អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គុយបា​ប្រារព្ធ​ខួប​កាន់អំណាច​​១០ឆ្នាំ​ របស់​ប្រធានាធិបតី​ Raul​ Castro​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតដល់​ថ្ងៃ​៣១កក្កដា​ ២០១៦​នេះ លោក Raul Castro ​អាយុ​៨៥ឆ្នាំ ​បាន​កាន់អំណាច​នៅ​គុយបា​​​១០ឆ្នាំ​​ហើយ។ ​កាលពី១០ឆ្នាំមុន ​ដោយសារ​បញ្ហា​សុខភាព​ ​អតីត​ប្រធានាធិបតី​​ Fidel Castro បាន​ផ្ទេរ​អំណាច​អោយ​ទៅ​លោក Raul Castro ជា​ប្អូនប្រុស។ ​កាលនោះ លោក Raul Castro នៅ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ។ លោក​ រ៉ូល កាស្ត្រូ ត្រូវបាន​តែងតាំង​ជា​ប្រធានាធិបតី​​ផ្លូវការ នៅ​ឆ្នាំ២០០៨។ 

ប្រធានាធិបតី​គុយបាRaul Castro (ឆ្វេង) និង​លោក​Miguel Diaz Canel ជា​អ្នក​អាច​​​កាន់កាប់​​​​​​​គុយបា បន្ទាប់​ពី​លោក​​Castro
ប្រធានាធិបតី​គុយបាRaul Castro (ឆ្វេង) និង​លោក​Miguel Diaz Canel ជា​អ្នក​អាច​​​កាន់កាប់​​​​​​​គុយបា បន្ទាប់​ពី​លោក​​Castro Reuters
ផ្សាយពាណិជ្ជកម្ម

១០ឆ្នាំ​មកនេះ គុយបា​ចេះ​បត់បែន​ផ្នែកការទូត និង​បាន​​ធ្វើកំណែទម្រង់​ជាច្រើន ដែល​គេ​ស្មាន​មិនដល់។ នោះគឺ​ការ​បើក​ចំហ​សេដ្ឋកិច្ច និង​ការ​ខិតទៅ​​រក​អាមេរិក​វិញ។ ប្រធានាធិបតី​ Raul Castro សន្យា​ចុះពី​អំណាច នៅ​ឆ្នាំ២០១៨។

គុយបា​និង​អាមេរិក​ជា​អតីតសត្រូវក្នុង​សង្គ្រាម​ត្រជាក់ ​បាន​ខិតទំនាក់ទំនង​​រកគ្នា​វិញ
ជា​ការនឹកស្មាន​មិនដល់​​ ​លោកRaul Castro បាន​ធ្វើអោយ​​គុយបា​​ខិត​ទំនាក់ទំនង​ទៅ​រក​អាមេរិក ដែល​ជា​សត្រូវសម័យ​​សង្គ្រាមត្រជាក់​វិញ។ គុយបា​បាន​ចរចា​សំងាត់​១ឆ្នាំ​ជាមួយ​អាមេរិក ហើយ​ខែ​ធ្នូ ឆ្នាំ២០១៤ គុយបា​និង​អាមេរិក បាន​ប្រកាស​​ជា​ប្រវតិ្តសាស្ត្ររួមគ្នា​​ថា​ ​ប្រទេស​ទាំង២​បាន​ខិត​ទំនាក់​ទំនង​​ទៅ​រកគ្នា​វិញ​ហើយ។

ខែកក្កដា​ឆ្នាំ២០១៥ ប្រទេស​ទាំង២​បាន​​​បើក​ស្ថានទូត​​ឡើងវិញរៀងៗខ្លួន។ ខែមិនា​ឆ្នាំ២០១៦ លោក​អូបាម៉ា បាន​បំពេញ​ទស្សនកិច្ច​នៅ​គុយបា ក្នុង​នាម​ជា​ប្រធានាធិបតីអាមេរិក ​​ដំបូង ដែល​​ចុះ​​ទៅ​គុយបា​ ​​គិតក្រោយ​​បដិវត្តន៍របស់​លោក Fidel Castro ។

គួររំលឹកថា ​អាមេរិកបាន​​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​​ជាមួយ​គុយបា នៅ​ឆ្នាំ១៩៦១ ក្រោយ​​ពេល​លោក​​​​​​​ហ្វ៊ីឌែល កាស្ត្រូ ​​​ផ្តួល​រលំ​​មេដឹកនាំ​មុន​មួយទៀត គឺ​លោក​ ផុលចិនស្យូ បាទីស្តា នៅ​ដើមឆ្នាំ១៩៥៩។​ ​​អាមេរិក​មិនទទួលស្គាល់​របប​លោក​ហ្វ៊ីឌែល កាស្ត្រូ ទេ ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​គុយបា នៅ​ឆ្នាំ​១៩៦២។ ទំនាក់ទំនង​អាមេរិក​-គុយបា​ បាន​ធ្លាក់​ក្នុង​វិបត្តិសង្គ្រាម​ត្រជាក់​​ ក្រោយ​ពេល​គេរកឃើញ​មីស៊ីល​សូវៀតច្រើនដើម​ ក្នុងទឹកដី​គុយបា ក្នុង​ឆ្នាំ១៩៦២។ អាមេរិក​និង​គុយបាជា​អតីតសត្រូវ​នឹងគ្នា ហើយ​បែរជា​អាច​​ងាក​មក​ញញឹម​ដាក់គ្នា​វិញ គឹជា​រឿង​​ស្មា​នមិនដល់​ទេ​ សម្រាប់សហគមន៍​​អន្តរជាតិ។

ដោយឡែក ​ក្រៅពី​អាមេរិក​ គុយបា​ក៏បាន​ពង្រឹងទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ ដោយ​បាន​ចុះ​ហត្ថលេខា​​​កិច្ចព្រមព្រៀង​ទាក់ទង​ការចរចា​នយោបាយ​ជាមួយប្រទេស​​អឺរ៉ុប។

កំណែទម្រង់ក្នុងស្រុក​​របស់​លោក​ Raul Castro
គុយបា​បាន​បើកចំហ​សេដ្ឋកិច្ច ដោយ​ព្រមអោយ​មាន​ការផ្តួចផ្តើម​បែបឯកជន។ គេឃើញថា ដោយសារ​​ការបើកចំហរ​នេះ បច្ចុប្បន្ន ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​១១លាន​នាក់ ​ប្រជាជន​​កន្លះសែន​នាក់​បាន​ក្លាយជា​អ្នក​ធ្វើការ​បែបឯករាជ្យ ធ្វើការ​ជា​​ឯកជន គឺថា ពួកគេ​បាន​បើក​កា​រ​រកស៊ី​​​​តូចតាចផ្ទាល់ខ្លួន។ អាជ្ញាធរ​ក៏បាន​បន្ធូរ​លក្ខខណ្ឌ​ខ្ចីប្រាក់​ធនាគារ​ដល់​ពួកគេដែរ។ ពីមុន​មក ក្នុង​ជំនាន់​លោក​Fidel Castro ​ជាបងប្រុស រដ្ឋ​បាន​បិទ​មិនអោយ​​មាន​ការរកស៊ី​បែប​ឯករាជ្យ​ដូច្នេះទេ។

គុយបា​ក៏​មានច្បាប់​ជំរុញ​ការវិនិយោគ​បរទេសដែរ ថែមទាំង​​បាន​កំណត់​អត្រាពន្ធ​​វិជ្ជមាន​សម្រាប់​សហគ្រាស​បរទេសទៀតផង។ រដ្ឋាភិបាល​​បាន​បើក​កំពង់ផែ​ឧស្សហកម្ម​ម៉ារីយែល Mariel នៅ​ភាគខាងលិច​​រដ្ឋធានី​ឡាហាវ៉ាន​ អនុញ្ញាត​អោយ​សហគ្រាស​បរទេស ​​បាន​បោះទីតាំងនៅទីនោះ។

ពេលនេះ រដ្ឋាភិបាល​លោក​​ Raul Castro កំពុង​​ពិនិត្យកិច្ចការ​ទាក់ទង​​​សហគ្រាស​ធុនធ្ងន់​និងមធ្យម ចង់អោយ​សហគ្រាស​ប្រភេទ​នេះ​​​មា​នវត្តមាន​​ក្នុងស្រុក​​ឡើងវិញ​ដែរ។ សហគ្រាស​ធុនធ្ងន់​និង​ធុន​មធ្យម​​​ ត្រូវបាន​គុយបា​លុបចោល តាំង​ពី​​ឆ្នាំ​១៩៦៨ម្ល៉េះ។ ចំពោះ​ផ្នែកដីធ្លីវិញ ​តាំងពី​ឆ្នាំ២០០៧មក ​លោករ៉ូល ​​កាស្ត្រូ​បាន​ធ្វើ​​កម្មវធី​ផ្តល់ដីទំនេរ​អោយ​ប្រជា​កសិករ​ កាប់គាស់​ដាំដុះ ដើម្បី​​ជំរុញ​ការ​​​ផលិត​ម្ហូបអាហារ ក្នុងស្រុក ព្រោះថា ​គុយបា​នាំចូល​​ម្ហូបអាហារ​ ​ពីបរទេស ក្នុង​អត្រា​ខ្ពស់​​​ជិត​៨០ភាគរយ​ឯណោះ។

ក្រៅពី​កំណែទម្រង់​ខាងដើម​នេះ ​ប្រទេស​កុម្មុយនិស្ត​មួយនេះ បាន​បើកសិទ្ធិ​ដើរហើរ​ដោយសេរី​ដល់​ប្រជាជន​ខ្លួនឡើងវិញ។ ពលរដ្ឋ​​​​​មានសិទ្ធិធ្វើដំណើរ​​ទៅបរទេស ​ដោយ​មិនចាំបាច់​​សុំ​លិខិត​អនុញ្ញាត​​ពីអាជ្ញាធរ​ រឺមាន​​លិខិត​បញ្ជាក់​ពីបរទេស​ទៀតទេ។

ឃើញថា ​ប្រៀប​នឹង​របប​លោក​Fidel Castro ​ជា​បងប្រុស ​ដែល​​គុយបាធ្លាក់​ក្នុង​ភាព​ឯកា របប​លោក​រ៉ូល កាស្ត្រូ​ ជាប្អូនប្រុស ​មាន​​ការបើកចំហរ ​បើកផ្លូវទូលាយ​ច្រើន។ ​ប្រជាជន​​​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស ​ហើយត្រលប់​មក​ស្រុក​កំណើត​វិញ ក៏​ស្ទើរតែ​មីនជឿ​នឹង​ភ្នែក ចំពោះ​ការប្រែប្រួល​ទាំងអស់នេះ​ដែរ។

ទោះ​មាន​​កំណែទម្រង់​វិជ្ជមាន​បែបនេះ ក៏​សេដ្ឋកិច្ច​គុយបា​នៅតែ​ជួប​ការ​លំបាក។ ​គុយបា​​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក តាំង​ពី​​ឆ្នាំ១៩៦២។ លើសពីនេះ ​គុយបា​​លែងទទួលបាន​ការឧបត្ថម្ភ​ពី​សូវៀត តាំង​តែ​ពី​សហភាព​សូវៀត​ដួលរលំ​​ក្នុង​ទសវត្ស​ឆ្នាំ១៩៩០​ម្ល៉េះ។ ​​

សេដ្ឋកិច្ច​​គុយបា​​ពឹងផ្អែក​​ខ្លាំង​លើ​​វេណេស៊ុយអេឡា។ វេណេស៊ុយអេឡា​ផ្តល់​ប្រេង​ដល់​គុយបា និង​​ជា​ដៃគូ​ពាណិជ្ជកម្ម​ចំបង​របស់​គុយបា។ ប៉ុន្តែ ​​វេណេស៊ុយអេឡា​បានជួប​វិបត្តិ ថ្លៃ​វត្ថុធាតុដើម​ធ្លាក់ចុះ ​ដូច្នេះ គឺ​​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គុយបា។ គេរំពឹង​ថា កំណើន​សេដ្ឋកិច្ច​គុយបា ដែល​​មាន​៤ភាគរយ ឆ្នាំ២០១៥ ​​អាចនឹង​​​ធ្លាក់​ចុះរហូត​ដល់​​​២ភាគរយ​ សម្រាប់​ឆ្នាំ២០១៦នេះ។

​លោក​អូបាម៉ា​បាន​​​សន្យា​ស្នើសភា​អាមេរិក​អោយ​​​លើកលែង​ទណ្ឌកម្ម​គុយបាដែរ​ ប៉ុន្តែ វា​​​ជា​ការលំបាក ព្រោះ​​សភា​ទាំង២​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បក្ស​ប្រឆាំង​សាធារណរដ្ឋ។

ក្រោម​របប​ដឹកនាំ​ឯកបក្ស ​មេដឹកនាំគុយបា​ក្រោយ​របប​កាស្ត្រូ ​​​មាន​សិទ្ធិកាន់​អំណាច​បាន​​​២អាណត្តិ
លោក Raul Castro បាន​កំនត់​អោយ​​​គ្រប់តួនាទី​​​ដឹកនាំ​​​ មានអាណត្តិការងារ​​​​ត្រឹម​៥ឆ្នាំ ​​ហើយ​អាច​បន្ត​​​បាន​ត្រឹម​​២អាណត្តិ។ លោក Raul Castro ចង់​អោយ​ថ្នាក់ដឹកនាំ​នានា​មិននៅ​ក្រាញ​តំណែង​រហូត​ចាស់ជ្រុលទេ គឺត្រូវទុក​អោយ​ក្មេងជំនាន់​ក្រោយ​បាន​ឡើង​មក​បន្ត​ផង។ លោក​បាន​សន្យា​ចុះពី​អំណាច​ឆ្នាំ២០១៨។ លោក​មីហ្គែល ដ្យា កានែល Miguel Diaz Canel ជា​បុរស​ខ្លាំងទី​២ក្នុង​របប​ដឹកនាំ​ ​អាច​នឹង​ឡើង​មក​បន្ត​គ្រប់គ្រង​​ប្រទេស។  

គិតដល់ឆ្នាំ​២០១៨ ​មានន័យថា​ ​លោកកាស្ត្រូ ​​កាន់អំណាចនៅ​គុយបា​១២ឆ្នាំ គឺយូរ​ហើយដែរ មុន​នឹងសម្រេច​ឈប់​ដឹកនាំ​ប្រទេស។ លោក​បាន​ធ្វើ​អោយ​ពិភពលោក​បើកភ្នែក​មើលគុយបា​ឡើងវិញ បើ​លោក​ចុះពី​អំណាច​ទៅ លោក​ក៏ប្រហែល​សប្បាយចិត្តច្រើន​ដែរ។

​ការ​​កាន់កាប់​អំណាច​យូរ រឺ​មិនយូរ ​មិន​មានអ្វី​ប្លែកទេ ព្រោះ​គុយបាជា​ប្រទេស​កុម្មុយនិស្ត​ ​​ស្ថិត​ក្រោម​ការកាន់កាប់​របស់​គណបក្ស​តែមួយ។ គ្មាន​បក្ស​ប្រឆាំង​ក្នុង​ស្រុកទេ។​ ដូច្នេះ ការ​ដឹកនាំ​ រុញគុយបា​អោយ​វិវត្តន៍​ទៅរក​ផ្លូវ​ល្អ​រឺមិនល្អ គឺ​ជា​ការទទួលខុសត្រូវ​របស់​បក្ស​តែមួយ។

គុយបា​រងការ​រិះគន់​នយោបាយ​​ដោយសារ​បក្ស​តែមួយ​នេះឯង ព្រោះថា ​គ្មានបក្ស​ប្រឆាំង​ហើយ​ ​បើ​ចង់​ប្រឆាំង​ក៏​អាច​ត្រូវ​អាជ្ញាធរ​​រារាំង​ដែរ។ ​ ​គុយបាអួតថា ​​​គ្មានអ្នកទោស​នយោបាយ ទេ​ តែ​បើ​យោង​តាម​​​គណៈ​កម្មការ​សិទ្ធិមនុស្ស​គុយបា ​(CCDH) គុយបា​មាន​​​​អ្នកជាប់ឃុំ​ដោយសារ​រឿងនយោបាយ ​៩៣នាក់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ