អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹមរយៈពេល​១០​ឆ្នាំ ​​ក្រោយវិបត្តិ​ហិរញ្ញវត្ថុ​កាល​ពីឆ្នាំ​​២០០៨ ​បំណុល​​សាធារណៈសាកល​បាន​កើន​ឡើង​រហូត​ដល់ ២២៥ភាគរយ ធៀប​នឹង​សេដ្ឋកិច្ច​សាកល​ទាំងមូល​ ដែលវាស់​វែង​ដោយ​ទំហំ​នៃផលិតផលក្នុងស្រុកសរុប។ វា​ជា​អត្រា​កំណើនមួយ​ដ៏​ធំធេង​ រហូត​ដល់មូលនិធិរូបិយវត្ថុអន្ដរជាតិ (Fond Monétaire International) បានព្រមានទៅកាន់ពិភពលោក អំពីភាពផុយស្រួយ​របស់​សេដ្ឋកិច្ច​សាកល​ទាំងមូល។​

ស្លាកនៃទីស្នាក់ការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ FMI​ នៅទីក្រុង​ Washington​
ស្លាកនៃទីស្នាក់ការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ FMI​ នៅទីក្រុង​ Washington​ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ឆ្នាំ​២០១៨ និង​២០១៩ ​សេដ្ឋកិច្ចសាកល​ត្រូវ​បាន​រំពឹង​ថា​នឹង​មានកំណើន​ក្នុង​អត្រា​ប្រមាណ ៣,៩ភាគរយ។ ទោះ​ជាយ៉ាង​ណា ពិភពលោក​ក៏កំពុង​ជាប់​ផុង​ជាមួយ​នឹងបំណុល​សាធារណៈសាកល​ ក្នុង​ក​ម្រិត​មួយ​ធ្ងន់ធ្ងរ​ ធៀប​​ពីមុន​វិបត្តិហិរញ្ញវត្ថុ​​សាកល​កាល​ពី​១០ឆ្នាំមុន។ បញ្ហា​នេះ​​ទាមទារ​ឱ្យ​ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​ការពារ​ខ្លួន​ពី​វិសម្ពាធសេដ្ឋកិច្ច​ណាមួយ​ក្នុង​ពេលខាងមុខ។ នេះ​បើ​យោង​តាម​របាយការណ៍របស់ មូលនិធិរូបិយវត្ថុ​អន្ដរជាតិ​ (Fond Monétaire International)

បំណុល​សាធារណៈសាកល​បាន​កើន​រហូត​ដល់​ ២២៥ភាគរយ​ ធៀប​នឹង​ផលិតផល​​​ក្នុង​ស្រុក​សរុប កាល​ពី​ឆ្នាំ​២០១៦​ ពេលគឺ​កើនជាង ១២ដង ធៀប​នឹង​ឆ្នាំ​២០០៩។ គិត​ត្រឹម​ត្រីមាស​ទីមួយ ឆ្នាំ​២០១៨ ទំហំ​ទឹកប្រាក់​បាន​កើន​ដល់ ២៤៧​សែន​កោដ​លានដុល្លារ (២៤៧ ០០០ ០០០ ០០០ ០០០ ដុល្លារ) ពោល​គឺ​ស្មើ​ប្រមាណ ៣១៨ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​សាកល​​ទាំងមូល

មូល​ហេតុ​ចម្បងក៏​ព្រោះ​ដោយសារ ការកើន​ឡើង​នៃ​ចំណាយ​សាធារណៈ​របស់​រដ្ឋាភិបាលនិង​ការអូសបន្លាយ​អត្រាការប្រាក់​ទាប​ដែល​​លើក​ទឹកចិត្ត​​ឱ្យ​រដ្ឋាភិបាល​​ភាគច្រើន​លើ​ពិភពលោក​បង្កើនទំហំ​កម្ចីរបស់​ខ្លួន ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ។

ប្រទេស​ចិន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំបំផុតទីពីរលើលោក បាន​រួម​ចំណែក​​ច្រើន​ជាង​៤០ភាគរយ​នៃ​កំណើន​បំណុល​សាធារណៈទាំង​ស្រុង​ ចាប់​ពី​ឆ្នាំ​២០០៧។ រីឯ សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ងើបឡើង ឬ​ប្រទេស​​​កំពុង​អភិវឌ្ឍ​ បំណុល​សាធារណៈបាន​កើន​ជាមធ្យម​ដល់​ជាង ៥០​ភាគ​រយ ​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប។ វាជា​អត្រា​ខ្ពស់​បំផុត​គិត​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ (១០ឆ្នាំ​ក្រោយ​វិបត្តិបំណុល​នៅ​អាមេរិក​ឡាទីន)។

នៅ​សហរដ្ឋអាមេរិក បំណុល​សាធារណៈធៀប​នឹង​សេដ្ឋកិច្ច​ តំណាង​ប្រមាណ ១០៨​ភាគរយ នៅ​ឆ្នាំ​២០១៧ ឬអាច​កើន​ឡើង​ដល់ ១១៧ភាគរយ​ នៅ​ឆ្នាំ​២០២៣ នោះ​ក៏ព្រោះ​ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​បង្កើន​កញ្ចប់​ថវិកា​ចំណាយ​សាធារណៈ​ជាបន្តបន្ទាប់​​មិន​ដាច់​នៅប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ជាពិសេស​ប្រឈម​​នឹង​​វិបត្តិហិរញ្ញវត្ថុសាកល​។

នៅ​អឺរ៉ុប​ឯណោះវិញ យោងតាមទិន្នន័យផ្លូវការ​ចុងក្រោយ​របស់​ EuroStat  បើ​ទោះ​បីជា ប្រទេស​សមាជិកត្រូវបង្ខំ​ចិត្ត​អនុវត្ត​វិធានការ​នយោបាយរឹតត្បិតថវិកា​ក៏​ដោយ ក៏​វិបត្តិ​ហិរញ្ញវត្ថុ​សាកល និង​វិបត្តិប្រាក់​អឺរ៉ូ បាន​ធ្វើ​ឱ្យ​បំណុល​កើនឡើង​ពី​ប្រមាណ ​៦០,៨ភាគរយនៅឆ្នាំ២០០៨ មក​ដល់ ៨១,៦ភាគរយ សម្រាប់​ប្រទេស​អឺរ៉ុបទាំង២៨។ ហើយ​អត្រា​មាន​ទំហំ​ធំជាង​សម្រាប់​ប្រទេស​ចាយប្រាក់​អឺរ៉ូទាំង១៩ ដោយ​នៅ​ឆ្នាំ​២០១៧ បំណុល​បាន​កើន​ឡើង​ដល់ ៨៦,៧ភាគរយ​ ធៀប​ត្រឹម​តែ ៦៨,៧ភាគរយ​នៅ​ឆ្នាំ​២០០៨។ ប្រទេស​ដែល​មាន​បំណុល​ច្រើន​ជាង​គេគឺ​ ក្រិក អៀរឡង់ ព័រទុយហ្គាល់ អ៊ីតាលី និងអេស្ប៉ាញ

​ងាក​មក​ប្រទេស​កម្ពុជា យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក បំណុល​សាធារណៈធៀប​ជាមួយ​នឹង​ផលិត​ផលជា​តិ​​សរុប (​Revenu National Brut) បាន​កើន​​ពី​ ២៤,៨ ភាគរយ​ នៅ ​ឆ្នាំ​២០០៨ រហូតដល់​ ៥៤,៤ភាគរយ នៅ​ឆ្នាំ​២០១៦ ។ ចិន​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា ដោយ​តំណាង​ប្រហែល ៥០ភាគរយ​នៃ​បំណុល​សរុប។

ហេតុអ្វី​ត្រូវ​ខ្វល់​ខ្វាយ​ពី​ការ​កើន​ឡើង​បំណុល​សាធារណៈ? ក្នុង​ករណី​ប្រទេស​ភាគច្រើន​ បំណុល​សាធារណៈមាន​ន័យ​ស្មើ​នឹង​ ឱនភាព​ថវិកា ឬការ​ចំណាយ​របស់​​រដ្ឋាភិបាល​​ណាមួយធំ​ជាង​ចំណូលដែល​ខ្លួន​អាច​រក​បាន។ ក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច​ ការ​ពន្យល់​​អាច​មាន​ច្រើន​រូបភាព។

ទីមួយ បំណុល​កើន​ឡើង​នឹង​មាន​ន័យ​ថា ការប្រាក់​ដែលរដ្ឋ​មួយ​​ត្រូវ​បង់​នឹង​កើន​ឡើង​ផង​ដែរ។ ជាឧទារហណ៍ ការ​ប្រាក់​ដែល​កម្ពុជា​ត្រូវ​ចំណាយ​សងទៅ​ម្ចាស់​បំណុល​មាន​ប្រមាណត្រឹមតែ ១៩,១​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៨ បាន​កើន​ឡើង​ដល់ ១៤៨,៤លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ពោល​គឺ​កើន​ឡើង​ជាង ៦៧៦,៩៦ភាគរយ។ ទីពីរ ប្រសិន​បើ​បញ្ហា​ឱនភាព​ថវិកា​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះទេ រដ្ឋាភិបាល​មួយ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​បំណុល​បន្ថែម​ ដើម្បីទូរទាត់​ការ​ចំណាយ ឬ​ក៏​សង​បំណុល​ចាស់​ផងដែរ។ កត្តា​នេះ​នឹង​រុញ​ច្រាន​ឱ្យ​បំណុល​ចេះតែ​បន្តកើន​ឡើង។ ជាឧទាហរណ៍​ សម្រាប់​ករណី​ប្រទេស​កម្ពុជា​ដដែល បំណុល​បាន​កើន​ពីប្រមាណ ២,៤៧ពាន់លាន​ដុល្លារនៅ​ឆ្នាំ​២០០៨ ដល់​ប្រហែល ១០,២៣ពាន់លាន​ដុល្លារនៅ​ឆ្នាំ​២០១៦។ អត្រាកំណើន​ស្មើនឹង​ ៣១៤,៨៣ភាគរយ។

នៅ​ចុង​បញ្ចប់​ បំណុល​នឹង​ក្លាយ​ជា​បន្ទុក​របស់អ្នក​បង់ពន្ធ ឬ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​​បំណង​​បង្កើន​ខ្ទង់​ចំណាយ​ណាមួយ​បន្ថែម។ ទោះ​ជា​យ៉ាង​ណា បញ្ហាបំណុល​សាធារណៈមិន​មែន​មាន​ន័យថា អាក្រក់​ទាំង​អស់​នោះទេ ព្រោះ​ថា​វា​អាច​ជា​ប្រភព​ដ៏​​ចម្បង​នៃ​ការ​វិនិយោគសាធារណៈណាមួយរបស់​រដ្ឋាភិបាល ​ដែល​នឹង​បង្កើត​ជាឱកាស​អំណោយផល​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។ ក៏​ប៉ុន្តែ សម្រាប់​ករណី​ប្រទេស​ភាគច្រើន ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍតូចៗ ​គេ​ត្រូវ​ចង​ចាំ​ថា បំណុល​អាច​ដំណើរ​ការ​ទៅ​បាន​ប្រសើរ​តែ​នៅ​ពេល​ដែល​ចំណូល​របស់រដ្ឋ​​ធំជាង​ចំណាយ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ