អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ប្រទេសបារាំង អស់​រយៈ​ពេល​១សប្តាហ៍​មក​ហើយ ដែល​ចលនា​បាតុកម្ម​ទូទាំងប្រទេស មាន​ឈ្មោះថា ចលនា​អាវកាក់​ពណ៌លឿង បាន​ពុះកញ្ជ្រោល ធ្វើ​បាតុកម្ម​បិទផ្លូវ​ទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​តវ៉ា និង​ការដំឡើង​ពន្ធ​កាន់​តែ​ខ្លាំងឡើង ពី​សំណាក់​រដ្ឋាភិបាល​​លោក​ម៉ាក្រុង មក​លើ​ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ​។ ដោយ​ពុំសង្កេតឃើញ ពីការ​ធ្វើសម្បទាន​របស់​រដ្ឋាភិបាល ចលនា​នេះ បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​យុទ្ធនាការ​តវ៉ា ឲ្យ​​កក្រើក​​ទូទាំង​ប្រទេស​ នៅថ្ងៃសៅរ៍​ទី​២៤វិច្ឆិកា​។ នៅទីក្រុង ប៉ារីស បាតុករ​អាវកាក់​ពណ៌លឿង រាប់ពាន់​នាក់ ត្រូវបាន​គេរំពឹង​ថា នឹង​មក​ជួបជុំគ្នា ហើយ​ដែល​បញ្ហា​នេះ អាច​នឹង​បង្ក ជាការប៉ះទង្គិចគ្នា ជាមួយ​នឹង​សមត្ថកិច្ច​សន្តិសុខ។

ក្រុមបាតុករ អាវកាក់ពណ៌លឿង "Gilets Jaunes" នៅ​លើ​មហាវិថី ​Champs-Elysees ក្រុង​ប៉ារីស ថ្ងៃទី​​២៤​ វិច្ឆិកា​ ២០១៨​។
ក្រុមបាតុករ អាវកាក់ពណ៌លឿង "Gilets Jaunes" នៅ​លើ​មហាវិថី ​Champs-Elysees ក្រុង​ប៉ារីស ថ្ងៃទី​​២៤​ វិច្ឆិកា​ ២០១៨​។ REUTERS
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍នៃការតវ៉ា របស់ក្រុមបាតុករ អាវកាក់ពណ៌លឿង បានបង្កឲ្យមានមនុស្សរបួសប្រមាណជាង៥០០នាក់ និងស្លាប់មនុស្ស២នាក់​ បន្ទាប់ពីការប្រទាញប្រទង់គ្នា ក្នុងពេលដែលពួកគេបិទផ្លូវរារាំងមិនឲ្យគេធ្វើដំណើរ។ ភាពពុះកញ្ជ្រោល លាយឡំនឹងកំហឹងនេះ បានធ្វើឲ្យអាជ្ញាធរបារាំង មានការបារម្ភជាខ្លាំង ព្រោះខ្លាចក្រែងវាផ្ទុះទៅជាអំពើហិង្សា ការវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ជាដើម។

បាតុករអាវកាក់ពណ៌លឿងរាប់ពាន់នាក់​ នៅChamps Elysée

នៅព្រឹកថ្ងៃសៅរ៍ទី២៤វិច្ឆិកា បើតាមការផ្តល់ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំងAFP បានឲ្យដឹងថា មានបាតុករ ជាច្រើនពាន់នាក់ ដែលបាននាំគ្នាសម្រុក ទៅជួបជុំគ្នា តវ៉ានៅលើមហាវិថី Champs Elysée ដែលនៅមិនឆ្ងាយប៉ុន្មាន ពីវិមានប្រធានាធិបតី និង ក្រសួងមហាផ្ទៃបារាំង។ ជាការជួបជុំ ដែលពុំមានការអនុញ្ញាត ពីសមត្ថកិច្ចក្រុងទេ។ សមត្ថកិច្ចក្រុង ធ្លាប់បានបញ្ជាក់ថា គេត្រៀមអនុញ្ញាតឲ្យបាតុករអាវកាក់ពណ៌លឿង ទៅជួបជុំគ្នា ទីទីលានខាងត្បូងTour Eiffel ក៏ប៉ុន្តែសំណើរនេះ ត្រូវបានក្រុមអាវកាក់ពណ៌លឿងបដិសេធ។

នៅសង្កាត់Champs Elysée សមត្ថកិច្ច បានដាក់កម្លាំង និងរបាំងរារាំង ជាច្រើន ដើម្បីការពារបង្ការ នឹងការពុះកញ្ជ្រោលផ្សេងៗ ព្រោះថាសង្កាត់នេះ សំបូរទៅដោយស្ថានទូត និងស្ថាប័នរដ្ឋធំៗ។ បើផ្អែកតាមព័ត៌មានចុងក្រោយ ទើបតែទទួលបានមុននេះបន្តិច គឺសមត្ថកិច្ច កំពុងព្យាយាមបំបែកក្រុមបាតុករ តាមរយៈការប្រើគ្រាប់បែកផ្សែង។ យោងតាមកម្លាំងនគរបាលក្រុងបារាំង គឺក្បួនបាតុករអាវកាក់ពណ៌លឿងនេះ បាននាំមុខទៅដោយ ក្រុមស្តាំនិយមជ្រុល ដែលពុះកញ្ជ្រោលពេញដោយចរិកហិង្សា និងការពន្យុះឲ្យប្រព្រឹត្តិអំពើហិង្សា ទើបធ្វើឲ្យសមត្ថកិច្ច សម្រេចចិត្តប្រើគ្រាប់បែកផ្សែង ដើម្បីបំបែក។

ក្រៅពីប៉ារីស នៅតាមទីក្រុងធំៗផ្សេងទៀត ក៏មានការជួបជុំតវ៉ារបៀបនេះដែរ។ តាមច្រកបង់ប្រាក់ ចូលផ្លូវល្បឿនលឿន ជាច្រើនកន្លែង ត្រូវបានក្រុមបាតុករអាវកាក់ពណ៌លឿង បិទរារាំង មិនឲ្យមានរថយន្តធ្វើដំណើរបាន។ ទីតាំងស្តុកប្រេងឥន្ធនៈ និងស្ថានីយ៍លក់ប្រេងឥទ្ធនៈជាច្រើនកន្លែង ក៏ត្រូវស្ថិតក្នុងការរារាំង ពិក្រុមបាតុករដែរ។ យោងតាមតួលេខ​របស់​សមត្ថកិច្ច កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានបាតុករចុះតាមផ្លូវប្រមាណ​២សែន​៨ម៉ឺននាក់។ តែនៅថ្ងៃនេះ ក្រុមបាតុករអាវកាក់ពណ៌លឿង បានប្តេជ្ញាថានឹងប្រមូល​គ្នា ឲ្យ​​បានច្រើនជាងនេះ ដើម្បីធ្វើឲ្យរដ្ឋាភិបាលភ្លឺភ្នែក។

ចលនាមហាជន គ្មានមេកើយ ដោយសារជីវភាព​កាន់តែលំបាក​

ចលនានេះ ជាចលនាមហាជនសុទ្ធសាធ ដែលផ្តើមដំបូង ចេញពីការតវ៉ា​ទល់នឹងការដំឡើងពន្ធលើប្រេងឥន្ធនៈ ដែលបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។ ក៏ប៉ុន្តែបន្តិចម្តង ចលនានេះ បានរីកកាន់តែធំ ក្លាយជាទៅជាចលនា ប្រឆាំងតវ៉ា និងគោលនយោបាយ របស់រដ្ឋាភិបាលបារាំង ដែលដឹកនាំដោយ លោកអេម៉ានុយអែល ម៉ាក្រុង។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ គឺវាចំណុចមួយ ក្នុងចំណោមចំណុចជាច្រើន ដែលស្ថិតក្នុងការព្រួយបារម្ភ របស់ប្រជាជនបារាំងទូទៅ។

តាមពិតទៅបញ្ហាធំបំផុត គឺកត្តាជីវភាពប្រចាំថ្ងៃតែម្តង ដែលកាន់តែលំបាកទៅៗ រីឯពន្ធដា កាន់តែឡើងថ្លៃគ្រប់មុខ ទំនិញឡើងថ្លៃ សាំងឡើងថ្លៃ សេវាសាធារណៈ សាលារៀន មន្ទីរពេទ្យ ឬការដឹកជញ្ជូនសាធារណៈក៏កាន់តែចុះអន់ថយ ដោយសារតែរដ្ឋាភិបាល​កាត់​ថវិកា។ គឺទាំងអស់នេះហើយ ដែលបានគួបផ្សំគ្នា បង្កើតជាសតិអារម្មណ៍ គិតថា រដ្ឋាភិបាល​លោកម៉ាក្រុង មិនបារម្ភពីអ្នកក្រ ពីអ្នកដែលរស់នៅតាមជនបទ ដែលជាកសិករ ឬពលករនោះទេ។ ពួកគេចោទ ថាលោកម៉ាក្រុង គិតតែពីយកចិត្តពួកថៅកែធំ ធ្វើសម្បទានពន្ធ គ្រប់បែបយ៉ាងជួយក្រុមហ៊ុនធំៗទាំងនេះ ហើយទន្ទឹមនឹងនេះ មកច្របាច់ករ ដំឡើងពន្ធ ពីប្រជាពលរដ្ឋក្រីក្រ។

ចលនាបាតុកម្មអាវលឿងនេះ មានលក្ខណៈពិសេស ត្រង់ថា ជាចលនាមហាជនសុទ្ធសាធ ពុំមានមេដឹកនាំពិតប្រាកដទេ។ ក្រុមអ្នកនយោបាយខ្លះ បានកេងចំណេញស្ថានការណ៍​នេះ យកខ្លួនទៅចូលរួមជាមួយដើម្បីបានចេញមុខ ប្រឆាំងនឹងរដ្ឋាភិបាលលោកម៉ាក្រុង។ រីឯការតវ៉ាទាមទារវិញ ក៏មានលក្ខណៈទូលំទូលាយ ច្រើនចំណុចលាយឡំគ្នា ដោយពុំមានការរៀបចំឲ្យបានត្រឹមត្រូវទេ។ អ្នកខ្លះ ស្រែកតវ៉ា ឲ្យបន្ថយពន្ធ អ្នកខ្លះថាត្រូវជួយបន្ថែមជំនួយសង្គម អ្នកខ្លះ ថាត្រូវតែលោកម៉ាក្រុង ចុះចេញពីតំណែងជាដើម។

ប្រការនេះ គឺជាការលំបាក សម្រាប់ចលនានេះ ព្រោះថា មិនមានតំណាងធំម្នាក់ជាមេដឹកនាំ ឬក៏សមាគមណាមួយជាតំណាង ដើម្បីឲ្យមានសម្លេងរួមគ្នាតែមួយទេ។ ការលំបាកមួយទៀត គឺសម្រាប់សមត្ថកិច្ច ព្រោះថាចលនានេះពុំមានមេកើយ ពុំមានតំណាងត្រឹមត្រូវ ដូច្នេះមិនដឹងទៅទាក់ទងចាត់ចែងជាមួយអ្នកណាទេ។ ការប្រមូលគ្នាជួបជុំធ្វើសកម្មភាពទៀតសោត គឺធ្វើជាក្រុមដាច់ៗពីគ្នា ដោយពួកគេប្រើប្រាស់ បណ្តាញសង្គម Facebook ជាដើម ដើម្បីប្រមូលគ្នាតវ៉ា។

តែយ៉ាងណា គេសង្កេតឃើញថា ប្រជាជនបារាំង ជាទូទៅ បានសម្តែងការគាំទ្រ ទៅនឹងចលនាតវ៉ា របស់ក្រុមអាវកាក់ពណ៌លឿងនេះ។ នេះសបង្ហាញថា គោលនយោបាយដឹកនាំរបស់លោកម៉ាក្រុងបច្ចុប្បន្ននេះ ត្រូវប្រជាជនបារាំង មិនពេញចិត្តកាន់តែខ្លាំងឡើង។

លោកម៉ាក្រុង ថាមិនចុះញ៉ម តែនឹងកំណត់ទិសដីថ្មី ក្នុងគោលនយោបាយ

ប្រឈមមុខ និងចលនាតវ៉ា មហាជនដែលកាន់តែរីកធំនេះ យើងសង្កេតឃើញថា រដ្ឋាភិបាលបារាំង មួយសប្តាហ៍កន្លងមកនេះ បាននៅរឹង ហើយប្តេជ្ញាថា​មិនព្រមចុះញ៉មជាដាច់ខាត។ តែយ៉ាងណា ក្រោយផ្ទុះការតវ៉ា រឿងសាំងឡើងថ្លៃភ្លាម រដ្ឋាភិបាលបានប្រកាស ថានិងបើកកញ្ចប់ថវិកា ៥០០លានអឺរ៉ូ ដើម្បីជួយគ្រួសារខ្លះ ដែលមានការលំបាក ក្នុងការចំណាយថ្លៃសាំង។ តែយ៉ាងណា វិធានការនេះ មិនគ្រប់គ្រាន់ទេ សម្រាប់ក្រុមបាតុករ។

កាលពីល្ងាចថ្ងៃសុក្រ ទី២៣ វិច្ឆិកា វិមានប្រធានាធិបតីបារាំង បានបញ្ជាក់ថា នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ លោកប្រធានាធិបតីម៉ាក្រុង និងធ្វើសន្ទរកថា ដើម្បីពន្យល់ ពីគោលនយោបាយរបស់គាត់ ក្នុងការធ្វើអន្តរកម្មថាមពល សំដៅទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ សូមរំលឹកថា បញ្ហាដំឡើងពន្ធលើប្រេងឥន្ធនៈ ជាពិសេសលើប្រេងប្រភេទម៉ាស៊ូតនេះ គឺវាពាក់ពន្ធ័នឹងគោលនយោបាយ ប្រយុទ្ធប្រឆាំង នឹងការកើនឡើងកំដៅផែនដី ដែល​បណ្តាលមកពីផ្សែងពុលនានា។

ក៏ប៉ុន្តែ សម្រាប់អ្នកវិភាគសង្គម ជាច្រើន បានលើកឡើងថា រដ្ឋាភិបាលបារាំង ធ្វើលឿនរហ័សដោយកំរោលពេក ដោយមិនបានយកចិត្តទុកដាក់ គិតដល់ជីវភាពរបស់ប្រជាជនបារាំង។ មិនមែនប្រជាជនបារាំង មិនចង់ចូលរួមក្នុងការកាត់បន្ថយផ្សែងពុលទេ តែពួកគេគ្មានជំរើសផ្សេ​ងទេ ក្រៅពីប្រើប្រាស់យានយន្តរបស់ពួកគេ ក្នុងការធ្វើដំណើរ។ ការដំឡើងពន្ធសង្កត់មកតែលើប្រជាជន គឺហាក់ដូចជាបង្ខំ ឲ្យតែប្រជាជនដែលមានជីវភាពក្រីក្រ ជាអ្នកទទួលខុសត្រូវតែម្នាក់ឯង។

យ៉ាងណាក៏ដោយ ខាងវិមានប្រធានាធិបតីបារាំង អះអាងថា គេបានទទួលសារតវ៉ា ពីចលនាបាតុកម្មអាវកាក់ពណ៌លឿងហើយ។ លោកប្រធានាធិបតីម៉ាក្រុង និងធ្វើការកំណត់ទិសដៅថ្មី ឲ្យសមស្រប យុត្តិធម៌ ស្មើភាពគ្នា ដើម្បីកាត់បន្ថយការកើនឡើងនូវកំដៅផែនដី ហើយទន្ទឹមនឹងនេះ ជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ។ យើងរងចាំតាមដានបន្តទៀត ថា ថ្ងៃអង្គារខាងមុខ នេះលោកម៉ាក្រុង នឹងនិយាយអ្វីខ្លះ ហើយតើចលនាអាវកាក់ពណ៌លឿងនេះ អាចទទួលយកបានឬទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ