វិបត្តិរថយន្តប្រើម៉ាស៊ូតនៅអឺរ៉ុប ធ្វើឲ្យក្រុមហ៊ុនToyota ក្លាយជាអ្នកទទួលផលប្រយោជន៍ច្រើន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៧
នៅប្រទេសស្វីស ថ្ងៃព្រហស្បតិ៍ ទី៨មីនានេះមានការរៀបចំពិព័រណ៌រថយន្តថ្មីៗ ចំនួន៩០០គ្រឿង ក្នុងនោះមានរថយន្តទំនើបៗដើរដោយអគ្គិសនីផង។ គេរំពឹងថា នឹងមានអ្នកចូលទស្សនា ជាង៧០ម៉ឺននាក់។ ការពិព័រណ៌រថយន្តនេះ គឺរៀបចំធ្វើបន្ទាប់ពីតុលាការអាល្លឺម៉ង់ បានចេញសេចក្តីសម្រេចហាមឃាត់រថយន្តដែលប្រើប្រេងម៉ាស៊ូតមិនឲ្យបើកបរនៅក្នុងទីក្រុងធំៗរបស់អាល្លឺម៉ង់។ ទីក្រុងប៉ារីសរបស់បារាំង ក៏នឹងមានការហាមឃាត់បែបនេះដែរ នៅពេលខាងមុខ។ ចំពោះវិធានាការនេះ អ្នកជំនាញផ្នែករថយន្តនៅអឺរ៉ុបមើលឃើញថា ក្រុមហ៊ុនរថយន្តToyotaរបស់ជប៉ុននឹងក្លាយជាអ្នកទទួលផលប្រយោជន៍យ៉ាងច្រើនសម្បើមជាងគេ។
ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការបន្ថយឧស្ម័នកាបូនិក តុលាការអាល្លឺម៉ង់ បានចេញសាលដីកាពីពេលថ្មីៗនេះ សម្រេចឈប់ឲ្យប្រើរថយន្តដើរដោយប្រេងម៉ាស៊ូត ឬ Diesel នៅក្នុងទីរដ្ឋធានី និងទីក្រុងធំៗរបស់អាល្លឺម៉ង។ ប្រធានអង្គការអន្តរជាតិនៃក្រុមហ៊ុនផលិតរថយន្ត (OICA) លោក Matthias Wissmann បានប្រតិកម្មពីទីក្រុងហ្សឺណែវ នៅថ្ងៃពុធទី៧មីនាម្សិលមិញ ថា វាមិនមែនជារឿងឆ្លាតសោះ ដែលចង់បិទខ្ទប់ការប្រើប្រាស់រថយន្ត Diesel នៅអឺរ៉ុប។
ចំណែកប្រទេសបារាំងវិញ ក៏បានចេញសេចក្តីសម្រេចរួចហើយដែរ គឺត្រូវបញ្ឈប់ការប្រើប្រាស់រថយន្តស៊ីប្រេងម៉ាស៊ូត ត្រឹមឆ្នាំ២០២០។
ចំណាត់ការរបស់ប្រទេសក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបនេះ បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ក្នុងមានជាអាទិ៍ BMW ជាដើម។ ក្រុមហ៊ុននេះ បានសម្រេចចិត្តរកទីផ្សារថ្មីបន្ថែមទៀត សម្រាប់ការបន្តផលិតរថយន្តប្រើប្រេងម៉ាស៊ូត យកទៅលក់នៅអាស៊ី ដូចជា កូរ៉េខាងត្បូង និងនៅអាមេរិក។ ក៏ប៉ុន្តែ ដោយសារតែលោកប្រធានាធិបតីអាមេរិក បានសម្រេចដំឡើងពន្ធលើការនាំចូលដែកថែមនិងអាលុយមីញ៉ូម ម្ចាស់ក្រុមហ៊ុនរថយន្តនៅអឺរ៉ុប បានមើលឃើញជាស្រេចពីផលវិបាកនៃសង្គ្រាមពាណិជ្ជកម្ម ចំពោះការនាំចូលរថយន្តរបស់ពួកគេទៅកាន់អាមេរិក។ ទន្ទឹមនេះ ការដកខ្លួនរបស់អង់គ្លេសពីសហភាពអឺរ៉ុប ក៏ជាការលំបាកមួយដែរសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដែលត្រូវនាំចេញទៅលក់នៅអង់គ្លេស។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប កំពុងងាកទៅផលិតរថយន្តដើរដោយអគ្គិសនីសុទ្ធតែម្តង ក៏ប៉ុន្តែ នៅជួបកង្វះខាតច្រើន ផ្នែកបច្ចេកទេស និង ត្រូវការកន្លែងសាកអគ្គិសនីច្រើន។ នេះគឺជាឧបសគ្គខ្លាំង។ បើទោះយ៉ាងណាក្តី ការហាមឃាត់ដាក់កម្រិតឲ្យឈប់ប្រើប្រាស់រថយន្តស៊ីប្រេងម៉ាស៊ូតនេះ ក្រុមហ៊ុនផលិតរថយន្តដើរដោយអគ្គិសនី ដូចជា Renault, Nissan, Tesla, និងBMW ក៏បានទទួលផលចំណេញខ្លះដែរ។
ក្រុមហ៊ុន TOYOTA របស់ជប៉ុនទទួលផលប្រយោជន៍ច្រើនជាងគេ ចំពោះវិបត្តិរថយន្តប្រើម៉ាស៊ូត
ក្រុមហ៊ុនផលិតរថយន្ត Toyota របស់ជប៉ុន គឺជាអ្នកកើបឱកាសផលចំណេញយ៉ាងសម្បើមជាងគេ។ ក្រុមហ៊ុននេះចំណេញជាងគេ ព្រោះថា ជប៉ុន ផលិតរថយន្តប្រើប្រេងម៉ាស៊ូតសម្រាប់លក់នៅទីផ្សារអឺរ៉ុប គឺមិនសូវមានច្រើនទេ ប្រហែលតែជាង១០ភាគប៉ុណ្ណោះ នៃការលក់រថយន្តរបស់ជប៉ុននៅអឺរ៉ុប។ ដូច្នេះ ការហាមឃាត់ ឈប់ឲ្យប្រើរថយន្តដែលដើរដោយប្រេងម៉ាស៊ូត គឺក្រុមហ៊ុនជប៉ុន មិនសូវជាបង់ខានច្រើនទេ បើធៀបនឹងក្រុមហ៊ុនរថយន្តអឺរ៉ុបផ្សេងទៀត។ មិនតែប៉ុណ្ណោះ ជប៉ុន បានបញ្ជាក់ថា នឹងបញ្ចប់ការនាំចូលរថយន្តប្រើម៉ាស៊ូតទៅអឺរ៉ុប នៅចុងឆ្នាំនេះហើយ។
លោក Ferdinand Dudenhöffer ប្រធានវិទ្យាស្ថានស្រាវជ្រាវរថយន្ត មានមូលដ្ឋាននៅអាល្លឺម៉ង់ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនរថយន្តផលិតរថយន្ត ទាំងដើរដោយប្រេងម៉ាស៊ូត ដោយអគ្គិសនី និងសាំងក្តីនោះ អ្នកទទួលផលកាក់កបជាងគេនៅពេលនេះ គឺមានតែ Toyota។ អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវរថយន្ត នៅអាល្លឺម៉ង់ បញ្ជាក់ដែរថា ជប៉ុនទទួលផលចំណេញខ្លាំងនៅគ្រានេះ ដោយសារតែ Toyota បានគិតគូរពីអតីតកាលក្នុងការអភិវឌ្ឍបច្ចេកវិជ្ជា។
ក្រុមហ៊ុនToyota នេះ មានបច្ចេកទេសខ្ពស់ ខាងការផលិតរថយន្តដែលប្រើសាំងនិងអាគុយសាកសាកថ្មដោយខ្លួនឯង។ Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី៣លើពិភពលោក និងអ្នកផលិតលំដាប់ទី២នៅអឺរ៉ុប។ និន្នន័យកាលពីឆ្នាំ២០១៧ ទីផ្សាររថយន្ត Toyota នៅអឺរ៉ុប គឺមានប្រមាណ ជាង៤៥ភាគរយ ជារថយន្តកូនកាត់ ស៊ីសាំងនិងសាកអាគុយ ដែលជាការនិយមខ្លាំង។ ក្រុមហ៊ុនរបស់ជប៉ុននេះ បានចុះបញ្ជីពាណិជ្ជកម្ម លំដាប់លេខ៤ ចំណោមម៉ាក់រថយន្តល្បីៗ ចំនួន៦ម៉ាក់ នៅអឺរ៉ុប។
២០ឆ្នាំចុងក្រោយនេះ Toyota ផលិតរថយន្តបានជាង១១លាន៥សែនគ្រឿង លក់ទូទាំងពិភពលោក ហើយគ្រាន់តែមួយឆ្នាំ២០១៧ ក្រុមហ៊ុនជប៉ុនមួយនេះ ផលិតរថយន្ត ជាង១លាន៥សែនគ្រឿង។ សម្រាប់ការអភិវឌ្ឍបច្ចេកវិជ្ជានិងការគិតគូរដល់បរិស្ថាន ក្រុមហ៊ុន Toyota បានបន្តអភិវឌ្ឍការផលិតរថយន្តដោយរឹតតែកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ចន្លោះពី១០ទៅ២០ភាគរយបន្ថែមទៀត ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ