អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​មេរោគ​អេបូឡា​ឆ្លង​ពី​អាហ្រ្វិក​​ចូល​មក​ទឹកដី​អាមេរិក​បានយ៉ាងម៉េច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃ​ពុធ ទី ១ តុលា អាជ្ញាធរ​អាមេរិក​ នៅ​ទីក្រុង​ដាឡាស រដ្ឋតិចសាស់ តាម​រក កំណត់​អត្តសញ្ញាណ​ក្រុមមនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​លីបេរីយ៉ា​ម្នាក់ ដែល​មាន​ផ្ទុក​មេរោគអេបូឡា នៅទីក្រុង​ដាឡាស រដ្ឋតិចសាស់។ តាម​អាជ្ញាធរ នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ចូល​មក​ពាក់ព័ន្ធ​ជាមួយ​អ្នកជម្ងឺ មាន​ផងដែរ សិស្ស​សាលាក្មេងៗ ដែល​ជា​អ្នកជិតខាង​របស់​អ្នកជម្ងឺ។ ករណី​រកឃើញ​ជាលើកទីមួយ អ្នកជម្ងឺ​ឆ្លង​មេរោគ​អេបូឡានៅលើ​ទឹកដី​អាមេរិក បាន​បង្ក​ឲ្យ​មាន​ការចោទ​សំណួរ​ជាច្រើន​ពី​សមត្ថភាព​ត្រួតពិនិត្យ និង​តាមដាន​មេរោគ​អេបូឡា​របស់​ស្ថាប័ន​សុខាភិបាល​អាមេរិក នៅ​តាម​ព្រលាន​យន្តហោះ ក៏​ដូចជា​​នៅ​តាម​មន្ទីរពេទ្យ។ ការរកឃើញ​ជាលើកទីមួយ ករណី​ឆ្លង​មេរោគ​អេបូឡា​នៅ​លើ​ទឹកដី​អាមេរិក​បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​ពីការឆ្លង​រាតត្បាតរបស់​អេបូឡា​នៅអាមេរិក។ ហេតុអ្វី​បាន​ជា​អ្នកជម្ងឺ​មាន​មេរោគ​អេបូឡា​មិន​បាន​ទទួល​ការព្យាបាល ប៉ុន្តែ ផ្ទុយទៅវិញ បែរ​ជាត្រូវ​បញ្ជូន​ឲ្យ​ត្រលប់​ទៅ​ផ្ទះវិញ?

មន្ទីរពេទ្យ​តិចសាស់ ជាទី​ដែល​គេ​រកឃើញអ្នកជម្ងឺ​មាន​​មេរោគអេបូឡា
មន្ទីរពេទ្យ​តិចសាស់ ជាទី​ដែល​គេ​រកឃើញអ្នកជម្ងឺ​មាន​​មេរោគអេបូឡា REUTERS/Mike Stone
ផ្សាយពាណិជ្ជកម្ម

រហូតមកដល់​ពេលនេះ អាមេរិក​ធ្លាប់​បាន​ព្យាបាល​​គ្រូពេទ្យ​ និងអ្នកធ្វើការ​ខាងសាសនា​អាមេរិកបួននាក់ ដែល​ត្រូវ​បញ្ជូន​ពី​ប្រទេស​លីបេរីយ៉ា ដោយសារ​តែ​បាន​ឆ្លងមេរោគ​អេបូឡា។ ប៉ុន្តែ នេះ​ជា​លើកទីមួយ ដែល​គេ​រកឃើញ​​ករណី​អ្នកកើត​​ជំងឺ​អេបូឡា​ នៅ​ក្នុង​ទឹកដី​អាមេរិក។ អ្នកជម្ងឺ​នោះ​ឈ្មោះ Duncan ជនជាតិ​លីបេរីយ៉ា បាន​ធ្វើ​ដំណើរ​មក​ដល់​អាមេរិក នៅថ្ងៃ​ទី ២០​ខែ​កញ្ញា ដែល​បើ​តាម​កាសែត​អាមេរិក គឺ​គាត់​មក​លេង​ក្រុមគ្រួសារ​របស់គាត់ នៅ​រដ្ឋ​តិចសាស់។

 
ទើប​តែថ្ងៃ​​ទី ២៥ គឺ​បួនថ្ងៃ មក​ដល់​ទឹកដីអាមេរិក គាត់​ត្រូវ​បានគេ​​​ដឹក​ចូលផ្នែក​សង្រ្គោះ​បន្ទាន់ នៅក្នុង​មន្ទីរពេទ្យ​ក្រុង​ដាឡាស។ នៅទីនោះ គាត់​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​ទើប​ធ្វើ​ដំណើរ​មក​ពី​តំបន់​អាហ្រ្វិក។ ​គ្រូពេទ្យដែល​​រកឃើញថា គាត់​គ្រុនក្តៅខ្លួន​​​មិនធ្ងន់ធ្ងរ និងមាន​ត្រឹម​តែ​​ឈឺពោះ ​បាន​សម្រេចឲ្យ​គាត់​ប្រើ​​ថ្នាំ អង់ទីប្យូទិច និង​ទៅ​ សម្រាក​នៅ​ផ្ទះវិញ។

​នៅថ្ងៃ​ទី ២៨ គាត់​ត្រូវ​បញ្ជូន​ត្រលប់​មក​ផ្នែក​សង្រ្គោះ​បន្ទាន់​ជាថ្មី។ គឺ​នៅពេលនោះ​ហើយ​ដែល​គេ​បាន​ផ្អើល​ ភ័យស្លន់ស្លោរ ព្រោះ គេ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ​រកឃើញថា បុរស​ ជាតិ​ ​លីបេរីយ៉ា ​មាន​ផ្ទុក​មេរោគ​អេបូឡា។ រហូត​មកដល់​ពេលនេះ អ្នកជំនាញ​នៅ​មិន​ទាន់​ដឹងថា តើ​បុរស​ជាតិ​លីបេរីយ៉ា​អាច​ឆ្លង​មេរោគ​អេបូឡា​បាន​ដោយ​របៀបណា និង​នៅ​ទីណាទេ។ តាមគ្រូពេទ្យ អ្នកជម្ងឺ​ពេលនេះ​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាពដាបខ្លាំង និង​ត្រូវ​បាន​គេ​ដាក់​ព្យាបាល​ឲ្យ​នៅ​ដាច់ឆ្ងាយ​ពី​អ្នកដទៃ។

អ្នកទទួល​ខុសត្រូវ​របស់​មន្ទីរពេទ្យ ក្រុង​ដាឡាស បាន​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត និង​កំហុសរបស់ខ្លួន ដែល​បណ្តោយ​​ឲ្យ​អ្នកជម្ងឺ មាន​សង្ស័យ​ឆ្លង​មេរោគ​អេបូឡា​ត្រលប់ទៅ​ផ្ទះវិញ។ តាម​អ្នកទទួល​ខុសត្រូវ​ខាងលើ អ្នកជម្ងឺ​បាន​ប្រាប់​គ្រូពេទ្យ​ដែល​ត្រូវ​ចុះព័ត៌មាន​ថា គាត់​មក​ពី​អាហ្វ្រិក ចំណែក​បងប្អូន​របស់​អ្នកជម្ងឺ​បាន​បញ្ជាក់ថា គាត់​ទើប​មក​ពី ប្រទេស​លីបេរីយ៉ា ប៉ុន្តែ ព័ត៌មាន​ពី​ប្រភព​ធ្វើដំណើរ​របស់​អ្នកជម្ងឺ នៅអាហ្វ្រិក មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់លើ ដែល​ជាអ្នកសម្រេច​ចិត្ត​នោះទេ។ តាម​ប្រធាន​មន្ទីរពេទ្យ​ មន្ទីរពេទ្យ​មាន​សម្ភារៈ​គ្រប់គ្រាន់ និង​វិធីសាស្រ្ត​ដើម្បី​បង្ការ ទប់ទល់​នឹង​មេរោគ​អេបូឡា។ កាលពី​មួយ​សប្តាហ៍​មុន​អ្នកជម្ងឺ ចូល​មកមន្ទីរពេទ្យ បុគ្គលិក​ពេទ្យ​ទើប​បាន​ត្រូវ​កោះប្រជុំ​ និង​បង្រៀន​ឲ្យ​ដឹង​ពី​វិធី​ដើម្បី​ទប់ស្កាត់​មេរោគអេបូឡា។ នេះ​គឺ​ដូចជា​ការ​ចំអក​នៃ​ព្រហ្មលិខិត ព្រោះ មួយ​សប្តាហ៍​ក្រោយ មន្ទីរពេទ្យ​បាន​ទទួល​អ្នកជម្ងឺមេរោគអេបូឡា ដោយទាំង​​មិន​ដឹងថា គេ​មាន​មេរោគ​អេបូឡា។

អ្នកជម្ងឺ​អេបូឡា ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​នៅ​ផ្ទះ ដើរហើរ​ដូចអ្នកដទៃ នៅក្នុង​ទឹកដី​អាមេរិក។ នេះ​ជា​កំហុស​ឆ្គង​មួយដែល​គេ​មិនអាច​អត់អោន​ឲ្យ​បាន។ នេះ​បើ​តាម​គ្រូពេទ្យជំនាញ​អាមេរិក។ ដូចបាន​លើក​និយាយ ក្នុង​រយៈពេល​បួនថ្ងៃនេះ អ្នកជម្ងឺ​អាច​ចម្លង​ទៅ​មនុស្ស​ដទៃ​ទៀត​ជាច្រើន។ អាជ្ញាធរ​អាមេរិក​ពេលនេះ កំពុង​​កំណត់​អត្តសញ្ញាណ​ក្រុមមនុស្ស​ដែល​បាន​ចូល​មក​ប៉ះពាល់ ទាក់ទង​ជាមួយ​អ្នកជម្ងឺ ចាប់តាំងពីថ្ងៃ​ដែល​គាត់​មាន​កើតរោគសញ្ញា​ឆ្លង​មេរោគ​អេបូឡា គឺ​ថ្ងៃ​ទី ២៤​រហូត​ដល់​ថ្ងៃ​ដែល​គាត់​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យថ្ងៃ ទី ២៨។

តាមមជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជម្ងឺ​ដែល​ធ្វើការ​ជា​ពិសេស​ទៅលើ​មេរោគ​អេបូឡា គេ​កំណត់​ឃើញ​មាន​មនុស្ស​ពី ១៨ ទៅ ២១​នាក់​ដែល​បាន​ចូល​ទៅ​ពាក់ព័ន្ធ​ជាមួយ​អ្នកជម្ងឺ តាំងពី​ថ្ងៃ ដែល​គ្រូពេទ្យ​ឲ្យ​ទៅ​គាត់​ទៅ​សម្រាក​នៅផ្ទះ។ ពួកគេ​ទាំងនោះ ដែល​ក្នុង​នោះ​ក៏មាន​សិស្សសាលា​ផងដែរ ត្រូវ​បាន​គេ​ដាក់​នៅ​ដាច់​ដោយឡែក ក្នុង​អំឡុង​ពេល​២១​ថ្ងៃ ដើម្បី​តាមដាន​រក​​ករណី​ឆ្លង។ ​ប្រធាន​មជ្ឈមណ្ឌល​នេះ​មិន​បដិសេធ​ទេ ថា នឹង​មាន​ករណី​ឆ្លងថ្មី នៅក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍ខាងមុខ ជាពិសេស សាច់ញាតិ​ជិតស្និទ្ធ​ម្នាក់​របស់​អ្នកជម្ងឺ កំពុង​ត្រូវ​គេ​តាមដាន​ដោយ​ម៉ត់ចត់​បំផុតផងដែរ។

សេតវិមាន​អាមេរិក​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បីធានា​កុំ​ឲ្យ​ប្រជាជន​អាមេរិក​ភ័យស្លន់ស្លោ
តាម​អាជ្ញាធរ​អាមេរិក គេ​គ្មានហេតុផល​ដែល​ត្រូវភ័យព្រួយ ថាមេរោគ​អេបូឡា​រាតត្បាត​នៅ​អាមេរិក​ទេ ព្រោះ​អាមេរិក​មិន​មែនអាហ្វ្រិក។ អាមេរិក​មាន​ប្រព័ន្ធ​សុខាភិបាល ទំនើប មាន​មន្ទីរពេទ្យ បណ្តាញ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេបូឡា​ និង​កំពុង​ធ្វើ​ពិសោធន៍​ដើម្បី​ផលិត​ថ្នាំ​ព្យាបាល​ជម្ងឺ​អេបូឡា។ អាមេរិក​ធ្លាប់​បាន​ព្យាបាល​អ្នកជម្ងឺ​អេបូឡា​ជនជាតិ​អាមេរិក ​ឲ្យ​ជា​សះស្បើយ។ ម្យ៉ាងទៀត អាជ្ញាធរ​អាមេរិក​មាន​សមត្ថភាព​អាច​កំណត់​បាន​យ៉ាងលឿន អ្នកដែល​ធ្លាប់​ចូល​ទៅ​ប៉ះពាល់​អ្នកជម្ងឺ និងអាច​ដាក់​ពួកគេ​ឲ្យ​ព្យាបាល នៅដាច់​​ឆ្ងាយពី​គេឯង។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជម្ងឺ​បាន​បញ្ជាក់​ហើយ បញ្ជាក់ទៀត ថា គេ​មិន​អាច​ឆ្លង​មេរោគ​​អេបូឡា​តាម​ផ្លូវ​ដកដង្ហើម ទេ ប៉ុន្តែ តាម​ការប៉ះពាល់​វត្ថុជាតិរាវ ដូចជា​ឈាម ទឹកមាត់ ឬ​ញើស ​របស់​អ្នកដែល​ចេញ​រោគសញ្ញា​អេបូឡា។ បើគេ​បាន​ប៉ះពាល់​វត្ថុជាតិរាវ​របស់​អ្នកណា​ម្នាក់ ដែល​គ្មាន​​ចេញ​រោគសញ្ញា​អេបូឡា នោះ​គេ​មិន​ចាំបាច់​បារម្ភទេ។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​អាមេរិក​ខំពន្យល់​ដើម្បី​ទប់​អារម្មណ៍​របស់​អ្នកដំណើរតាម​ជើងអាកាស ដែល​ភ័យខ្លាច​ថា ពួកគេ​អាច​ឆ្លង​មេរោគ​អេបូឡា​ពី​បុរស​លីបេរីយ៉ា​នៅលើ​យន្តហោះ។

យ៉ាងណាក៏ដោយ ការរកឃើញ​ករណី​ឆ្លង​ជម្ងឺ​អេបូឡា​មាន​ជា​លើកទីមួយ​នៅ អាមេរិក​បាន​បង្ហាញថា មេរោគ​អេបូឡា​ចាប់ផ្តើម​រាតត្បាត​ថ្នាក់អន្តរជាតិ ចេញពីទឹកដី​​អាហ្រ្វិកហើយ។ នៅ​ទីកន្លែង​ណាក៏ដោយ នៅ​ប្រទេស​អ្នកមាន អភិវឌ្ឍន៍ ឬ​ក្រីក្រ គឺ​មិន​អាច​រួចគេច​ផុត​ពី​ការ​ឆ្លង​មេរោគអេបូឡាដែរ។ ឧទាហរណ៍​ជាក់ស្តែងបាន​បង្ហាញហើយថា បុរស​លីបេរីយ៉ា​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទឹកដី អាមេរិក ដោយ​មិន​បាន​ចាប់ឃាត់ឃាំង​អ្វីទេ ព្រោះ​ថា គេ​គ្មាន​ហេតុផល​អ្វី ដែល​ត្រូវ​ហាម​គាត់​មិន​ឲ្យ​គាត់​ចូលទឹកដី​អាមេរិកដែរ។ គាត់​មក​ពី​លីបេរីយ៉ា​​មែន ប៉ុន្តែ គាត់​គ្មាន​រោគសញ្ញា​បង្ហាញថា គាត់​មានជម្ងឺ​អេបូឡា។ ជម្ងឺ​អេបូឡា​ទើប​លេចចេញ​ ក្រោយ​គាត់​មក​ដល់​ដី អាមេរិក​បួនថ្ងៃ​ក្រោយ។ មកដល់​ពេលនេះ អាជ្ញាធរ​អាមេរិក​នៅ​មិន​ទាន់​បង្ហាញ​ពី ចំណាត់​ការ​យ៉ាង​ណា​ ទាក់ទង​នឹង​ដំណើរឆ្លងកាត់​របស់​មនុស្ស ដែល​អាច​ជា​ប្រភព​នាំ​មេរោគ​អេបូឡា​។ តាមអ្នកជំនាញ​សុខភាព មធ្យោបាយ​មានតែមួយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ថ្នាក់​អន្តរជាតិ គឺ​ត្រូវ​កម្ចាត់​សម្បុក​មេរោគ​អេបូឡា​នៅ​អាហ្រ្វិក​ខាងលិច៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ