rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ចរាចរណ៍ គមនាគមន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រថភ្លើង​តំបន់​បារាំង​​បើក​បុកគូទ​រថភ្លើង​ល្បឿនលឿន​ បង្ក​របួស​១៣នាក់​​

media
រថភ្លើង​ល្បឿនលឿន​នៅ​បារាំង

នៅ​​​​​តំបន់Pyrénées-Atlantiques ភាគ​និរតី​​ប្រទេស​បារាំង​​​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ ​​​​រថភ្លើង​​តំបន់​មួយគ្រឿង បាន​បើក​បុក​គូទ​រថភ្លើង​​ល្បឿនលឿន​ ​បណ្តាល​អោយ​មាន​មនុស្ស​១៣នាក់​រង​របួស ក្នុង​នោះ​មាន​​២នាក់​របួស​ធ្ងន់ធ្ងរ។ ​​ភាព​​​រអាក់រអួល​​នៃ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ដល់​អ្នកបើកបរ​អាច​ជា​មូលហេតុ​ដែល​នាំ​អោយ​មាន​គ្រោះថ្នាក់​នេះ។ ហើយ​អាកាសធាតុ​ក្តៅហែង​ក្នុង​តំបន់ អាច​ជា​មូលហេតុ​ដែល​នាំ​អោយ​មាន​ភាពរអាក់រអួល​​ប្រព័ន្ធ​ព័ត៌មាន​នេះ។ គួរ​បញ្ជាក់​ដែរ​ថា អ្នកបច្ចេកទេស​កំពុង​ជួសជុល​ប្រព័ន្ធ​ផ្តល់ព័ត៌មាន ហើយ​គេសន្និដ្ឋាន​​ថា​ មាន​ភ្លើង​សញ្ញាមួួយ​​មិនបាន​ដំណើរការ។


រថភ្លើង​តំបន់ និង​រថភ្លើង​ល្បឿន​លឿន ​ដែល​បើក​បុកគ្នា​​ ម្សិលមិញ នៅ​​តំបន់​​ពីរេណេ អាត្លង់ទិក ​ភាគនិរតី​​​ប្រទេស​​​​បារាំង​​ ​​បាន​បើក​បរ​លើ​ផ្លូវ​​ជាមួយ​គ្នា។ រថភ្លើង​ល្បឿន​លឿន​បាន​​ចេញដំណើរ​មុន​រថភ្លើង​តំបន់ ដោយ​បាន​បើកបរ​តែ​ក្នុង​ល្បឿន​៣០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ប៉ុណ្ណោះ។ រីឯ​រថភ្លើង​តំបន់​ដែល​ចាកចេញ​ក្រោយ​នោះបន្តិច​ បាន​បើកបរ​រហូត​ល្បឿន​​៩០​គីឡូម៉ែត្រ​​ក្នុង​មួយម៉ោង ហេតុ​នេះ​ហើយ​ទើប​រថភ្លើង​តំបន់​បាន​បុកគូទ​រថភ្លើង​ល្បឿនលឿន​ បង្ក​អោយ​មាន​មនុស្ស​រង​របួស​ច្រើន​នាក់ ដូច្នេះ។ ​

យោងតាម​​ផ្នែកគ្រប់គ្រង​​ផ្លូវដែក​បារាំង​ ​រថភ្លើង​ល្បឿនលឿន​បើកបរ​ក្នុង​ល្បឿន​តិចតួច​​ពិតមែន ប៉ុន្តែ គឺ​ត្រឹមត្រូវ​តាម​​​​បែបបទ​បើកបរ ព្រោះថា ពេល​មាន​ភ្លើង​ក្រហម អ្នកបើកបរ​ត្រូវ​កែប្រែ​ល្បឿន​​បើកបរ​ឡើងវិញ។ ​អ្នក​ស៊ើប​អង្កេត​​ឆ្ងល់ថា ហេតុអ្វី​បាន​ជា​រថភ្លើង​​តំបន់​​​ចេញដំណើរ​ក្រោយ​រថភ្លើង​ល្បឿនលឿន​នោះ​បន្តិច មិន​ព្រម​កែប្រែ​ល្បឿន​បើកបរ ពេល​មាន​ភ្លើង​ក្រហម​​? ​​យោងតាម​ក្រសួង​ដឹកជញ្ជូន​បារាំង​​ ការ​រអាក់រអួល​នៃ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ដល់​អ្នកបើកបរ​អាច​ជា​មូលហេតុ​ដែល​នាំ​អោយ​មាន​គ្រោះថ្នាក់​នេះ។ គេ​សន្និដ្ឋានថា ​ភ្លើង​សញ្ញា​ណាមួយ​អាច​មិន​ដំណើរការ។

ភាពរអាក់រអួលនៃ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ដល់​អ្នកបើកបរ​ អាច​បណ្តាល​មកពី​អាកាសធាតុ​​​ក្តៅហែង​ នៅ​តំបន់​ពីរេណេ អាត្លង់ទិក ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ​អ្នកដំណើរ​​​​ច្រើន​នាក់ ​​បាន​ប្រាប់​ដែរ​ថា មុន​មាន​ការ​ប៉ះទង្គិច​​គ្នា​នេះ ​ពួកគេ​បាន​ទទួល​ព័ត៌មាន​ថា ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ដល់​អ្នកបើកបរ​ជួប​បញ្ហា​ ដោយសារ​​​សីតុណ្ហភាព​ក្តៅ​ខ្លាំង៕ ​