អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិជនភៀសខ្លួន ឆ្លងសមុទ្រមេឌីទែរ៉ាណេ ដ៏ច្រើនសន្ធឹក កំពុងតែអន្រួនប្រទេសអឺរ៉ុប ឲ្យរកាំរកូសនឹងគ្នា ដោយសារតែមិនមានការសាមគ្គីគ្នាពិតប្រាកដ។ អ៊ីតាលី ដែលស្ថិតនៅជួរមុខគេ នៃការមកដល់របស់ជនភៀសខ្លួនតាមទូកនេះ បានរ៉ាប់រងបញ្ហានេះ សឹងតែម្នាក់ឯង អស់៤ឆ្នាំកន្លងមកហើយ។ រដ្ឋាភិបាល​ថ្មីរបស់​​អ៊ីតាលី ដែលមាននិន្នាកាស្តាំនិយមជ្រុល ទើបតែបានបដិសេធ ឈប់ទទួលជនភៀសខ្លួនតទៅទៀត ដែលការណ៍នេះ បានបង្ខំឲ្យសហភាពអឺរ៉ុប ក៏ដូចជាប្រទេសអឺរ៉ុបផ្សេងទៀត ត្រូវរូតរះ រកដំណោះស្រាយទទួលខុសត្រូវម្តង។ នៅថ្ងៃអាទិត្យទី ២៤មិថុនានេះ កិច្ចប្រជុំពិសេសមួយ ត្រូវបានរៀបចំឡើងយ៉ាងបន្ទាន់ នៅទីក្រុងព្រុចសែល ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទិននឹងបញ្ហាជនភៀសខ្លួននេះ។

​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​សង្រ្គោះ​ ដោយនាវាAquarius សហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ថ្ងៃទី​​១២ មិថុនា​ ២០១៨
​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​សង្រ្គោះ​ ដោយនាវាAquarius សហការ​ជាមួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ ថ្ងៃទី​​១២ មិថុនា​ ២០១៨ Karpov / SOS Mediterranee/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បែកបាក់ រកាំរកូសនឹងគ្នា

ប្រទេសអឺរ៉ុប ឈ្លោះគ្នា ប្រកែកគ្នា ដោយសារតែបញ្ហានេះ ហើយកិច្ចប្រជុំនៅថ្ងៃនេះ ស្តែងឲ្យឃើញយ៉ាងច្បាស់ ថានៅអឺរ៉ុបបច្ចុប្បន្ននេះ គឺសក់អ្នកណាក្បាលអ្នកហ្នឹង គ្មានការសាមគ្គីគ្នាទេ។ យ៉ាងណាមិញ កិច្ចប្រជុំបន្ទាន់ទាំងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកនេះ គឺមានប្រទេសតែ១៦ចូលរួមទេ ក្នុងចំណោមប្រទេសទាំង២៧។ ក្នុងនោះមានជាអាថទិ៍ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី អូទ្រីសជាដើម។ ចំណែកប្រទេសមួយចំនួនទៀត មានដូចជា ប៉ូឡូញ សាធារណៈរដ្ឋឆេក ស្លូវ៉ាគី និងហុងគ្រី ដែលមាននិន្នាការ មិនចង់ដោះស្រាយ ឬមិនខ្វាយខ្វល់ ពីបញ្ហាជនភៀសខ្លួននេះ បានបដិសេធ មិនមកប្រជុំទេ មាន ព្រោះគេថាវាគ្មានប្រយោជន៍។ ប្រទេសទាំង៤នេះលើកឡើងថា ចង់អឺរ៉ុបដាក់ចុះដំណោះស្រាយយ៉ាងម៉េចក៏ដោយ​ ក៏គេមិនយល់ព្រមដែរ គឺគេដឹងតែបិទទ្វារ មិនទទួលយកជនភៀសខ្លួនណាទាំងអស់។

យើងឃើញថា អឺរ៉ុប ពុះចែកជាពីរទៅហើយ ក្នុងបញ្ហានេះ។ ហើយក្នុងចំណោមអ្នកដែលព្រមមកប្រជុំនេះសោត ក៏មិនសូវជាត្រូវគ្នាដែរ។ អ៊ីតាលី មុនដំបូងថាមិនមកចូលរួមទេ តែចុងក្រោយដោយសារលោកស្រី អង់ហ្គេឡា មែរគែលអង្វរខ្លាំង ក៏បានសុខចិត្តមកប្រជុំ។ ជាការពិត ក្នុងចំណោមប្រទេសទាំងអស់ បើមានប្រទេសមួយ ដែលអន់ចិត្ត ខឹងខ្លាំងជាងគេ ក្នុងបញ្ហានេះ គឺអ៊ីតាលីនេះឯង ព្រោះថា ប្រទេសនេះ បានរ៉ាប់រងបញ្ហាជនភៀសខ្លួននេះ សឹងតែម្នាក់ឯង អស់៤ឆ្នាំមកហើយ។ ជនភៀសខ្លួនរាប់សែននាក់ បានមកដល់ដីអ៊ីតាលី រីឯប្រទេសផ្សេងទៀត មិនអើរពើរ ដោយយកលេសថា ជនភៀសខ្លួនមកដល់ប្រទេសណាមុនគេ គឺប្រទេសនោះហើយ ជាអ្នកដោះស្រាយ។

អ៊ីតាលី និងបារាំង បោះសម្តីដាក់គ្នា

ទើបតែរដ្ឋាភិបាលថ្មី របស់អ៊ីតាលី ដែលទើបតែចូលមកកាន់ដំណែងនេះទេ ដែលអ៊ីតាលី បានសម្រេចចិត្តលេងធម៌ក្តៅ ឈប់ទទួលយកជនភៀសខ្លួន។ កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលអ៊ីតាលី បានបដិសេធមិនឲ្យនាវាសង្រ្គោះជនភៀសខ្លួន របស់អង្គការបារាំង Aquarius ចូលចតទេ។ នាវាដែលបានស្រង់ជនភៀសខ្លួន ជាង៦០០នាក់នោះ បានតែលតោលក្នុងសមុទ្រជាច្រើនថ្ងៃ ហើយទីបំផុតអេស្ប៉ាញបានសម្រេចចិត្តទទួល។ សូម្បី​តែ​បារាំង ដែលមានឆ្នេរជិតជាងអេស្ប៉ាញ ក៏មិនបានហារមាត់ថាទទួលដែរ។ បញ្ហានេះ​ត្រូវ​បាន​ប្រជាជន​បារាំង រិះគន់រដ្ឋាភិបាលលោកម៉ាក្រុងមិនស្ទើរទេ។

ក្រោយមក រដ្ឋាភិបាលបារាំង និងអ៊ីតាលី បានទាំងផ្លែផ្កា ឌឺដងដាក់គ្នាទៀតផង។ បារាំង​ចោទ​អ៊ីតាលី ថាចិត្តដាច់គ្មានធម៌មត្តា មិនព្រមឲ្យនាវាចូលចត រីឯអ៊ីតាលីវិញ បានឆ្លើយ​មក​​វិញ​ថា អ៊ីតាលីចិត្តធម៌៤ឆ្នាំហើយ គ្មានប្រទេសណាផ្សេងចេញមុខមកជួយទេ។ បើបារាំង ចិត្តធម៌ជាងអ៊ីតាលីណាស់ សូមបារាំងបើកកំពុងផែ ទទួលនាវាសង្រ្គោះជនភៀសខ្លួន​ ខ្លួនឯងទៅ។

កាលពីថ្ងៃសៅរ៍ទី ២៣មិថុនាម្សិលមិញ លោកម៉ាក្រុង បានជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ។ ក្រោយប្រជុំនេះ លោកម៉ាក្រុង បានថ្លែងចំពោះមុខអ្នកកាសែតថា ប្រទេសសមាជិកអឺរ៉ុបទាំងអស់ ល្មមឈប់យកគំនិតជាតិនិយមជ្រុល មកដាក់បាំងមុខទៀតទៅ ត្រូវតែរួមគ្នាសាមគ្គីដោះស្រាយ មិនត្រូវយករួចខ្លួនទេ។ ហើយកាលពីថ្ងៃព្រហស្បតិ៍ លោកម៉ាក្រុង បានប្រដូចគំនិតជាតិនិយមជ្រុល របស់ប្រទេសមួយចំនួននេះ ទៅនឹងជំងឺឃ្លង់ទៀតផង។

សម្តីទាំងនេះ ត្រូវបានលោក Matteo Salvini រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី ចាត់ទុកថា លោកម៉ាក្រុង មានសម្តីព្រហ៊ើនក្អេងក្អាង មើលងាយគេឯង។ លោករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បានបោះសម្តីមកវិញថា បើបារាំងគ្រាន់បើ សូមឈប់ជេរគេទៀតទៅ ហើយត្រូវចាត់វិធានការជាក់ស្តែង បើកកំពង់ផែ ទទួលជនភៀសខ្លួនទៅ ហើយកុំមកចង់យកប្រាក់បន្តិចបន្តួចមកទិញទឹកចិត្តអ៊ីតាលី ឲ្យអ៊ីតាលី ក្លាយជាជំរំទទួលជនភៀសខ្លួន តែម្នាក់ឯងឲ្យសោះ។

បង្កើតជំរំបិទជិត ស្រាក់លុយគ្នា បែងចែកកូតា

ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួននេះ មានសំណើរមួយចំនួន ដែលលោកម៉ាក្រុង បានព្រមព្រៀងគ្នា ជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ។ គំរោងទាំងនោះ មានជាដំបូង គឺបង្កើតជាជំរំបិទជិត ដើម្បីទទួលជនភៀសខ្លួន នៅតាមព្រំដែនខាងក្រៅរបស់អឺរ៉ុប នៅទីកន្លែងដែលជនភៀសខ្លួន បានមកជាន់ដីអឺរ៉ុបដំបូងគេបំផុត។ ជំរំទាំងនោះ ត្រូវគោរពតាមបទដ្ឋានរបស់អង្គការ UNHCR ហើយប្រទេសអឺរ៉ុប ត្រូវសហការគ្នា ធ្វើវិភាគទាន បង្កើតកញ្ចប់ថវិកាដើម្បីថ្ងៃចាយ​វាយភ្លាមៗ ព្រមទាំងពន្លឿន​​ការរៀបចំ បែបបទឯកសារសុំសិទ្ធិជ្រកកោន របស់ជនភៀសខ្លួនម្នាក់ៗ។

បារាំង ចង់បង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងទិនន្ន័យរួមមួយ សម្រាប់ទាំងអស់គ្នា ដើម្បីស្រង់ស្ថិតិ និងពិនិត្យ លើករណីរបស់ជនភៀសខ្លួនៗម្នាក់ៗ។ គំនិតរបស់បារាំង គឺត្រូវបែងចែក ជនភៀសខ្លួន ដែលបំពេញលក្ខខណ្ឌ ជាជនភៀសខ្លួននយោបាយ ដោយសារប្រទេសពួកគេមានសង្រ្គាមជាដើម។ ចំណែកជនភៀសខ្លួនមួយប្រភេទទៀត ដែលជាជនភៀសខ្លួនសេដ្ឋកិច្ច គឺគេមិនទទួលទេ ហើយត្រូវបញ្ជូនទៅប្រទេសដើមវិញ។

បើពិនិត្យឲ្យស៊ីជំរៅ គំនិតរបស់លោកម៉ាក្រុង គឺធ្វើឲ្យមានការសហការគ្នា ទីមួយផ្នែកថវិកា ទី២គឺត្រូវមានកូតាទទួលយកជនភៀសខ្លួន ក្នុងចំនួនកំណត់ មិនមាននរណារួចខ្លួនទេ។ លោកម៉ាក្រុង បានអះអាងថា លោកចង់ឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មទៅលើប្រទេសសមាជិកណា ដែលមិនព្រមសាមគ្គី។ ទណ្ឌកម្មនោះ គឺជាការកាត់ប្រាក់ឧបត្ថម្ភរបស់អឺរ៉ុប។ លោកម៉ាក្រុង លើកឡើងថា ប្រទេសខ្លះ មិនអាចបន្តយកលុយកេងចំណេញ​ពីអឺរ៉ុបទេ បើសិនជាប្រទេសនោះ មិនព្រមរួមសាមគ្គីជាមួយប្រទេសផ្សេងទៀត។

គំរោងមួយទៀតរបស់បារាំង គឺត្រូវរិតបន្តឹងការត្រួតពិនិត្យនៅតាមសមុទ្រ ដើម្បីទប់ស្កាត់កុំឲ្យមាននាវាឈ្មួញ ដែលរកស៊ីដឹកជនភៀសខ្លួន បន្តយកមនុស្សមកចោលកណ្តាលសមុទ្រតទៅទៀត។ បច្ចុប្បន្ននេះ បេសកកម្មនាវាល្បាត Frontex របស់អឺរ៉ុប មានមនុស្សប្រមាណតែ១៥០០នាក់ទេ។ តែបារាំង ចង់ដំឡើងឲ្យបាន ១ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងស្ថានការណ៍។

ប្រជុំបន្ទាន់ ឲ្យបង្រ្គប់កិច្ច

សង្ឃឹមតិចណាស់ ដែលថាកិច្ចប្រជុំបន្ទាន់នេះ អាចមានលទ្ធផល។ នាយករដ្ឋមន្ត្រី​អ៊ីតាលី​ បាននិយាយថា គាត់មកប្រជុំនេះឲ្យបង្រ្គប់កិច្ច កុំឲ្យអាក្រក់មើលទេ ព្រោះអ៊ីតាលីច្បាស់​ក្នុងចិត្ត ថានឹងគ្មាន​ដំណោះស្រាយណាមួយ ត្រូវគេដាក់ចេញក្រោយកិច្ចប្រជុំនេះទេ។​ លោកស្រី អង់ហ្គេឡា មែរគែល ក៏ដូច្នោះដែរ។ គាត់លើកឡើងថា ចប់ប្រជុំ គឺមានតែបូកសរុបអ្វីដែលបាននិយាយជជែកគ្នាប៉ុណ្ណោះ រីឯដំណោះស្រាយ ឬវិធានការជាក់ស្តែងនោះ នឹងគ្មានទេ។ លោកស្រីមែរគែល បាននិយាយកាលពីថ្ងៃសុក្រថា បើសហភាពអឺរ៉ុបមិនអាចធ្វើអ្វីបាន គឺមានតែដោះស្រាយ តាមរយៈកិច្ចព្រមព្រៀងទ្វេរភាគី ត្រីភាគី ឬពហុភាគី ក្រៅក្របខណ្ឌអឺរ៉ុបទេ។

បើតាមការវិភាគ គឺគ្មានទេ ដំណោះស្រាយក្នុងក្របខណ្ឌសហភាពអឺរ៉ុប ដោយសារតែប្រទេសមួយចំនួន មិនព្រមគាំទ្រទាល់តែសោះ។ ហុងគ្រី ប៉ូឡូញ ឆេក ស្លូវ៉ាគី ដាណឺម៉ាកជាដើម គឺគេប្រឆាំងដាច់ខាត មិនទទួលយកកូតាជនភៀសខ្លួនទេ។ វេទិការកំពូលអឺរ៉ុប នឹងបើកធ្វើនៅថ្ងៃទី២៨មិថុនាខាងមុខនេះហើយ ហើយគេជឿថា ពេលនោះ ប្រាកដជាមានការប្រកែក​ ដំឡើងសរសៃកដាក់គ្នាទៀតហើយ ក្នុងបញ្ហានេះ។ អ្វីដែលអាចធ្វើទៅបាន គឺមានតែបន្ថែមការយាមល្បាតតាមសមុទ្រ ដើម្បីទប់ជនភៀសខ្លួន ហើយនឹងជួយដល់ប្រទេសដើម ​ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ឬនយោបាយ ដែលជាប្រភព នៃវិបត្តិចំណាក​ស្រុក របស់ប្រជាជននេះតែប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ