតុនេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអំពាវនាវសុំឲ្យសម្ព័ន្ធមិត្តលោកខាងលិច រួមគ្នាទប់ទល់កម្លាំង ជាមួយសកម្មភាពប្រហ៊ើនក្អេងក្អាង របស់រុស្ស៊ី។ ក្នុងវេលាយប់ភ្លាមៗនោះ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន បានប្រជុំបន្ទាន់ ហើយបានសម្រេចស្នើទៅកាន់លោកប្រធានាធិបតី បេត្រូ ប៉ូរ៉ូឆិនកូ ថាត្រូវតែដាក់ចុះនូវការអនុវត្តច្បាប់អាជ្ញាសិក រយៈពេល៦០ថ្ងៃ។

រដ្ឋាភិបាលអ៊ុយក្រែន អះអាងថា ច្បាប់អាជ្ញាសិក មិនមែនមានន័យថា អ៊ុយក្រែន ប្រកាសសង្រ្គាម ជាមួយរុស្ស៊ីទេ តែគឺអ៊ុយក្រែន ត្រៀមការពារខ្លួនប៉ុណ្ណោះ។ អ៊ុយក្រែន លើកឡើងថា​ ការបាញ់រះមកលើនាវាចម្បាំងរបស់ខ្លួននេះ គឺជាទង្វើដ៏ឆ្កួតលីលា ដែលរុស្ស៊ីធ្វើមកលើខ្លួន ហើយថាប្រតិបត្តិការនេះ គឺជាប្រតិបត្តិការ​ដែលរុស្ស៊ី បានត្រៀមរៀបចំទុករួចយូរមកហើយ។

រដ្ឋាភិបាលអ៊ុយក្រែន បានស្នើទៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយរឿងនេះ។ ដូចគ្នា បើតាមប្រភពពីAFP ភាគីរុស្ស៊ី ក៏បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ ប្រជុំបន្ទាន់ដែរ។ តាមការគ្រោងទុក នៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងញូយ៉ក និងបើកសម័យប្រជុំពិសេសមួយ។

“រុស្ស៊ីធ្វើសកម្មភាពបំពានច្បាប់អន្តរជាតិ”

ច្រក Kertch ជាច្រកតែមួយគត់ ឆ្លងពីសមុទ្រខ្មៅ ចូលទៅសមុទ្រអាហ្សូវ។ កាលពីមុន នៅពេលដែលគ្រីមេ ស្ថិតក្នុងការគ្រប់គ្រង របស់អ៊ុយក្រែន ក៏អ៊ុយក្រែនមិនបានបានហាមឃាត់ចរាចរណ៍ នាវារបស់រុស្ស៊ីទេ។ ប៉ុន្តែ បន្ទាប់ពីរុស្ស៊ីបានទៅគ្រប់គ្រងតំបន់គ្រីមេ រុស្ស៊ី បានទាមទារ គ្រប់គ្រងដែនទឹក ដែលនៅជុំវិញតំបន់គ្រីមេទាំងអស់។ ច្រកKertch ត្រូវស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ីទាំងស្រុង។

បញ្ហាបានចាប់ផ្តើម កើតឡើង នៅឆ្នាំ២០១៧ បន្ទាប់ពីរុស្ស៊ី បានសាងសង់ស្ពានសមុទ្រ ឆ្លងកាត់ច្រកនេះ ឆ្លងពីទឹកដីរុស្ស៊ីភាគខាងលិច ទៅតំបន់គ្រីមេ។ ស្ពានឆ្លងនេះ បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ចរាចរណ៍របស់នាវាដឹកទំនិញគ្រប់មុខ របស់អ៊ុយក្រែន។ បន្ទាប់មកទៀត ចាប់ពីដើមឆ្នាំ២០១៨នេះ កងទ័ពព្រំដែនសមុទ្ររុស្ស៊ី បានតម្រូវឲ្យនាវារបស់អ៊ុយក្រែនទាំងអស់ ត្រូវតែឈប់ចត ដើម្បីឲ្យរុស្ស៊ីត្រួតពិនិត្យសិន មុននឹងធ្វើដំណើរចូលទៅសមុទ្រអាហ្សូវបាន។

ឥឡូវពេលនេះ រុស្ស៊ីបានប្រើអាវុធមកលើនាវាចម្បាំង​អ៊ុយក្រែន សម្រាប់អ៊ុយក្រែន និងប្រទេសលោកខាងលិច គឺគេមិនអាចទទួលយកបានទេ។ សហភាពអឺរ៉ុប អាល្លឺម៉ង់ និងអង្គការអូតង់ បានប្រតិកម្មព្រមៗគ្នា នៅថ្ងៃនេះថា សកម្មភាពរារាំង ដោយប្រើអាវុធ ហើយ​បិទច្រកសមុទ្រនេះ ពីសំណាក់រុស្ស៊ី គឺជាសកម្មភាពហួសហេតុ ផ្ទុយនឹងច្បាប់អន្តរជាតិ។ បន្តែ បន្ទាប់ពីមានប្រតិកម្មរិះគន់ទាំងនេះ អាជ្ញាធររុស្ស៊ី បានសម្រេចបើកច្រកសមុទ្រ Kertch នេះវិញ នៅព្រឹកថ្ងៃចន្ទ ទី២៦វិ​ច្ឆិកា។

គួរបញ្ជាក់ដែរថា សមុទ្រអាហ្សូវនេះ គឺវាជាប់ជាមួយនឹងភាគខាងត្បូងនៃតំបន់ដុងបាស ដែលជាតំបន់មានសង្រ្គាមផ្តាច់ទឹកដី រវាងក្រុមប្រដាប់អាវុធទំនុកបំរុង​ដោយរុស្ស៊ី ជាមួយ នឹង​កងទ័ពអ៊ុយក្រែន។ អ្នកវិភាគខ្លះ លើកឡើងថា រុស្ស៊ីបានចិញ្ចឹមចិត្ត ចង់​ដណ្តើម​តំបន់នេះ ជាយូរមកហើយ។ បើបានតំបន់ភាគខាងកើតអ៊ុយក្រែន សមុទ្រអាហ្សូវ​ទាំងមូល នឹងស្ថិត​ក្នុងដៃរុស្ស៊ី។ គ្រីមេ គឺជាជោគជ័យ ដំណាក់កាលទីមួយ របស់រុស្ស៊ី នៅក្នុងមហិច្ឆិតា​វាទទីនេះ។ មន្ត្រីអ៊ុយក្រែនខ្លះ បានទាំងលើកឡើង ទៀតផង ថាថ្ងៃណាមួយ រុស្ស៊ីអាចនឹង​ប្រើ​កម្លាំង វាយសង្រ្គប់ ទៅលើទីក្រុង ម៉ារីយូប៉ូល ដែលជាទីក្រុងធំជាងគេរបស់អ៊ុយក្រែន នៅជាប់នឹងមាត់សមុទ្រអាហ្សូវនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ