rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សត្វព្រៃ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាជ្ញាធរអប្សរា៖ កន្លែង​សម្រាប់​ជិះដំរី​ត្រូវ​បាន​រុះរើ​ចេញ​ពី​តំបន់​អង្គរ​ជា​បណ្តើរ​ៗ​

media
សត្វដំរី ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ change.org

ទីតាំង​សម្រាប់​ជិះ​សត្វ​ដំរី​នៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បាន​រុះរើ​ជា​បណ្តើរៗ​ហើយ បន្ទាប់​ពី​មាន​ការ​ប្រកាស​ហាម​មិន​ឲ្យ​មាន​ការ​បំរើ​សេវាកម្ម​ជិះ​ដំរី​នៅ​ក្នុង​តំបន់​អង្គរ នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា​។ ការ​បញ្ឈប់​សេវាកម្មជិះ​ដំរី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ដាក់​ញ្ញតិ្ត​ពី​ក្រុម​អ្នក​ស្រឡញ់​សត្វ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​។


អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​​ថា អាជ្ញាធរ​អប្សរា​បាន​តាំង​ចិត្ត​មុតមាំ​ណាស់ ក្នុង​ការ​បញ្ឈប់​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​សត្វ​ដំរី​នៅ​ក្នុង​តំបន់​អង្គរ ហើយ​ម្យ៉ាង​ចង់​ឲ្យ​សត្វ​ដំរី​អាច​រស់​នៅ​តាម​បែប​ធម្មជាតិ​របស់​វា​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន បាន​ឯកភាព​គ្នា​ក្នុង​ការ​បញ្ឈប់​ការ​ផ្តល់​ជូន​សេវាកម្ម​ជិះ​ដំរី​ក្នុង​តំបន់​អង្គរ​។

បើ​តាម​លោក ឡុង កុសល គម្រោង​បញ្ឈប់​សេវាកម្ម​ជិះ​ដំរី​នេះ បាន​ដើរ​មួយ​ជំហាន​ធំ​ហើយ ជាក់​ស្តែង​រោង​ដំរី​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​រុះរើ​ជិត​អស់​ហើយ​ ដើម្បី​បញ្ឈប់​សេវាកម្ម​នេះ នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ។​ លោក​អះអាង​ថា​ដំរី​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​១៤​ក្បាល ប៉ុន្តែ​មិន​មែន​ដំរី​ទាំង​អស់​ត្រូវ​បាន​ប្រើ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ទេ​។

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ ក្រុម​អ្នក​ស្រឡាញ់​សត្វ​បាន​ធ្វើ​ញ្ញតិ្ត​មួយ ដែល​មាន​អ្នក​គាំទ្រ​ប្រមាណ​១៨​ម៉ឺននាក់ ដើម្បី​ដាក់​ទៅ​អាជ្ញាធរ​អប្សរា ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​សកម្មភាព​ជិះ​ដំរី​នៅ​ក្នុង​តំបន់​អង្គរ​។ ពួក​គេបាន​ចាត់​ទុក​សកម្មភាព​ជិះ​ដំរី គឺ​ជា​សកម្មភាព​ព្រៃ​ផ្សៃ​មួយ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​តំបន់​អច្ឆរិយៈ​នេះ​ទៀត​ផង​។

ជា​ការ​ឆ្លើយ​តប គណៈកម្មាធិការ​ដំរី​អង្គរ​ បាន​ប្រកាស​ថា នៅ​ដើម ឆ្នាំ​២០២០ សមាគម​នេះ​នឹង​បញ្ចប់​ការប្រើប្រាស់​ដំរី ដើម្បី​ដឹក​ភ្ញៀវទេសចរ ប៉ុន្តែ​ភ្ញៀវទេសចរ​នៅតែ​អាច​មើល​សត្វ​ដំរី និង​ថតរូប​ពួកគេ​នៅក្នុង​មណ្ឌល​អភិរក្ស និង​មជ្ឈមណ្ឌល​បង្កាត់​ពូជ​​បាន​។​ នេះជា​ការ​បញ្ជាក់​របស់​ លោក អ៊ាន គី​រី ប្រធាន​គណៈកម្មាធិការ​ដំរី​អង្គរ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​សត្វ​ដំរី​សរុប​ចំនួន​ជាង​៣០០​ក្បាល ​ក្នុងនោះ​ដំរី​ស្រុក​មាន​ចំនួន​តែ​៧២​ក្បាល​ប៉ុណ្ណោះ ​ខណៈ​ដំរី​ព្រៃនៅ​សល់​ប្រហែល​២៥០​ក្បាល​។ ​នេះបើតាម​ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ៕