អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោមការដឹកនាំ កំលុងរយៈពេលពីរឆ្នាំ របស់​លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បារាំងបាន​ក្លាយជាប្រទេសនាំមុខ​លំដាប់ទីពីរ​នៅអឺរ៉ុបទាំងមូល តាមពី​ក្រោយ​អាល្លឺម៉ង់ ក្នុងនាមជាប្រទេសមួយ​ដែល​មាន​ភាពទាក់ទាញបំផុត​ សម្រាប់​ការវិនិយោគបរទេស។ នេះបើយោងតាម ការចេញផ្សាយ​ផ្លូវការមួយ របស់​រដ្ឋាភិបាល​បារាំង។រដ្ឋាភិបាលបារាំង​ក្រោមការដឹកនាំ​របស់​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត​ក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន បាន​ធ្វើកំណែទម្រង់យ៉ាងច្រើន តួយ៉ាង លើ​វិស័យ​អប់រំ ប្រព័ន្ធពន្ធដារ ប្រព័ន្ធការងាររដ្ឋបាល វិស័យបច្ចេកវិទ្យាចុងក្រោយ និង​ការ​បង្កើន​ភាពទាក់ទាញផ្សេងៗ សម្រាប់ការវិនិយោគបរទេស។

ប្រធានាធិបតីបារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​( Emmanuel Macron) (ឆ្វេង​) និង​លោក ពូទីនប្រធានាធិបតីរុស្ស៊ី (Vladimir Poutine)
ប្រធានាធិបតីបារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​( Emmanuel Macron) (ឆ្វេង​) និង​លោក ពូទីនប្រធានាធិបតីរុស្ស៊ី (Vladimir Poutine) ©REUTERS/Grigory Dukor
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ចេញផ្សាយផ្លូវការ​របស់​រដ្ឋាភិបាលបារាំង តាមរយៈ​​គេហទំព័រ​ gouvernement.fr បានឱ្យ​ដឹងថា ប្រទេសបារាំងក្រោម​ការដឹកនាំ​របស់​ លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាន​បោះជំហានសេដ្ឋកិច្ចរបស់ខ្លួនមួយ​ជំហានបន្ថែមទៀត ក្លាយជាប្រទេសខ្ពស់លំដាប់ទីពីរនៅអឺរ៉ុប​ទាំងមូល ដែលទាក់ទាញការវិនិយោគបរទេសល្អបំផុត ដោយ​ប្រទេសអាល្លឺម៉ង់​ស្ថិត​នៅ​លំដាប់ទីមួយ ខណៈ​ចក្រភពអង់គ្លេសតាម​ពីក្រោយ​បារាំង។

ចំណុចទាក់ទាញមួយដ៏ចម្បង​របស់បារាំងគឺ ពលរដ្ឋបារាំងភាគច្រើន​មាន​ការ​អប់រំខ្ពស់ និងមាន​គុណភាព។ បារំាង​ចាត់ទុកថា ការវិនិយោគលើវិស័យអប់រំជាកត្តា​កំណត់នូវផលិតភាពនាពេល​អនាគត។ ជាក់ស្ដែង រដ្ឋាភិបាល​បាន​ចំណាយថវិកាយ៉ាងច្រើនលើវិស័យអប់រំ ក្នុង​ចំនួនមួយ​ស្មើនឹងប្រមាណជាង ៥,២ភាគរយ​នៃ​ចំណូល​ជាតិសរុប។ គិតត្រឹម​ឆ្នាំ​២០១៧ មានយ៉ាងហោចណាស់ ៣៥,២ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី ២៥ទៅ៦៤ឆ្នាំ បានទទួលការអប់រំនៅ​ថ្នាក់ឧត្តមសិក្សា។ ទោះជាយ៉ាងណា តួលេខនេះមានចំនួនតិចជាងបើធៀបទៅនឹងសហរដ្ឋអាមេរិក (៤៦,៤ភាគរយ) និងចក្រភពអង់គ្លេស (៤៥,៧ភាគរយ) តែខ្ពស់ជាងប្រទេសអាល្លឺម៉ង់(២៨.៦ភាគរយ)។

ថ្លៃផលិតកម្មទាបក៏ជាកត្តា​រួមចំណែកមួយផងដែរ ក្នុងការទាក់ទាញការវិនិយោគបរទេស។ យោងតាមរបាយការណ៍របស់ The Competitive Alternatives ប្រទេសបារាំងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានតម្លៃអគ្គិសនីទាប ធៀប​នឹងបណ្តាប្រទេសដែល​មាន​កម្រិតអភិវឌ្ឍខ្ពស់ផ្សេង​ទៀត។ លើសពីនេះ ថ្លៃជួលការិយាល័យក្នុងមួយម៉ែត្រការ៉េនៅទីក្រុងធំៗរបស់​បារាំង មានតម្លៃទាបជាងទីក្រុងធំៗនៅក្នុង​ចក្រភពអង់គ្លេស អេស្ប៉ាញ ឬអាល្លឺម៉ង់។

ងាកមកមើល​វិស័យបច្ចេកវិទ្យា បារាំងស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំងប្រាំមួយខ្ពស់បំផុតលើពិភពលោក ជាមួយសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងរុស្ស៊ី និង​ស្ថិតក្នុងចំណោម​ប្រទេស​ទាំងពីរខ្ពស់​បំផុត​នៅអឺរ៉ុប ដែល​មាន​ការ​អភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់បំផុត។ បារាំងបាន​វិនិយោគយ៉ាងខ្លាំង​លើ ការស្រាវជ្រាវ និង​ការ​អភិវឌ្ឍ ជាពិសេស​ការផ្តល់​ប្រាក់កម្ចីដល់​ក្រុមហ៊ុន​លើ​គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា។

នៅប៉ុន្មានឆ្នាំចុងក្រោយ ការ​ធ្វើ​កំណែទម្រង់ប្រព័ន្ធពន្ធដារ ក៏បានចូលរួមចំណែកក្នុងការជំរុញ​ការ​ប្រកួតប្រជែងរបស់​បារាំងផងដែរ។ អត្រាពន្ធដារលើការ​ធ្វើ​ពាណិជ្ជកម្មនឹងធ្លាក់ចុះជាបន្តបន្ទាប់ពី ៣៣,៣ភាគរយនៅឆ្នាំ២០១៨ មកត្រឹម២៥ភាគរយនៅឆ្នាំ​២០២២។

កត្តាចម្បង​ចុងក្រោយ ពាក់ព័ន្ធយ៉ាងជិតស្និត​លើ ប្រព័ន្ធការងាររដ្ឋបាល និង​និយតកម្ម (ឬក៏ការធ្វើឱ្យត្រឹមត្រូវតាមច្បាប់ពាណិជ្ជកម្ម) តួយ៉ាង ការងារពាក់ព័ន្ធនឹងការធ្វើកិច្ចសន្យា ការចាប់ផ្តើមអាជីវកម្ម ឬការធ្វើពាណិជ្ជកម្ម​ឆ្លងព្រំដែន ជាដើម។ យោងតាម​របាយការណ៍ស្ដីពីការធ្វើពាណិជ្ជកម្មរបស់ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសបារាំងទទួលបានការវាយតម្លៃល្អលើបរិយាកាសអាជីវកម្ម  ដោយស្ថិត​ក្នុង​ចំណាត់ថ្នាក់កណ្តាល ក្នុងចំណោមបណ្តាប្រទេសមានកម្រិតអភិវឌ្ឍខ្ពស់ផ្សេងទៀត។

សរុបជារួម កត្តាផ្សេងៗរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យា កត្តា​ចំណាយថ្លៃផលិតកម្មទាប កំណែទម្រង់​លើប្រព័ន្ធពន្ធដារ និង​កំណែទម្រង់លើប្រព័ន្ធការងាររដ្ឋបាល សុទ្ធតែជាកត្តា​ចម្បង​ៗដែលបាន​រួមចំណែក​បង្កើត​ភាពទាក់ទាញ​សម្រាប់ការវិនិយោគបរទេស​នៅក្នុង​ប្រទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ