អានតួអត្ថបទ
ចិន

ចិន​ភ្ញាក់ផ្អើល​នឹង​តួលេខ​នៃ​ឱនភាពពាណិជ្ជកម្ម​ក្នុង​ខែ​កុម្ភៈ​ដែល​មាន​ដល់​ទៅ ២២ ៩៨០លានដុល្លារ

មន្ទីរពន្ធដារ​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរិ៍ ទី៨ មីនា​ថា តួលេខ​នៃ​ឱនភាព​ពាណិជ្ជកម្ម​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​មាន​រហូត​ដល់​ទៅ ២២ ៩៨០លានដុល្លារ។ នេះ​ជា​តួលេខ​ដ៏​ច្រើន​សម្បើម​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ដែល​រដ្ឋាភិបាល​ចិន​មិន​បាន​រង់ចំា​ទាល់​តែ​សោះ។ បើ​យោង​តាម​មន្ទីរពន្ធដារ មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ឱនភាព​ពាណិជ្ជកម្ម គឺ​បណ្តាល​មក​ពី​ការ​ឈប់​សម្រាក​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នំា​ដែល​មាន​សកម្មភាព​នានា​នៅ​តាម​រោងចក្រ សហគ្រាស​បាន​បិទទ្វារ​មួយ​រយៈ។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង Reuters/路透社
ផ្សាយពាណិជ្ជកម្ម

បើ​ធៀប​នឹង​ខែ​កុម្ភៈ ឆ្នំា ២០១៣ កន្លង​ទៅ ការ​នំា​ចេញ​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១៤ នេះ​មាន​ការ​ធ្លាក់​ជាង ១៨%។ ផ្ទុយ​ទៅ​វិញ ការ​នំា​ចូល​មាន​ការ​កើន​ឡើង​ជាង ១០%។ យោង​តាម​មន្ទីរពន្ធដារ​ចិន ឱនភាពពាណិជ្ជកម្ម​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​ជា ២២ ០០០លានដុល្លារ​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​ដែល​រដ្ឋាភិបាល​មិន​បាន​រង់ចំា​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ មន្ទីរពន្ធដារ​បាន​លើក​យក​ហេតុផល​មក​ពន្យល់​ថា គឺ​ដោយសារ​តែ​ក្នុង​ខែ​កុម្ភៈ​នោះ ជា​រដូវ​បុណ្យ​ចូល​ឆ្នំា​ថ្មី​ដែល​គ្រប់​រោងចក្រ សហគ្រាស​ទំាង​អស់​បាន​បិទ​ទ្វារ​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក កម្មករ​ចេញ​ដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត។

ជា​ទូទៅ​នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នំា​ថ្មី រោងចក្រ សហគ្រាស​ទំាង​អស់​នៅ​ក្នុង​ប្រទេស​ចិន​ច្រើន​តែ​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន​ទ្វេដង​ក្នុង​គោលដៅ​បង្កើន​ការ​នំា​ចេញ។ បន្ទាប់​មក​នៅ​ក្រោយ​ចូល​ឆ្នំា​ថ្មី គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​ជម្រុញ​ការ​នំា​ចូល​វិញ​ម្តង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ផ្សព្វផ្សាយ​តួលេខ​នៃ​ឱនភាពពាណិជ្ជកម្ម​របស់​មន្ទីរ​ពន្ធដារ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​ទើប​បាន​កំណត់​ទិសដៅ​សេដ្ឋកិច្ច​ថ្មី​សម្រាប់​ឆ្នំា ២០១៤ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ៧,៥%។

យ៉ាង​ណា​ក៏​ដោយ ទឹកប្រាក់​នៃ​ឱនភាពពាណិជ្ជកម្ម​ក្នុង​ខែ​កុម្ភៈ​ដ៏​ច្រើន​សម្បើម​ដែល​ចិន​ទើប​បាន​ជួប​ជា​លើក​ទីមួយ​តំាង​ពី ១១ខែ​កន្លង​ទៅ​នេះ មិន​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកវិភាគ​បារម្ភ​ទេ ព្រោះ​ពួក​គេ​យល់​ថា តម្រូវការ​របស់​ពិភពលោក​នៅ​តែ​មាន​ទ្រង់ទ្រាយ​ធំ និង​ដែល​ចិន​នៅ​តែ​ជា​ទីផ្សារ​ផ្គត់ផ្គង់​ធំ​ជាង​គេ​នៅ​ក្នុង​លោក។ ភាព​សុទិដ្ឋិនិយម​របស់​ក្រុមអ្នកវិភាគ​មក​ពី​គេ​សំអាង​ថា ស្ថានភាព​សេដ្ឋកិច្ច​លើ​ពិភពលោក​បាន និង​កំពុង​មាន​ដំណើរការ​ទៅ​មុខ​បន្តិចៗ​វិញ​ហើយ។ ជាក់ស្តែង ការ​នំា​ចូល​វត្ថុធាតុដើម​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ខែ​មករា និង​កុម្ភៈ​កន្លង​ទៅ។

បន្ទាប់​ពី​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក​មក ចិន​ទើប​បាន​ក្លាយ​ជា​មហាអំណាច​ពាណិជ្ជកម្ម​ទី១ ក្នុង​លោក​កាល​ពី​ឆ្នំា ២០១៣ កន្លង​ទៅ។ ឆ្នំា ២០១៣ ដែល​ចិន​ទទួល​បាន​សំណល់​ពាណិជ្ជកម្ម​ជិត ១៣% ដែល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជា ២៥៩ ០០០លានដុល្លារ។ នេះ​ជា​តួលេខ​ដ៏​សែន​ខ្ពស់​គិត​តំាង​ពី​ឆ្នំា ២០០៨ មក ពោល​តំាង​ពី​ការ​ផ្ទុះ​វិបត្តិហិរញ្ញវត្ថុ​ក្នុង​លោក​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ