អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​នៅ​បង់ក្លាដែស ពោរពេញ​ដោយ​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោតសភាជាតិ​​នៅ​ប្រទេសបង់​ក្លាដែស នៅ​ថ្ងៃទី៣០ធ្នូ​នេះ គឺពោរ​ពេញទៅដោយ​អំពើហិង្សា ការ​គំរាមកំហែងបក្ស​ប្រឆាំង​ និង​ការ​សម្លុត​​បំភ័យ​អ្ន​ក​បោះឆ្នោត។ តុល្យការ​បឋម មាន​ស្លាប់​មនុស្ស​យ៉ាង​ហោច​១៧នាក់របួស​ជាង​២០នាក់​​។ គេរំពឹងថា លោកស្រីនាយករដ្ឋមន្ត្រី ស្សែក ហាស៊ីណា (Sheikh Hasina)នឹងឈ្នះឆ្នោតដោយ​ស្រួល​ និង​អាច​កាន់អំណាច ជាគម្រប់អាណត្តិទី៤។ លោកស្រី ធ្លាប់​កាន់​អំណាច​ម្តង​នៅ​អាណត្តិ១៩៩៦-២០០១ ហើយ​អាណត្តិទី​២និង៣ ចាប់ពីឆ្នាំ​២០០៨ រហូត​មក។

ទិដ្ឋភាព​ថ្ងៃបោះឆ្នោត
ទិដ្ឋភាព​ថ្ងៃបោះឆ្នោត reuters
ផ្សាយពាណិជ្ជកម្ម

​អ្នក​សង្កេតការណ៍ជាតិ​និងអន្តរជាតិ ​មើលឃើញថា ការ​បោះឆ្នោតនេះ រួមរឹត​ដោយ​ហិង្សា ហើយ​ គ្មាន​​សេរី និង​គ្មាន​យុត្តិធម៌។ តើ​ហេតុ​អ្វី​បា​នជាអ្នក​សង្កេតការណ៍​ហ៊ាន​អះអាងយ៉ាង​ដូច្នេះ​​?​

ជាដំបូង​ យើង​គួរ​ពិនិត្យ​ពី​​អំពើហិង្សា​នៅ​ថ្ងៃបោះឆ្នោត​នេះសិន។ នៅថ្ងៃនេះ​ គឺកើត​មាន​ហិង្សា​​កាន់​តែ​ខ្លាំង​ជាងនៅពេល​យុទ្ធនាការ​បោះឆ្នោត​ទៅទៀត។ ពីព្រោះថា មាន​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន ត្រូវ​រង​ការ​វាយ​ប្រហារ​​បង្ហូរឈាម​សម្លាប់​មនុស្ស ស្លាប់​អ្ន​កគាំទ្រ​បក្ស​កាន់អំណាច និងបក្ស​កាន់​អំណាច។  ​បើ​តាម​ប្រភពពី​អាជ្ញាធរថា ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា​រវាង​​សកម្មជន​គាំទ្រ​បក្ស​កាន់អំណាច​ និង​​អ្នកគាំទ្រ​បក្ស​​ប្រឆាំង ហើយពួកគេ​​វាយ​ដំ​គ្នា​រហូត​ដល់​ស្លាប់។ ​ រីឯប៉ូលីស​ម្នាក់ ក៏​ត្រូវ​គេ​ប្រើ​ហិង្សា​ រហូត​ដល់​ស្លាប់​​ដែរ​។

ដើម្បី​រក្សា​សន្តិសុខ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ទាហាន​និង​នគរបាល ប្រមាណ​៦០ម៉ឺន​នាក់ ដើម្បី​រក្សា​សុវត្ថិភាព​នៅ​មណ្ឌល​បោះឆ្នោត​៤ម៉ឺន​កន្លែង។ ក៏ប៉ុន្តែ ការ​ពង្រាយ​កងកម្លាំង​បែបនេះ គឺ​ធ្វើឲ្យ​អ្ន​កខ្លះ​យល់ថា ជាការ​បំភិត​បំភ័យ​ទៅវិញ។ គេ​យល់​ដូច្នេះ ក៏​មិន​សូវ​ជា​ខុស​ដែរ ពីព្រោះ​ ជាក់​ស្តែង​ នៅថ្ងៃ​បោះឆ្នោត​នេះ មាន​សេចក្តី​រាយការណ៍ថា មាន​កម្លាំង​អាជ្ញាធរ​មួយ​ចំនួន​ បាន​រា​រាំង​សកម្មជន​ដែល​គេ​ស្គាល់ច្បាស់ថា គាំទ្រ​បក្ស​ប្រឆាំង មិន​ឲ្យ​ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​នោះទេ។ ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស Humain Right Watch ប្រចាំ​នៅ​ប្រទេស​នេះ ក៏​បាន​វាយ​តម្លៃ​ដែរថា ការ​បោះឆ្នោត​នេះ គឺគ្មាន​សុរិតភាព និងមាន​ការ​បំភិត​បំភ័យ​ គំរាម​កំហែង​អ្នក​បោះឆ្នោត​។​

ជារួម ​បោះឆ្នោតលើកនេះ គឺ​​គួរ​ឲ្យ​ព្រួយ​បារម្ភមែនទែន ពី​ភាព​ត្រឹមត្រូវ​នៃដំណើរ​ការ​បោះឆ្នោត។ ពីព្រោះថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ៊ីនធ័រនែត ត្រូវ​អាជ្ញាធរ​បិទ​ខ្ទប់​មិន​ឲ្យ​ផ្សាយ។ ទូរទស្សន៍​ឯកជន​ដែល​ផ្សាយ​តាម​ខ្សែកាប ឈ្មោះថា Jamuna TV ត្រូវ​កាត់​ផ្តាច់ គឺគេ​​មិន​អាច​មើលឃើញ​ការ​ផ្សាយ​បាន​ទេ​នៅថ្ងៃនេះ។ ចំណែក​ប្រព័ន្ធ​អ៊ីនធ័រនែត​ ដូច​ភារី​ដឹង​ស្រាប់​ហើយថា​ ត្រូវ​រអាក់រអួល តាំងតែពីថ្ងៃព្រហស្បត៍មកម្ល៉េះ។ ​ប្រព័ន្ធ​G3, 4G ដែល​ឲ្យ​គេ​ប្រើ​អ៊ីនធ័រនែត​តាម​ទូរសព្ទ​ដៃ​នោះ​ទៀត​សោត ក៏ត្រូវ​អាជ្ញាធរ​ប្រាប់​រួចជា​​ស្រេច​ហើយថា ត្រូវ​បិទ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ​ នេះ ទើប​បើ​កឲ្យប្រើ​វិញ នៅ​ថ្ងៃ​ច័ន្ទ។

បើគេ​ពិនិត្យ​មើល​ស្ថានការណ៍​ តាំងពី​ពេលយុទ្ធនាការ​​ឃោសនា​រហូត​មកដល់​ថ្ងៃ​បោះឆ្នោត​នេះ គឺអាច​និយាយថា បក្ស​កាន់​អំណាច​ច្បាស់​ជាអាច​​ឈ្នះ​ឆ្នោត​ទៀត?

លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​ប្រកាសទេ​ តែ​គេ​ស្ទើរតែ​អាច​ទាយ​ទុក​ជាមុន​បាន​! ដ្បិត​ថា ទោះបី​គណកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ អះអាង​ពី​សុចរិតភាព​របស់​ខ្លួន​មែន​ ប៉ុន្តែ​​ទាំងបក្ស​ប្រឆាំង​និង​អ្ន​កសង្កេត​ការណ៍ឯករាជ្យ​ សង្កេត​ឃើញថា គណកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ មា​នភាព​លម្អៀង​ច្រើន​ទៅលើ​បក្សកាន់អំណាច។ មិនតែប៉ុណ្ណោះ ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​គឺ​នៅតែ​ឃើញមាន។

ជាឧទាហរណ៍​ នៅថ្ងែនេះ នៅ​មណ្ឌល​បោះឆ្នោត​មួយ ប្រមាណជា​៣០០គីឡូម៉ែត្រពី​រដ្ឋធានី​ដាកា សមាជិក​បក្ស​ប្រឆាំង​ បានរកឃើញ​ភស្តុតាង​ជាក់​ស្តែង​នៃការ​លួច​បន្លំសន្លឹក​ឆ្នោត​។

មូលហេតុ​មួយ​ទៀត ដែល​គេ​អាច​និយាយ​បាន​បក្ស​កាន់​អំណាច​នឹង​ឈ្នះ​ឆ្នោត​ទៀត ពីព្រោះថា គ្មាន​បក្ស​ប្រឆាំង​ណា​អាច​ជា​គូ​ប្រជែង​បាន។ ក្តៅពី​បិទខ្ទប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់​អ្នក​កាសែត​ដាក់គុក, ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំងជាច្រើន​នាក់​​ ក៏ត្រូវ​អាជ្ញាធរ​និង​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក​បុកម្នេញ​ដែរ។ អ្នកនយោបាយប្រឆាំងដ៏លេចធ្លោ អ្នកស្រី Khaleda Zia ត្រូវចាប់ចោទ​ពីបទពុករលួយ និង​ត្រូវ​តុលការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាការ​ ចំនួន​​១៧ឆ្នាំ។ បេក្ខជន​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ ១៦នាក់​ផ្សេងទៀត ​ត្រូវ​អាជ្ញាចាប់​ខ្លួនដែរ។ ចំណែក​បេក្ខជន ​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង ចំនួន​១៧នាក់​ មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន ដោយសារតែ​ជាប់​បណ្តឹង​របស់​តុលាការ​។ រី​ឯសកម្មជនគាំទ្របក្សប្រឆាំង ចំនួនជាង១ម៉ឺននាក់ ត្រូវចាប់ឃុំខ្លួន តាំងពី​វិច្ឆិកាមក។

បើ​ពិនិត្យមើល​ទិដ្ឋភាព​នយោបាយ​ បរិកាសមុនការ​បោះឆ្នោត និងនៅថ្ងៃ​បោះឆ្នោតនេះ​ គេ​ស្ទើរតែ​មិន​ចាំបាច់​ទៅ​ផ្អែក​លើ​ការ​ស្ទង់​មតិ​អ្វី​ផង ក៏គេ​​អាច​ដឹង​ថា បក្ស​កាន់​អំណាច​បច្ចុប្បន្ន​ច្បាស់​ជា​នឹង​យក​ជ័យ​ជម្នះ​បាន​ដោយ​ងាយ​ស្រួល​ជា​ទី​បំផុត។

ក្រោម​ការ​ដឹកនាំរបស់​រដ្ឋាភិបាល​បង់ក្លាដែស​បច្ចុប្បន្ន គឺ​សេដ្ឋកិច្ច​ ​រីកចម្រើន​ជឿនលឿនណាស់

ក្រោម​ការ​ដឹកនាំ​របស់​លោកស្រីនាយករដ្ឋមន្ត្រី ស្សែក ហាស៊ីណា Sheikh Hasina, រយៈ​ពេល​១០ឆ្នាំ​ចុងក្រោយ​នេះ សេដ្ឋកិច្ចបង់ក្លាដែស ស្គាល់​កំណើន​យ៉ាង​ល្អ ពោល​គឺក្នុង​រង្វង់​៦ ទៅ​៧ភាគរយ ជា​មធ្យម​ ​រៀង​រាល់​ឆ្នាំ។ ធនាគារ​ពិភពលោក ក៏​បាន​វាយ​តម្លៃ​ដែរថា​ តាំង​ពី​ឆ្នាំ​២០១០មក អត្រា​ភាព​ក្រីក្រ​ គឺ​បាន​កាត់​បន្ថយ​ ហើយ​ប្រជា​ពលរដ្ឋ​ស្ទើរតែ​៩០ភាគ​រយ​ អាច​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់។ ចំណែក​អត្រា​អ្នក​មិន​ចេះ​អក្ខរ​ ក៏​ថយ​ចុះ​ច្រើន​ដែរ។ រី​ឯ​អាយុ​សង្ឃឹមរស់របស់​ពលរដ្ឋ​បង់ក្លាដែស អាច​មាន​រហូត​ដល់​៧៦ឆ្នាំ ស្ទើរតែ​គ្រាន់​បើ​ជាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ ដែលជា​ប្រទេស​ជិត​ខាង​ផង​។​

ក្រៅពី​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស​បច្ចុប្បន្ន ត្រូវ​គេ​ចាត់ទុកថា ជា​មាតា​នៃ​មនុស្សធម៌ ពីព្រោះ​លោកស្រី​បាន​អនុញ្ញាត​ទទួល​យក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ស្ទើរតែ​ជិត​១លាន​។ មិន​តែប៉ុណ្ណោះ លោកស្រី​គឺជា​បុត្រី​របស់ ​Sheikh Mujibur Rahman បិតា​ស្ថាបនិក​បង់​ក្លាដែស ដែល​ជាអ្នក​ធ្វើ​ឲ្យ​បង់ក្លាដែស ទទួល​បាន​ឯករាជ្យ​នៅឆ្នាំ​១៩៧១។ ឪពុក​របស់​លោកស្រី​ ត្រូវ​គេ​គោរព​កោត​សរសើរ​សម្បើម​ណាស់។​ ដូច្នេះហើយ បាន​ជា​លោកស្រី​ក៏​ទទួល​ការ​គាំទ្រ​ច្រើន​ដែរ នៅ​ក្នុង​ប្រទេស​។

ទោះបី​យ៉ាងណាក៏ដោយ  ការ​រីកចម្រើ​នសេដ្ឋកិច្ច កិច្ច​ការ​មនុស្សធម៌ ហើយ​និង​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ ជារឿង​ដែល​គេ​ត្រូវ​ថ្លឹងថ្លែង។ ក៏ប៉ុន្តែ​ ទស្សនៈ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​  «ដើម្បី​រីកចម្រើន​សេដ្ឋកិច្ច គេ​ត្រូវ​លះបង់​សិទ្ធសេរីភាព និង​កាត់​បន្ថយ​ប្រជាធិបតេយ្យ​ខ្លះៗ»។

ផ្ទុយទៅវិញ អ្នកវិភាគ​នយោបាយ ខ្លះ ​យល់ថា លោកស្រី​នាយករដ្ឋមន្ត្រីឈ្លក់វង្វេង​នឹង​​អំណាច​ជ្រុល​ពេក​ហើយ។ គេ​បាន​លើកឡើងថា លោកស្រីធ្វើអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​បាន​អំណាច ហើយ​និង​ហ៊ាន​ធ្វើគ្រប់​មធ្យោបាយ​ដើម្បី​រក្សា​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ