អានតួអត្ថបទ
អេស្ប៉ាញ-រុស្ស៊ី-អូតង់

អេស្ប៉ាញ៖​​រុស្ស៊ី​​លុបចោល​​សំណើ​​ចូលចត​​នាវាចម្បាំង​ នៅ​​កំពង់​ផែ​​អេស្ប៉ាញ​

អេស្ប៉ាញបាន​ប្រកាស​ នៅថ្ងៃពុធ​នេះថា រុស្ស៊ី​បាន​លុបចោ​លសំណើសុំ​ចូលចត​​នាវាចម្បាំង​នៅ​កំពង់ផែ​ក្រុងCeutaរបស់​អេស្ប៉ាញ។ ការប្រកាស​នេះ ធ្វើឡើង​​ក្នុងពេល​រដ្ឋមន្ត្រី​ការពារ​ជាតិ​​អូតង់ កំពុង​ពិភាក្សា​​គ្នា ពី​ការពង្រាយ​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត ប្រឈម​ការគំរាម​ពី​រុស្ស៊ី។ មុននេះ​បន្តិច ​អេស្ប៉ាញ​ទើបតែ​ប្រកាសថា កំពុង​ពិនិត្យ​សំណើសុំចូល​ចត​នាវា​​​រុស្ស៊ី​​ប៉ុណ្ណោះ។ ​​ 

នាវា​ផ្ទុកយន្តហោះ​រុស្ស៊ី Amiral Kouznetsov
នាវា​ផ្ទុកយន្តហោះ​រុស្ស៊ី Amiral Kouznetsov wikipedia commons
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​ប្រហែល​មិនចង់​អោយ​អេស្ប៉ាញ​ជាសមាជិក​អង្គការ​អូតង់ ​រងសម្ពាធ​​ខ្លាំង​ពី​អង្គការ​អូតង់​ទេមើលទៅ​ ទើបបាន​ជា​លុបចោល​ទៅវិញ​នូវសំណើ​សុំចូលចត​នាវាចម្បាំង ​នៅ​កំពង់ផែ​អេស្ប៉ាញ។ ថ្ងៃពុធ​នេះ​ អេស្ប៉ាញ​​​បាន​ប្រកាស​ថា កំពុង​ពិនិត្យ​សំណើ​​សុំចូល​ចត​នាវា​របស់​រុស្ស៊ី។ តែ​បន្តិច​ក្រោយមក ក៏​​ប្រកាស​ថា ​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុងម៉ាឌ្រីដ បាន​ដក​​សំណើ​នេះចេញ​ទៅវិញ។

យោងតាម​អង្គការ​អូតង់ ​​នាវាចម្បាំង​​រុស្ស៊ីមាន​​៨គ្រឿង​ ក្នុងនោះ​មាន​​នាវា​ផ្ទុកយន្តហោះ អាមៀរ៉ាល់ គូស្នេតសូវ ​Amiral Kouznetsov ផ្ទុក​យន្តហោះ​ប្រដេញ​និង​ឧទ្ធម្ភាគចក្រ​ច្រើនគ្រឿង បានធ្វើដំណើរ​មកពី​ភាគខាងជើង​រុស្ស៊ី។ រុស្ស៊ី​ធ្លាប់​ប្រាប់ថា បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​​នេះ​ ​​ទៅ​​ស៊ីរី ដើម្បី​ពង្រឹង​​កម្លាំង​យោធា​រុស្ស៊ី​​ក្នុង​​តំបន់នោះ។​ កាលពី​ថ្ងៃសុក្រ នាវា​ទាំងនេះ​បាន​ឆ្លងកាត់​សមុទ្រ​Manche ទៅក្បែរច្រកឆ្នេរ​​អឺរ៉ុប ​Gibraltar។

ថ្ងៃពុធ​នេះ មុននឹង​អេស្ប៉ាញ​ប្រកាស​ថា រុស្ស៊ី​លុបចោល​សំណើ​សុំចូលចត​នាវាចម្បាំង​នៅ​កំពង់ផែ​អេស្ប៉ាញ អង្គការ​អូតង់​ និង​អង់គ្លេស​បាន​ដាក់សម្ពាធ​អេស្ប៉ាញ អោយ​ពិចារណា​អោយ​មែនទែន រឿងសម្រេច​​ទទួល​អោយ​នាវា​រុស្ស៊ី​មកចុះចត​ចាក់សាំង​នេះ។ ​​អូតង់​មិនចង់អោយ​អេស្ប៉ាញ​ទទួល​នាវា​រុស្ស៊ី​ទេ។ អូតង់រំលឹក​ឡើងវិញ នូវ​ការ​​​សង្ស័យថា​ នាវា​ចម្បាំង​​រុស្ស៊ី​ទាំងនោះ ធ្វើដំណើរ​ទៅ​ស៊ីរី​ ដើម្បី​បង្កើន​ការ​វាយប្រហារ​​ នៅ​​ទីក្រុង​អាឡិប។ ​

ដោយឡែក ក្រសួង​ការបរទេស​អេស្ប៉ាញ​ប្រាប់ថា ​នាវា​រុស្ស៊ីបាន​​​ចូលចតចាក់សាំង ​​នៅតាម​​កំពង់ផែ​អេស្ប៉ាញ​ ច្រើនឆ្នាំ​មកហើយ។ អេស្ប៉ាញ​ត្រួតពិនិត្យ​ជានិច្ច ចំពោះ​ករណី​​សំណើ​​ចូលចត​និមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ