អានតួអត្ថបទ
វ៉េណេស៊ុយអេឡា​

ប៉ុន្មាន​ម៉ោង​​​​​មុន​​​​​​​​​​​​បាតុកម្ម​​​​​​​​បក្ស​​ប្រឆាំង​​​ តុលាការ​​​​កំពូល​​​​​វ៉េណេស៊ុយអេឡា​​​ថយ​ក្រោយ​​​​មួយ​​​ជំហាន​​​​

នៅ​វ៉េណេស៊ុយអេឡា ថ្ងៃសៅរ៍​១មេសា​នេះ​ បក្ស​ប្រឆាំង​គ្រោង​ធ្វើ​មហាបាតុកម្ម ​តវ៉ា​​នឹង​​​តុលាការ​កំពូល ដែល​​កាលពី​ថ្ងៃព្រហស្បតិ៍ បាន​សម្រេចចិត្ត​រឹបអូស​អំណាច​និតិ​បញ្ញត្តិ ពី​រដ្ឋ​សភា​មកគ្រប់គ្រង។ ប៉ុន្មាន​ម៉ោង​មុន​​​​បាតុកម្ម ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ ​បាន​ប្រកាស​ថា តុលាការ​កំពូល​នឹង​មើលឡើងវិញ នូវ​​ការសម្រេចចិត្ត​នេះ។ ​ 

ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​ ​នៅ​ក្រុង​ការ៉ាកាស ថ្ងៃ​៣១មីនា ឆ្នាំ​២០១៧
ក្រុម​គាំទ្រ​បក្ស​ប្រឆាំង​ ​នៅ​ក្រុង​ការ៉ាកាស ថ្ងៃ​៣១មីនា ឆ្នាំ​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​ថា កាលពី​ថ្ងៃព្រហស្បតិ៍ តុលាការ​កំពូល​វ៉េណេស៊ុយអេឡា​បាន​សម្រេច​ដកហូត​អំណាច​និតិ​បញ្ញត្តិ​ពី​រដ្ឋសភា​មកគ្រប់គ្រង។ ហើយ​ប៉ុន្មាន​ថ្ងៃ​​មុន​​ការ​សម្រេច​នេះ តុលាការ​កំពូល​ក៏​ទើប​នឹង​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​​ពី​សមាជិ​កសភា​ដែរ។ ការ​សម្រេច​រឹបអូស​អំណាច​​សភា​មកគ្រប់គ្រង​ បាន​​ធ្វើអោយ​មាន​ប្រតិកម្ម​ថ្កោលទោស ពីសំណាក់​​សហគមន៍​អន្តរជាតិ ពី​​អាមេរិក សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ ​បូករួម​​ប្រទេស​ចំនួន​៦ នៅ​អាមេរិក​ខាងត្បូង។

បក្ស​ប្រឆាំង​ដែល​​បាន​ឈ្នះឆ្នោត​ ចូល​គ្រប់គ្រង​សភា ​ឆ្នាំ​២០១៥​នោះ បាន​អំពាវនាវ​អោយ​​មាន​ប្រជាជន​ចុះ​បាតុកម្ម​តាម​ដងផ្លូវ​ នៅ​ថ្ងៃសៅរ៍​​​នេះ ដើម្បីតស៊ូ និង​​​​ដាក់សម្ពាធរដ្ឋ​អំណាច។ ថ្ងៃសុក្រ​ម្សិលមិញ សមាជិ​ក​សភា​បាន​នាំគ្នា​បើក​អង្គប្រជុំ នៅ​ទីលាន​សាធារណៈ​ ក្នុង​ក្រុង​ការ៉ាកាស ​ដើម្បី​គូសបញ្ជាក់​ថា សភា​ជាតិ គឺ​​​​ជា​តំណាង​​​​​ប្រជាជន។ ​​

ថ្ងៃសុក្រ​ម្សិលមិញ ​ជា​លើកដំបូង ​មន្ត្រី​​មួយចំនួន​​មកពី​​​ក្រុម​​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ក៏បាន​​រិះគន់​ការ​សម្រេច​​​​ដកហូត​អំណាច​រដ្ឋ​សភា របស់​តុលាការ​កំពូល​​នេះដែរ។ ប្រឈម​នឹង​ការ​រិះគន់​​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​មនុស្ស​ក្នុង​​​ក្រុម​ខ្លួន​ឯង​ដែរនោះ ​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ​បាន​ប្រកាស​បញ្ច្រាស​ស្រកី​ទៅវិញថា នៅ​វ៉េណេស៊ុយអេឡា ​រដ្ឋធម្មនុញ្ញ​ សិទ្ធិមនុស្ស​ និង​អំណាច​ប្រជាជន​ មា​នដំណើរការ​ពេញលេញ។ យប់មិញ​នេះ លោក​ម៉ាឌុយរ៉ូ បាន​​ប្រជុំ​​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ​ដើម្បី​រកដំណោះស្រាយ​​​។ ​តំណាងស្ថាប័ន​ធំៗ​ក្នុងស្រុក បាន​នាំគ្នា​​បង្ខំ​តុលាការ​កំពូល​អោយ​​​ពិនិត្យ​មើល​ការសម្រេចចិត្ត​ឡើងវិញ។   

សូមបញ្ជាក់ថា នៅវ៉េណេស៊ុយអេឡា ​ប្រធានាធិបតី​ជាអ្នក​ក្តាប់អំណាច​ពេញទី ទោះបី​ជា​បក្ស​ប្រឆាំង​បាន​ឈ្នះឆ្នោត​ ក្នុង​ឆ្នាំ​២០១៥ក្តី។ ​​​ការដែល​តុលាការ​កំពូលបាន​សម្រេច​​ដកហូត​អភ័យឯកសិទ្ធិ​ពី​សមាជិកសភា អាច​​បើក​ផ្លូវអោយ​​សមាជិក​សភា​បក្ស​ប្រឆាំង​ ប្រឈម​​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ​ នៅ​តុលាការ​យោធា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ