អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ដ្រូនអាមេរិក​​សម្លាប់​​បាន​​​​មេក្លោង​​​​អាល់កៃដា​សំខាន់​​​២រូប​ នៅ​​អាហ្វហ្កានីស្ថាន​​

ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​ទីភ្នាក់ងារចារកិច្ច​អាហ្វហ្កានីស្ថាន​ NDS បាន​ប្រកាស​គូសបញ្ជាក់​ពី​មរណភាព​របស់មេក្រុម​ជាន់ខ្ពស់​អាល់កៃដា ​​២រូប នៅ​អាហ្វហ្កានីស្ថាន។ ​មេភេរវជន​ទាំង២​នេះ បាន​​រងការ​វាយប្រហារ​ដោយ​​ដ្រូន​អាមេរិក នៅ​ខែត្រ​គូណា ភាគខាងជើង​អាហ្វហ្កានីស្ថាន។ ​សមាជិក​​​អាល់កៃដា​មួយរូប​ទៀត ក៏​ស្លាប់​ដោយសារ​​​ដ្រូនអាមេរិក​ផងដែរ។ ប្រតិបត្តិការ​​សម្លាប់​ភេរវជនទាំងនេះ ​បាន​​ធ្វើឡើង​ដោយ​មាន​ការ​​សម្រួល​ពី​ទីភ្នាក់ងារចារកិច្ច​អាហ្វហ្កានីស្ថាន។ 

ដ្រូនអាមេរិក​​ Prédator MQ-1
ដ្រូនអាមេរិក​​ Prédator MQ-1 Effrain Lopez/Handout
ផ្សាយពាណិជ្ជកម្ម

មេក្លោង​ក្រុមភេរវជន​២រូប នៅ​អាហ្វហ្កានីស្ថាន ដែល​ស្លាប់​ដោយ​ដ្រូនអាមេរិក​នេះ ម្នាក់​ឈ្មោះ​​ហ្វារុក អាល់កាតានី Farouq al-Qahtani និង​ម្នាក់ទៀត​ឈ្មោះ ប៊ីឡាល់ អាល់​ អ៊ូតាប៊ី Bilal al-Utabi។ ​ក្រុម​ភេរវជន​អាល់កៃដា ចាត់ទុក​​ជនអាល់ កាតានី​ ជា​មេដឹកនាំ​លំដាប់​ទី១ ហើយ​អាល់ អ៊ូតាប៊ី ជា​មេដឹកនាំ​លំដាប់​​​ទី២រឺ​ក៏ទី៣។  ​ប្រតិបត្តិការ​ដ្រូន​កំចាត់មេក្លោង​​ក្រុម​អាល់កៃដា​ធំៗទាំង២រូបនេះ បាន​​ដំណើរការ​នៅ​ខែត្រ​គូណា ភាគខាងជើងអាហ្វហ្កានីស្ថាន​​ ជិត​ព្រំដែន​ប៉ាគីស្ថាន។ ​

​ហ្វារុក ​អាល់ កាតានី ជា​ពលរដ្ឋ​​​​កាតា ដែល​ប្រហែល​ជា​បានកើត​នៅ​អារ៉ាប៊ីសាអូឌីត។ កាតានី​​​​ជា​មនុស្សជំនិត ​នឹង​អ៊ូសាម៉ា បិនឡាដិន ត្រូវអាមេរិ​កតាម​កំចាត់​ច្រើនឆ្នាំ​មកហើយ។ គេស្គាល់ថា ​មេជាន់ខ្ពស់​អាល់កៃដា​រូបនេះ ​ជា​អ្នក​ជ្រើសរើស​យុវជន​​នានា​ អោយចូល​ជា​សមាជិ​កអាល់កៃដា។

​កាតានី ក៏​អាច​ជា​អ្នករៀបចំ​ថវិកា និង​​ចាត់ចែង​ការវាយប្រហារ​​ទៅលើ​ក្រុមសម្ព័ន្ធ​មិត្ត​នៅ​អាហ្វហ្កានីស្ថាន នៅ​អាស៊ី​អាគ្នេយ៍ និង​នៅ​ប្រទេស​លោកខាងលិច​ដែរ។ កាតានី​ក៏​ជាអ្នក​​​ចែកចាយ​វិភាគទាន​ ដែល​អាល់កៃដា​ទទួលបាន​ពី​សកម្មជន​គាំទ្រ​ក្រុមខ្លួន នៅ​ប្រទេស​​តំបន់​ឈូងសមុទ្រ​ពែរស៍ ផ្តល់​ប្រាក់​ទាំងនេះ​ឧបត្ថម្ភ​ដល់​ប្រតិបត្តិការ​ខាងក្រៅ របស់​ក្រុម និង​ដល់​ចលនា​ក្រុមតាលីបង់​អាហ្វហ្កានីស្ថា​នផងដែរ។

ចំណែកអាល់ អ៊ូតាប៊ី ជា​​មេក្លោង​អាល់កៃដា​មួយរូបទៀតដែលដ្រូនអាមេរិក​បាញ់​សម្លាប់​ដែរនោះ ​​​ត្រូវបា​នគេស្គាល់​ថា ​ជាអ្នកត្រួតពិនិត្យ ​ការជ្រើសរើស​សកម្មជន​ប្រយុទ្ធ​បរទេស។ ​ប្រតិបត្តិការ​សម្លាប់​មេក្លោង អាល់កៃដា​​​ធំៗ​ទាំង២​នេះ  ជា​ប្រតិបត្តិការ​​​កំចាត់​​អាល់កៃដា សំខាន់​បំផុត ​របស់​អាមេរិក គិត​ច្រើនឆ្នាំ​មកនេះ។ មរណភាព​មេក្លោង​ទាំង២​ ​ជា​ការបាត់បង់​ដ៏ធំ​សម្រាប់​ក្រុម ភេរវជន​​អាល់កៃដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ