rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំងក្តៅខ្លាំងលើកទី២​ សីតុណ្ហ​ភាព​លើស​៤០​អង្សា​ស្ទើរ​ទូ​ទាំង​ប្រទេស

media
ទេសចរ​លេងទឹក​នៅ​ប៉ារីស​ @AFP

បារាំង ត្រូវ​ជួប​​ប្រឈម​នឹង​អាកាស​ធាតុក្តៅ ខ្លាំងជា​លើក​ទី២​ដោយសីតុណ្ហ ភាព​ត្រូវ​កើន​ឡើង​លើ​សពី ៤០អង្សា នៅស្ទើរតែទូទាំងប្រទេស។ បើ​តាម​មន្ទីរឧតុនិយម​បារាំង​, កម្តៅ​រឹងតែ​ខ្លាំង​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​ ដែល​សីតុណ្ហភាព​ ជា​មធ្យម​ពី​៣៧ ដល់​​៤២​អង្សា​ ​គ្រប​ដណ្តប់​មួយ​ផ្នែក​ធំ នៅទូទាំងផ្ទៃ​​ប្រទេស ហើយ​កន្លែង​ខ្លះ អាច​ដល់​ជាង​៤៣​អង្សា​​ផង​។  ​


កាលពី​ខែ​មិថុនា​ ខែមុន​នេះ គឺ ​បារាំងទទួល​រង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ​៤៦អង្សា។ តែពេល​នេះ​ជាលើកទី​ពីរ​ហើយ​ដែល​បារាំង​ ត្រូវ​ទទួល​រងរលកកម្តៅ​ ជាង​៤០អង្សា​ នៅស្ទើរតែ​ទូទាំង​ប្រទេស។ បើ​តាម​ការ​ព្យាករ​ណ៍​របស់​អ្នក​ជំនាញ សីតុណ្ហភាពនេះ​ អាច​ថយ​ចុះ​មក​វិញ​បន្តិច នៅ​យប់​ថ្ងៃ​សុក្រ តែ​គេត្រូវ​រក​ចាំ​មើលសភាពការណ៍​​ ដល់​ថ្ងៃ​សៅរ៍​ ទើប​អាច​វាយ​តម្លៃ​បាន​ជាថ្មី។

ប្រឈម​នឹង​ការ​ក្តៅ​ខ្លាំង​យ៉ាង​ដូច្នេះ អាជ្ញាធរ​បារាំង​ បាន​ប្រុង​ប្រៀប​ជើង​ការខាង​ក្រុម​ពន្លត់​​អគ្គិសនី ហើយ​ក៏​បាន​ដាស់​តឿន​ពលរដ្ឋ​ឱ្យ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង បាន​រម្លឹក​ពី​ហានិភ័យ​បង្កឡើង​ដោយ​សារ​ភ្លើង​ឆេះ។ លោក Christophe Castener បញ្ជាក់ថា ក្នុង​រដូវ​ក្តៅ​ឆ្នាំ​នេះ ផ្ទៃដី​ជាង​៣ពាន់២រយ​ហិតា​ ត្រូវ​ភ្លើង​ឆេះ គឺ​វា​ច្រើន​ជាង​ឆ្នាំមុនៗ​។​

ជាការ​ទ​ប់​ស្កាត់​ចំពោះ​ការ​ប្រឈម​ខ្លាំង​ពេកនៃ​កម្តៅ​នេះ​, ភ្នាក់​ងារ​ថាមពលបារាំង បាន​សម្រេច​បញ្ឈប់​ផ្អាក​ដំណើរ​ការមួយ​រយៈ ចំពោះ​​ក្បាល​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ ចំនួន​ពីរ​ គឺទាល់តែ​ចុង​ខែ​ទើប​ឱ្យ​ប្រើ​វិញ។​

ចំណែក​ក្រសួង​បរិស្ថាន​ គឺ​​កំពុង​តែ​ស្វែង​រក​ជំនួយ​បន្ថែម​ពី​សហភាព​អឺរ៉ុប ដើម្បី​ជួយ​ដល់​កសិករ​បារាំង​ ដែល​ខាត​បង់​ដោយ​សារ​អាកាសធាតុ​បែបនេះ។ ហើយ​ដោយ​ឡែក ការ​ចរាចរ​ដឹក​សត្វពាហនៈ​ ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ ត្រូវ​ហាម​ឃាត់​ ពីម៉ោង​មួយ​រសៀល ដល់​ម៉ោង​៦ល្ងាច ។

គួរ​បញ្ជាក់ថា​ កម្តៅ​កើនក្តៅ​​ខ្លាំង​នេះ មិនមែន​ប៉ះពាល់​តែ​នៅ​ស្រុក​បារាំងនោះទេ មាន​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ដូចជា​អង់គ្លេស អ៊ីតាលី​ អេស្ប៉ាញ​ បែលស៊ិក លុចសំបួរ ហូឡង់ ជា​ដើម ក៏​កំពុងតែ​រង​រលក​កម្តៅ​ក្តៅ​ខ្លាំងដែរ​៕