អានតួអត្ថបទ
កុងហ្គោ

ជំងឺ​អេបូឡា បាន​ស្ងប់​ស្ងាត់ ប៉ុន្តែ​នៅតែ​បន្ត​សម្លាប់​មនុស្ស​រាល់​ថ្ងៃ នៅប្រទេស​កុងហ្គោ

ប៉ុន្មា​នថ្ងៃនេះ អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ បាន​និងកំពុង ​បន្ត​ទស្សនកិច្ច​នៅ​ទ្វី​ប​អាហ្វ្រិក​​​។ ថ្ងៃអាទិត្យ​ទី​១កញ្ញា លោក Antonio Guterres ​ទៅដល់​ប្រទេស​កុងហ្គោ និង​បាន​ចុះ​ទៅ​ដល់​តំបន់​ដែល​កំពុងតែមាន​ការ​​រាតត្បាត​ខ្លាំង​ដោយ​​​ជំងឺ​អេបូឡា។​​ ពី​ទីកន្លែង​នោះហើយ ដែល​លោកប្រកាសថា បេសកម្ម​សហប្រជាជាតិ​ នឹង​បន្ត​អាណត្តិ​មួយ​ឆ្នាំ​ទៀតនៅ​កុងហ្គោ​ ដើម្បី​ជ្រោម​ជ្រែង​ជួយ​កងទាហាន​មូលដ្ឋាន​ ហើយ​និង​ជួយ​កុងហ្គោ ប្រឆាំង​នឹងជំងឺ​អេបូឡា។ 

លោក Antonio Guterres ទៅដល់កុងហ្គោ និងបានចុះទៅដល់តំបន់ដែលកំពុងតែមានការរាតត្បាតខ្លាំងដោយជំងឺអេបូឡា។
លោក Antonio Guterres ទៅដល់កុងហ្គោ និងបានចុះទៅដល់តំបន់ដែលកំពុងតែមានការរាតត្បាតខ្លាំងដោយជំងឺអេបូឡា។ ALEXIS HUGUET / AFP
ផ្សាយពាណិជ្ជកម្ម

បេសកម្មភាពថែ​រក្សាសន្តិភាព របស់​អង្គការ​សហប្រជាជាតិ​ ប្រចាំនៅ​កុងហ្គោ នឹង​ត្រូវ​ផុត​ដាច់​អាណត្តិ​ ​ត្រឹមចុងខែធ្នូ ​ឆ្នាំ២០១៩នេះ។ ក៏ប៉ុន្តែ ដោយសារ​យល់ឃើញ​លើស្ថានភាពតម្រូវ​ការ​ចំាំបាច់​ជាក់​ស្តែង, លោក Antonio Guterres បាន​សម្រេច​បន្ត​អាណត្តិ​ឱ្យ​បន្ត​ឱ្យ​​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០២០។ ចំពោះ​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ, «ការ​បន្តបេសកម្ម​​នៅទីនោះ គឺដើម្បីជួយ​ស្តារ​ប្រទេស​កុងហ្គោ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កុងហ្គោ នៅលើ​គ្រប់​វិស័យ ពិសេស​ផ្នែក​សន្តិសុខ​សុវត្ថិភាព និង​ប្រយោជន៍​ផ្នែក​នយោបាយនៅក្នុង​ស្រុក»​​។

នៅកុងហ្គោ, អង្គការ​សហប្រជាជាតិ​ បាន​ចុះបំពេញ​​បេសកម្ម ប្រមាណ​២០ឆ្នាំមកហើយ​។ នៅទីនោះ កិច្ច​ការ​សំខាន់ ​គឺថែ​រក្សាសន្តិភាព ការពារ​​សន្តិសុខ​ក្នុង​តំបន់ និង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ដែល​មាន​កងកម្លាំង​ទ័ព​មួកខៀវ​ ប្រមាណ ១ម៉ឺន​ ៦ពាន់នាក់ និងដែលត្រូវ​ចាយ​កញ្ចប់​​ថវិកា អស់ជាង ​​១ពាន់​លានដុល្លារ។ ​

​​ ក្នុង​ការ​ប្រយុទ្ធ ការ​វាយប្រហារ​​​ និងការ​​ប៉ះទង្គិច​គ្នា​ រវាង​កងកម្លាំង​​ឈរ​ជើង​នៅកុងហ្គោ ជាមួយ​ក្រុម​កងជីវពល​ ADF និង​ក្រុមឧទ្ទាម​ ​ផ្តាច់ខ្លួន គឺបាន​សម្លាប់ជីវិត​​មនុស្ស​ ​ជាច្រើននាក់​។ បើ​គិត​ចាប់​ពីឆ្នាំ​២០១៤មក ​កងកម្លាំង​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ស្លាប់​អស់ ជាង​ ១ពាន់ ​៦រយនាក់ ហើយ​ទាហាន​មួក​ខៀវ​ របស់អង្គការ​សហប្រជាជាតិ​ ក៏​បាន​បាត់​បង់​ជីវិត ជិត​៣០នាក់ ផងដែរ។

ក្រៅពី​បេសកម្ម​រក្សា​សន្តិភាព! អង្គការ​សហប្រជាជាតិនៅកុងហ្គោ មាន​ភារកិច្ច​​សំខាន់​មួយ​ទៀត គឺជួយ​ប្រយុទ្ធប្រឆាំង ​និងព្យាបាល​អ្នកជំងឺ​​ពី​មេរោគ​អេបូឡា​។ ជំងឺ​អេបូឡា បាន​សម្លាប់​ពលរដ្ឋ​កុងហ្គោ អស់​ជាង​ ​២ ០០០ នាក់ ដែល​ភាគច្រើន​ ជាស្ត្រី​ និងកុមារ។ ជំងឺនេះ​ បាន​ស្ងប់ស្ងាត់​ទៅវិញ​បន្តិច​មែន ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ក៏​ប៉ុន្តែ​វា​នៅ​តែ​បន្ត​កើត​មាន​ និង​បាន​សម្លាប់​មនុស្ស​រៀងរាល់​ថ្ងៃ នៅ​កុងហ្គោ។

ជាក់ស្តែង នៅក្រុង​តូច​មួយ​ឈ្មោះ ម៉ង់តាហ្គោ ភាគ​ខាង​កើត​កុងហ្គោ, ក្រុម​គ្រូពេទ្យ​ បាន​ធ្វើ​តេស្តពិនិត្យ​មេរោគអេបូឡា ទៅលើ​មនុស្ស ​៦០៦នាក់ ហើយក្នុង​នោះ ​ឃើញ​មានមនុស្ស​ដល់​ជិត​ពាក់​កណ្តាលទៅហើយ​ ដែល​កំពុង​តែ​មាន​ផ្ទុកមេរោគ​​​អេបូឡា ​នៅក្នុង​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ