តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៣
ម៉ូស្គូ នឹងទន់ខ្សោយ នៅថ្ងៃណាមួយ ហើយ ទឹកដីគ្រីមេ នឹង “របូតចេញពីដៃម៉ូស្គូ “។ នេះជា យោបល់ របស់ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ខាង បញ្ហាធ្វើសមាហរ័ណកម្មអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់ លោក Dmitri Kuleba ដែលថ្លែងនៅថ្ងៃ ១២ វិច្ឆិកា។ លោកបន្ថែមថា អ៊ុយក្រែន ត្រូវតែ ត្រៀមខ្លួន រង់ចាំឱកាសនោះ សូម្បី ត្រូវបង្ខំចិត្តរង់ចាំយូរយ៉ាងណាក៏ដោយ។ លោក Dmitri Kuleba ថែមទាំងលើកយកមក បង្ហាញជាឧទាហរណ៍ គឺ ករណីដែនដី Alsace –Lorraine ដែលបារាំងបានរង់ចាំអស់ជិតកន្លះសតវត្សរ៍ ពីឆ្នាំ១៨៧១ ដល់ ១៩១៩ ទម្រាំបារាំងដណ្តើមយកបានពីអាល្លឺម៉ង់វិញ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា នៅ អាមេរិក ដែលជាសម្ព័ន្ធមិត្តចម្បងរបស់អ៊ុយក្រែន ស្រាប់តែមានអតីតមន្ត្រីការទូត បានអំពាវនាវ ក្រុង វ៉ាស៊ីនតោន ឲ្យទទួលស្គាល់គ្រីមេ ជា ដែនដីសហព័ន្ធរុស្ស៊ីទៅ ដ្បិតរស់នៅទីនោះ ក្នុងភាគច្រើនលើសលុប គឺបណ្តាជន ដែលនិយាយភាសារុស្ស៊ី។ គេរស់នៅតកូនតចៅ តាំងពី សម័យចក្រភពរុស្ស៊ី ដែល ក្នុងឆ្នាំ ១៧៨៣ បានទទួលទឹកដីនេះ ឲ្យចូលមកក្នុង សមាសភាពខ្លួន។
សម្រាប់វិមានក្រេមឡាំង ទឹកដីគ្រីមេ មាន ន័យយុទ្ធសាស្ត្រ ដោយរុស្ស៊ី មានមូលដ្ឋានកងនាវា នៅទីនោះ សម្រាប់គ្រប់គ្រង លើ លំហសមុទ្រខ្មៅ ដែល នាវាបណ្តាប្រទេសអូតង់ ឧស្សាហ៍ បើកចូល ទៅសំញែង សាមគ្គីភាព ជាមួយ អ៊ុយក្រែន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ