rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ម៉ារ៉ុក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នកកាសែត​បារំាង​ពីរនាក់​ជាប់​ចោទ​ពី​បទ​សម្លុត​ទារ​លុយ ៣លានអឺរ៉ូ​ពី​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដទី៦

media
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ (រូបឆ្វេង) និង​ស្តេច​ម៉ារ៉ុក Mohammed VI ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃទី៩ កុម្ភៈ ឆ្នំា ២០១៥ REUTERS/Philippe Wojazer

នៅ​ក្នុង​ប្រទេស​បារំាង អ្នកកាសែត​បារំាង​ពីរ​នាក់ គឺ​លោកស្រី Catherine Graciet និង​លោក Eric Laurent ដែល​ជាប់​សង្ស័យ​ពី​បទ​បាន​សម្លុត​ទារ​លុយ​ចំនួន ៣លានអឺរ៉ូ​ពី​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដ​ទី៦ ទើប​ត្រូវ​បាន​តុលាការ​បារំាង​ចោទ​ប្រកាន់​ជា​ផ្លូវការ តែ​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោម​ការ​តាមដាន ឃ្លំាមើល​នៅ​ថ្ងៃសៅរិ៍ ទី២៩ សីហា​នេះ។ គួរ​រម្លឹក​ជូន​ថា អ្នក​កាសែត​បារំាង​ទំាង​ពីរ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ សីហា​ក្នុង​ទីក្រុង​ប៉ារីស​ពី​បទ​សង្ស័យ​បាន​សម្លុត​ទារ​លុយ​ពី​រាជានិយម​ម៉ារ៉ុក​ជា​ថ្មូរ​នឹង​ការ​មិន​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​ដែល​លោក Eric Laurent បាន​សរសេរ​ទាក់ទង​នឹង​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដ​ទី៦។


អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ថ្ងៃទី២៣ កក្កដា​កន្លង​ទៅ។ នៅ​ក្នុង​ថ្ងៃទី២៣ កក្កដា អ្នកកាសែត​បារំាង​លោក Eric Laurent បាន​ទាក់ទង និង​ជូន​ព័ត៌មាន​ដល់​រាជានិយម​ម៉ារ៉ុក​ថា លោក​ត្រៀម​ខ្លួន​នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​ដែល​ជា​ស្នាដៃ​របស់​លោក និង​ដែល​សៀវភៅ​នោះ​បាន​ផ្តោត​សំខាន់​លើ​រាជានិយម​ម៉ារ៉ុក និយាយ​ជា​រួម និង​លើ​ស្តេចម៉ារ៉ុក​ម៉ូហាម៉េដ​ទី៦ និយាយ​ដោយ​ឡែក។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក៏​មាន​ជំនួប​រវាង​លោក Eric Laurent និង​មេធាវី​របស់​ស្តេចម៉ារ៉ុក​នៅ​ក្នុង​ទីក្រុង​ប៉ារីស។ នៅ​ក្នុង​ជំនួប​នោះ លោក Eric Laurent បាន​សុខចិត្ត​មិន​បញ្ចេញ​សៀវភៅ​ស្តីពី​ស្តេច​ម៉ារ៉ុក​ដែល​លោក​បាន​សរសេរ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ៣លានអឺរ៉ូ។

តែ​ក្នុង​ពេល​ដំណាល​គ្នា​នោះ ប្រទេស​ម៉ារ៉ុក​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​រូប​លោក Laurent និង​លោកស្រី Catherine នៅ​ក្នុង​ប្រទេស​បារំាង។ នៅ​ពេល​នោះ តុលាការ​បារំាង​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​បឋម។ បន្ទាប់​មក ជំនួប​រវាង​អ្នកកាសែត​បារំាង​ទំាង​ពីរ​រូប និង​មេធាវី​ស្តេចម៉ារ៉ុក​ក៏​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ តែ​ស្ថិត​ក្រោម​ការ​តាមដាន ​ឃ្លាំមើល​ពី​ក្រុមប៉ូលិស​បារំាង។ គឺ​ទើប​តែ​នៅ​ថ្ងៃទី២៧ សីហា​ថ្មីៗ​នេះ​ទេ​ដែល​អ្នកកាសែត​បារំាង​ទំាង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ប៉ារីស ចំ​ពេល​ដែល​ពួក​គេ​កំពុង​មាន​ជំនួប​ជា​ថ្មី​ជាមួយ​មេធាវី​ស្តេច​ម៉ារ៉ុក។
 
តែ​អ្វី​ដែល​អ្នកកាសែត​ទំាង​ពីរ​រូប​មិន​បាន​ដឹង​នោះ​គឺ​ថា រាល់កិច្ចសន្ទនា​គ្រប់​យ៉ាង​ជាមួយ​នឹង​មេធាវី​ស្តេច​ម៉ារ៉ុក តំាង​ពី​ការ​ទាមទារ​ឲ្យ​បង់លុយកក់​ចំនួន ៤០ ០០០អឺរ៉ូ​ត្រូវ​បាន​គេ​លួច​ថត​ទំាង​អស់។ មេធាវី​របស់​លោកស្រី Catherine បាន​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ព្រមព្រៀង​រឿង​ទឹកលុយ ៤០ ០០០អឺរ៉ូ​រវាង​ម៉ារ៉ុក និង​អ្នកកាសែត​បារំាង​ទំាង​ពីរ​នាក់​មែន តែ​ថា នេះ​ជា​ឆាកល្ខោន​មួយ​រៀបចំ​ដោយ​ម៉ារ៉ុក​ដើម្បី​ដាក់​អន្ទាក់​លើ​រូបអ្នកកាសែត​បារំាង​ទំាង​ពីរ​នាក់​ប៉ុណ្ណោះ។
 
គួរ​ជម្រាប​ជូន​ថា អ្នកកាសែត​បារំាង​ទំាង​ពីរ​នាក់ គឺ​លោកស្រី Catherine Graciet និង​លោក Eric Laurent ធ្លាប់​បាន​សរសេរ​សៀវភៅ​មួយ​ស្តីពី​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដទី៦ កាល​ពី​ឆ្នំា ២០១២ ដែល​មាន​ចំណងជើង​ថា « Le roi prédateur » ដែល​អាច​ប្រែ​ក្រៅ​ផ្លូវការ​ថា « ស្តេចរំពា »។ ទីបំផុត​នៅ​ថ្ងៃ​នេះ តុលាការ​បារំាង​បាន​ចោទ​ប្រកាន់​អ្នកកាសែត​ទំាង​ពីរ​ជា​ផ្លូវការ តែ​ដោះលែង​ឲ្យ​មាន​សេរីភាព ក្រោម​ការ​តាមដាន ឃ្លំាមើល។
 
ទំនាក់ទំនង​រវាង​បារំាង និង​ម៉ារ៉ុក ជា​ទំនាក់ទំនង​មិន​សូវ​រលូន
 
មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ពី​រដ្ឋាភិបាល​បារំាង និង​ម៉ារ៉ុក​នៅ​ឡើយ​ទេ​ជុំវិញ​រឿងរ៉ាវ​ទាក់ទង​នឹង​​អ្នកកាសែត​បារំាង​ទំាង​ពីរ​រូប និង​រាជានិយម​ម៉ារ៉ុក។ អ្វី​ដែល​គេ​កត់​សម្គាល់​​ឃើញ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ការ​ឆ្លើយឆ្លង​គ្នា​រវាង​ក្រុមមេធាវី​របស់​អ្នកកាសែត​បារំាង​ជាប់ចោទ​ទំាង​ពីរ​រូប និង​មេធាវី​របស់​ស្តេច​ម៉ារ៉ុក​ម៉ូហាម៉េដ​ទី៦ ព្រម​ទំាង​ដំណើរការ​របស់​តុលាការ​បារំាង​នៅ​ក្នុង​រឿង​ក្តី​នេះ។ សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​រឿងរ៉ាវ​ថ្មី​មួយ​នេះ​នឹង​អាច​បញ្ឆេះ​ឲ្យ​មាន​វិបត្តិការទូត​ជា​ថ្មី​រវាង​បារំាង និង​ម៉ារ៉ុក​ដែរ ឬ​ទេ?
 
គេ​នៅ​មិន​ទាន់​ហ៊ាន​ទាញ​សេចក្តី​សន្និដ្ឋាន​យ៉ាង​ម៉េច​ទេ។ តែ​សម្រាប់​ប្រទេស​បារំាង និង​ប្រទេស​ម៉ារ៉ុក គឺ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​រឿងរ៉ាវ​ថ្មី​មួយ​នេះ​ចូល​ទៅ​បំពុល​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ជា​ថ្មី​ឡើយ។ គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ដើម​ឆ្នំា ២០១៥ នេះ​ប៉ុណ្ណោះ​ដែល​ទីក្រុង​ប៉ារីស និង​ទីក្រុង​រ៉ាបា​បាន​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត​រវាង​គ្នា​ឡើង​វិញ បន្ទាប់​ពី​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​រយៈពេល ១ឆ្នំា។ ១ឆ្នំា​ដែល​បារំាង និង​ម៉ារ៉ុក​មើល​មុខ​គ្នា​មិន​ចំ និង​ថែម​ទំាង​បាន​ព្យួរចោល​នូវ​រាល់​កិច្ចសហប្រតិបត្តិ​ទំាង​អស់​រវាង​គ្នា។
 
វិបត្តិការទូត​ពេញ ១ឆ្នំា​ដោយសារ​តែ​ផ្ទុះ​រឿងរ៉ាវ​ចំនួន​ពីរ​ក្នុង​ឆ្នំា ២០១៤ តែ​មួយ ទី១ គឺ​ការ​ដែល​ក្រុម​ប៉ូលិស​បារំាង​បាន​ចូល​ទៅ​ក្នុង​គេហដ្ឋាន​របស់​ឯកអគ្គរាជទូត​ម៉ារ៉ុក​ប្រចំា​ក្រុង​ប៉ារីស​ដើម្បី​ផ្តល់​ព័ត៌មាន​ពី​ដីការ​កោះហៅ​លោក​ប្រធាន​ការិយាល័យ​ស៊ើបការសម្ងាត់​ម៉ារ៉ុក​អាប់ដែលឡាទី្វ ហាមូឈី (Abdellatif Hammouchi) ពី​តុលាការ​បារំាង និង​ទី២ គឺ​ការ​ដែល​ប៉ូលីស​ព្រំដែន​បារំាង​នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស​ចាប់​ឆែកឆេរ​លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ារ៉ុក។
 
បារំាង និង​ម៉ារ៉ុក​ត្រូវ​ការ​គ្នា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​វិស័យ​តុលាការ
 
ទោះ​បី​ជា​មាន​ភាព​រកំារកូស​យ៉ាង​ណា​ក៏​ដោយ ក៏​បារំាង និង​ម៉ារ៉ុក​ត្រូវ​ការ​គ្នា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​វិស័យ​តុលាការ ពិសេស​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ព្រហ្មទ័ណ្ឌ និង​ច្បាប់​គ្រួសារ។ នេះ​ក៏​ដោយសារ​ថា​បច្ចុប្បន្ន មាន​ពលរដ្ឋ​បារំាង​ពី​៦០ ០០០ ទៅ ៨០ ០០០នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក និង​មាន​ប្រជាជន​ម៉ារ៉ុក​ជាង ១លាន ៣សែន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារំាង។ មួយ​វិញ​ទៀត មាន​អនុសញ្ញា​ជា​ច្រើន​ដែល​ប៉ារីស និង​រ៉ាបា​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ស្តីពី​ច្បាប់ព្រហ្មទ័ណ្ឌ ឬ​មួយ​ក៏​ច្បាប់​គ្រួសារ។
 
គឺ​ផ្តើម​ពី​ទំនាក់ទំនង​ផ្លូវទូត និង​ផ្លូវច្បាប់​មិន​អាច​ខ្វះ​បាន​នេះ​ហើយ​ដែល​បារំាង និង​ម៉ារ៉ុក​បាន​ព្យាយាម​បញ្ជៀស​យក​រឿង​របស់​បុគ្គល​ទៅ​ឡូកឡំ និង​ទុក​ឲ្យ​តុលាការ​ធ្វើ​ការ​តាម​ច្បាប់។ ប៉ារីស និង​រ៉ាបា​សុទ្ធ​តែ​យល់​ដូច​គ្នា​ថា មាន​តែ​ការ​យោគយល់ និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ដែល​ភាគី​ទំាង​ពីរ​អាច​បន្ត​កិច្ចសហប្រតិបត្តិការ​នៅ​លើ​វិស័យ​ជាច្រើន​រវាង​គ្នា ពិសេស​វិស័យ​សេដ្ឋកិច្ច​ដែល​បារំាង ជា​ដៃគូ​សេដ្ឋកិច្ច​ទី១ របស់​ម៉ារ៉ុក៕