rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

​តុលាការ​យុត្តិធម៌អន្តរជាតិ បើក​សវនាការ​សំណុំរឿង​អ៊ីរ៉ង់​និង​អាមេរិក

ដោយ ហេង ឧត្តម

ថ្ងៃ​ចន្ទ​ទី​២៧សីហា ​តុលាការ​យុត្តិធម៌អន្តរជាតិ នៅ​ទីក្រុង​ឡាអេ បានបើក​សវនាការ​ ថ្ងៃ​ដំបូង ដោយចាប់ផ្តើម​ពីការ​ស្តាប់​សក្ខីក​ម្ម​របស់​អ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ កាត់​សេចក្តី​បង្ខំ​ឲ្យអាមេរិក​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន ទៅលើអ៊ីរ៉ង់។ ភាគី​អាមេរិក នឹង​ត្រូវ​​ចូល​ឆ្លើយ​នៅ​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​នឹង​តតាំង​ក្តី​ដោយ​សេចក្តីអង់អាច​​ក្លាហាន​។ ដូច្នេះ តើ​ភាគី​ទាំងពីរ​សំអាង​លើ​អ្វីខ្លះ? ហើយ​តើ​នរណា​ឈ្នះនរ​ណា​ចាញ់?​ 

ក្តី​សំអាង​របស់​អ៊ីរ៉ង់

អ៊ីរ៉ង់​ដែល​ប្តឹង​អាមេរិក ដោយឈរ​លើ​កិច្ចព្រម​ព្រៀង​មិត្តភាព​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​​ជាមួយ​គ្នា កាលពី​ឆ្នាំ​១៩៥៥ ហើយ​នឹង​កិច្ច​ព្រ​មព្រៀង​មួយ​ទៀត ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ ជាមួយ​មហា​អំណាចក្នុង​សហភាព​អឺរ៉ុប ​ចិន រុស្ស៊ី ដែល​គេ​ហៅ​សាមញ្ញថា ​កិច្ច​ព្រ​មព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ​២០១៥។ កិច្ច​ព្រ​មព្រៀង​នេះ ត្រូវ​អាមេរិក​របស់​លោក ដូណាល់ ត្រាំ ដក​ខ្លួន​ដើរ​ចេញ និង​ទាត់​កិច្ច​ព្រ​មព្រៀង​ចោល ជា​លក្ខណៈ​ឯកតោភាគី។ អ៊ីរ៉ង់​យល់ថា ទង្វើ​របស់​អាមេរិក​ជាការ​រំលោភ​ច្បាប់​អន្តរជាតិ។ ដូច្នេះ អ៊ីរ៉ង់​ប្តឹង​ថា អាមេរិក​រំលោភ​លើក​កិច្ច​ព្រម​ព្រៀងទាំងពីរ​នេះ ហើយ​អ៊ឺរ៉ង​ស្នើ​សុំ​ឲ្យចៅក្រម​ទាំង​១៥រូប​របស់​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ សម្រេចឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើអ៊ឺរ៉ង់​ ដោយ​គ្មាន​កំណត់​ពេល។

ជំហរ​របស់​ភាគី​អាមេរិក​

ចំណែក​ភាគី​អាមេរិក​វិញ ពី​ដំបូង​ឡើង​អ្នកវិភាគច្បាប់​អន្តរជាតិ​មួយ​ចំនួនគិតថា អាមេរិក​អាច​នឹង​ច្រាន​​ចោល​ដែន​សមត្ថកិច្ច​របស់​តុលាការ​នេះ តែ​ទីបំផុត អាមេរិក​ តាម​រយៈ​ប្រមុខ​ការ​ទូត លោក Mike Pompeo បា​នប្រកាស​ថា​នឹង​តតាំង​ការពារខ្លួន​​ដោយ​ក្លាហាន​នៅ​ក្នុង​សវនាការ​។

ដើម្បីទៅតតាំងក្តី អាមេរិក​  អាច​មាន​ហេតុផល​ យ៉ាង​ហោច​ចំនួន​ពីរ។​ ទី១ សន្ធិសញ្ញា​មិត្តភាព​រវាង​អាមេរិក និង​អ៊ីរ៉ង់ ​ឆ្នាំ១៩៥៥  ដែល​អ៊ីរ៉ង់​យកទៅ​សំអាង​នោះ គឺ​អាមេរិក ​យល់ថា វា​លែង​ស្ថិត​ជា​ធរមាន​ទៀត​ឡើយ ពីព្រោះ​ ប្រទេស​ទាំង​ពីរ​​​បាន​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ជិត ៤០ឆ្នាំ​ ទៅហើយ​។ គឺ​ក្រោយ​ពីពេល​​អ៊ីរ៉ង​ធ្វើ​បដិវត្តន៍​នៅ​ឆ្នាំ​១៩៧៩ ហើយ​ចំណង​ការ​ទូត​នៃរដ្ឋ​ទាំង​ពីរ ត្រូវ​កាត់ដាច់​នៅ​ឆ្នាំ​១៩៨០។​

ការ​សំអាង​ទី២ គឺ​អាមេរិក ​ផ្អែក​លើ​សកម្មភាព​របស់​អ៊ីរ៉ង់​បច្ចុប្បន្ន​ដែល​អាមេរិក​ មើល​ឃើញ​​ថា ធ្ងន់ធ្ងរ​ជាង​សន្ធិសញ្ញា​នោះ​ទៅ​ទៀត។ បើ​តាម​អាមេរិក សកម្មភាព​អ៊ីរ៉ង់​រាល់ថ្ងៃ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ពិភព​លោក និង​សុវត្ថិភាព​ជាតិ​របស់​អាមេរិក​។ អ្វី​ដែល​អាមេរិក​ចង់​សំដៅ​ដល់​នោះ គឺ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​សកម្មភាព​ភេរវកម្ម​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ដូច​ជា​នៅ​ប្រទេស​ស៊ីរី ឬ​យេម៉ែន ដែល​អ៊ឺរ៉ង់​កំពុង​តែ​គាំទ្រ និង​លូក​ដៃ​ក្នុង​សង្គ្រាម​​។

នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះទៀត អាមេរិក​បាន​បញ្ជាក់ជាថ្មីថា ការ​ដែល​ខ្លួន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ គឺ​ដើម្បី​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​​របស់​ប្រជាជាតិ​អាមេរិក ហើយ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​ណាមួយ គឺជា​សិទ្ធិ​​សម្រេច​របស់​ប្រទេស​ខ្លួន ដែល​ជា​រដ្ឋ​មាន​អធិបតី​ភាព​។​

ទណ្ឌកម្ម​សេដ្ឋកិច្ច​​ជា​កំណាក់កាលៗ​របស់​អាមេរិក

ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​ដាក់​ទៅលើ​អ៊ីរ៉ង់ ត្រូវ​​​​អនុវត្ត​ជា​ដំណាក់​កាល​ៗ​ ដែល​ធ្វើ​ឡើង​ក្រោយ​ពី​ប្រធានា​ធិបតី​​ ដូណាល់ ត្រាំ​ បាន​សម្រេច​ដក​អាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ នៅ​ខែឧសភា​។ ទណ្ឌកម្មសេដ្ឋកិច្ច​​ជា​ជំហាន​ដំបូង​ បាន​ចាប់​ផ្តើម​ចំនួន​៣សប្តាហ៍​មក​ហើយ​ ដែល​ក្នុង​រយៈ​ពេ​លនេះ សេដ្ឋកិច្ច​អ៊ីរ៉ង់​ទទួល​រង​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ​។ វិបត្តិ​បាន​ទះឥទ្ធិពល​ទៅស្ថាប័ន​សេដ្ឋកិច្ច​ជាតិ ធនាគារ​ជាតិ ផ្នែក​រកស៊ី​ផ្លូវ​ទឹក​ផ្លូវ​អាកាស ប្រេង ឧស្ម័ន រហូល​ដល់​ការ​រកស៊ី​លក់​ដូរ​កម្រាល​ព្រំ ក៏​ទទួល​រងគ្រោះ​ដែរ​។ ក្រុម​ហ៊ុន​រកស៊ី​វិនិយោគទុន​អឺរ៉ុប​អាមេរិក​ បា​ននាំគ្នា​ដក​ចេញ​ពី​អ៊ីរ៉ង់។ ជាក់​ស្តែង ក្រុម​ហ៊ុនប្រេង​តូតាល់​របស់​បារាំង បាន​ដក​ខ្លួន​ចេញ​ កាលពី​សប្តាហ៍​មុន ហើយ​ជើង​ហោះហើរ​របស់​អង់គ្លេស បា​នឈប់​ដំណើរ​ការ​។ ទណ្ឌកម្ម​ជា​បន្ទាប់ នឹងត្រូវ​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​វិច្ឆិកាខាងមុខ ដែល​អាមេរិក​នឹង​រឹត​បន្តឹងកាន់តែ​ខ្លាំង​លើ​​វិស័យ​ប្រេង​ឥន្ធនៈ​របស់​អ៊ីរ៉ង់​។ ការ​នាំចេញ​ប្រេងនិង​ឧស្ម័ននេះ​​ គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់ចាំបាច់​​របស់​អ៊ីរ៉ង់​។

អ្នក​វិភាគស្ថានការណ៍​អន្តរជាតិ​​ មើលឃើញថា ប្រសិន​បើ​អាមេរិក​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​ថែមទៀត អ៊ីរ៉ង់​ច្បាស់​ជា​លំបាករើ​​ខ្លួន​ហើយ ហើយ​អ៊ីរ៉ង់​អាច​នឹង​ត្រូវ​ដួល​ទន់​ជង្គង់​នៅ​ចំពោះ​មុខ​អាមេរិក​។ ទោះ​បីយ៉ាងណាក្តី អ៊ីរ៉ង់​ ហាក់​បាន​យល់ច្បាស់ថា ​ពង​មាន់មិន​អាច​ជល់​នឹង​ថ្ម ប៉ុន្តែ​​អ៊ីរ៉ង់​ចង់​បង្ហាញ​ថា ពងមាន់​ក៏​អាច​ធ្វើឲ្យ​ថ្ម​ប្រឡាក់​បាន​ដែរ។ ទំនង​ជា​ក្នុង​ន័យ​នេះហើយ ទើប​បាន​អ៊ីរ៉ង់​កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញនេះ បាន​សម្រេច​បញ្ជា​ឲ្យ​កង​កម្លាំង​យោធា​របស់​ខ្លួន បិទ​ខ្ទប់​​ការ​ចរាចរណ៍​របស់​មនុស្ស​និង​នាវា​ដឹក​ប្រេង នៅ​ដែន​សមុទ្ទ និង​ឈូង​សមុទ្ទ​ អ័កមូស្ស៍ ( Ormuz)។ វិធានការ​ណ៍​ត្រួត​ពិនិត្យ​ទាំង​ថ្ងៃ​ទាំងយប់​​របស់​អ៊ីរ៉ង់ គឺ​លាត​សន្ធឹង​ទៅលើ​ដែន​សមុទ្ទ ចន្លោះ​ប្រទេស​អ៊ីរ៉ង់​ខាង​ជើង ប្រទេស​អូម៉ង់ (Oman) និង​អេមីរ៉ាត់​អារ៉ាប់​រួម។ ចំណាត់​ការ​នេះ គឺ​នឹង​​ប៉ះ​ពាល់​ដល់​ការ​ដឹកជញ្ចូនប្រេង​ ប្រមាណ​៣០ភាគរយ​ នៃការ​ចរាចរណ៍​ប្រេង​លើលោក។​

អ៊ីរ៉ង់​ថែ​មទាំង​បញ្ជាក់ថា ដើម្បី​រក្សា​សុវត្ថិភាព​របស់​ជាតិនិង​សុវត្តិភាព​ដែន​សមុទ្រ អ៊ីរ៉ង់​មិន​ត្រូវការ​ចង់​ឃើញ​មាន​ជន​ជាតិ​អា​មេរិក​កាំង នៅ​លើ​ដែន​ទាំង​នេះឡើយ ព្រោះ​ទីនេះ មិន​មែន​ជា​ផ្ទះ​របស់​អាមេរិក ​អាមេរិក ​មិន​ចាំបាច់​ត្រូវ​មាន​វត្តមាន​នៅ​ទីនេះ ​នោះទេ។​ តាម​បញ្ជា​របស់​មេបញ្ជាការ​យោធា, អ៊ីរ៉ង់​បាន​ដាក់​ទ័ព​ត្រួត​ពិតិត្យ​ប្រចាំការ​ជា​អចិន្ត្រៃយ៍​ ចាប់​ពីពេល​នេះតទៅ។​

សេចក្តី​សម្រេច​បឋម​និង​ចុងក្រោយ

នៅ​ទីលាន​ជាក់​ស្តែង ជម្លោះ​អាមេរិក​និង​អ៊ីរ៉ង់​កំពុង​ក្តៅគគុក​ ហើយ​និង​រឹងរឹតតែ​ក្តៅ​ខ្លាំង​ថែមទៀតចាប់ពីពេល​នេះតទៅ​ ដ្បិត​សំណុំ​រឿង​នេះ បាន​ឡើង​ដល់តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ត្រូវ​បើកសវនាការស្ទើរ​​ពេញ​សប្តាហ៍​នេះ រហូត​ដល់​ថ្ងៃ​ទី​៣០សីហា​។ ទោះ​យ៉ាង​ណាក៏ដោយ តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ត្រូវ​ចេញ​សេចក្តីសម្រេច​បណ្តោះ​អានស្ន​មួយ​ នៅ​អំលុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ ​សេចក្តី​សម្រេច​បណ្តោះ​អាសន្ន​នេះ ត្រូវ​ធ្វើ​ឡើង​ ក្នុង​រង្វង់​កំណត់​២ខែ។ ចំណែក​ឯ​សេចក្តី​សម្រេច​​ផ្លូវ​ការ​ អាច​នឹង​ត្រូវ​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំតទៅទៀត​៕​

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?

បំណុល​របស់​រដ្ឋាភិបាលបារាំង​កើន​ជិត​១០០ភាគរយ

Brexit អាច​គំរាម​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​នៅ​អឺរ៉ុប

តុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យបូលីវី​ចាញ់​ស៊ីលី​ក្នុង​ជម្លោះ​ព្រំដែន

អេស្ប៉ាញ៖​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?

អ៊ីស្រាអែល-រុស្ស៊ី ៖ ទំនាក់ំ​ទំ​​​​​​​​​​​​​​​​​​​​​នងសាំញ៉ាំ ​តាំង​ពី​ឆ្នាំ​ ១៩៤៧​ មក​

ដោយចង់​ចំណេញ​ច្រើន នាយក​Facebook ​កាន់តែ​ផ្តាច់ការ ?

តើគេ​អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ បាន ដោយ​មិនឲ្យ ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរឬទេ?

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​