អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​​ ​ជួប​បរាជ័យ​​​ជាថ្មី​​ ក្នុង​ការ​​អនុម័ត​ច្បាប់​​លុបចោល​​ច្បាប់សុខភាព​​​Obamacare​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​កំណែទម្រង់ច្បាប់​សុខភាព​របស់​បក្ស​កាន់អំណាច​អាមេរិក​​​ជួបបរាជ័យ​ជាថ្មី​ទៀតហើយ។ ​​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​២រូប​បាន​ប្រកាស​​​មិន​បោះឆ្នោត​គាំទ្រ​គម្រោង​កំណែទម្រង់​ច្បាប់​សុខភាព ​​​​​រៀបចំ​ឡើង​ដោយ​មេដឺកនាំ​សំខាន់ៗ​ក្នុង​បក្ស​ទេ។​ ពេលនេះ បក្ស​កាន់អំណាច​គ្មានសម្លេង​គ្រប់គ្រាន់​ដើម្បី​អោយ​ព្រឹទ្ធសភា​​អនុម័ត​ច្បាប់​​ត្រាំឃែរ​ទេ។ ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ចង់​ដាក់ច្បាប់ថ្មី មកជំនួស​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា បាន​​ ​ទាមទារ​អោយ​បក្សសាធារណរដ្ឋ​ លុបចោ​លច្បាប់អូបាម៉ា​ឃែរចោល​​តែម្តង។

លោក​ដូណាល់ ត្រាំ
លោក​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

បក្ស​សាធារណរដ្ឋ​គ្មាន​សម្លេង​គ្រប់គ្រាន់​ ​ក្នុង​ព្រឹទ្ធសភា ​ដើម្បី​អនុម័ត​គម្រោង​​​ច្បាប់​ត្រាំឃែរ​

ក្នុង​ព្រឹទ្ធសភាអាមេរិក ​​មាន​សមាជិក​១០០នាក់។ សមាជិ​កបក្ស​សាធារណរដ្ឋ​មាន​ដល់ទៅ​៥២នាក់។ ដើម្បី​សម្រេច​ចេញ​ច្បាប់​ណាមួយ បក្ស​កាន់អំណាច​ត្រូវការ​សម្លេង​យ៉ាងតិច​៥០ ដូច្នេះ សមាជិកបក្ស​​៥២នាក់​គឺគ្រប់គ្រាន់។ ប៉ុន្តែ ពេលនេះ​មាន​សមាជិ​ក៤នាក់ ជំទាស់​គម្រោង​កំណែទម្រង់​ច្បាប់​សុខភាព​ត្រាំឃែរ។ នោះ​គឺ​លោក​ ​Mike Lee សមាជិក​អភិរក្ស​នៅ​​Utah និង​លោក​Jerry Moran នៅ​Kansas ដែល​បាន​ប្រកាស​ប្រឆាំង​គម្រោង​ច្បាប់​ត្រាំឃែរ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ហើយ​សមាជិក​បក្ស​២រូប​ទៀត​ដែលជំទាស់​កន្លងមក​ដែរ​នោះ គឺ​លោកRand Paul​ និងលោកស្រី​​ Susan Collins។ ដូច្នេះសម្លេង​នៅសេសសល់​ក្នុង​បក្ស​ដើម្បី​គាំទ្រ​ច្បាប់​ត្រាំឃែរ មាន​តែ​៤៨សម្លេង មិនគ្រប់គ្រាន់​ទេ​ ដើម្បី​អនុម័ត​ច្បាប់​ត្រាំឃែរ។ យើង​មិនបាច់​និយាយ​ពី​បក្ស​ប្រឆាំង​ប្រជាធិបតេយ្យ​ទេ ព្រោះ​ពួកគេ​​ប្រឆាំង​ដាច់ខាត​នឹង​គម្រោង​​ច្បាប់​​​សុខភាព​របស់​បក្ស​​កាន់អំណាច។ ពួកគេ​ជំទាស់​ការ​​លុបចោល​​ច្បាប់អូបាម៉ាឃែរ​​របស់​ប្រធានាធិបតី​​អូបាម៉ា​​ អាណត្តិមុន។ ​

សូមបញ្ជាក់​ដែរថា មិនមែន​មា​នតែ​​សមាជិក​ព្រឺទ្ធសភាបក្សកាន់​អំណាច​​​​ទាំង៤​រូបនេះ​​ទេ​ដែល​មិនពេញចិត្ត​​គម្រោង​​ច្បាប់​ត្រាំឃែរ សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​ទៀត​ក៏ដូចគ្នា​ដែរ គ្រាន់តែពួកគេ​មិនប្រឆាំង​ដាច់ខាត​ប៉ុណ្ណោះ។ សមាជិក​បក្ស​កាន់អំណាច​ខ្លះ​ចង់​អោយ​​រក្សា​ទុក​ចំណុច​ខ្លះ​នៃ​ច្បាប់​អូបាម៉ាឃែរ។​

ការបែកខ្ញែក​គំនិត​គ្នា​ក្នុង​ជួរបក្ស​សាធារណរដ្ឋ​ធ្វើអោយ​​អោយ​​លោកដូណាល់ ត្រាំ ពិបាក​​សម្រេច​ពាក្យសន្យា​​បោះឆ្នោត

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោតប្រធានាធិបតី លោកដូណាល់​ ត្រាំ ធ្លាប់​សន្យា​​លុបចោល​ច្បាប់​អូបាម៉ាឃែរ និង​​ដាក់ចេញ​ច្បាប់​សុខភាពថ្មី​មកប្រើ​ជំនួស​វិញ។ ដូច្នេះ ​ច្បាប់ត្រាំឃែរ​នឹងឡើង​មក​ជំនួស​ច្បាប់​លោក​អូបាម៉ា​វិញម្តង។ ​ប៉ុន្តែ ​​គម្រោង​​ច្បាប់ត្រាំឃែរ ​ទំរាំ​​បានឡើង​មកដល់​ព្រឹទ្ធសភា ខែ​កក្កដានេះ គឺ​ធ្លាប់​ត្រូវ​លោកត្រាំ​ដកចេញ​ម្តងហើយ នៅ​សភាជាន់ទាប​​​ កាលពី​ខែមិនា ​ដោយសារ​មិនអាច​​​ប្រមូល​សម្លេង​បានគ្រប់គ្រាន់។​ សមាជិក​បក្ស​កាន់អំណាចគ្មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ទេ ចំពោះច្បាប់​ត្រាំឃែរ។

បើ​យោងតាម​​សមាជិក​បក្សសាធារណរដ្ឋ ​លោក​​​លោក​ជែររី ម៉ូរ៉ាន់ ដែល​​បាន​ប្រកាស​ល្ងាច​ម្សិលមិញ ថា​លោក​​​មិនបោះឆ្នោត​គាំទ្រ​ច្បាប់ត្រាំឃែរ​ ច្បាប់​សុខភាព​ត្រាំឃែរ ​មិន​ជា​ជួយ​កាត់​បន្ថយ​ថ្លៃ​បង់​ធានារ៉ាប់រង​សុខភាព ដែល​ពលរដ្ឋ​មានជីវភាព​មធ្យម​ត្រូវបង់​ទេ។ ។ សមាជិក​បក្ស​សាធារណរដ្ឋ​ដែល​ជា​អ្នក​មិនកាន់​ជំហរ​តឹងតែង​ពេក​នោះ ធ្លាប់​​​​បរិហារ​ពី​​ការកាត់បន្ថយ​ថវិកា​ផ្នែក​សុខភាព ដែល​​ជា​​​បញ្ហា​ប៉ះពាល់​ប្រជាជន​ក្រីក្រ។ ​ច្បាប់​ត្រាំឃែរ​នៅតែ​បន្ត​អោយ​ប្រជាជន​អ្នកមាន​បង់ពន្ធមែន ប៉ុន្តែ​ អនុញ្ញាតអោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ប្រកួត​ប្រជែង​តម្លៃគ្នា ដូច្នេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ចង់​តម្លើង​ថ្លៃពេលណា​ក៏បាន បើ​ចង់ចំណេញ​ពី​អ្នកដែល​មា​នជំងឺ​ប្រចាំ​ខ្លួន​នោះ។ ​​

បើ​និយាយពី​ច្បាប់​អូបាម៉ាឃែរ​ដែល​បាន​អនុម័ត​ ឆ្នាំ​២០១០​វិញ ច្បាប់​លោក​អូបាម៉ា​បានជួយ​អោយ​ពលរដ្ឋ​ក្រីក្រទិញ​ធានារ៉ាប់រង​ក្នុងតម្លៃ​ទាប​បំផុត ស្ទើរតែ​មិនបង់​ថ្លៃ​សោះ​ទៅហើយ។ ដោយសារជំនួយ​កម្មវិធី​រដ្ឋសហព័ន្ធ ​ ​​ប្រជាជន​​​​ប្រមាណ​១០លាននាក់ ដែល​ធ្លាប់​គ្មាន​ធានារ៉ាប់រង​សោះ ទីបំផុត​អាច​ទិញធានារ៉ាប់រងបាន។ ច្បាប់អូបាម៉ាឃែរ​ជួយ​អ្នកធ្វើការ​ដែល​ថៅកែ​មិន​បង់​ធានារ៉ាប់រង​អោយ។

ច្បាប់ត្រាំឃែរវិញ ​បែរជាចង់​កាត់បន្ថយ​កម្រិត​​ជំនួយ​ឥណទាន​ទៅអោយ​ប្រជាជន​ក្រីក្រទៅវិញ។ ​តាំងពី​​លោកដូណាល់ ​ត្រាំ​ឡើងកាន់​អំណាច លោក​ថែមទាំង​បាន​​​អនុញ្ញាត​អោយ​​ប្រជាជន​អាមេរិក​លែង​មាន​កាតព្វកិច្ច​ទិញធានា​រ៉ាប់រង​តទៅទៀត​ ហើយ​ក៏​មិនពិន័យ​អ្នកដែល​មិនទិញធានា​រ៉ាប់រង​សុខភាព​ដែរ។ ​​​គឺ​​​ផ្ទុយ​នឹង​ច្បាប់​អូបាម៉ា​ឃែរ ដែលពិន័យ​អ្នក​មិនទិញ​ធានា​រ៉ាប់រង​សុខភាព។ ដូច្នេះ កម្មវិធី​រ៉ាប់រង​សុខភាព​របស់​រដ្ឋសហព័ន្ធ​ដើម្បី​ជួយ​ជនក្រីក្រ នឹងត្រូវកាត់​បន្ថយ​បន្តិចម្តងៗ ហើយ​អ្នក​មាន​បញ្ហា​សុខភាព​​អាច​នឹង​លែងទទួលបាន​ការធានារ៉ាប់រង​ពី​រដ្ឋ​​។ ដោយសារ​មូលហេតុទាំងនេះ​ហើយ ទើបបា​នជា​សមាជិ​ក​បក្ស​សាធារណរដ្ឋ​នៅតែមិនអាច​ត្រូវរ៉ូវគំនិត​គ្នា​លុបចោល​ច្បាប់អូបាម៉ា​ឃែរ​ទាំងស្រុង ដើម្បី​យកច្បាប់​ត្រាំឃែរ​មកដាក់​ជំនួស​វិញ។ ​​

សមាជិក​ក្នុង​បក្ស​ខ្លះ​ចង់​រក្សា​គោលការណ៍​ខ្លះៗ​របស់​ច្បាប់​អូបាម៉ាឃែរ។ ​សមាជិក​បក្ស​គ្មានគំនិត​ស្របគ្នា​ ​អាច​ជា​ឧបសគ្គ​​ដល់​ការដឺកនាំ​​របស់​លោកដូណាល់ ត្រាំ។ ​បក្សកាន់អំណាច​ទីបំផុតទៅ​ ស្រួលមិនស្រួល ​អាច​នឹង​​មិន​​​ចេញច្បាប់អ្វី​អោយពិតប្រាកដ​ ស្របតាម​ការសន្យា​ឃោសនា​បោះឆ្នោត​កន្លងមកបាន។ ​ការប្រកាស​របស់​សមាជិក​បក្ស​កាន់អំណាច​២រូប​ម្សិលមិញ ថា​មិនបោះឆ្នោត​គាំទ្រ​ច្បាប់​ត្រាំឃែរ​នេះ បាន​ធ្វើអោយ​មាន​ការបារម្ភ​ពី​អ្នកវិនិយោគក្នុង​ទីផ្សារ​ ធ្វើអោយ​ប្រាក់​ដុល្លារ​​ធ្លាក់ថ្លៃ។

ការ​បែកបាក់​គំនិត​គ្នា​ក្នុង​បក្ស​កាន់អំណាច​​​​​ ធ្វើអោយ​បក្ស​ប្រឆាំង​ប្រជាធិបតេយ្យ​​លើកឡើង​ថា ច្បាប់ត្រាំឃែរ​គ្មា​នគ្រឹះអ្វី​ពិតប្រាកដ​ទេ។ សមាជិក​បក្ស​កាន់អំណាច​មួយចំនួន​ចង់ដោះស្រាយ​បញ្ហា ចង់អោយ​​​​​មាន​ការ​​ពិភាក្សា​ ចង់​បាន​ការចូលរួម​ជាមួយ​បក្ស​ប្រឆាំង​ដែរ ចំពោះ​ច្បាប់​សុខភាពនេះ។ សេតវិមា​នប្រាប់ថា ព្រឹទ្ធសភា​នឹង​ធ្វើការ​តទៅទឿត ដើម្បី​ចេញ​គម្រោង​ច្បាប់​ដាក់​ទៅ​អោយ​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ