អាមេរិកចោទរុស្ស៊ី ប៉ុន្តែមូស្គូពន្យល់ដោះសារក្នុងរឿងវត្តមានយោធារុស្ស៊ីនៅស៊ីរី
រុស្ស៊ីត្រូវអាមេរិកចោទថា កំពុងពង្រឹងវត្តមានយោធានៅស៊ីរី ដោយដាក់ អង្គភាព កាំភ្លើងធំ និងរថក្រោះធុនធ្ងន់ ធុន T-90 ៧គ្រឿងទៅផងឲ្យប្រចាំការ នៅនឹងព្រលានយន្តហោះ Lattaquié ប៉ែកខាងជើងប្រទេសនោះ ដែលជាដែនអំណាចលោកប្រធានាធិបតី អាសាដ គឺ ពិតជាសម្រាប់ គាំទ្រ រូបគាត់តែម្តង ការនេះថ្លែងម្សិលមិញ ដោយមន្ត្រីម្នាក់នៃសេតវិមាន។ ចំណែកក្រសួងការពារជាតិរុស្ស៊ី ព្រឹកថ្ងៃ១៥កញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ ពន្យល់ អំពីមូលហេតុ ដែលតម្រូវ ឲ្យរុស្ស៊ី ធ្វើការសាងសង់នៅនឹងព្រលានយន្តហោះនោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
តាមសម្តីអ្នកនាំពាក្យនៃក្រសួងការពារជាតិអាមេរិក លោក វរនាវីឯក Jeff Davis រុស្ស៊ី ទំនងជាកំពុងបង្កើត មូលដ្ឋានកងអាកាសឈានមុខនៅស៊ីរី ដ្បិតក្នុង១០ថ្ងៃចុងក្រោយ មាន នាវារុស្ស៊ីផ្ទុកសម្ភារៈនិងបរិក្ខារ បានទៅដល់ទីនោះជាប់រដឹក។ ប្រភពអាមេរិកាំង បាន កត់ត្រា ក្នុងសប្តាហ៍មុន ឃើញវត្តមានពួកនាវិករុស្ស៊ីខាងឡើងគោក រាប់សិបក្រុម និង បំណែកប្លែកៗនៃអគារត្រៀមទុកជាមុនស្រេច សម្រាប់ដំឡើងនៅនឹងកន្លែងផ្ទាល់ ដើម្បីអាច ទទួលមនុស្ស ឲ្យស្នាក់នៅ រហូតដល់ ១.៥០០នាក់។ សប្តាហ៍មុន គេក៏សង្កេតឃើញមាន ការ ទៅដល់នៃ នាវារុស្ស៊ី ២គ្រឿង និងការរើចេញពីនាវាទាំងនោះ គឺ យានយន្តពាសដែក ប្រមាណ ១០គ្រឿង។
នាយទាហានអាមេរិកាំងបន្ថែមថា អន្តរាគមន៍ជាយថាហេតុនៃកងទ័ពរុស្ស៊ី ទៅក្នុងជម្លោះ នៅស៊ីរី ដោយស្ថិតនៅខាងលោកប្រធានាធិបតីអាសាដ មុខជារំខានដល់ប្រតិបត្តិការធ្វើដោយ កងអាកាស របស់សម្ព័នប្រឆាំងអង្គការរដ្ឋអ៊ីស្លាមហើយនឹងអូសទាញឲ្យកាន់តែធ្ងន់ធ្ងរទៅទៀត ស្ថានការណ៍នៅស៊ីរីដែលអស្ថិរភាពស្រាប់ទៅហើយ។ ព្រឹកថ្ងៃ១៥កញ្ញានេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៌ថា ការងារសាងសង់ កំពុងប្រព្រឹត្តទៅមែន ដោយមានការជួយជ្រោមជ្រែងរបស់រុស្ស៊ី នៅនឹងអាកាសយានដ្ឋាន Lattaquié និង នៅផែ Tartous របស់ស៊ីរី ជាទីដែលនាវារុស្ស៊ី តែងបើកចូលទៅបំពេញស្បៀង ថែមទៀត ពីព្រោះសំណង់ទាំងនោះ បច្ចុប្បន្ន ធ្លាក់ក្នុងភាពទ្រុឌទ្រោមទៅហើយ។
ក្រសួងយោធារុស្ស៊ី ថ្លែងច្រានចោល ការបកស្រាយរបស់អាមេរិក ដែលថា ការបំពាក់ដោយ រុស្ស៊ីនូវបរិក្ខារថ្មីៗ នៅនឹងព្រលានយន្តហោះស៊ីរី និងការជួសជុល ខ្សែផ្លូវសម្រាប់យន្តហោះ ហោះឡើង និង ចុះចត នៃព្រលានយន្តហោះនោះ គឺជាស្អីណា នៅស៊ីរី។ បញ្ហានេះ ក្នុងដំណាក់ឥឡូវ ឥតមានចោទក្នុងរបៀបវារៈ របស់រុស្ស៊ីទេ។ ចោទនៅពីមុខពួកយោធារុស្ស៊ី គឺតែការងារជួសជុល ដើម្បីឲ្យយន្តហោះរុស្ស៊ី អាចដឹក ជំនួយ មនុស្សធម៌ និង គ្រឿងបច្ចេកទេសសឹកទៅ ស្របនឹងកិច្ចសន្យាដែលមានចុះ ហើយ មិនមែន អំពីការចូលរួមច្បាំងស្អីណានៃពួកទាហានរុស្ស៊ី នៅខាងកងទ័ពរដ្ឋាភិបាលស៊ីរីសោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ