អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

សមាជិក​សភា​អឺរ៉ុប ជំរុញ​ឱ្យ​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខ​ទំនិញ​លើក​លែង​គ្រឿង​សញ្វវុធ ពី​​កម្ពុជា

សមាជិក​នៃ​សភា​អឺរ៉ុប កាល​ពី​ម្សិល​មិញ បាន​សរសេរ​លិខិត​រួម​មួយ​ទៅ​សហភាព​អឺរ៉ុប ឱ្យ​ពិចារណា ​ចំពោះ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឱ្យ​កម្ពុជា​លើក​លែង​តែ​អាវុធ ខណៈ​បេសកកម្ម​ស្វែងរក​ការ​ពិត​នៅ​កម្ពុជា​របស់​គណៈប្រតិភូ​អឺរ៉ុប​ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៥​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​នេះ។ ការ​ជម្រុញ​របស់​សមាជិក​សភា​អឺរ៉ុប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ទើប​បាន​បញ្ជូន​បេសកជន​ទៅ​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញ​ពី​កម្ពុជា។ កម្ពុជា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​មាន​បញ្ហា​របស់​សហភាព​អឺរ៉ុប។​

រូបភាព​តំណាង៖ សភាអឺរ៉ុប
រូបភាព​តំណាង៖ សភាអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក សមាជិក​សភា​អឺរ៉ុប​ចំនួន​១៨​ រូប នៅ​ថ្ងៃ​ទី ៤ ខែ​កក្កដា បាន​ផ្ញើ លិខិត​រួម​មួយ​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប ដោយ​សម្តែង​ក្តី​បារម្ភ​ជុំវិញ​ការ​វិវត្តិ​ចុង​ក្រោយ​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ការ​សង្កត់​សង្កិន​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក។

ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​នេះ​វិញ សមាជិក​នៃ​សភា​អឺរ៉ុប ចាត់​ទុក​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​ស្រប​ច្បាប់ ដោយ​សារ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ស្វាគមន៍ ចំពោះ​ការ​សម្រេច​ចិត្ត​ទាន់​ពេល​វេលា​របស់​សហភាព​អឺរ៉ុប ដែល​បញ្ឈប់​ការ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា។ ​

ទន្ទឹម​នឹង​ការ​សម្តែង​នូវ​ក្តី​បារម្ភ សមាជិក​សភា​អឺរ៉ុប ចំនួន ១៨ នាក់ ក៏​បាន​ជម្រុញ​ឱ្យ​សមាជិក​សភា​អឺរ៉ុប និង​ស្នងការ​សហភាព​អឺរ៉ុប ​សើ​រើ​ និង​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​កាតព្វកិច្ច​របស់​កម្ពុជា ក្រោម​អនុសញ្ញា នៃ​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

ការ​ជម្រុញ​របស់​សមាជិក​សភា​អឺរ៉ុប​នា​ពេល​នេះ ធ្វើ​ឡើង​ខណៈ​គណៈប្រតិភូ​អឺរ៉ុប នឹង​មក​បំពេញ​ទស្សនកិច្ច ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​ជាក់​ស្ដែង​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១១ ខែ​កក្កដា នេះ។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អឺរ៉ុប ​ធ្វើ​ឡើង​​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើក​លែង​តែ​អាវុធ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​លើក​ឡើង​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អឺរ៉ុប​នេះ។ ជា​ដំណើរ​ទស្សនកិច្ច ដែល​នឹង​ធ្វើ​ឱ្យ​គណៈប្រតិភូ​អឺរ៉ុប ភ្លឺ​ភ្នែក និង​ឃើញ​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា ដែល​មិន​ដូច​ការ​លើក​ឡើង​របស់​សមាជិក​សភា​អឺរ៉ុប នៅ​ក្នុង​លិខិត​នោះ​ឡើយ។

សូម​រំឭក​ជូន​ថា ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជូន​បេសកកម្ម​ពិសេស​មួយ​ទៅ​កាន់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចុះ​បញ្ចូល​និង ទប់​ស្កាត់ វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​គ្រឿង​សញ្វវុធ» ពី​ប្រទេស​កម្ពុជា (EBA) ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បាន​អនុញ្ញាត​ឱ្យ​កម្ពុជា នាំ​ចូល​ដោយ​រួច​ពន្ធ​ទៅ​សហភាព​អឺរ៉ុប ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​ប្រទេស​ស្វី​ស កាល​ពី​ថ្ងៃ​ទី ៣ ខែ​កក្កដា ក៏​បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ប្រធានាធិបតី​​ស្វីស ស្នើ​សុំ​កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា។ លិខិត​ដដែល បាន​បង្ហាញ​ក្តី​សង្ឃឹម​បន្ថែម​ថា ប្រទេស​ស្វីស​នឹង​គាំទ្រ​ដល់​កម្ពុជា។ ហើយ​ថា កម្ពុជា នឹង​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ ប្រសិន​បើ​ការ​ដាក់​ទណ្ឌកម្ម​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្វីស ហើយ​អ្នក​រង​គ្រោះ​នឹង​ធ្លាក់​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ ជា​ពិសេស​កម្មករ​និង​កសិករ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ