រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកBrexit លាឈប់ ទុកឲ្យលោកស្រីតេរ៉េហ្សា ម៉េ តែលតោល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៨
រដ្ឋាភិបាលអង់គ្លេស របស់លោកស្រី តេរ៉េហ្សា ម៉េ កំពុងជួបគ្រោះវឹកវរ ដោយសារលោករដ្ឋមន្ត្រីទទួលបន្ទុកចរចា ការចាកចេញពីសហភាពអឺរ៉ុប ទើបតែបានប្រកាសលាលែងចេញពីតំណែង។ ការប្រកាសលាលែងនេះ គឺធ្វើឡើងតែ២ថ្ងៃ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានដាក់សំណើរទៅកាន់សមាជិករដ្ឋាភិបាលខ្លួន ស្តីអំពីការគូសវាសទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប បន្ទាប់ពីអង់គ្លេសចាកចេញជាស្ថាពរ។ អ្នកនយោបាយអង់គ្លេស ដែលស្អប់សហភាពអឺរ៉ុប បានចាត់ទុកគំរោងរបស់លោកស្រីតេរ៉េហ្សា ម៉េ ថាមានជំហរទន់ជ្រាយ ហើយដែលធ្វើឲ្យអង់គ្លេសខាតបង់ច្រើន ជាពិសេសគឺវាឃ្លាតឆ្ងាយ ពីស្មារតីចង់បានរបស់ប្រជាជនអង់គ្លេស ដែលបានបោះឆ្នោតប្រជាមតិ គាំទ្រការបំបែកខ្លួនចេញពីសហភាពអឺរ៉ុប។
កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកស្រី បានសម្រេចជោគជ័យ ដោយបានទទួលការគាំទ្រពីសំណាក់ សមាជិករដ្ឋាភិបាលអង់គ្លេសទាំងអស់ ទាក់ទិននឹងការគូសវាសថាអង់គ្លេស ត្រូវមានទំនាក់ទំនងអ្វីខ្លះ ជាមួយអឺរ៉ុប ក្រោយពេលអង់គ្លេសផ្តាច់ខ្លួនចេញ។ ក៏ប៉ុន្តែស្រាប់តែនៅថ្ងៃអាទិត្យម្សិលមិញ លោករដ្ឋមន្ត្រីទទួលបន្ទុកការចរចានេះ បែរជាលាឈប់ទៅវិញ។ ការលាលែងចេញពីតំណែង របស់លោក David Davis រដ្ឋមន្ត្រីទទួលបន្ទុកBrexit នេះ វាហាក់ដូចជាគ្រាប់បែក ដាក់បំផ្ទុះនៅពីក្រោមជើងរដ្ឋាភិបាល របស់លោកស្រីតេរ៉េហ្សា ម៉េ ដូច្នោះដែរ។
David Davis រដ្ឋមន្ត្រីដែលមិនអាចធ្វើតាមបង្គាប់នាយករដ្ឋមន្ត្រី
លោក David Davis គឺជាអ្នកនយោបាយ ដែលមានទំនោរឯករាជ្យនិយម ហើយត្រូវគេសង្កេតឃើញថា គាត់ចូលចិត្តធ្វើអ្វី តាមតែចិត្តចង់បានតែម្នាក់ឯងប៉ុណ្ណោះ។ ស្ថិតក្នុងវ័យ៦៩ឆ្នាំ លោក David Davisនេះ ត្រូវគេស្គាល់ផងដែរ ថាជាអ្នកនយោបាយ ដែលស្អប់សហភាពអឺរ៉ុប និងមិនពេញចិត្តទីផ្សារសេដ្ឋកិច្ចរួមរបស់សហភាពអឺរ៉ុប។ ហេតុដូច្នេះហើយ បានគាត់បានចូលរួមធ្វើការឃោសនា បំផុសបំផុលជាមួយនឹងក្រុមគណបក្ស UKIP ដើម្បីជំរុញឲ្យប្រជាជនអង់គ្លេស បោះឆ្នោតគាំទ្រ ការចាកចេញពីសហភាពអឺរ៉ុប។
ភ្លាមៗ ក្រោយប្រជាមតិកាលពីខែមិថុនា ២០១៦ គាត់ត្រូវបានលោកស្រី តេរ៉េហ្សា ម៉េ តែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីទទួលបន្ទុក Brexit ពោលគឺទទួលបន្ទុកការចរចា ជាមួយសហភាពអឺរ៉ុប ស្តីពីដំណើរការផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ ២ឆ្នាំមកនេះ បញ្ហាផ្តាច់ខ្លួនចេញពីអឺរ៉ុប របស់អង់គ្លេស គឺជាសំណុំរឿងឈឺក្បាលបំផុត សម្រាប់រដ្ឋភិបាលអង់គ្លេស។ ព្រោះអង់គ្លេស ត្រូវជ្រើសរើស ថាត្រូវផ្តាច់ខ្លួនរបៀបណា។ គេត្រូវជ្រើសយកBrexit រឹង Brexit ទន់? Brexit រឹង មានន័យថា អង់គ្លេស ត្រូវធ្វើខ្លួនឲ្យរឹងមាំ ចរចាផ្តាច់ខ្លួនចេញពីអឺរ៉ុប ឲ្យដាច់ស្រលះ។ រីឯ Brexit ទន់ វិញមានន័យថា អង់គ្លេសត្រូវយល់ព្រមបន្ទន់ខ្លះ ហើយបន្តរក្សាវិស័យខ្លះ ឲ្យស្រប ឬស្ថិតនៅក្នុងបទដ្ឋានច្បាប់របស់សហភាពអឺរ៉ុប។
គឺបញ្ហាខ្ទាស់គ្នា រវាងគោលជំហរទាំង២នេះហើយ ដែលស្តែងឲ្យឃើញនាពេលនេះ ជាមួយនឹងការលាឈប់របស់លោក រដ្ឋមន្ត្រីទទួលបន្ទុកចរចានេះ។ លោក David Davis បានសរសេរ នៅក្នុងលិខិតលាឈប់ថា៖ “ផលប្រយោជន៍ជាតិ បានតំរូវឲ្យអង់គ្លេស ត្រូវតែមានរដ្ឋមន្ត្រីទទួលបន្ទុក Brexit មួយរូប ដែលជឿជាក់យ៉ាងមោះមុត ទៅនឹងគោលគំនិតចង់បាន របស់នាយករដ្ឋមន្ត្រី មិនមែនគ្រាន់តែជាមនុស្សម្នាក់ដែលស្ទាក់ស្ទើរ ហើយរឹងទទឹងនោះទេ”។
សម្តីនេះ មានន័យយ៉ាងច្បាស់ថា លោក David Davis មិនយល់ស្រប ហើយមិនអាចធ្វើតាមការចង់បានរបស់លោកស្រីតេរ៉េហ្សាម៉េ បានទេ ដូច្នេះលោកមិនសក្តិសមនឹងបន្តការងារនេះបានតទៅទៀតឡើយ។ ក្រៅពីលោក David Davis នេះ នៅមានមន្ត្រីទីប្រឹក្សា២នាក់ របស់គាត់ ក៏បានលាលែងចេញពីតំណែងដែរ។
Brexitទន់របស់លោកស្រីតេរ៉េហ្សា ម៉េ៖ ចេញដូចមិនចេញ
តាំងពីដំបូង លោកស្រី តេរ៉េហ្សា ម៉េ មានជំហរចង់ចរចា Brexitរឹងដែរ។ ប៉ុន្តែ២ឆ្នាំមកនេះ លទ្ធភាពកាន់តែរួមតូច ព្រោះភាគីសហភាពអឺរ៉ុប គេមិនអាចអនុញ្ញាតិឲ្យអង់គ្លេស ទាមទារបានតាមតែចិត្តនោះទេ។ បើអង់គ្លេស ចង់ទទួលផលពីទីផ្សារសេដ្ឋកិច្ចរបស់អឺរ៉ុប អង់គ្លេសត្រូវតែបន្ទន់ខ្លះ ដើម្បីគោរពច្បាប់ និងបទដ្ឋានសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដែរ។
ដោយបញ្ហានេះហើយ បានជាពេលនេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានសម្រេចជ្រើសយក Brexitទន់វិញ។ តាមការគ្រោងទុក សៀវភៅស កំរាស១២០ទំព័រ ដែលក្នុងនោះមានសរសេររៀបរាប់លំអិត ស្តីពីទំនាក់ទំនងរវាងអង់គ្លេស និងអឺរ៉ុប នឹងត្រូវចេញផ្សាយជាសាធារណៈ នៅក្នុងសប្តាហ៍នេះហើយ។ បើតាមការបញ្ជាក់ឲ្យដឹងត្រួសៗ ពីរដ្ឋាភិបាលអង់គ្លេស គឺ លោកស្រីតេរ៉េហ្សា ម៉េ បានយល់ព្រម ឲ្យបង្កើតតំបន់ដោះដូរទំនិញដោយសេរី រវាងអង់គ្លេស និងសហភាពអឺរ៉ុប ដោយគោរពទៅតាមបទដ្ឋានច្បាប់អឺរ៉ុប ទាក់ទិននឹងទំនិញឧស្សាហកម្ម និងកសិកម្មគ្រប់មុខ។
ចំណែកវិស័យសេវាកម្មវិញ អង់គ្លេស ចង់ការពារវិស័យនេះរបស់ខ្លួន ឲ្យបានច្រើន ដូច្នេះផ្នែកសំខាន់ៗនៃវិស័យនេះ មួយចំនួន ដែលជាវិស័យនាំមុខរបស់អង់គ្លេស គឺអង់គ្លេសមានសិទ្ធិសម្រេច មិនស្ថិតក្រោមបទដ្ឋានរបស់អឺរ៉ុប។ ទាក់ទិននឹងវិស័យពន្ធដាវិញ លោកស្រីតេរ៉េហ្សា ម៉េ មានបំណងឲ្យអង់គ្លេសមានសិទ្ធិកំណត់ពន្ធដោយខ្លួនឯង។ ក៏ប៉ុន្តែអង់គ្លេស អាចយល់ព្រមអនុវត្តពន្ធរបស់អឺរ៉ុប បើពន្ធនោះមានអត្រាខ្ពស់ជាង ហើយសុខចិត្តអនុវត្តអត្រាពន្ធខ្លួន ដែលទាបជាងពន្ធអឺរ៉ុប បើសិនទំនិញ ត្រូវនាំចេញទៅ ប្រទេសអឺរ៉ុបទាំង២៧។ ចំណុចនេះ ត្រូវបានរដ្ឋាភិបាលអង់គ្លេស ចាត់ទុកថាជាដំណោះស្រាយ ទាក់ទិននឹងបញ្ហាព្រំដែន រវាងអៀរឡើងខាងជើង ដែលជាទឹកដីអង់គ្លេស និងប្រទេសអៀរឡង់ ដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ អង់គ្លេសបានសុខចិត្ត ព្រមគោរពយុត្តាធិការ របស់តុលាការយុត្តិធម៌អឺរ៉ុប ក្នុងករណីដែលច្បាប់រួមអឺរ៉ុបត្រូវយកមកអនុម័ត។
ជារួម យើងឃើញថា លោកស្រី តេរ៉េហ្សា ម៉េ ដែលពីមុន ចង់ចាកចេញពីទីផ្សារសេដ្ឋកិច្ច តែមួយរបស់អឺរ៉ុបនោះ ពេលនេះ ហាក់កំពុងធ្វើគ្រប់យ៉ាង ដើម្បីបន្ត ស្ថិតនៅក្នុងទីផ្សារនេះតទៅទៀត។ តែយ៉ាងណាក៏ដោយ ទាំងអស់នេះ មិនមែនមានន័យថា សហភាពអឺរ៉ុប នឹងយល់ព្រមនោះទេ។ តាមសំដី របស់អ្នកតំណាងសហភាពអឺរ៉ុបខ្លះ បានលើកឡើងថា ការចង់បានរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសនេះ នឹងធ្វើឲ្យមានបញ្ហា ដល់ប្រព័ន្ធទីផ្សារតែមួយរបស់អឺរ៉ុប។ ពាក្យថាទីផ្សារតែមួយ តែអង់គ្លេស បែរជាចង់បែងចែកផ្នែកពន្ធធ្វើផ្សេង ផ្នែកសេវាកម្មធ្វើផ្សេង ហើយផ្នែកចរាចរណ៍ទំនិញធ្វើផ្សឹងទៅវិញ។ ទីផ្សារតែមួយ វាលែងតែមួយទៀតហើយ។ ប្រទេសទាំង២៧ផ្សេងទៀត គេអាចមិនយល់ព្រមនោះទេ។
លោកស្រីតេរ៉េហ្សា ម៉េ កាន់តែងាយរងគ្រោះ
ទោះចង់មិនចង់ ពេលនេះ លោកស្រី តេរ៉េហ្សា ម៉េ កំពុងស្ថិតក្នុងកាលៈទេសៈមួយដ៏លំបាកណាស់។ បញ្ហានេះ មានន័យថា លោកស្រីតេរ៉េហ្សា ម៉េ កំពុងបាត់បង់ភាពជាអ្នកដឹកនាំក្នុងរដ្ឋាភិបាល បាត់បង់កម្លាំងឥទ្ធិពល ក្នុងនាមជានាយករដ្ឋមន្ត្រី។ នៅថ្ងៃនេះ លោកស្រី ត្រូវចូលទៅជួប សមាជិកសភាអង់គ្លេសទាំងអស់។ តាមការស្មាន អង្គប្រជុំសភានេះ នឹងប្រកបដោយ ការស្រែកតវ៉ា ចោទប្រកាន់យ៉ាងតឹងសរសៃកជាក់ជាមិនខានទេ។
ការចាកចេញពីរដ្ឋាភិបាល របស់លោករដ្ឋមន្ត្រីទទួលបន្ទុកBrexitនេះ នឹងធ្វើឲ្យក្រុមអ្នកនយោបាយអង់គ្លេស ដែលមានជំហរប្រឆាំងលោកស្រីតេរ៉េហ្សា ម៉េស្រាប់នោះ កាន់តែពុះកញ្ជ្រោលខ្លាំង ជាពិសេសនៅក្នុងសភាតែម្តង។ អ្នកខ្លះ បានទាំងនិយាយថា លោកស្រី តេរ៉េហ្សា ម៉េ អាចត្រូវបង្ខំចិត្តរុះរើរដ្ឋាភិបាល ទាំងមូល ឬមិនដូច្នោះទេ អាចត្រូវចុះចេញពីតំណែងខ្លួនឯងផង។
អ្វីដែលគេព្រួយបារម្ភមួយទៀតនោះ គឺគេខ្លាចថា លោក Boris Johnson រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងលាលែងពីតំណែងដែរ។ កាលពីពេលប្រជុំនៅថ្ងៃសុក្រ ដែលលោកស្រីតេរ៉េហ្សា ម៉េ បានធ្វើបទបង្ហាញពីអំពីគំរោង Brexit របស់គាត់នោះ លោក Boris Johnson បានបន្លឺថា បើការពារគាំទ្រគំរោងនេះ គឺមិនខុសពីលាងសំអាតលាមក ឲ្យក្រអូបនោះទេ។
តែយ៉ាងណា បើយើងសម្លឹងមើលអត្តចរិក របស់លោកស្រី តេរ៉េហ្សា ម៉េ យើងឃើញថាគាត់មិនមែនជាមនុស្សទន់ជ្រាយទេ។ កាលពីពេលថ្មីៗនេះ គាត់បាននិយាយថា ពីមុន គាត់បើកទូលាយ ឲ្យសមាជិករដ្ឋាភិបាលខ្លះនិយាយអ្វីតាមការចិត្ត។ តែចាប់ពីពេលនេះទៅ មិនអាចធ្វើបានទៀតឡើយ បើជិះទូកជាមួយគ្នា ត្រូវតែជួយចែវគ្នា ហើយទទួលខុសត្រូវទាំងអស់គ្នា។ សម្តីនេះ មានន័យថា អ្នកណាមិនពេញចិត្តគាត់ ដើរចេញចុះ តើបើនៅត្រូវដើរឲ្យស្របគ្នានឹងគាត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ