rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ប្រវត្តិសាស្រ្ត​ពិភពលោក
rss itunes

បដិវត្តន៍​ផ្តួលរំលំ​របប​រាជានិយម​ចិន​នៅ​ឆ្នាំ១៩១១

ដោយ សេង ឌីណា

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង ​អំពី​បដិវត្តន៍​នៅ​ប្រទេស​ចិន ដែល​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​សម័យ​ទំនើប។

ជាទូទៅ នៅពេលណា​ដែល​គេ​និយាយ​ដល់​បដិវត្តន៍​នៅ​ចិន គេ​ច្រើន​តែ​នាំគ្នា​គិត​ទៅដល់​បដិវត្តន៍​កុម្មុយនិស្ត ដឹកនាំ​ដោយ​ម៉ៅសេទុង នៅ​ឆ្នាំ​១៩៤៩ និង​​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦៦ ដល់​ឆ្នាំ​១៩៧៦។ តែ​តាមពិត នៅ​ចិន ក៏ដូចជា នៅ​រុស្ស៊ី​ដែរ បដិវត្តន៍​កុម្មុយនិស្ត​គ្រាន់​តែ​ជា​ជំហានបន្ទាប់ ដែល​កើតឡើង​ក្រោយ​ពី​មាន​បដិវត្តន៍​ដើម​មួយ​ គឺ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម។

សូមអាន៖ បដិវត្តន៍​រុស្ស៊ី ឆ្នាំ​១៩១៧

នៅ​រុស្ស៊ី​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម និង​បដិវត្តន៍​កុម្មុយនិស្ត​មាន​គម្លាតគ្នា​តែ​ប្រមាណ​ជា ៨ខែ​ប៉ុណ្ណោះ គឺ​បដិវត្តន៍​ខែ​កុម្ភៈ និង​បដិវត្តន៍​ខែតុលា ឆ្នាំ​១៩១៧។ ចំណែក​នៅ​ចិន​វិញ បដិវត្តន៍​ទាំងពីរ​នេះ​មាន​គម្លាត​គ្នា​រហូត​ដល់​ទៅ​ ៣៨ឆ្នាំ ពោលគឺ បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ចិន បា​ន​កើតឡើង តាំង​ពី​ឆ្នាំ​១៩១១។

បដិវត្តន៍​ឆ្នាំ​១៩១១ គឺ​ជា​លទ្ធផល​នៃ​ការ​ធ្លាក់ចុះដុនដាប​នៃ​រាជវង្ស​ឆេង (Qing) របស់​ពួក​ម៉ាន់ជូ ដែល​បាន​គ្រប់គ្រង​ប្រទេស​ចិន ចាប់តាំង​ពី​ឆ្នាំ​១៦៤៤ ក្រោយ​ពី​បាន​ផ្តួលរំលំ​​រាជវង្ស​ម៉េង (Ming) របស់​ជនជាតិ​ហាន។

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៩ នៅពេល​ដែល​បណ្តា​ប្រទេស​លោកខាងលិច​ស្គាល់​នូវ​ភាពរីកចម្រើន​ តាមរយៈ​បដិវត្តន៍​ឧស្សាហកម្ម ចិនវិញ​ត្រូវ​​ធ្លាក់​ដុនដាប ដោយ​​រាជវង្សឆេង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ​ជាច្រើន ។ នៅ​ក្នុងស្រុក រាជវង្សឆេង​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​របៀបដឹកនាំ​រដ្ឋ ចំណែក​ពី​ខាង​ក្រៅប្រទេស​វិញ ចិន​ត្រូវ​ប្រឈមមុខ​នឹង​ការឈ្លានពាន​លុកលុយ​ពី​បរទេស ជាពិសេស ប្រទេស​លោកខាងលិច។

សូមអាន៖ បដិវត្តន៍​ឧស្សាហកម្ម​ នៅ​សតវត្សរ៍​ទី​១៨-១៩

នៅ​ឆ្នាំ​១៨៤០ សង្រ្គាម​មួយ​បាន​ផ្ទុះឡើង រវាង​ចិន និង​អង់គ្លេស ដែល​គេ​ឲ្យឈ្មោះ​ថា “សង្រ្គាម​អាភៀន”។ សង្រ្គាម​នេះ​បាន​កើតឡើង ក្រោយ​ពី​អាជ្ញាធរ​ចិន​បាន​ធ្វើការ​បង្រ្កាប​ការ​ជួញដូរ​អាភៀន ព្រមទាំង​បាន​​រឹបអូស​យក​អាភៀន​រាប់​តោន​របស់​អង់គ្លេស​មក​បំផ្លាញចោល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចក្រភពអង់គ្លេស​ផ្ទុះកំហឹង ហើយ​លើកទ័ព​រាប់​ម៉ឺននាក់ ចូល​មក​ឈ្លានពាន​ប្រទេស​ចិន។

ក្រោយ​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល ២ឆ្នាំ កងទ័ព​ចិន​ត្រូវ​ទទួល​បរាជ័យ ហើយ​រាជវង្សឆេង​ត្រូវ​បង្ខំ​ចិត្ត​កាត់​កោះ​ហុងកុងទៅ​ឲ្យ​ចក្រភព​អង់គ្លេស​ ព្រមទាំង​ត្រូវ​បើក​កំពង់ផែ​សំខាន់ៗ​ជាច្រើន​ឲ្យ​អង់គ្លេស ក៏ដូចជា ប្រទេស​លោកខាងលិច​ផ្សេងទៀត​ចូល​ធ្វើជំនួញ​ដោយ​សេរី។ លើសពីនេះ​ទៅទៀត ពលរដ្ឋ​ទាំងអស់​របស់​លោកខាងលិច ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន​ លែង​ស្ថិត​នៅ​ក្រោម​ច្បាប់​ចិន​ទៀត​ហើយ តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​លោកខាងលិចវិញ។ និយាយ​ឲ្យចំ ចិន​ត្រូវ​បាត់បង់​ស្ទើរតែ​ទាំងស្រុង​នូវ​អធិបតេយ្យភាព​ខាង​នយោបាយ​ពាណិជ្ជកម្ម និង​នយោបាយ​ការបរទេស។

នៅ​ឆ្នាំ​១៨៩៥ ចិន​ត្រូវ​បាត់បង់​ទឹកដី​កាន់តែ​ច្រើន​ថែមទៀត ក្រោយ​ពី​ចាញ់​សង្រ្គាម​ទល់​នឹង​ជប៉ុន (សង្រ្គាម​ដណ្តើម​កាន់កាប់​កូរ៉េ ឆ្នាំ​១៨៩៤-១៨៩៥)។ ក្រៅ​ពី​ត្រូវ​ដកខ្លួន​ចេញ​ពី​កូរ៉េ ចិន​ត្រូវ​បង្ខំ​ចិត្ត​សងការខូចខាត​ដល់​ជប៉ុន ហើយ​ត្រូវ​កាត់កោះ​តៃវ៉ាន់ ព្រមទាំង​ដែនដី​ម៉ាន់ជូរី​មួយ​ផ្នែក​ទៅ​ឲ្យ​ជប៉ុន​កាន់កាប់។

សូមអាន៖ អាណាចក្រ​ជប៉ុន មហាអំណាច​អាណានិគម​តែមួយ​គត់​នៅ​អាស៊ី

នៅ​ឆ្នាំ​១៩០៨ រាជវង្សឆេង​បាន​ធ្លាក់ចុះ​កាន់តែ​ដុនដាប​​រកលេខ​ដាក់​គ្មាន ក្រោយ​ពី​ព្រះមហាក្សត្រ​ចាស់​សោយទិវង្គត ហើយ​រាជបល្ល័ង្ក​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​រាជទាយាទ ដែល​មាន​អាយុ​ទើប​តែ ៣ឆ្នាំ គឺ​ព្រះអង្គម្ចាស់​ពូយី (Puyi) ដែល​នឹង​ត្រូវ​​ក្លាយ​ទៅជា​អធិរាជ​ចុងក្រោយ​បង្អស់​នៃ​អាណាចក្រ​ចិន។

បរាជ័យ​ជាបន្តបន្ទាប់ នៅ​ក្នុង​សង្រ្គាម​ទល់​នឹង​បរទេស ជាពិសេស បរាជ័យ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទល់​នឹង​ជប៉ុន ដែល​គិត​ម​កត្រឹមពេលនោះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កូន​ប្រទេស​តូចមួយ​នោះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​កាន់តែ​ច្រើន​នាំគ្នា​ផ្ទុះកំហឹង ជាពិសេស ជនជាតិ​ហាន ដែល​ជា​ជនជាតិ​ភាគច្រើន​ យល់ថា រាជវង្សឆេង​របស់​ពួក​ម៉ាន់ជូ គឺ​​ពួក​ក្បត់ជាតិ​លក់​ប្រទេស​ទៅ​ឲ្យ​បរទេស។ ​អំពើ​បះបោរ​ជាច្រើន​ក៏​បាន​ផ្ទុះឡើង ដោយ​ខ្លះ​ជា​ក្រុមបះបោរ​ប្រឆាំង​នឹង​ជនបរទេស ហើយ​ខ្លះ​ទៀត​ជា​ចលនា​បដិវត្តន៍​ ដែល​មាន​គោលដៅ​​​ផ្តួលរំលំ​រាជវង្សឆេង ក្នុងចំណោម​នោះ មាន​ចលនា​បដិវត្តន៍​ដ៏ធំ​​មួយ​ ដឹកនាំ​ដោយ​​ស៊ុន យ៉ាតសេន។

ស៊ុន យ៉ាតសេន មាន​ដើម​កំណើត​មក​ពី​ខេត្ត​ខ្វាងទុង ហើយ​​ទទួល​ឥទ្ធិពល​នៃ​ការ​អប់រំ តាមបែប​លោក​ខាងលិច។ ស៊ុន យ៉ាតសេន​ ​បានចាកចេញ​ពី​ប្រទេស​ចិន ​ទៅ​រស់នៅ និង​រៀនសូត្រ នៅ​ហាវ៉ៃ តាំង​ពី​អាយុ ១៣ឆ្នាំ។ ក្រោយ​មក​ លោក​បាន​ក្លាយ​ខ្លួន​ជា​គ្រិស្តបរិស័ទ និង​បាន​ទៅ​រៀនសូត្រ​រហូត​បញ្ចប់​ការ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត នៅ​ក្នុង​សកលវិទ្យាល័យ​អង់គ្លេស នៅកោះហុងកុង។ ក៏ប៉ុន្តែ ស៊ុន យ៉ាតសេន មិនបាន​ចាប់យក​អាជីព​ជា​គ្រូពេទ្យ​នោះទេ ដោយ​ងាក​ទៅ​ប្រឡូក​ចូល​ក្នុង​​ចលនា​បដិវត្តន៍ ក្នុង​គោលជំនឿ​មួយ​ថា ក្តីសង្ឃឹម​នៃ​អនាគត​ចិន​មានតែ​មួយ​គត់ គឺ​ផ្តួលរំលំ​រាជវង្សឆេង ហើយ​បង្កើត​របបសាធារណរដ្ឋ​មួយ ដែល​ប្រកាន់​យក​នូវ​របៀបដឹកនាំបែបប្រជាធិបតេយ្យ ហើយ​ធ្វើ​កំណែទម្រង់​​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ដោយ​យក​គំរូ​តាម​ប្រទេស​លោកខាងលិច។

សូមអាន៖ អរិយធម៌​ចំណាស់​បំផុត​នៃ​មនុស្សជាតិ (អេហ្ស៊ីប មេសូប៉ូតាមី ឥណ្ឌា និង​ចិន)

ស៊ុន យ៉ាតសេន បាន​បង្កើត​នូវ​ទ្រឹស្តី​នយោបាយ​មួយ​ថា ដើម្បី​អាច​ក្លាយ​ជា​ប្រទេស​រុងរឿង​មួយ​បាន ចិន​ត្រូវ​តែ​ប្រកាន់​យក​នូវ​គោលការណ៍​ធំៗ​ចំនួន ៣ គឺ​ ជាតិនិយម ពោលគឺ ប្រទេស​ចិន​សម្រាប់​ជនជាតិ​ចិន ហើយ​មិនមែន​សម្រាប់​ជនបរទេស, ប្រជាធិបតេយ្យ គឺ​ប្រជាជន​ជា​ម្ចាស់​អំណាច និង សង្គមនិយម ពោលគឺ សុខមាលភាព​របស់​ប្រជាជន​ជា​ចម្បង។

នៅ​ក្នុងការ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​រាជវង្សឆេង ស៊ុន យ៉ាតសេន បាន​ចំណាយ​ពេល​ភាគច្រើន​រស់នៅ​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស ជាពិសេស នៅ​ជប៉ុន អង់គ្លេស និង​សហរដ្ឋ​អាមេរិក។
 

យ័ន ស៊ីខាយ អតីត​មេទ័ព​ក្នុង​រាជវង្សឆេង ហើយ​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១

នៅ​ខែតុលា ឆ្នាំ​១៩១១ នៅ​ក្នុង​ក្រុង​វូឆាង (Wuchang) ក្រុម​បដិវត្តន៍​មួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​ស៊ុន យ៉ាតសេន បាន​​នាំគ្នា​ងើបឡើង​បះបោរ រហូត​វាយ​​ដណ្តើម​កាន់កាប់​ក្រុង​វូឆាង​ទាំងមូល។ ដំណឹង​ស្តីពី​ជោគជ័យ​របស់​ក្រុម​បះបោរ​នៅ​វូឆាង បាន​លេចឮ​ទៅដល់​តំបន់​ផ្សេងៗ​ទៀត ហើយ​ចៅហ្វាយស្រុក ចៅហ្វាយ​ខេត្ត​ជាច្រើន បាន​នាំគ្នា​ប្រកាស​​ផ្តាច់ខ្លួន​ឈប់​ទទួល​​បញ្ជា​ពី​​ព្រះមហាក្សត្រឆេង ក្នុងពេល​ជាមួយគ្នា កងទ័ព​ឆេង​ជាច្រើន​បាន​នាំគ្នា​ផ្តាច់ខ្លួន​ចុះចូល​ជាមួយនឹង​ក្រុម​ឧទ្ទាមបដិវត្តន៍។

ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​នេះ ស្តេច​ឆេង​បាន​តែងតាំង​អតីត​មេទ័ព​ដ៏​ល្បីឈ្មោះ​ម្នាក់​ គឺ យ័ន ស៊ីខាយ (Yuan Sikhai) ឲ្យ​មក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី ដើម្បី​បង្រ្កាប​ក្រុម​បះបោរ។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​អំណាច​ក្នុងដៃ យ័ន ស៊ីខាយ បែរ​ជា​ទៅ​ចរចា​ត្រូវរ៉ូវគ្នា ជាមួយ​នឹង​ក្រុម​បដិវត្តន៍​របស់​ស៊ុន យ៉ាតសេន ដើម្បី​បង្ខំ​ឲ្យ​ស្តេច​ឆេង​ដាក់រាជ្យ រួច​ហើយ​បង្កើត​ជា​របបសាធារណរដ្ឋ​មួយ​ឡើង នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​១៩១២ ដោយ​ យ័ន ស៊ីខាយ ខ្លួនឯង​ផ្ទាល់​ ជា​អ្នក​​​កាន់តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ថ្មី​នេះ៕

Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?

តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ