អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្វាំងឡង់ ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តីសុខ​សុភមង្គល ជាងគេ​លើ​លោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសហ្វាំងឡង់ ស្ថិតនៅទ្វីបអឺរ៉ុប ភាគខាងជើង ទើបតែត្រូវបាន​គេចាត់ថ្នាក់ ថាជាប្រទេស ដែលប្រជាជន មានសេចក្តីសុខសុភមង្គល ​ល្អជាងគេបង្អស់ នៅលើលោក។ ការចាត់ថ្នាក់ប្រចាំឆ្នាំនេះ ធ្វើឡើងដោយអង្គការសហប្រជាជាតិ​ ដោយយោងទៅលើការវាយតម្លៃ របស់ប្រជាជនដែលរស់នៅ​ តាមប្រទេសនីមួយៗ។ កាលពីឆ្នាំ២០១៨ ប្រទេសហ្វាំងឡង់ បានជាប់ចំណាត់ថ្នាក់លេខ១ដដែលនេះ ម្តងរួចហើយ។ តើហ្វាំងឡង់ ដែលជាប្រទេសមានសីតុណ្ហភាព ត្រជាក់ខ្លាំង និងពុំសូវមានពន្លឺព្រះអាទិត្យនេះ មានអាថ៌កំបាំង​អ្វីខ្លះ​ ទើប​ធ្វើឲ្យប្រជាជនខ្លួន មានសេក្តី​សុខសុភមង្គល លើសគេបែបនេះ?

នារីហ្វាំងឡង់ ចែកទូកកម្សាន្តក្នុងបឹង Pallas តំបន់ Kittilae នៅរដូវក្តៅ បន្ទាប់​ពិ​ឆ្លងកាត់​រដូវត្រជាក់​​ប្រមាណ​​៦ខែ។ ថ្ងៃទី​​១៨ កក្កដា​ ២០១៩
នារីហ្វាំងឡង់ ចែកទូកកម្សាន្តក្នុងបឹង Pallas តំបន់ Kittilae នៅរដូវក្តៅ បន្ទាប់​ពិ​ឆ្លងកាត់​រដូវត្រជាក់​​ប្រមាណ​​៦ខែ។ ថ្ងៃទី​​១៨ កក្កដា​ ២០១៩ Otto PONTO / Lehtikuva / AFP
ផ្សាយពាណិជ្ជកម្ម

កាលណាគេនិយាយពីប្រទេសហ្វាំងឡង់ គឺគេនឹកដល់ ទៅរូបភាពមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពទឹកកកសំឡីសក្បុស ដើមឈើនានាត្រូវគ្រប់ដណ្តប់ ទៅដោយទឹកកក​ ក្នុងសីតុណ្ហភាពយ៉ាងត្រជាក់ ពិបាកទ្រាំ។ ស្ថិតនៅខាងជើងបង្អស់នៃទ្វីបអឺរ៉ុប ជាប់ជាមួយនឹងដែនមហាសមុទ្រទឹកកកអាកទិក ហ្វាំងឡង់ មានរដូវរងារត្រជាក់ខ្លាំង មានរយៈពេលវែងសឹងតែកន្លះឆ្នាំ។ ៦ខែក្នុងមួយឆ្នាំ ប្រជាជនហ្វាំងឡង់ សឹងតែមិនដែលបានឃើញ​ពន្លឺព្រះអាទិត្យទេ ដោយត្រូវរស់នៅក្នុងបរិយាកាសមេឃមីប្រផេះៗ ស្រទុំជាប្រចាំ។

ធ្លាប់ជាប្រទេស ដែលមាន​ករណីធ្វើអត្តឃាតច្រើនបំផុត

មានមតិយល់ឃើញជាច្រើន តែងតែលើកឡើងថា ពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់ ព្រោះវាជះឥទ្ធិពលដោយផ្ទាល់ ទៅលើកត្តាចិត្តសាស្ត្ររបស់មនុស្ស។ ពេលណាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ មនុស្សរមែង​មានអារម្មណ៍ជ្រះថ្លាស្រលះល្អ ប្រកបដោយសេចក្តីសុខ។ ដោយឡែក ប្រទេសហ្វាំងឡង់ ដែលមានសីតុណ្ហភាពត្រជាក់នោះ គឺជាទីដែលប្រជាជន រស់នៅមានសេចក្តីសុខ សុភមង្គលជាងគេបង្អស់ បើប្រៀបធៀបទៅនឹងប្រទេសផ្សេង។ ចំណាត់ថ្នាក់នេះ គឺហ្វាំងឡង់ បានទទួលចំនួន២ឆ្នាំជាប់គ្នា ២០១៨ និង២០១៩។

ជាការពិត ហ្វាំងឡង់ ពិតជាមានចំណុចពិសេសអ្វីផ្សេងទៀត ដែលធ្វើឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសនេះ មានអារម្មណ៍ថា ពួកគេ រស់នៅមានសេចក្តីសុខ សុភមង្គល។ បើក្រឡេកមើលអតីតកាល នៅរវាងទសវត្សឆ្នាំ៩០ ប្រទេសហ្វាំងឡង់ ជាប្រទេសដែលមានចំនួនករណីធ្វើអត្តឃាត ខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់ពីប្រទេសហុងគ្រី។ ប្រជាជនហ្វាំងឡង់​ ធ្លាប់​ត្រូវបានគេយល់ថា ជាមនុស្សសោះអង្គើយ ឯកោ មិនសប្បាយចិត្ត ហាក់ពេញដោយកង្វល់អ្វីម្យ៉ាង។

ប៉ុន្តែប្រមាណជាង២០ឆ្នាំមកនេះ ស្ថាប័ន​សុខភាពសាធារណៈហ្វាំងឡង់​ បានធ្វើការយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់បញ្ហាការធ្វើអត្តឃាតនេះ។ បច្ចុប្បន្ន បើយោងតាមតួលេខរបស់អង្គកាសុខភាពពិភពលោក ហ្វាំងឡង់ បានធ្លាប់មកនៅលំដាប់ទី២២ ក្នុងចំណោមប្រទេសដែលមាន ចំនួនអត្តឃាតច្រើនបំផុត។

សតិអារម្មណ៍មិនស្រស់ថ្លា ពេញដោយកង្វល់ អាចទទួលឥទ្ធិពលពីកត្តាអាកាសធាតុដែលត្រជាក់ ពុំសូវមានពន្លឺព្រះអាទិត្យ។ តែយ៉ាងណា តែកាលណាមនុស្សម្នាក់​ មានវិបត្តិក្នុង​ចិត្ត ទោះចង់រស់​នៅទីណាក៏ដោយ ក៏មនុស្សនោះអាចប្រឈមនឹងការធ្វើអត្តឃាត​ដែរ។ លោកសាស្ត្រាចារ្យ Timo Partonen អះអាងថា បច្ចុប្បន្ននេះ នៅហ្វាំងឡង់ ប្រជាជនហាក់បើកចំហរច្រើន ហើយហ៊ាននិយាយពីវិបត្តិផ្លូវចិត្ត ព្រោះពួកគេមាន​អារម្មណ៍ថា សង្គមអាចជួយយកអាសារ ជ្រោមជ្រែងផ្នែកស្មារតី។

សេចក្តីសុខ​ផ្លូវកាយ និងផ្លូវចិត្ត ទាំងផ្ទាល់ខ្លួន និងក្នុងសង្គម

អារម្មណ៍រស់នៅមានសេចក្តីសុខមានសុភមង្គល គឺជាអារម្មណ៍ផ្ទាល់ខ្លួន ដែលមនុស្សម្នាក់ៗអាចវាយតម្លៃ។ ជីវិតមានសេចក្តីសុខ គឺជាជីវិតរស់នៅជាក់ស្តែង​ប្រចាំថ្ងៃ ដែលមនុស្សម្នាក់រំពឹងចង់បាន ហើយដែលគេយល់ថា វាគ្រប់គ្រាន់ ដូចអ្វីដែលមនុស្សនោះស្រម៉ៃចង់បាន មិនថា ការងារ គ្រួសារ ជីវិតឯកជន សុខភាព ការលំហែរ កត្តាសន្តិសុខ និងកត្តាសម្ភាៈជាដើម។

ពោលគឺឆ្លងកាត់​ការវាយតម្លៃ ទៅលើចំណុចទាំងអស់នេះ ពីសំណាក់ប្រជាជនជាច្រើននាក់ មកពីប្រទេស​ប្រមាណ​ជា​១៥៦ប្រទេស ទើបអនុញ្ញាតឲ្យក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ អាច​សន្មត់​​ថា​ ប្រជាជនហ្វាំងឡង់ រស់នៅមានសេចក្តីសុខ សុភមង្គលជាងគេ។

ប្រជាជនហ្វាំងឡង់ភាគច្រើន អះអាងថា ខ្លួនរស់នៅដោយស្ងប់ស្ងាត់ ដោយសេចក្តីសុខ មិនខ្វះអ្វី មិនថាផ្នែកសម្ភារៈ ឬក៏ផ្នែកទំនាក់ទំនងក្នុងសង្គម មិត្តភ័ក្តឬក្រុមគ្រួសារទេ។ បន្ថែមពីសេចក្តីសុខ ផ្លូវកាយនិងផ្លូវចិត្តនេះ ប្រជាជនហ្វាំងឡង់អះអាងថា ពួកគេរស់នៅប្រកបដោយសុវត្ថិភាព សន្តិសុខខ្ពស់បំផុត។ ពួកគេទទួលបាន នូវសេវាសាធារណៈ សឹងតែល្អឥតខ្ចោះ ពីរដ្ឋ។ ប្រព័ន្ធអប់រំទៀតសោត ក៏មានលក្ខណៈល្អប្រសើរ ដែលផ្តោតការយកចិត្តទុកដាក់ ទៅលើក្មេងគ្រប់កម្រិត ជាពិសេសក្មេងដែលមានការលំបាក ជាជាងការចាប់បង្ខំ ជំរុញ​ឲ្យក្មេង គិតតែពីប្រកួតប្រជែងគ្នា។

ជាការពិត សេចក្តីសុខសុភម្គល មិនអាស្រ័យតែទៅលើកត្តាបុគ្គលម្នាក់ៗទេ តែវាទទួលឥទ្ធិពល ដោយផ្ទាល់ ពីកត្តាសង្គម។ រដ្ឋាភិបាលហ្វាំងឡង់ បានព្យាយាមជាប្រចាំ ក្នុងការកាត់បន្ថយ វិសមភាព ឬគម្លាតគ្នានៅក្នុងសង្គម តាមរយៈការផ្តល់សេវាសាធារណៈ ដែលស្មើភាព និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋហ្វាំងឡង់ មានវិធានការ​ជាច្រើន ជួយដល់ប្រជាជនក្រីក្រ អ្នកដែលជួបបញ្ហាលំបាកផ្សេងៗ ឬមនុស្ស​ចាស់ជរាជាដើម។ សមភាពសង្គម យុត្តិធម៌សង្គម សាមគ្គីភាពក្នុងសង្គម ទាំងអស់នេះ គឺជាអាទិភាព នៃដំណើរការរដ្ឋបាល របស់ប្រទេសហ្វាំងឡង់។

មានទំនុកចិត្តលើខ្លួនឯង ហើយមិនត្រូវការអ្វីឲ្យលើសពីនេះ

គឺភាពល្អប្រសើរ នៃកត្តាសង្គម​ទាំងអស់នេះហើយ ដែលធ្វើឲ្យប្រជាជនហ្វាំងឡង់ម្នាក់ៗ មានទំនុកចិត្តលើខ្លួនឯង ហើយមិនបារម្ភខ្វាយខ្វល់អ្វី ហើយក៏មិនត្រូវការអ្វីឲ្យលើសពីនេះ ក្រៅតែពីរស់នៅយ៉ាងស្ងប់ស្ងាត់ ពោរពេញដោយសេចក្តីសុខ។ កត្តាធម្មជាតិ ក៏ជាផ្នែកមួយ ជំរុញឲ្យប្រជាជនហ្វាំងឡង់ ចូលចិត្តភាពស្ងប់ស្ងាត់ដែរ។ ហ្វាំងឡង់សំបូរទៅដោយព្រៃដើមសាប៉ាំង ហើយនឹងបឹងធម្មជាតិ ប្រមាណ១សែន៨ម៉ឺនបឹង។ ផ្ទះនៅជាប់​នឹងមាត់ទឹក អមដោយព្រៃឈើដាច់កន្ទុយភ្នែក គឺជាភាពស្ងប់ស្ងាត់ ដែលប្រជាជនហ្វាំងឡង់ស្រលាញ់បំផុត។ ប្រជាជនហ្វាំងឡង់ រស់នៅកៀកជាប់ជាមួយនឹងធម្មជាតិ ជាទីបំផុត។

យ៉ាងណាមិញ ប្រទេសនៅជុំវិញហ្វាំងឡង់ ដូចជាស៊ុយអែត ន័រវែស ដាណឺម៉ាក ជាដើម ដែលមានកត្តា​ភូមិសាស្ត្រ គំរូរដ្ឋបាល និងគំរូសង្គម ប្រហាក់ប្រហែលនិងហ្វាំងឡង់ ប្រទេសទាំងនេះ សុទ្ធសឹងតែជាប្រទេស​ ដែលជាប់ក្នុងចំណោម១០ប្រទេស ដែលប្រជាជន​រស់នៅ​មានសេចក្តីសុខបំផុត។

សេចក្តីសុខ មិនអាស្រ័យទៅលើភាពហ៊ឺហារ សម្ភារៈទំនើបៗ ឬផ្ទះធំស្កឹមស្កៃនោះទេ។ អ្វីដែលសំខាន់បំផុត គឺសេចក្តីសុខផ្លូវចិត្ត រស់នៅដោយសុខសាន្តក្នុងសង្គម និងជាមួយ​នឹង​ធម្មជាតិ​ដ៏​ស្ងប់ស្ងាត់។ ក៏ប៉ុន្តែសេចក្តីសុខសុភមង្គលរបស់ប្រជាជន នឹងមិនមានទេ ដរាបណា គ្មានការធានាពីអំណាចរដ្ឋបាល​ ក្នុងការរៀបចំ ឲ្យមានយុត្តិធម៌ និងសមធម៌ក្នុង​សង្គម។ រដ្ឋត្រូវធានា ឲ្យមានសេវាសាធារណៈ ដែលបំរើពលរដ្ឋ ក្នុងទិសដៅតែ​មួយគត់ គឺចង់ឲ្យពលរដ្ឋ បានប្រកបដោយសេចក្តីសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ